ក្រសួងរតនាគារអាមេរិចបានដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង Mohammad Javad Zarif ដោយធ្វើការបង្កកទ្រព្យសម្បតិ្តរបស់មន្រ្តីរូបនោះទាំងអស់ដែលមាននៅអាមេរិច។
រដ្ឋមន្រ្តីរតនាគារអាមេរិច លោក Steven Mnuchin បាននិយាយថា “រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង Mohammad Javad Zarif ជាអ្នកធ្វើតាមគ្រោងការរបស់មេដឹកនាំកំពូលអ៊ីរ៉ង”។
ក្រោយការប្រកាសពីទណ្ឌកម្មរបស់អាមេរិច រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ងបានបង្ហោះក្នុងបណ្តាញសង្គម Twitter ថា អាមេរិចបានដាក់ទណ្ឌកម្មលើរូបគាត់ ពីព្រោះអាមេរិចចាត់ទុកគាត់គឺជាការគំរាមកំហែងដល់របៀបវារៈរបស់ពួកគេ។
រដ្ឋមន្រ្តីរតនាគារអាមេរិច បានពិពណ៌នាថា លោក Mohammad Javad Zarif គឺជាអ្នកនាំពាក្យរបស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង ហើយការដាក់ទណ្ឌកម្មនោះគឺជាការផ្ញើសារយ៉ាងច្បាស់លាស់ទៅកាន់របបអ៊ីរ៉ងថា ឥរិយាបទរបស់អ៊ីរ៉ងកាលពីពេលថ្មីៗនេះ គឺមិនអាចទទួលយកបាន។
សូមបញ្ជាក់ថា បច្ចុប្បន្នភាពតានតឹងរវាងអាមេរិច និងអ៊ីរ៉ងកំពុងកើនឡើងខ្លាំង ចាប់តាំងពីអាមេរិច បានដកខ្លួនចេញពីសន្និសញ្ញានុយក្លេអ៊ែរអ៊ីរ៉ង កាលពីឆ្នាំមុន និងបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង។
គេនៅមានការព្រួយបារម្ភថា អាចនឹងមានហេតុការណ៍កើតឡើងនៅឈូងសមុទ្រ ដែលអាចបណ្តាលឲ្យមានជម្លោះយោធា ជុំវិញការដឹកជញ្ជូនតាមសមុទ្រ។ កាលពីពេលថ្មីៗនេះ អ៊ីរ៉ងបានធ្វើការរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់គ្លេស ដែលធ្វើឲ្យស្ថានការណ៍កាន់តែក្តៅខ្លាំង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC