សូមឲ្យកើតជាខ្មែរនៅអនាគតជាតិ
នៅលើផ្ទាំងសិលាចារឹកមួយដែលគេបានរកឃើញនៅក្នុងតំបន់ខ្ពង់រាបនគររាជ សរសេរជាភាសាសំស្ក្រឹត និងខ្មែរ ក្នុងរជ្ជកាលរបស់ព្រះបាទឧទ័យទិត្យវរ្ម័នទី២ មានចារប្រយោគ១ឃ្លាថា:
“ចេត្ឆលំ មេល្តិ បុណ្យនំ ជាតោហំកម្ពុជេទ្រុតម” ប្រែថា
“បើផលដែលកើតចេញពីបុណ្យរបស់ខ្ញុំមានមែននោះ សូមឲ្យឆាប់កើតនៅកម្ពុជា”។
តើប្រយោគ១ឃ្លាខាងលើនេះ ដែលសិក្សាដោយលោក ចីរភ័ត ប្រភ័នវិទ្យា មានអត្ថន័យយ៉ាងដូចម្តេចខ្លះសម្រាប់យើងជាពុទ្ធសាសនិក?
ឃ្លានៃសិលាចារឹក ចារថា សូមឲ្យកើតជាខ្មែរនៅអនាគតជាតិ សូមជម្រាបថា ការដែលយើងយកឃ្លានេះសរសេរនាស.វទី១១នៃគ.ស មកបកស្រាយ គឺដោយសារតែយើងមានគោលបំណងធំៗពីរ។ ចំពោះយើង ខ្លឹមសារនៃប្រយោគមួយឃ្លានេះ គឺទី១ : ចង់បង្ហាញជាប្រយោលថា នៅបុរាណកាល ក្នុងខណៈដែលនគរខ្មែរមានភាពរុងរឿងថ្កើងថ្កាននោះ នរណាមួយក៏ចង់ឲ្យក្លាយទៅជាខ្មែរដែរ។ ត្បិតខ្មែរខ្លាំងពូកែ ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម្ភ មានស្តុកស្តម្ភជាងជនជាតិនៅជុំវិញខ្លួន ទើបពុទ្ធសាសនិកខ្មែរនាជំនាន់នោះប៉ងប្រាថ្នាឲ្យកើតជាខ្មែរម្តងទៀត។ បើនិយាយមួយបែបទៀត ក្នុងសម័យកាលដ៏ត្រចះត្រចង់នោះ កើតជាខ្មែរ គឺជាមោទនភាពដ៏វិសេសវិសាលណាស់សម្រាប់មហាជនគ្រប់រូប គ្រប់មជ្ឈដ្ឋាន។
តែជាអកុសល ផ្ទុយទៅវិញ ចាប់តាំងពីរដ្ឋថៃត្រូវបានបង្កើតឡើងនៅលើទឹកដីខ្មែរបុរាណ នាចុងសតវត្សរ៍ទី១៣ ដើមស.វទី១៤ រហូតដល់បច្ចុប្បន្នភាព ដែលជាសម័យឱនភាព គេសង្កេតឃើញមានការផ្លាស់ប្តូរនូវឥរិយាបទ ព្រោះថា ជាទូទៅ ជនជាតិថៃ និងជនជាតិខ្មែរដើមកំណើតថៃ ឈប់ចង់ក្លាយទៅជាខ្មែរទៀតហើយ ដូចជាករណីសហគមន៍ខ្មែរ ដែលរស់នៅក្នុងភូមិភាគឥសាននៃព្រះរាជាណាចក្រថៃសព្វថ្ងៃនេះ រួមមាន ខេត្តអ៊ូប៊ុន, ស៊ីសាកេត, បុរីរម្យ, សុរិន្ទ្រ, នគររាជសីមាជាដើមជាឧទាហរណ៍ស្រាប់។
