ផែនការណ៍ធ្វើបញ្ជីសារពើភ័ណ្ឌ និងការផ្តិតឡើងវិញនូវផ្ទាំងសិលាចារិកខ្មែរ ក្នុងអតីតព្រះរាជាណាចក្រកម្ពុជា(១៩៩៣-២០១០) (ភាគ ៣)
ដូចក្នុងភាគ ១ និង ភាគ ២
កន្លងមក នៅនេះ យើងសូមរំលឹកថា ការស្វែងយល់ពីប្រវត្តិសាស្ត្រ
នៃព្រះរាជាណាចក្រកម្ពុជាបូរាណ ពឹងផ្អែកមួយភាគធំលើកំណត់ហេតុចិន
និងឯកសារជាលាយលក្ខណ៍អក្សរចារលើថ្ម ឬច ។ ហេតុដូច្នេះហើយ
បានជាចាប់តាំងពីចុង ស.វ ទី១៩ រហូតដល់ ១៩៧០
ពោលគឺមុនរបបសាធារណៈរដ្ឋរបស់លោក លន់ នល់ មក
អ្នកស្រាវជ្រាវបារាំងនិងខ្មែរជាច្រើនជំនាន់
បានបំពេញកិច្ចការដ៏សំខាន់នេះយ៉ាងមមាញឹក ។
ហើយការចេះដឹងអំពីវប្បធម៌ និង អារ្យធម៌ ខ្មែរនាសម័យបុរាណពោលគឺ
ប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ ត្រូវបានកែលំអឡើងជាលំដាប់ផងដែរ
យោងលើទិន្នន័យថ្មីៗ បានមកពីការសិក្សាវិភាគខាងសិលាចារិកសាស្ត្រ
។
សេចក្តីប្រកាស ការបង់លេខថ្មីលើសិលាចារឹកខ្មែរ នៅឆ្នាំ
១៩៩៤
ក៏ប៉ុន្តែជាការសោកស្តាយជាទីបំផុតដែរ
ក្នុងការធ្វើបញ្ជីសិលាចារិកខ្មែរ
អ្នកឯកទេសនៃសាលាបារាំងចុងបូព៌ាប្រទេស
មិនបានយកសំណៅដើមនៃសិលាចារិកទាំងនោះ ដែលគេផ្តាមរួច
ទៅដម្កល់ទុកនៅបណ្ណាល័យជាតិ ឬនៅសារមន្ទីជាតិ
របស់ព្រះរាជាណាចក្រកម្ពុជាទេ ។
ខាងលើនេះជាទង្វើអវិជ្ជាមួយគួរឲ្យកត់សម្គាល់
ម្លោះហើយអ្នកស្រាវជ្រាវខ្មែរត្រូវអញ្ជើញទៅ យ៉ាងពពាក់ពពួន
ដើម្បីអានសំណៅដើមនៃឯកសារទាំងនោះ នៅបណ្ណាល័យជាតិ និង
សាលាបារាំងចុងបូព៌ាប្រទេស នៅឯទីក្រុងបារីសឯណោះវិញ
។
គឺដោយសារមូលហេតុនេះហើយ
ទើបក្រោយពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣ ក្នុងខណៈយើងជាមន្ត្រីជាន់ខ្ពស់
ទទួលបន្ទុកជាអ្នកអភិរក្សបេតិកភ័ណ្ឌជាតិ
ហើយដោយសារមានការយល់ព្រមពីអតីតលោក រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌
និងវិចិត្រសិល្បៈផង យើងក៏បានលើកជាផែនការណ៍ជាតិមួយ
ដើម្បីធ្វើបញ្ជីសារពើភ័ណ្ឌថ្មីមួយ
ដោយការផ្តាមសិលាចារិកទូទាំងប្រទេសឡើងវិញ ។
តែផ្ទុយពីសម័យអាណានិគមបារាំង លើកនេះយើងបានរក្សាទុកសំណៅដើម
នៃផ្ទាំងសិលាចារិកដែលបានផ្តាមរួច
នៅបណ្ណាល័យនៃសារមន្ទីជាតិភ្នំពេញ ជាសម្បត្តិជាតិ
