រូបគំនូរល្ខោនខ្មែរមួយចំនួននាសតវត្សទី១៩
អាទិភាព និងសារសំខាន់នៃល្ខោនខ្មែរ ត្រូវបានទទួលការនិយមចូលចិត្តពីសំណាក់ប្រជានុរាស្ត្រខ្មែរ និងអ្នកស្រាវជ្រាវបរទេសគ្រប់ជំនាន់ តាំងតែសតវត្សទី១៩ មកម្ល៉េះ ជាពិសេសលោក អាដឺម៉ារឡឺក្លែរ អតីតរេស៊ីដង់បារាំងនៅសម័យអាណាព្យាបាលបារាំង ។
គឺប្រការនេះហើយ ដែលបានជំរុញលោកឲ្យធ្វើការស្រាវជ្រាវអំពីល្ខោនខ្មែរ ដែលលោកចាត់ទុកថា មានប្រភពចេញពីឥណ្ឌា ហើយមានចំណាស់ប្រមាណជា២០០០ឆ្នាំមកហើយ ក្នុងខណៈដែលប្រទេសសៀម ឬថៃពុំចាប់បដិសន្ធិឡើងនៅសតវត្សទី១៣ នៅលើទឹកដីខ្មែរនៅឡើយ ។
គឺដោយបុព្វហេតុនេះហើយ ដែលលោកបានសន្និដ្ឋានថា ល្ខោនថៃបានប្រសូត្រចេញពីល្ខោនខ្មែរយ៉ាងប្រាកដ ។
ក្នុងអត្តបទដ៏សំខាន់មួយដែលមានឈ្មោះថា ល្ខោនខ្មែរ (Cf. Le theatre cambodgen) លោកអាដឺម៉ារឡឺក្លែរ បានភ្ជាប់មកជាមួយនូវឯកសាររូបភាពមួយចំនួន ពាក់ព័ន្ធទៅនឹងល្ខោនខ្មែរនាសម័យនោះ ដែលមានប្រយោជន៍សម្រាប់យើង ក្នុងការស្វែងយល់អំពីនិរន្តរភាពនៃនាដ្ឋសាស្ត្រខ្មែរ ។
ថ្វីត្បិតតែយើងមិនបានដឹងថា តើគំនូរខ្មៅសទាំងនោះគឺជាស្នាដៃរបស់ជាងណាទេ ក៏ប៉ុន្តែភាពសមសួន និងគុណភាពនៃគំនូរទាំងនោះ បានទាក់ទាញការយកចិត្តទុកដាក់របស់យើង ហើយប្តេជ្ញាចិត្តយកមកផ្សព្វផ្សាយជូនជាព័ត៌មានដល់ខេមរជន ។
មូលហេតុមួយទៀត គឺដោយសារតែច្បាប់ដើមនៃគំនូរទាំងនោះ ត្រូវបានបាត់បង់អស់ទៅហើយ ព្រោះពុំមានវត្តមានក្នុងសារមនី្ទរនៅខេត្តអាឡាំងសុង (ទឹកដីកំណើតរបស់លោក)។
ដែលនៅទីនោះ យើងបានជួយរៀបចំតុបតែងអាគារ កាលពីឆ្នាំ១៩៧៦ ទើបឥឡូវនេះ យើងផ្សព្វផ្សាយឯកសារទាំងនោះឡើងវិញ ដើម្បីទុកជាទន់ ឬតឹកតាងប្រវត្តិសាស្ត្រ ៕
(ម.ត្រាណេ)vy