ការជួសជុល ប្រាសាទបន្ទាយឆ្មារ
ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ចម្ងាយប្រមាណជា ៥៦ គីឡូម៉ែត្រ ពីខេត្តបន្ទាយមានជ័យ ហើយ ៣០ គីឡូម៉ែត្រ ពីជួរភ្នំដងរែក ប្រាសាទបន្ទាយឆ្មារដែលស្ថិតនៅលើ ផ្ទៃដីរាបស្មើ ហើយមានរាងជាចតុកោណត្រូវបានស្ថាបនាឡើង ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់ព្រះរាជបុត្ររបស់ព្រះបាទជ័យ វរ្ម័នទី៧ ព្រះនាមស្រិន្ទ្រកុមារ និងមេទ័ព ឬសញ្ជកទាំង៤ ដែលបានពលីជីវិត ក្នុងសង្គ្រាម ខ្មែរ ចាម ។
ខាងលើនេះ គឺជាប្រវត្តិនៃបូជនីយដ្ឋានដ៏សំខាន់នេះដែលឆ្លុះបញ្ចាំងតាមរយៈនៃ ខ្លឹមសារផ្ទាំងសីលាចារឹក K.227 ដែលត្រូវបានចារឡើងនៅចុងសតវត្សទី១២ ដើមសតវត្សទិ១៣ នៃគ.ស ពោលគឺក្នុងដំណាក់កាលទី២ នៃរចនាប័ថ្មបាយ័ន ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ ។
ការដ្ឋានជួសជុល និងទិដ្ឋភាពរួម (ម.ត ២០១០) ប្រាសាទបន្ទាយឆ្មារជាប្រាសាទរាជ បង្កប់ដោយអត្ថន័យប្រវត្តិសាស្ត្រ និងសាសនាដ៏ជ្រាលជ្រៅ មានទំហំធំ ហើយប្លង់ស្មុគស្មាញស៊ាំញ៉ាំជាទីបំផុត ក៏ប៉ុន្តែមានក្បាច់រចនាល្អិតតូចឆ្មារដ៏ល្អប្រណិត ។
ដោយសារតែប្រការនេះហើយ ទើបគេតាំងឈ្មោះរបស់ប្រាសាទនេះថា ប្រាសាទបន្ទាយឆ្មារ ។ ដូច្នោះការកំណត់ន័យថា ប្រាសាទបន្ទាយឆ្មារថា ’បន្ទាយនៃសត្វឆ្មារ” គឺគ្មានមូលដ្ឋានត្រឹមត្រូវឡើយ ។
ការតម្រៀបថ្មចម្លាក់ វិធានការទប់ស្កាត់ចម្លាក់ កុំឲ្យធ្លាក់រលុះ និងថ្មដែលរង់ចាំការតម្រៀបឡើងវិញ (ម.ត ២០១០) បែរមុខទៅទិសខាងកើត ប្រាសាទរបស់យើងមានកំពូលប្រាង្គចំនួន ៥៦ តែជាអកុសល សព្វថ្ងៃនេះ ដោយសារ តែការបំផ្លិចបំផ្លាញពីជនទុច្ចរិត ដែលដាប់យកចម្លាក់ និងរុករើ ដើម្បីយកចម្លាក់បុរាណទៅជួញដូរ ។
ម្យ៉ាងវិញទៀត ដោយសារតែប្រាសាទនេះមិនធ្លាប់ត្រូវបានអភិរក្ស គួបផ្សំនឹងការទន្ទ្រាននៃរុក្ខជាតិ មិនឈប់ឈរ នឹងរចនាសម្ព័ទ្ធសំខាន់ៗនៃប្រាសាទត្រូវទ្រេតរង្គោះរង្គើ ដួលរលំខូចខាតជាដំណំ ។
ការតម្រៀបឡើងវិញ នូវបង្កាន់ដៃចូលប្រាសាទ និង បំណែកថ្មចម្លាក់ (ម.ត ២០១០) ជាទូទៅ ដូចប្រាសាទបាយ័ន កំពូលប្រាង្គទាំងឡាយតុបតែងដោយព្រះភ័ក្ត្រព្រះពោធិសត្វលោកេស្វរៈ ទាំង៤ទិស ។ យ៉ាងណាមិញ នៅលើកំពូលប្រាង្គមួយ គឺប្រាង្គលេខ៦៤ គេឃើញមានចម្លាក់ទេពប្រណមពីរថ្នាក់តម្រៀបជារង្វង់នៅលើព្រះកេស ព្រះពោធិសត្វ ដែលនៅខាងចុងកំពូលលំអដោយផ្កាឈូករីក និងក្រពុំ ។
ភាគច្រើនសំណង់ស្ថាបត្យកម្មសំខាន់ៗទាំងនោះ ត្រូវបានកសាងឡើងនៅលើចំណុចប្រសព្វរវាងអ័ក្សលិច កើត និងអ័ក្សជើង ត្បូង ដោយមានច្រកចេញចូលចំនួន ៤ នៅទិសនីមួយៗ ។
ផ្ទាំងចម្លាក់រង់ចាំការតម្រៀបឡើងវិញ (ម.ត ២០១០) បច្ចុប្បន្នក្រោយពីការត្រួសត្រាយសំអាត ដើម្បីអភិរក្សប្រាសាទ អ្វីដែលគួរកត់សម្គាល់គឺគេឃើញមានវត្តមានស្រៈទឹកចំនួន ៤ អមសងខាង និង២នៅទិសខាងលិច ដែលស្ថិតក្នុងបរិវេណគោបុរៈទី៣ ។