សម្រាប់កូនចៅខ្មែរយើងនាជំនាន់ក្រោយសិក្សាស្រាវជ្រាវ
។
ការផ្តាមផ្ទាំងសិលាចារឹកនៅវត្តកោះ Ka 117 នៅខេត្តកំពង់ធំ
នៅឆ្នាំ ១៩៩៥ ជាមួយសាស្ត្រាចារ្យ ឡុង សៀម និង
ការមកដល់នៃផ្ទាំងសិលាចារឹកប្រែរូប
ចេញពីប្រាសាទមកដល់កាន់អភិរក្សដ្ឋានអង្គរ ដោយលោក អួង វន, ស្លាប់
(ថត
១៩៩៦)
អនុស្សាវរីយ៍ដ៏ជូរចត់មួយគឺ
ផែនការណ៍ដ៏សំខាន់នេះ ដែលតាមពិតគឺជាការបន្តវេនពីសកម្មភាពពីមុន
តែមិនបានទទួលផលផ្លែជាវិជ្ជមានឡើយ
ដោយកង្វះការគាំទ្ររបស់សាលាបារាំងចុងបូព៌ាប្រទេស ។
ដូច្នេះបានជាយើងត្រូវបង្ខំចិត្ត យកបៀរវត្សរ៍ប្រចាំខែ
ឬប្រាក់ឧបត្ថមដ៏ស្តួចស្តើងខ្លះ
ដែលបានមកពីការបំពេញបេសកកម្មក្រៅប្រទេស ដើម្បីប្រើប្រាស់ ។ ប្រឈមមុខ
នឹងទំហំការងារដ៏ធំធេង ហើយទោះបីសកម្មភាពរបស់យើង
គ្រាន់តែជាវិធានការណ៍មួយ ប្រៀបផ្ទឹមទៅនឹងទឹកមួយដំណក់
ក្នុងមហាសាគរក៏មែនពិត ។ ក៏ប៉ុន្តែ យើងបានខិតខំធ្វើ ព្រោះគិតថា
ធ្វើបានច្រើនក្តី តិចក្តី ប្រសើរជាងឥតបានធ្វើអ្វីទាំងអស់ ។
បើនិយាយមួយបែបទៀត យើងមិនអាចដេកនៅស្ងៀម ដោយសង្ឃឹមថា បរទេសដូចជា
អង្គការអន្តរជាតិនានា រួមមាន អង្គការយូណេស្កូជាដើម មកជួយយកអាសារ
ឬសង្គ្រោះវប្បធម៌ជាតិយើងឲ្យអស់ពីកម្លាំងកាយចិត្តនោះទេ
ក្នុងខណៈដែលស្ថាប័នទាំងនោះ
មិនដែលបានលើកតម្លៃលើការស្រាវជ្រាវពីខ្មែរម្តងណាឡើយ
ជាងប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។
តាមពិតទៅ
យើងបានស្នើទៅស្ថាប័នបរទេស មួយចំនួនដែលពាក់ព័ន្ធ
ជាច្រើនលើកច្រើនគ្រាដែរ ក៏ប៉ុន្តែម្តងហើយម្តងទៀត
យើងមិនបានទទួលនូវការឧបត្ថម្ភ សូម្បីតែបន្តិចបន្តួចក៏គ្មានឡើយ ។
មូលហេតុចម្បង គ្មានថវិកាសមស្រប
។
ការរកឃើញឡើងវិញ សិលាចារឹក នៅព្រៃវែង ដោយអ្នកនិពន្ធ(ថត
១៩៩៥)
ដូច្នេះ
លទ្ធផលនៃកម្មវិធីរបស់យើងពីឆ្នាំ ១៩៩៣ ដល់ ឆ្នាំ ២០១០
មិនទាន់មានលក្ខណៈពេញលេញ ឬសមគួរនៅឡើយ ដូចការគ្រោងទុកនោះទេ
ដោយហេតុខាងលើ ។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី ជាញឹកញាប់
លទ្ធផលនៃការរកឃើញនូវផ្ទាំងសិលាចារឹកថ្មីៗរបស់យើង
បែជាត្រូវបានអ្នកឯកទេសខ្មែរ និងបរទេសនៅក្នុង
និងក្រៅស្រុកលើកយកមកអធិប្បាយ ក្នុងការសិក្សាស្រាវជ្រាវរបស់ពួកគេ