សូមរំឮកឡើងវិញថា ការដែលសព្វថ្ងៃនេះមានជនជាតិថៃខ្លះនៅពេលខឹងសម្បារ ពួកគេរមែងតែជេរ ឬដាក់បណ្តាសសារកូនចៅគេដោយពោលថា: “កុំឲ្យឯងកើតជាខ្មែរ” ការណ៍នេះ ពិតជាស្ថិតក្នុងគោលគំនិតខាងលើនេះដោយឥតប្រកែក។ នេះអត់ពោលដល់ជនជាតិខ្មែរមួយភាគតូច ដែលទៅធ្វើការ ឬរស់នៅក្នុងប្រទេសថៃផងដែរ ដែលខិតខំលាក់អត្តសញ្ញាណរបស់ខ្លួន ព្រោះពួកគេ ត្រូវគេវាយតម្លៃទាប។ យ៉ាងណាមិញ ស្ថានភាពនេះក៏មិនខុសគ្នាប៉ុន្មានទៅនឹងករណីខ្លះនៅក្នុងប្រទេសខ្មែរដែរ។ ប្រឈមមុខនឹងវិប្បត្តិគ្រប់ប្រភេទហើយស្ថិតក្នុងភាពអស់សង្ឃឹម គេឃើញមានបុគ្គលខ្លះថ្ងូរស្រែក ហើយបន់ស្រន់ “សូមឲ្យឈប់កើតជាខ្មែរនៅអនាគតជាតិទៀត”។
ការសិក្សាវិភាគប្រភពសិលាចារឹក ក៏បានបង្ហាញឲ្យដឹងថា មិនខុសពីខ្លឹមសារនៃសិលាចារឹកសប្បាក់ សិលាចារឹករបស់យើង ក៏បាននិយាយដល់ការគោរពបូជាចំពោះព្រះពុទ្ធលោកេសូរចំនួន ៩អង្គ នៃនិកាយពេជ្រយាន ឬវជ្រយានផងដែរ តាមរយៈពិធីបន់ស្រន់មួយ ដែលគេតាំងឈ្មោះថា ពិធីទេវរាជ។ ក៏ប៉ុន្តែចំណុចដែលខុសនោះ គឺ ក្នុងសិលាចារឹក ដែលលោក ចីរភ័ត ប្រភ័នវិទ្យា បានផ្សព្វផ្សាយរួចទៅហើយនោះ ពុំមានវត្តមានរបស់ពាក្យស្រុកខ្មែរទេដូចដែលមានក្នុងសិលាចារឹកសប្បាក់។
ជារួម ប្រភពសិលាចារឹកទាំងនោះបានឲ្យដឹងថា និកាយពេជ្រយាន ត្រូវបានប្រារព្ធនៅលើភ្នំមួយឈ្មោះថា អភ័យគិរី។ តាមរយៈពិធីអភិសេកព្រះសពុទ្ធលោកេសូរទាំង ៩អង្គ។ តែអ្វីដែលយើងចាប់អារម្មណ៍ជាងគេ ហើយករណីពិសេសនោះគឺថា តើហេតុដូចម្តេចបានជាម្ចាស់បុណ្យបានបួងសួងឲ្យកើតជាខ្មែរម្តងទៀតនៅជាតិក្រោយ។
បើមើលលើទិដ្ឋភាពទូទៅឲ្យបានជាក់ច្បាស់ នៅភូមិភាគឥសាននៃប្រទេសថៃបច្ចុប្បន្ន ដែលនៅមានសហគមន៍ខ្មែររស់នៅៗឡើយ យើងឃើញថា លទ្ធិមហាយាន ជាពិសេសពេជ្រយានបានលូតលាស់យ៉ាងខ្លាំក្លាបំផុត ចាប់តាំងពីសម័យចេនឡា។ ដូចនេះ ប្រពៃណីគោរពបូជាព្រះពុទ្ធលោកេសូរ មិនមែនជាការចៃដន្យទេ ព្រោះវាជាវប្បធម៌ប្រចាំភូមិភាគនេះ។ នេះជាសេចក្តីសំគាល់ទី២ ដែលយើងចង់ជម្រាបជូនជាព័ត៌មាន។
ម្យ៉ាងវិញទៀត ការប្រតិស្ថានបែបនេះ ត្រូវបានប្រារព្ធជាប្រក្រតីក្នុងពិធីបុណ្យតូចធំទាំងឡាយផងដែរ ជួនកាលគ្រាន់តែដើម្បីឧទ្ទិសមគ្គផលកុសលដែលបានមក ជូនចំពោះអ្នកស្លាប់ប៉ុណ្ណោះ ជួនកាលទៀតសម្រាប់អ្នកដែលនៅមានជីវិតនៅឡើយ។ ឬក៏ដើម្បីមូលហេតុអ្វីមួយដែលសង្គមជាតិទាំងមូលប៉ងប្រាថ្នា ដូចជា ជ័យជំនះលើមារសត្រូវជាដើម៘