ក្រៅពីនេះយើងក៏បានជួបប្រទះនូវវត្តមានរបស់ហោត្រៃពីរដែរ ដែលស្ថិតនៅចំចន្លោះស្រៈទិសខាងលិចផងដែរ គួរឲ្យគយគន់ណាស់ ។
ផ្ទាំងចម្លាក់រង់ចាំការតម្រៀបឡើងវិញ (ម.ត ២០១០) ប្រាសាទបន្ទាយឆ្មារហ៊ុំព័ន្ធដោយថែវ និងកំពែងជាន់ទី៣ ដែលជាថែវមានប្រវែង ២៥០ ម៉ែត្រ និង ទទឹង ១៩០ ម៉ែត្រ ខុសពីកំពែងទី៤ មានបណ្តោយ ៨០០ ម៉ែត្រ និងទទឹង៦០០ ម៉ែត្រ ។ រីឯកំពែងទី៥ ដែលស្ថិតនៅខាងក្រៅបង្អស់ដោយការដីពូនជាទំនប់ ព័ន្ធទីក្រុងទាំងមូលមានប្រវែង ៤ គីឡូម៉ែត្រ មួយជ្រុង ។
បង្កាន់ដៃចូលកាន់ប្រាសាទ ទើបរៀបឡើងវិញ និង គំនរថ្មត្រូវរង់ចាំតម្រៀម ឡើងវិញ ពាក់ព័ន្ធទៅនឹងក្លោងទ្វារចេញចូលនីមួយៗ នៃទិសទាំង៤ ដែលមានរាងជាកាកបាទ ហើយភ្ជាប់ដោយថែវជាជញ្ជាំងផងនោះ គេឃើញមានលំអដោយចម្លាក់ព្រះពុទ្ធរួចសមាធិ តម្រៀបជាជួរៗ ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដូចជាចម្បាំងរវាងខ្មែរ និងចាម ជីវភាពប្រចាំថ្ងៃជាដើម ឬក៏វិស័យជំនឿសាសនាលើព្រះពោធិសត្វលោកេស្វរៈជាដើម ។
នៅខាងជើងនៃប្រាសាទ គេឃើញមានបារាយណ៍មួយដ៏ធំសម្រាប់វិស័យកសិកម្មហើយម្យ៉ាងវិញទៀត ក៏មានគូរទឹកហ៊ុំព័ន្ធជុំវិញ ប្រាសាទនេះផងដែរ ។
ចម្លាក់នៃក្លោងទ្វារចូលតំណាងយក្ខ និងទេវតា និងចម្លាក់ដែលទើបរកឃើញថ្មី (រូបថតរស្មីកម្ពុជា)
លក្ខណៈសំយោគខាងប្រព័ន្ធសាសនានៅប្រាសាទបន្ទាយឆ្មារ អាចគូសបញ្ជាក់តាមរយៈបដិមាសាស្ត្រ នាសម័យបាយ័ន ក្រៅពីចម្លាក់ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ។ វត្តមានរបស់ចម្លាក់តំណាងព្រះពោធិសត្វលោកកេស្វរៈ ជាច្រើនអង្គ ដែលមានព្រះហត្ថ ៣២ ឆ្លាក់នៅលើជញ្ជាំងថែវទិសខាងលិច និងចម្លាក់ព្រះពោធិសត្វភៃសជ្យគ្រូនៅសសរស្តម្ពមួយចំនួន បង្ហាញឲ្យច្រើនទិន្នការបែបមហាយាននៃប្រាសាទបន្ទាយឆ្មារឯងដែរ ។
មិនតែប៉ុណ្ណោះសោត យើងបានឃើញមានការបូជាព្រាហ្មណ៍វល្មិគិនៅទីនោះដែរ ដែលជាអ្នកកវីបណ្ឌិតដ៏ឆ្នើមដែលតែងឡើងរាមកេរ្តិ៍ ។
ទន្ទឹមនឹងការជួសជុលប្រាសាទនេះដែលការស្រាវជ្រាវថ្មីៗនេះ (Cf. ការអភិរក្សប្រាសាទបន្ទាយឆ្មារដោយកោយ វិច្ឆិកា និងឈួរ សុភ័ក្រ និក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញប័ត្រ ឆ្នាំ២០១០ - ២០១១ និស្សិតជំនាន់ទី១៧) បានផ្តល់នូវប្លង់ថ្មីៗមួយចំនួន ជាពិសេសប្លង់របស់ប្រាង្គលេខ៦៤ ព្រមទាំងប្លង់នៃគោបុរៈទី៣ទាំងមូល នៅទិសខាងកើតប៉ែកខាងត្បូង ។ ជាមួយនេះដែរ យើងក៏សូមភ្ជាប់មកជាមួយនូវប្លង់មួយចំនួននៃប្រាសាទនេះ របស់លោក អូលីវីយេកុយណាំង ដើម្បីបំពេញពត៌មានបន្ថែម ។
សូមរំលឹកផងដែរថា ប្លង់ទាំងនោះគ្រាន់តែជាផ្នែកមួយនៃប្លង់នៃប្រាសាទបន្ទាយឆ្មារ តែប៉ុណ្ណោះ ។ យើងរំពឹងថា តទៅអនាគត នឹងមានប្លង់ថ្មីៗមួយចំនួនជាបន្តបន្ទាប់មកទៀត ។ ព្រោះថា គេត្រូវប្រមូលផ្គុំនូវទិន្នន័យបច្ចេកទេសជាច្រើន ព្រមទាំងចំណាយពេលវេលាដ៏យូរ ដើម្បីសម្រេចផែនការណ៍នេះ ៕
(ម.ត្រាណេ)