ដូចជាអ្នកគ្រូ ពៅ សវរស, លោក ក្លូត ហ្ស័ក, លោក ហ្គែកគី និង លោក
ហ្គែកឆ្មៃមែរ ជាដើម ។ នេះសឲ្យឃើញថា ការស្រាវជ្រាវរបស់យើងគឺជា
វិភាគទានមួយយ៉ាងសំខាន់ ដែលយើងបានរួមចំណែក
ដើម្បីជួយស្តារប្រវត្តិសាស្ត្រខេមរជាតិឲ្យកាន់តែប្រសើរឡើង ។
ព្រោះថា ចង់ឬមិនចង់ សិលាចារិក គឺជាមូលដ្ឋានគ្រឹះ
នៃប្រវត្តិសាស្ត្រសកលជារួម
ហើយដោយឡែកប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា
។
សូមជម្រាបផងដែរ
យូរៗម្តង អ្នកស្រុកបានរាយការណ៍ ពីការរកឃើញនូវសិលាចារិកថ្មីៗ
មួយចំនួនថែមទៀត ដែលយើងបានប៉ាន់ស្មានថា មិនតិចជាង ២៥ផ្ទាំង
នៅតាមបណ្តាខេត្តនានានោះទេ ។
ដោយសារតែយើងគ្មានលទ្ធភាពនិងទៅផ្តាមឡើយ ដោយកក្តាសេដ្ឋកិច្ច
និងមធ្យោបាយដឹកជញ្ជូន ។ ដូច្នេះ យើងសង្ឃឹមថា
ស្ថាប័នពាក់ព័ន្ធនឹងគិតគូអំពីរឿងនេះ
បើសិនជាគេមិនចង់ឲ្យផ្ទាំងសិលាចារិកទាំងនេះ
ដែលជាមូលដ្ឋានប្រវត្តិសាស្ត្រជាតិត្រូវបាត់បង់ជាយថាហេតុ ។
ជាទូទៅ យើងអាចនិយាយបានថា
សិលាចារិកដែលយើងបានរកឃើញថ្មីនោះ គ្រាន់តែមួយភាគដប់នៃចំនួនសរុប
ប៉ាន់ស្មាននៃចំនួនសិលាចារិកថ្មីៗ កំពុងស្ថិតនៅតាមដុមព្រៃ
ឬកប់ក្នុងដី ក្នុងប្រទេស ឬនៅក្រៅប្រទេសជិតខាង ដែលគេទើបតែបានរកឃើញ
ដូចករណីសិលាចារិក នៅប្រាសាទតាមាន់ធំជាដើម
ដែលសព្វថ្ងៃត្រូវបានគេយកទៅ តម្កល់នៅក្នុងសារមន្ទីជាតិ
នៃព្រះរាជាណាចក្រថៃបច្ចុប្បន្ន ជាឧទាហរណ៍ស្រាប់
។
សូមជម្រាបផងដែរថា
ក្នុងបញ្ជីបន្ថែមនៃសិលាចារិកកម្ពុជា
បោះពុម្ភដោយលោកសាស្ត្រាចារ្យ ដែលជាគ្រូរបស់លោក ក្លូត ហ្ស័ក (BEFEO ,
58 , 1971) គេឃើញមានសិលាចារិកខ្មែរទាំងអស់ចំនួន ១០៥០ តែប៉ុណ្ណោះ ។
មានន័យថា បញ្ជីនេះនៅមានកង្វះខាតជាដំណំ
ពីព្រោះមិនបានបញ្ចូលនូវផ្ទាំងសិលាចារិក ដែលទើបតែត្រូវបានរកឃើញថ្មី
ក្នុងអំឡុងឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១០ នេះនៅឡើយ
។
បើគិតចំនួនសិលាចារិកតាំងតែពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ២០១០
ចំនួនសិលាចារិកថ្មីមានចំនួនជាង ១០០ផ្ទាំង ទាំងខ្លី ទាំងវែង ។
ហើយយើងសង្ឃឹមយ៉ាងកក់ក្តៅថា
យើងនឹងបានទទួលនូវផ្ទាំងសិលាចារិកផ្សេងៗឯទៀត
ក្នុងពេលអនាគតខាងមុខនេះពុំខាន ។ គួរកត់សំគាល់ថា
