សិល្បះស្ថាបត្យកម្មប្រាង្គប្រាសាទខ្មែរ និងជនជាតិថៃ
ដោយហេតុឃើញថា មានអ្នកស្រាវជ្រាវថៃមួយចំនួន រួមមានអតីតព្រះរាជវង្សថៃបានសរសេរថា ប្រាសាទថ្មទាំងឡាយនៅក្នុងព្រះរាជាណាចក្រថៃ សុទ្ធសឹងតែជាស្នាដៃរបស់ថៃ តែខុសគ្នាត្រង់ថា បានទទួលឥទ្ធិពលខ្មែរ។ ទង្វើនេះ គឺជាការវង្វេងប្រវត្តិសាស្ត្រ។ ព្រោះថា សូម្បីតែជនជាតិថៃ ដើមកំណើតខ្មែរកំពុងរស់នៅសព្វថ្ងៃ ក្នុងភូមិភាគឥសាននៃព្រះរាជាណាចក្រថៃ ដែលជាផ្នែកមួយនៃជនជាតិខ្មែរនាសម័យបុរាណ តែពួកគេត្រូវផ្តាច់ចេញពីមាតុភូមិអង្គរដ៏បវរ ដោយសង្គ្រាមឈ្លានពាន ក៏នៅតែពោលថា គឺដូនតាខ្លួនទេតើ គឺជាអ្នកកសាងឡើងទាំងអស់។ បើនិយាយអំពីលក្ខណៈនៃចម្លាក់សិល្បៈវិញ ក៏គ្មានរំលងមនុស្សណាម្នាក់ដែលថា មិនមែនជារបស់ខ្មែរដែរ។ មិនតែប៉ុណ្ណោះ សូម្បីតែអ្នកស្រុកភូមិ ដែលមិនចេះអានភាសាខ្មែរក៏ស្គាល់ថា ប្រាសាទទាំងនោះ គឺត្រូវបានសាងសង់ឡើង តាមរយៈការតំណាលពីមនុស្សចាស់ៗ ឬតាមរយៈការចងចាំរួម។ នេះឥតនិយាយដល់ជនជាតិខ្មែរយើងក្នុងប្រទេសខ្មែរបច្ចុប្បន្នយើង ដែលជាទូទៅមានការចេះដឹងខាងប្រវត្តិសាស្ត្រមិនច្រើនជាងប៉ុន្មាន ក៏ប៉ុន្តែមានមោទនភាពដោយប្រកាសថា ខ្លួនជាអ្នកតពូជពង្សអ្នកសាងសង់ប្រាសាទថ្មទាំងឡាយនៅតំបន់សៀមរាបអង្គរ ទាំងនោះរួមមានប្រាសាទពិមាយ, ភ្នំរុងដ៏ធំស្គឹមស្គៃនៅប្រទេសថៃផងដែរ។
ព្រឹត្តិប័ត្រថៃពាក់ព័ន្ធនឹងប្រាសាទខ្មែរ ដែលត្រូវបានគេចាត់ទុកថា ជាសិល្បៈថៃ ឥទ្ធិពលខ្មែរ ជារួម បើនិយាយមួយបែបទៀត មិនខុសប៉ុន្មានពីប្រជាជនខ្មែរ ក្នុងព្រះរាជាណាចក្រកម្ពុជាដែលទទួលស្គាល់ជានិច្ចកាលថា ប្រាសាទថ្មទាំងនោះ ជាពិសេសប្រាសាទអង្គរវត្ត គឺជានិមិត្តរូបនៃព្រលឹងជាតិ ដែលតំណាងតាមរយៈទង់ជាតិខ្មែរ ដែលជារបស់ខ្លួន ជនជាតិខ្មែរភាគតិចក្នុងព្រះរាជាណាចក្រថៃបច្ចុប្បន្ន ក៏ដូច្នេះដែរ។ ដោយហេតុថា ពួកគេរមែងតែទទួលស្គាល់ថា ស្ថាបត្យកម្មប្រាង្គប្រាសាទបុរាណទាំងនោះ ដូចករណីប្រាសាទភ្នំរុង ឬប្រាសាទពិមាយ ដែលទើបពោលខាងលើ គឺជារបស់ដូនតាខ្លួនទាំងអស់។ ខុសគ្នាត្រង់ថា ពួកគេមិនដឹងថា ស្តេចអង្គណាដែលជាអ្នកសាងសង់តែប៉ុណ្ណោះ។ សូមជម្រាបថា ពួកខ្មែរទាំងនោះ ដែលរស់នៅក្នុងភូមិភាគឥសាននៃប្រទេសថៃបច្ចុប្បន្នមិនបានស្គាល់ប្រាង្គប្រាសាទ តាមសៀវភៅប្រវត្តិសាស្ត្រដែលគេបានបោះពុម្ពនោះទេ ហើយពុំមានលទ្ធភាពនឹងអាកាត់ ធ្វើការវែកញែកសម័យកាលចំពោះបញ្ហាទាំងនេះឡើយ។ គេបានបាត់បង់ការចងចាំនូវកាលបរិច្ឆេទទៅហើយ គ្រាន់តែដឹងថា ដូនតាពួកគេ គឺជាម្ចាស់ដែនដីថៃបច្ចុប្បន្នតែប៉ុណ្ណោះ។
អ្នកស្រាវជ្រាវថៃវិញ គេអាចមានការសន្មត់ច្បាស់លាស់ត្រឹមត្រូវ ដោយសារតែមានការចេះដឹងជ្រៅជ្រះ តាមរយៈការអប់រំនៅតាមសាលា។
ម្យ៉ាងវិញទៀត ពួកគេថែមទាំងមានអំនួតថា ដូនតារបស់ពួកគេ គឺជាអ្នកសាងសង់ថែមទៀតផង។ ដូច្នេះបានជាតាមរយៈអត្ថបទនេះ យើងចង់កែកំហុសនេះ ដោយនិយាយថា ទាំងខ្មែរនៅប្រទេសកម្ពុជាសព្វថ្ងៃ ទាំងខ្មែរនៅក្នុងប្រទេសដទៃៗដូចជា ថៃ លាវ ឬវៀតណាម គឺជាអ្នកដែលបានតពូជពង្សនៃអ្នកដែលបានសាងសង់ប្រាសាទថ្មទាំងនោះពិតៗឥតក្លែងក្លាយ ពោលគឺ មិនមែនជាបុព្វបុរសប្រជាជនថៃបច្ចុប្បន្ននេះទេ ទោះបីជាតំបន់ដែលមានប្រាសាទទាំងនោះបានក្លាយទៅជាកម្មសិទ្ធិរបស់ថៃក៏ដោយ។
ចម្លាក់ព្រះនាង ប្រាជ្ញាបរាមិតា រចនាប័ថ្មបាយ័ន មកពីប្រាសាទមឿងសឹង្ហ ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ បើនិយាយម្យ៉ាងទៀតប្រាសាទបុរាណទាំងនោះត្រូវបានគេទទួលស្គាល់ថា ត្រូវបានសាងសង់ឡើងដោយខ្មែរក្នុងអតីតកាល ក្នុងខណៈដែលជនជាតិថៃមិនទាន់មកកាន់ភូមិភាគខាងជើងនៃអាស៊ីអាគ្នេយ៍នេះនៅឡើយ។
ដូចជាប្រទេសខ្មែរបច្ចុប្បន្ន ប្រាសាទថ្មធំៗទាំងនោះក្នុងប្រទេសថៃត្រូវបានធ្វើឡើង ដោយកម្លាំងញើសឈាមខ្មែរក៏មែនពិត ក៏ប៉ុន្តែទន្ទឹមនឹងនេះ តាមរយៈសំណង់ស្ថាបត្យកម្មទាំងនោះ គេក៏អាចឃើញនូវប្រព័ន្ធគ្រប់គ្រង ដឹកនាំនាសម័យនោះដែរ។ មានន័យថា ការលេចធ្លោឡើងនូវប្រាង្គប្រាសាទខ្មែរ ត្រូវមានការដឹកនាំពីព្រះមហាក្សត្រ ដែលជាប្រមុខដឹកនាំខ្មែរគ្រប់មជ្ឈដ្ឋាន ហើយដែលជាអ្នកគ្រប់គ្រងប្រទេសដែលមានការបញ្ចេញនូវផែនការណ៍សាងសង់យ៉ាងត្រឹមត្រូវ។ នេះជាក្រិត្យក្រមសកល ព្រោះថា មិនថានៅកម្ពុជាបុរាណ ឬនៅប្រទេសណាៗនោះទេ។ តែអ្វីៗទាំងអស់ មុននឹងសម្រេចបានទាល់តែបានទទួលការយល់ព្រមពីអំណាចកណ្តាលជាមុនសិន។ ដូច្នេះបើនិយាយអំពីការសាងសង់នៃប្រាសាទសិលាទាំងនោះ គេត្រូវតែនិយាយថា ’អតីតព្រះមហាក្សត្រខ្មែរ ដែលជាប្រមុខដឹកនាំរដ្ឋ គឺជាអ្នកសម្រេចនូវរាល់ផែនការសាងសង់ទាំងអស់ ដែលមានអំណាចមូលដ្ឋានជាអ្នកអនុវត្តន៍។
ចុះតើអ្នកដែលបានសាងសង់ប្រាង្គប្រាសាទសិលាទាំងនោះជាអ្នកណា ហើយមកពីណា ពុំមែនជាជនជាតិខ្មែរ ដែលជាស្រុកអាយមុនការមកដល់នៃជនជាតិថៃក្នុងតំបន់ទេឬ?
កំហុសមួយដ៏ធំរបស់អ្នកស្រាវជ្រាវបរទេស ឬថៃ ដែលបំភ្លៃអំពីប្រវត្តិនៃសិល្បៈស្ថាបត្យកម្មខ្មែរទាំងនោះ គឺបណ្តាលមកពីពួកគេមិនបានស្គាល់ ឬធ្វើជាមិនដឹងអំពីភូមិសាស្ត្រជាប្រវត្តិសាស្ត្ររបស់ជាតិសាសន៍ ពង្សាវតារ ឬប្រវត្តិ និងភាសាខ្មែរសុរិន្ទ្រ បុរីរម្យ៘ ដែលមាននៅក្នុងភូមិភាគឥសាននៃប្រទេសថៃបច្ចុប្បន្នយ៉ាងជាក់ច្បាស់។ គឺដោយមូលហេតុចម្បងទាំងប៉ុន្មានខាងលើនេះហើយ ទើបគេយល់ដោយភ័ន្តច្រឡំថា ភាសាខ្មែរសុរិន្ទ្រ គឺជាភាសាថៃឥសាន។
តាមពិតទៅ អ្វីដែលទើបលើកនៅខាងលើ មិនមែនជាទស្សនៈទូទៅរបស់អ្នកវិទ្យាសាស្ត្រ អ្នកប្រវត្តិវិទូថៃទាំងអស់នោះទេ ដែលមានចំណេះចេះដឹងយ៉ាងទូលំទូលាយ ស្គាល់ខុស ស្គាល់ត្រូវ។ ពោលគឺមានការវិភាគវិនិច្ឆ័យត្រឹមត្រូវ ហើយប្រកបដោយសុវិនិច្ឆ័យ។ ក៏ប៉ុន្តែ ដោយសារតែអ្នកប្រវត្តិវិទូថៃ ដែលហ៊ានសារភាព ឬទទួលការពិត មានចំនួនតិចតួចស្តួចស្តើងពេក ទើបយើងសូមធ្វើការកែកត់សម្គាល់ខាងលើនេះឡើង។ ធម្មតាប្រវត្តិសាស្ត្រ គឺជាប្រវត្តិសាស្ត្រ ហើយគេក៏ពុំអាចសរសេរប្រវត្តិសាស្ត្រឡើងវិញបានដែរ តាមតែចិត្តចង់នោះទេ។ ព្រោះថា ប្រវត្តិសាស្ត្រ គឺជាការតាំងកាលបរិច្ឆេទ។ ក៏ប៉ុន្តែហេតុដូចម្តេចបានជាជនជាតិថៃ ជាពិសេសអ្នកថ្នាក់លើ បញ្ញាវ័ន្តដែលគ្រប់គ្រងប្រទេស មិនខ្វល់ខ្វាយអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្របានកន្លងផុតទៅ ហើយបែរជាផ្សព្វផ្សាយថា ប្រាង្គប្រាសាទបុរាណទាំងនោះ គឺជាកេរ្តិ៍ដំណែលដូនតារបស់ខ្លួនទៅវិញ។
