ករណីផ្តែរប្រាសាទបុរេអង្គរមួយនៅភ្នំព្រះរាជទ្រព្យ
ការរំលឹកឡើងវិញនូវវត្តមានរបស់សំណល់ប្រាង្គប្រាសាទបាក់បែកបុរេអង្គរមួយ នៅលើចង្កេះភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ដែលសព្វថ្ងៃកប់យ៉ាងជ្រៅក្នុងដី ក្រោយពីការពង្រីកផ្លូវទៅកាន់ព្រះចេតិយមុនឆ្នាំ ១៩៧០ មិនមែនធ្វើឡើងដើម្បីក្នុងបំណងវិភាគឲ្យបានល្អិតល្អន់ទៅលើរចនាប័ថ្មក្បាច់ផ្តែរព្រៃក្មេងនាស.វទី ៧ នោះទេ ។ ប៉ុន្តែដោយសារទីតាំងនៃប្រាសាទនេះស្ថិតមិនឆ្ងាយពីទីក្រុងភ្នំពេញ នេះក៏ជាឱកាសធ្វើឲ្យយើងសង្កេតឃើញដែរថា ការជ្រើសរើសរមណីយដ្ឋាននេះសម្រាប់បញ្ចុះព្រះអដ្ឋិធាតុរបស់ព្រះមហាក្សត្រខ្មែរនាសម័យក្រោយអង្គរ មិនមែនជាការចៃដន្យនោះឡើយ ក៏ប៉ុន្តែសមស្របតាមសេចក្តីត្រូវការនៃជំនឿសាសនា ព្រោះថាកន្លែងនេះជាកន្លែងមួយដ៏សក្តិសិទ្ធិតាមលោកធាតុវិទ្យាឥណ្ឌា និងខ្មែរដែលជនជាតិខ្មែរគោរពសក្ការៈតាំងតែសម័យនគរភ្នំ ។
ទីតាំងនៃក្បាច់ផ្តែរបុរេអង្គរ និង សំណល់ស្ថាបត្យកម្មប្រាសាទ រចនាប័ថ្មបាពួន (ម.ត ២០១១) នៅខែមករា ឆ្នាំ ១៩៩៥ កាលនោះយើងខ្ញុំដែលតំណាងឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរស្រុកពញាឮ ខេត្តកណ្តាល និងប្រជារាស្ត្រមូលដ្ឋានបាននាំគ្នាជញ្ជូនផ្តែរមេទ្វារប្រាសាទមួយនាស.វទី ៧ រចនាប័ទ្មព្រៃក្មេងលើចង្កេះភ្នំព្រះរាជទ្រព្យ ដើម្បីថែរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ។ ករណីនៃវត្តមានរបស់ព្រះចេតិយទាំងឡាយនៅលើភ្នំព្រះរាជទ្រព្យក្នុងសម័យឧដុង្គ ក៏បានផ្តល់ចំពោះយើងនូលទ្ធភាពនិងយល់ន័យទូទៅមួយនៃនិមិត្តរូបនៃភ្នំនេះក្នុងវប្បធម៌ខ្មែរសម័យក្រោយអង្គរដែរ ។
ចូរយើងក្រឡេកមើលត្រួសៗទំព័រប្រវត្តិសាស្ត្រចាស់នាសម័យក្រោយអង្គរ ។ ក្រោយពីបានជ្រើសរើសទីតាំងលង្វែក ឧដុង្គ ធ្វើជារាជធានីមក ហើយការជ្រើសរើសនេះ ពិតជាត្រូវបានតម្រូវដោយលោកធាតុវិទ្យាបែបព្រហ្មញ្ញសាសនាដូចសម័យអង្គរដែលបានកំណត់ ។
ផ្តែរពេលមកដល់សារមន្ទីរជាតិភ្នំពេញ (ម.ត ១៩៩៥) លោកយើងនេះមានរាងបួនជ្រុងស្មើ ហើយសំប៉ែត ហ៊ុមព័ទ្ធដោយជួរភ្នំ តែភ្នំដែលពិសិដ្ឋជាងគេ គឺភ្នំព្រះសុមេរុ ឬមេរុ ដែលស្ថិតនៅចំកណ្តាល ព្រោះជាទីលំនៅដ្ឋានរបស់ពួកទេវតា ។ ផុតពីបរិវេណនេះគេឃើញមានសមុទ្រ ។
អាស្រ័យហេតុនេះ រាជធានីខ្មែរបុរាណរមែងតែមានកំពែងថ្ម ឥដ្ឋព័ទ្ធជុំវិញ ហើយនៅចំកណ្តាលរាជធានីនីមួយៗ គែឃើញមានប្រាសាទដែលជំនួសដោយព្រះចេតិយក្នុងវប្បធម៌ក្រោយអង្គរ ដែលតំណាងសកលលោកទាំងមូល ។ មានន័យថា ប្រាសាទដែលនៅចំកណ្តាលរាជធានិតំណាងព្រះសុមេរុ ដែលស្ថិតនៅចំកណ្តាលចក្កវាឡ ។ យ៉ាងណាមិញ ដងទន្លេមេគង្គដែលស្ថិតមិនឆ្ងាយពីភ្នំព្រះរាជទ្រព្យ ដែលជាភ្នំនៃទីក្រុងឧដុង្គនោះ ក៏ដូចដងស្ទឹងភ្នំគូលែននៅខេត្តសៀមរាបដែរ គឺគ្មានតំណាងអ្វីក្រៅពីមហាសមុទ្រដ៏ល្វឹងល្វើយ ក្នុងទេវកថាឥណ្ឌូ-ខ្មែរបុរាណនោះទេ ។