សាលាបារាំងចុងបូព៌ាប្រទេស បានប្រើតួរអក្ស K មានន័យថា Khmer
(ខ្មែរ) ជាលេខរៀងសម្រាប់ចុះបញ្ជីរ នូវរាល់ផ្ទាំងសិលាចារិកខ្មែរ
ដែលខ្លួនបានរកឃើញនៅប្រទេសវៀតណាមខាងត្បូង ប្រទេសលាវ (ឡាវ)
ប្រទេសសៀម និងប្រទេសកម្ពុជា ។ ចំពោះយើងៗប្រើតួរអក្ស Ka អនុលោមតាម
សេចក្តីសម្រេចមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
នៃព្រះរាជាណាចក្រកម្ពុជាយើងជាមេគំនិត ។ មិនតែប៉ុណ្ណោះសោត
ក្នុងការធ្វើជំរឿនថ្មី យើងក៏បានបញ្ចូលក្នុងបញ្ជីរថ្មីរបស់យើង
នូវរាល់ផ្ទាំងសិលាចារិកចាស់ដែរ
ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវសិក្សាអំពីប្រភពវប្បធម៌ខ្មែរ ។
ធ្វើយ៉ាងនេះ យើងអាចនឹងក្តោប
ឬកាន់កាប់វិស័យសិលាចារិកសាស្ត្ររបស់ជាតិខ្មែរឡើងវិញដោយខ្លួនឯង
ផ្ទាល់ បានគួរឲ្យពេញចិត្តថ្លើម
។
ពិសេសទៀត
សូមជម្រាបផងដែរថា អត្ថប្រយោជន៍នៃការដាក់លេខជំរឿនថ្មីបែបនេះ (Ka)
គឺមានអត្ថប្រយោជន៍ជាអនេកទៅថ្ងៃក្រោយ ក្នុងការធ្វើឲ្យនិស្សិតខ្មែរ
ចេះស្រលាញ់ ខិតខំរក្សាមរតកវប្បធម៌របស់ដូនតា ពោលគឺ
ឲ្យចេះទទួលខុសត្រូវចំពោះវាសនាខ្លួនឯង ៕
នៅមានត (ម.ត្រាណេ)
ពាក្យសរសេរបម្រួញ : MT = Michel
Tranet , EFEO = Ecole Francaise d’ Extreme-Orient ,
FADT = Fine Arts Department of
Thailand



- Ka
119 ដល់ Ka 158 សម័យនគរភ្នំ ដកស្រង់ចេញពី : Louis Malleret 1960.
Archeologie du Delta du Mekong, EFEO.
Paris

- Ka
159 ដល់ Ka 161 អង្កាំមកពីក្លងធំ ខេត្តជល់បុរី ដកស្រង់ចេញពីឯកសារ : Muang
Boran. vol. 12, No 3, July-Sept និង Ka 162
អង្កាំមកពីទីក្រុងអ៊ូថង ខេត្តសុផាន់បុរី ប្រទេសថៃ បច្ចុប្បន្ន ឯកសាររបស់
Jean Boisselier, 1965. “Recentes decouvertes archeologiques en
Thailande”, AA, t.XII,- 1972, “Travaux de la mission archeologique”, AA,
t.XXV.
- Ka
163 ដល់ Ka 179 អក្សរចារលើសន្លឹកមាស សម័យនគរភ្នំស.វទី ៤ - ៦ នៃគ.ស
ដកស្រង់ចេញពី : Le Thi Lien. 2005. Buddhist & Hindu Art in the
Cuu Long River Delta, Prior to the 10th century AD. Ed. The
Gioi.
(ម.ត្រាណេ)