ក្នុងរឿងរ៉ាវដែលបានកំពុងកើតឡើងទាំងនោះ យើងត្រូវទទួលស្គាល់ថា ដូចជនជាតិខ្មែរ អ្នកដឹកនាំថៃគ្រប់ជាន់ថ្នាក់ ដែលបានចម្លងនូវកេរ្តិ៍ដំណែលខាងសិល្បៈស្ថាបត្យកម្មប្រាង្គប្រាសាទអំពីខ្មែរ ពោលគឺជាអ្នកតវេនពីខ្មែរ ស្គាល់នូវសារសំខាន់នៃមរតកវប្បធម៌ខ្មែរបុរាណទាំងនោះស្ថិតក្នុងបង្គោលសិមានៃព្រះរាជាណាចក្ររបស់ខ្លួនយ៉ាងជាក់ច្បាស់។ ម្ល៉ោះហើយ បានជាពួកគេខិតខំជួសជុលអភិរក្សយ៉ាងហ្មត់ចត់ជាទីបំផុត ដោយមានការផ្សព្វផ្សាយដ៏ទូលំទូលាយ ទូទាំងប្រទេសថែមទៀតផង។
ដូចនេះ ឃើញថា សកម្មភាពវប្បធម៌ទាំងនេះ គឺជារឿងធម្មតាក្នុងប្រទេសថៃ និងលាវ ដើម្បីបានជាប្រយោជន៍ដល់មោទនភាពជាតិរបស់គេ។ កុំភ្លេចថា ដូចជនជាតិដទៃៗឯទៀតក្នុងតំបន់ ឬនៅលើពិភពលោក ជនជាតិថៃគ្រប់សម័យកាល ស្រេកឃ្លាន ហើយត្រូវការណាស់នូវនិមិត្តសញ្ញាសំខាន់ៗ ដើម្បីផ្សាភជាប់បច្ចុប្បន្នភាពទៅនឹងអតីតកាលមួយដែលជាយុគមាស ទោះបីជាយុគនេះ គឺជាការមិនពិត ហើយត្រូវបានប្រឌិតទាំងស្រុងក៏ដោយ។
បើនិយាយម្យ៉ាងទៀត តម្លៃវប្បធម៌បុរាណខ្មែរ ត្រូវបានអ្នកដឹកនាំថៃគ្រប់ជាន់ថ្នាក់ លើកខ្ពស់យ៉ាងពិតប្រាកដណាស់ ទើបអាចនឹងឈានទៅការអភិរក្ស និងអភិវឌ្ឍនូវរមណីយដ្ឋានប្រវត្តិសាស្ត្រទាំងឡាយបាន។ ធ្វើដូច្នោះបាន ត្រូវតែកម្រិតវប្បធម៌គំនិតស្នេហាជាតិ មាតុភូមិរបស់ពួកគេ មានពិតក្នុងបេះដូងជាប្រាកដ។ ប្រឈមមុខនឹងវិបត្តិអត្តសញ្ញាណជាតិខាងលើនេះ ដោយហេតុថា ប្រទេសថៃជាប្រទេសពហុជាតិសាសន៍ ពហុវប្បធម៌ យើងមានអារម្មណ៍ថា ប្រសិនជាខ្មែរយើងត្រូវស្ថិតក្នុងស្ថានភាព ដូចជាជនជាតិថៃ ប្រហែលជាគ្មានជំរើសអ្វីផ្សេងពីនេះដែរមើលទៅ។ ប៉ុន្តែការពិតគឺនៅតែជាការពិត៕
(ម.ត្រាណេ)