ចំពោះវត្តមានលទ្ធិមហាយានត្រូវកត់ត្រាថា មិនមែនជាការចៃដន្យ ដូចទើបពោលខាងលើ ដែលចម្លាក់ព្រះពុទ្ធលោកេសូរចំនួនច្រើនរយអង្គទាំងតូចទាំងធំ នាសម័មុនអង្គរត្រូវបានគេជួបប្រទះនៅតាមបុរាណស្ថាន នៅខេត្តបុរីរម្យ។ សូមរំឮកថា ព្រះពុទ្ធបដិមាទាំងនោះ សុទ្ធសឹងតែជាវត្ថុព្រះសក្តិសិទ្ធិទាំងអស់ ព្រោះត្រូវបានអភិសេករួច ហើយត្រូវបានគេតម្កល់ក្នុងពុទ្ធសាសស្ថាន ដើម្បីជាទីគោរពបូជា។ បើពុំដូច្នេះទេ គឺមិនមែនព្រះរូបទេ។
គួរគប្បីជម្រាបផងដែរថា ទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរភាគតិចក៏បានបង្ហាញឲ្យយើងដឹងទៀតថា ក្នុងពិធីបុណ្យឆ្លងព្រះពុទ្ធបដិមា ឬបុណ្យអភិសេកព្រះ ម្ចាស់បុណ្យ រួមទាំងញាត្តិសណ្តានតែងតែឧទ្ទិសមគ្គផលទៅចំពោះឪពុកម្តាយដែលនៅរស់ ឬស្លាប់ ព្រមទាំងរូបអ្នកផ្តើមបុណ្យផ្ទាល់។ នៅក្នុងសិលាចារឹកសប្បក យើងបានឃើញថា ដើម្បីកុំឲ្យស្រុកខ្មែរស្ថិតក្រោមការត្រួតត្រារបស់ជ្វា (ចម្ប៉ា) តទៅទៀត ពិធីសាសនាមួយក៏ត្រូវបានប្រារព្ធឡើងនៅលើភ្នំអភ័យគិរី ក្រោយពីព្រះពុទ្ធរូបទាំង ៩អង្គ ត្រូវបានជួសជុលរួចរាល់។
នៅទីនេះ យើងឃើញថា ទោះបីជាពិធីអភិសេកព្រះពុទ្ធរូប គ្រាន់តែជាកិច្ចពិធីក្នុងបុណ្យជាតិមួយ ដែលមានទ្រង់ទ្រាយធំ អឹកធឹក ដែលបានធ្វើឡើងដោយមានការសូត្រធម៌អារបែបមហាយានយ៉ាងប្រាកដក្តី ដូចដែលបានចារក្នុងផ្ទាំងសិលាចារឹកស្តុកកក់ធំ នៅខេត្តសិរីសោភ័ណ ដែលសព្វថ្ងៃបានក្លាយទៅជាភាគមួយនៃខេត្តស្រះកែវ នៅព្រះរាជាណាចក្រថៃ តែវត្ថុបំណងមានត្ថន័យដូចគ្នា គឺដើម្បីឲ្យជ្វាឈប់រុករានស្រុកខ្មែរ។ នេះពុំនិយាយដល់អំពីការឧទ្ទិសកុសលទៅជូនចមពោះវិញ្ញាណក្ខ័នបុព្វការីជន ដែលព្រះអាចារ្យរមែងតែរំឮកឈ្មោះផងដែរក្នុងពិធីសូត្រមន្ត។
ខាងលើនេះ គឺជាទិន្នន័យជាប្រវត្តិសាស្ត្រមួយចំនួន ដែលគេអាចទាញចេញពីប្រភពសិលាចារឹកខ្មែរបុរាណ។
សូមបញ្ជាក់ថា សិលាចារឹកខាងលើនេះ មានឈ្មោះថា សិលាចារឹកសប្បក ហើយត្រូវបានសិក្សាដោយលោក ជីរភ័ត ប្រភ័ន្ទវិទ្យា (Cf. Chirapat Prapandvidya, 1990, The Sab Bak Inscription : Evidence of an Early Vajrayana Buddhist Presence in Thailand, Journal of the Siam Society, 78 (2) : 11-14) និងលោក កង្វល់ ខាក្សីមា៕
(ម.ត្រាណេ)
vy