កំណត់សម្គាល់ខ្លះៗពីព្រះលោកេស្វរៈ
តាមការសង្កេតយ៉ាងល្អិតល្អន់ យើងឃើញថា ព្រះអាទិទេពក្នុងទេវកថាវិទ្យាបែបមហាយាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃនៅអង្គរបុរី ទោះបីជាអត្តសញ្ញាណនៃព្រះអាទិទេពមួយចំនួនមិនទាន់ត្រូវបានបញ្ជាក់នៅឡើយក៏ដោយ ។ស្ថានភាពនេះក៏មិនប្លែកប៉ុន្មានពីភូមិភាគដែលស្ថិតក្នុងដែនដីសណ្តកម្ពុជាក្រោមដែរ ។
ក្រៅពីរូបសំណាកតំណាងព្រះពុទ្ធអង្គសក្យមុនីដែលមានចំនួនច្រើនលើសលប់ យើងកម្រឃើញព្រះពោធិសត្វលោកេស្វរៈ ដែលធ្វើអំពីសំរិទ្ធណាស់ ដូចករណីពុទ្ធបដិមាមួយដែលមកពីអង្គរបុរី ហើយដែលសព្វថ្ងៃត្រូវបានរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ។
ព្រះលោកេស្វរៈ សារមន្ទីរជាតិភ្នំពេញ និងនៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប (ម.ត ២០០៦) ប្រជាប្រិយភាពរបស់ព្រះលោកេស្វរៈ គឺដោយសារតែព្រះអង្គ គឺជាព្រះដែលមានមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមបំផុត ។ ចម្លាក់ព្រះពោធិសត្វលោកេស្វរៈខាងលើមានកំពស់ប្រមាណជា ១៧,៨ស.ម ស្ថិតក្នុងឥរិយាបថឈរ ហើយទ្រង់គ្រងសំពត់ចងក្បិនមួយខ្លី ។ តាមពិតទៅ បើសិនជានៅលើភ្នួងសក់របស់ព្រះអង្គគ្មានវត្តមានរបស់ព្រះអមិតាភៈ ដែលគេបានឆ្លាក់នោះទេ ម្លេះសមយើងពុំអាចសន្និដ្ឋានថា ចម្លាក់នេះ គឺជារូបរបស់ព្រះពោធិសត្វ លោកេស្វរៈឡើយ ។ ព្រះកាយរបស់ទ្រង់គ្រងផ្អៀងនៅខាងស្តាំបន្តិច ហើយម្យ៉ាងវិញទៀត ទ្រង់មានព្រះភ័ក្ភ្រញញឹម ។
ថ្វីបើសព្វថ្ងៃព្រះហស្ថស្តាំរបស់ព្រះពោធិសត្វ ពុំមានកាន់អ្វីក៏ដោយ ក៏យើងអាចដឹងថា ពីមុនព្រះហស្ថពិតជាកាន់ថូទឹកមន្តសម្រាប់សង្គ្រោះសត្វលោក ។
នៅសម័យនគរភ្នំ យើងពុំបានជួបចម្លាក់ព្រះលោកកេស្វរៈ ដែលមានដៃទៅដល់ ៣២ ដូចករណីចម្លាក់នៅប្រាសាទបន្ទាយឆ្មារទេ ។ ភាគច្រើនទ្រង់មានដៃតែ៤ ប៉ុណ្ណោះ ដែលទ្រង់ហុចទៅកាន់សត្វលោក ដើម្បីជួយសង្គ្រោះឲ្យផុតពីទុក្ខភ័យ ហើយវត្ថុដែលព្រះអង្គកាន់នៅដៃ ជាគ្រឿងសម្គាល់ដ៏វិសេសវិសាល ឬកេតនភណ្ឌមានថូទឹក និងផ្កាឈូកជាដើម ៕F
(ម.ត្រាណេ)