និមិត្តសញ្ញាក្នុងលទ្ធិព្រះពុទ្ធសាសនានាសម័យនគរភ្នំ
ការតំណាងពុទ្ធប្រវត្តិ តាមរយៈចម្លាក់បុរាណ ដែលជាសញ្ញានិមិត្តត្រូវបានគេជួបប្រទះនៅក្នុងប្រទេសឥណ្ឌា ។ ឧទាហរណ៍នៅលើស្តូបភារុត នៅមធ្យមប្រទេស នាសតវត្សទី២ មុនគ.ស យើងឃើញមានការគោរពបូជាក្រណាត់រុំក្បាលមួយតំណាងឲ្យព្រះពុទ្ធអង្គឆ្លាក់នៅលើសសរស្តុម្ភ ។
នៅលើចម្លាក់នោះ គេឃើញផងដែរនូវវត្តមានរបស់អាទិទេពកំពុងគោរពបូជាក្រណាត់រុំក្បាលដែរ ដែលគេដាក់នៅលើអាសនៈមួយនៅមុខបន្ទប់សភានៃអាទិទេពនៅស្ថានត្រីត្រឹង្ស ឬស្ថានសួគ៌ទាំង៣៣ ដែលជាកន្លែងដ៏ពិសិដ្ឋជាងគេ ។ នៅផ្នែកខាងក្រោមនៃចម្លាក់នេះ មានការរាំរែកកំដរដោយភ្លេងតូរតន្ត្រី ដើម្បីជាភារវកិច្ចថ្វាយចំពោះវត្ថុស័ក្តិសិទ្ធិនេះផងដែរ ដែលជានិមិត្តរូបនៃព្រះសម្មាសម្ពុទ្ធដែលបានចែកឋានទៅហើយ ។
ការបូជាព្រះពុទ្ធបាទ សិល្បៈឥណ្ឌាអមរាវតី ស.វទី ១ មុនគ.ស និង ១ គ.ស (Cf. L’art Bouddhique, Unesco) និង ព្រះពុទ្ធបាទចម្លាក់លើថ្ម នៅវត្តស្រះឈូក ស្រុកគោកប៉ីប ខេត្តបច្ចឹមបុរី រចនាប័ថ្ម អមរាវត្តី ស.វទី ១-២ (ម.ត ១៩៩៧) យ៉ាងណាមិញនៅក្នុងអតីតដែនដីខ្មែរបុរាណ នាសម័យហ្វូ-ណន និមិត្តសញ្ញានេះដែលត្រូវបាននាំចូលពីឥណ្ឌា ក៏ត្រូវប្រជាជនខ្មែរគោរពបូជា ដូចគ្នាដែរ ។
ស្នាមព្រះពុទ្ធបាទ
សូមបញ្ជាក់ថា ការតំណាងអនាគតព្រះសម្មាសម្ពុទ្ធ ក៏ត្រូវបានបញ្ជាក់បង្ហាញតាមរយៈចម្លាក់ផ្សេងៗមួយចំនួនឯទៀត ដូចជាស្នាមព្រះពុទ្ធបាទ ។ ឧទាហរណ៍ចម្លាក់ព្រះពុទ្ធបាទនៅទីក្រុងអមរាវតី អន្ទ្រាប្រទេសសាងឡើងប្រមាណជាសតវត្សទី២ នៃគ.ស ។ នៅទីនេះស្នាមព្រះពុទ្ធមួយគូរ គឺតំណាងឲ្យធម្មចក្រ ហើយក៏តំណាងឲ្យវត្តមានរបស់ព្រះពុទ្ធអង្គផងដែរ ។ នៅលើព្រះពុទ្ធបាទនេះ គេបានឃើញមានចម្លាក់ផ្សេងៗ ឯទៀត ដែលតំណាងនូវលក្ខណៈសិរីមង្គលក៏វិសេសវិសាលរបស់អ្នកមានបុណ្យដែលនឹងក្លាយទៅជាព្រះពុទ្ធអង្គ ។
ស្នាមព្រះពុទ្ធបាទបុរេអង្គរ ដែលចាស់ជាងគេបំផុតគឺត្រូវបានឆ្លាក់ឡើងនៅលើសន្លឹកលោហៈ មាស នៅស្ថានីយដាណូយ ដែនដីសណ្តរកម្ពុជាក្រោម និង នៅលើថ្មក្នុងបរិវេណនៃវត្តស្រះបួ ឬស្រះឈូក នៅខេត្តបច្ចឹមបុរី តំបន់ដែលមានជនជាតិថៃ ដើមកំណើតខ្មែរ រស់នៅយ៉ាងច្រើនកុះករនៅឡើយ ៕
(ម.ត្រាណេ)