ខាងលើនេះ ជាន័យស៊ីជម្រៅមួយនៃវត្តមានរបស់ប្រាសាទខាងលើនេះ និងព្រះរាជធានីឧដុង្គដែលបានរលំរលាយហើយនោះ ដែលគប្បីយើងត្រិះរិះពិចារណា ចំពោះអ្វីដែលគេបានមើលរំលង ព្រោះសាមញ្ញជនមិនមានលទ្ធភាពនឹងយល់ន័យនៃវិស័យស្ថាបត្យកម្មបុរាណខ្មែរ ដូចជាប្រាសាទ និងទីក្រុងសម័យបុរាណទេ ។
រូបពង្រីកនៃផ្តែរ រចនាប័ថ្មព្រៃក្មេង នៅសារមន្ទីរជាតិភ្នំពេញ (ម.ត ២០០៣) មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមគ្នាជាមួយប្រជារាស្ត្រមូលដ្ឋាន បាននាំគ្នាជញ្ជូនផ្តែរនាស.វទី ៧ រចនាប័ថ្មព្រៃក្មេងពីលើកំពូលភ្នំព្រះរាជទ្រព្យ ដាក់លើរថយន្ត ហើយដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ។
កិច្ចការនេះមានលក្ខណៈជាប្រវត្តិសាស្ត្រ ត្រូវប្រើពេលវេលា ២ម៉ោង និង ៤០នាទី ទម្រាំសែងផ្តែរពីលើកំពូលភ្នំកំពស់ ១១០ម៉ែត្រ តាមកាំជណ្តើរធ្វើអំពីថ្មបាយក្រៀមចំនួន ១៣៣កាំ ។ កិច្ចការនេះប្រើកម្លាំងមនុស្សសរុបចំនួន ១៣នាក់ ។ ឥឡូវ វត្ថុបុរាណដ៏កម្រនោះត្រូវបានរក្សាទុកយ៉ាងរៀបរយនៅសារមន្ទីរជាតិភ្នំពេញហើយ ។
ឧដុង្គ គឺជាបុរាណស្ថានដែលមានមកតាំងពីសម័យព្រៃក្មេងស.វទី ៧ រហូតដល់សម័យស.វទី ១៥-១៩ មានន័យថា ទីនេះមានកំណើតតាំងពីមុនសម័យអង្គរទៅទៀត ។ អ្នកបុរាណវិទ្យារូបនោះបានបញ្ជាក់ថា ទោះបីជាក្នុងសម័យអង្គរដ៏រុងរឿងក៏ដោយ ក៏ទីនេះជាបូជនីយដ្ឋានមួយដែលប្រជារាស្ត្រតំបន់នេះបានគោរពបូជា និងបានថែរក្សាតាំងពីស.វទី ៧ រហូតដល់សម័យឧដុង្គ ទីនេះក្លាយជារាជាធានីដ៏ធំក្រោយពេលបាត់បង់អង្គរ ។
យើងបានបញ្ជាក់ទៀតថា ប្រការដែលគួរឲ្យស្តាយ គឺទីប្រាង្គប្រាសាទ វត្តអារ៉ាមនៅទីនោះត្រូវទទួលរងគ្រោះដោយសង្គ្រាមបំផ្លិចបំផ្លាញពីខ្មាំងសត្រូវសៀមនាសម័យលង្វែក ហើយពេលចុងក្រោយនេះ ប្រាសាទបូជនីយដ្ឋានទាំងនោះត្រូវបំផ្លាញដោយសង្គ្រាម និងពួកខ្មែរក្រហម ធ្វើឲ្យទីតាំងនោះខ្ទេចខ្ទាំ និងត្រូវបាត់បង់រូបដើម ដែលចំពោះកែវភ្នែកធម្មតាមិនអាចស្គាល់ថា អ្វីជាបុរាណ? អ្វីជាសម័យឡើយ ។ ក្រោយពីឆ្នាំ ១៩៧៩ ប្រាង្គប្រាសាទ រូបចម្លាក់ទាំងឡាយដែលនៅសេសសល់ក៏ត្រូវជនខិលខូចជីករំលើងគាស់កកាយមិនឈប់ឈរ ធ្វើឲ្យបុរាណស្ថាននេះកាន់តែត្រូវវិនាសអន្តរាយ ជាបន្តទៅទៀត ។
ហេតុដូច្នោះ តាងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យើងបានរាវរកវត្ថុចម្លាក់បុរាណដ៏មានតម្លៃ ដែលត្រូវបានបាក់បែកនៅរាយប៉ាយនោះ ដើម្បីប្រមូលដឹកជញ្ជូនយកទៅរក្សាទុកនៅសារមន្ទីរជាតិ ចៀសវាងការបាត់បង់បន្ថែមទៀត ដោយពួកជនទុច្ចរិតប្រព្រឹត្តិអំពើឧក្រិដ្ឋ លួចប្លន់ លក់វត្ថុបុរាណទាំងអស់នោះ។ ទន្ទឹមនឹងនោះ យើងក៏បានអំពាវនាវដល់ប្រជារាស្ត្រ អាជ្ញាធរ នៅទីកន្លែងនោះ មេត្តាយកស្មារតីស្រឡាញ់ជាតិ ស្រឡាញ់វប្បធម៌ កុំធ្វើការជីកកកាយទៀត និងជួយថែរក្សាររបស់ដែលនៅសេសសល់ឲ្យបានល្អទុកជាដំណែលតទៅ ។
ចំពោះកិច្ចការដឹកជញ្ជូនផ្តែរកន្លងមកនេះ តាងនាមក្រសួង យើងក៏បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ខេត្ត និងប្រជារាស្ត្រទាំងអស់ ដែលបានជួយជ្រោមជ្រែងការដឹកជញ្ជូននោះបានសម្រេចដូចគម្រោងបានគិតទុក ៕
(ម.ត្រាណេ)