ចម្លាក់ព្រះហរិហរៈ រចនាប័ថ្មភ្នំដា នៅប្រាសាទអាស្រមមហាឥសី
តាមសេចក្តីរបាយការណ៍របស់លោក អេទីយែន អៃប៊ូនីយេ ចម្លាក់ព្រះហរិហរៈ ដែលគេបានយកចេញពីប្រាសាទអាស្រមមហាឥសី ហើយ សព្វថ្ងៃនេះតាំងនៅសារមន្ទីរជាតិហ្គីមេនៅស្រុកបារាំងនោះគឺ ត្រូវបានសត្វដំរីមួយចុះប្រេង បានធ្វើឲ្យបែកបាក់ជាច្រើនកំណាត់នៅចុងសតវត្សទី១៩ នៃគ.ស ។ ឃើញដូច្នេះលោក អៃប៊ូនីយេ ក៏បានដឹកជញ្ជូនទៅទីក្រុងបារីសប្រទេសបារាំង ដើម្បីជួសជុស តែជាអកុសល រហូតដល់សព្វថ្ងៃ ពុំទាន់ផ្ញើរជូនរាជរដ្ឋាភិបាលខ្មែរវិញនៅឡើយ ។
សូមរំលឹកផងដែរថា សារមន្ទីរហ្គីមេខាងលើនេះ ត្រូវបានសម្ពោធនៅឆ្នាំ១៨៨៩ ហើយរូបចម្លាក់បុរេអង្គរនេះ ក៏បានក្លាយជាចម្លាក់មួយដ៏ឆ្នើមហើយដ៏សំខាន់ក្នុងសារមន្ទីរខាងលើនេះ ។
រចនាប័ថ្មនៃចម្លាក់ស្ថិតក្នុងរចនាប័ថ្មភ្នំដា ហើយព្រះអាទិទេពអង្គនេះ មានលក្ខណៈជាអាទិទេពសំយោគ ដោយហេតុថា តំណាងឲ្យព្រះអាទិទេពពីររួមគ្នា គឺព្រះវិស្ណុ និងព្រះឥសូរ ។
ចម្លាក់ព្រះហរិហរៈ នៅភ្នំដា និង ចម្លាក់ព្រះ អវលោកិតេស្វរៈ នៅកម្ពុជាក្រោម (ឯកសារសារមន្ទីរហ្គីមេ) នៅពាក់កណ្តាលនៃចម្លាក់ព្រះវិស្ណុ ទ្រង់គ្រងក្បាំង ឬកាតិបរាងមូល ធ្វើអំពីសំពត់ ហើយនៅព្រះហត្ថមានកាន់ខ្យងស័ង្ខ ។ រីឯព្រះឥសូរវិញ ទ្រង់មានភ្នួងសក់របស់តាបស ដែលលំអដោយព្រះច័ន្ទ ដោយនៅព្រះហត្ថមានកាន់ត្រីសូល៌ ហើយនៅលើដងខ្លួនគ្របដណ្តប់អំពីសំពត់ស្បែកសត្វខ្លាមួយ ។
គ្មានភស្តុតាងអ្វីដែលថា ព្រះរូបនៃព្រះហរិហរៈនេះ មកពីប្រាសាទដទៃនោះទេ ហើយដោយសារតែចម្លាក់នេះស្ថិតក្នុងសម័យអន្តរកាល រវាងនគរភ្នំ និងចេនឡា ទើបយើងអាចសន្និដ្ឋានបានថា វាត្រូវបានស្ថាបនាឡើងរវាងចុងសតវត្សទី៦ និងដើមសតវត្សទី៧ នៃគ.ស ។
សរុបសេចក្តីមក ព្រះអាទិទេពសំយោគដ៏សំខាន់នេះ ពិតជាដំណាងនូវលទ្ធិត្រីម៌ូតិនៃព្រហ្មញ្ញសាសនា ដែលនៅទីនេះ មានតែព្រះវិស្ណុ និងព្រះឥសូរ ឬសិវតែប៉ុណ្ណោះ ។
លក្ខណៈសម្គាល់មួយទៀត គឺតាមរយៈចម្លាក់មកពីការដ្ឋានភ្នំដា យើងឃើញវិស្ណុនិកាយ ពិតជាមានឧត្តមភាពជាងសិវនិកាយក្នុងនគរភ្នំយ៉ាងប្រាកដ នេះយើងយោងលើចំនួនចម្លាក់ដែលគេបានរកឃើញនៅលើទីតាំងភ្នំដា ។
បើយើងសិក្សាប្រៀបធៀបព្រះភ័ក្ត្រចម្លាក់របស់យើងទៅនឹងចម្លាក់ព្រះពោធិសត្វ អវលោកិតេស្វរៈ នៅភូមិ តឹងឡុង នៅកម្ពុជាក្រោម យើងអាចសំគាល់ឃើញថា មានលក្ខណៈស្រដៀងគ្នា ជាហេតុនាំឲ្យយើងនិយាយបានថា ចម្លាក់ទាំងពីរឋិតនៅក្នុងរចនាប័ថ្មភ្នំដាដូចគ្នា ។ តែទោះជាយ៉ាងនេះក្តី ចម្លាក់ព្រះពោធិសត្វខាងលើនេះ មានអាយុតិចជាងចម្លាក់របស់យើង ៕
(ម.ត្រាណេ)