Cen

​រឿង អា​កុហក​ស៊ី​

កាលពីព្រេងនាយ​មាន​កុមារ​ម្នាក់​នៅ​ជាមួយ​ម្តាយ ចិញ្ចឹម​ជ្រូក​កម្រៀវ ១ ដល់​ជ្រូក​នោះ​ធំ​ឡើង​ក្មេង​នោះ​ចង់ស៊ី​សាច់ជ្រូក ក៏​និយាយ​នឹង​ម្តាយ​ថា "​ម៉ែ​ខ្ញុំ​ចង់ស៊ី​សាច់ជ្រូក ម៉ែ​ឲ្យ​ខ្ញុំ​កាប់​ជ្រូក​នេះ​ស៊ីផឹក​ស្រាទៅ​?" ។ ម្តាយ​ឃាត់​ថា "​កុំ​! ឯង​ស៊ី​អ្វី​ក៏​ច្រើន​ម្ល៉េះ ទុក​វា​នឹង​លក់​យក​ប្រាក់​ចាយ​" ។ កូន​ឮ​ម្តាយ​ឃាត់​ដូច្នោះ ក៏​នឹក​តែ​ក្នុង​ចិត្ត​ចង់​ស៊ី​សាច់ជ្រូក​តែ​សព្វថ្ងៃ ពុំ​មាន​ភ្លេច ។ មាន​កាល​មួយថ្ងៃ កូន​នោះ​ភ្ញាក់​ឡើងពីដេក​និយាយប្រាប់​ម្តាយ​ថា "​ដ្បិត​ទេវតា​ប្រាប់​ខ្ញុំ​ថា "​មាន​មាស​ច្រើនណាស់ ម៉ែ​ជូន​ខ្ញុំ​ទៅ​យក​" ។ ម្តាយ​ឮ​កូន​និយាយប្រាប់​ដូច្នោះ សួរថា "​មាស​ប្រាក់​នៅ​ឯណា​?" ។ កូន​ឆ្លើយ​ថា "​ម៉ែ​ទៅនឹង​ខ្ញុំ​ចុះ បើ​ខ្ញុំ​បង្គាប់​ដូចម្តេច​ម៉ែ​ធ្វើ​តាម​ខ្ញុំ​" ។ កូន​យក​កញ្ជើ​នាំ​ម្តាយ​ដើរ​ទៅ​ព្រៃ​ឆ្ងាយ​អំពី​ស្រុក ហើយ​កូន​ក៏​យកក​ញ្ជើ​ស្ទុះ​ទៅ​គ្រប​លើដី ប្រឹង​សង្កត់​ហើយ​ប្រាប់​ម្តាយ​ថា "​ម៉ែ​ជួយ​សង្កត់​ផង មាស​ប្រាក់​នៅ​ក្នុង​ដី​នេះ​ច្រើន​ណាស់ ម៉ែ​សង្កត់​ឲ្យ​ជាប់​ចុះ​ខ្ញុំ​នឹង​ទៅ​រក​ចបជីក​យក​មាស​ប្រាក់ ម៉ែ​ឯង​នៅ​សង្កត់​ឲ្យ​ជាប់កុំ​លែង​មាស​ប្រាក់​នឹង​បាត់បង់​អស់​ទៅ​" ។ ឯ​ម្តាយ​ឮ​កូន​ថា​ដូច្នោះ ក៏​ខំ​សង្កត់​កញ្ជើ​នោះ​ចាំ​កូន កូន​ក៏​ត្រឡប់ទៅផ្ទះ​វិញ ចាប់​ជ្រូក​នោះ​យក​មក​កាប់​ចម្អិន​ជា​អាហារ បបួល​អស់​បងប្អូន​ជិតខាង​មក​ស៊ី​ផឹកស្រា​លេង​សប្បាយ ។ ម្តាយ​នៅឯ​ព្រៃ​ចាំ​កូន​ឯ​ព្រៃ​ទន្ទឹង​ពុំ​ឃើញ​មក ឃ្លានបាយ​អស់កម្លាំង រោយ​ដៃ​រោយ​ជើង របូត​ចេញ​ពី​លើ​កញ្ជើ មើល​ក្នុង​កញ្ជើ​ពុំ​ឃើញ​មាន​អ្វី​សោះ ។ លុះ​ម្តាយ​ដឹងថា​កូន​បញ្ឆោត​ហើយ ក៏​ត្រឡប់​ទៅផ្ទះ​វិញ ឃើញ​កូន​កំពុងតែ​ស៊ី​សាច់ជ្រូក​ផឹក​ស្រា​លេង​សប្បាយ​ដូច្នោះ ខឹង​នឹង​កូន​ណាស់ ហើយ​និយាយ​នឹង​ប្អូន​ថា "​ដ្បិត​កូន​នេះ​ខូច​ណាស់ ទុក​ចិញ្ចឹម​មិន​បាន​ទេ ត្រូវ​ឯង​ច្រក​ការុង​យកទៅ​ទម្លាក់​ក្នុង​ទឹក​សម្លាប់​ទៅ​" ។ ប្អូន​ឮដូច្នេះ​ក៏​សួរ​ថា "​ដំ​ណើរ​ដូច​ម្តេច​បាន​ជា​ឲ្យ​យក​កូន​ច្រក​ការុង​ទៅ​ចោល​ក្នុង​ទឹក​សំលាប់​?" ។ បង​និយាយប្រាប់​ទៅ​ប្អូន​តាម​ដំណើរ​សព្វគ្រប់​ថា "​វា​ចេះ​បញ្ឆោត​ឲ្យ​អញ​ទៅ​ក្នុងព្រៃ ថា​ទៅ​យក​មាស​ប្រាក់ ហើយ​វាឲ្យ​អញ​ចាំ​នៅក្នុងព្រៃ លុះត្រាតែ​ដល់​ថ្ងៃ ឃ្លានបាយ​ស្ទើរតែ​ដាច់ពោះ ឯ​វា​មក​កាប់​ជ្រូក​ផឹកស្រា ជ្រូក​អញ​តែ​មួយ​ទុក​លក់​ឲ្យគេ​យក​ប្រាក់ចាយ​ទេតើ​" ប្អូន​នោះ​ក៏​ទៅ​ចាប់​អា​កុហក​ស៊ី​ច្រក​ក្នុង​ការុង​ធំ ចង​មាត់​ការុង​ជាប់​ល្អ លើ​លី​យក​ទៅ​នឹង​ចោល​ក្នុង​ទឹកទន្លេ លុះ​ដល់​មាត់​ទន្លេ​អា​កុហក​ស៊ី​និយាយ​នឹង​មា​វា​ថា "​លោកមា​អាណិត​ខ្ញុំៗ​មុខ​ជា​ស្លាប់​ហើយ បើ​ដូច្នេះ​សូម​លោកមា​អាណិត​ទៅ​យក​ក្បួន​កុហក​ឲ្យ​ខ្ញុំ​បន្តិច ដ្បិត​ខ្ញុំ​ស្លាប់​ហើយ​ទៅៗ​នៅ​ឋាន​ខ្មោច បើ​គ្មាន​ក្បួន​កុហក​ខ្មោច​រកស៊ី​ពុំបាន នោះ​នឹង​ដាច់​ពោះ​ស្លាប់​" ឯ​មា​ឮ​ក្មួយ​អង្វរ​ដូច្នោះ​ក៏​សួរ​ទៅ​ក្មួយ​ថា "​ក្បួន​កុហក​ឯង​ទុក​នៅ​ទីណា​?" ។ ក្មួយ​ប្រាប់​ទៅ​មា​ថា "​ខ្ញុំ​ដាក់​នៅ​លើ​ធ្នឹម​" ។ មា​ក៏​ដាក់​អា​កុហក​ស៊ី​នៅ​កំពង់ទឹក ហើយ​ត្រឡប់​ទៅ​យក​ក្បួន​ភរ​អា​កុហក​ស៊ី​វិញ ។ កាលនោះ​មាន​មនុស្ស​កើត​ឃ្លង់​ម្នាក់​ដើរ​មក​ជិត​អា​កុហក​ស៊ីៗ​ក៏​ធ្វើ​ជា​និយាយថា "​អញ​មក​តមឃ្ល​ង់​ក្នុង​ការុង​នេះ​យូរថ្ងៃ​ហើយ មិនដឹង​ជាៗ​ហើយ​ឬ​នៅ ប៉ុន្តែ​ស្ទាប​មើល​ហាក់ដូច​សះជា​ហើយ​" ។ មនុស្ស​ឃ្លង់​ឮ​អា​កុហក​ស៊ីថា តមឃ្ល​ង់​ក្នុង​ការុង​ដូច្នោះ ដោយ​ខ្លួន​កើត​ឃ្លង់​ក៏​សួរ​ថា "​តមឃ្ល​ង់​ក្នុង​ការុង​នេះ​បាន​ជា​ឬ​?" ។ អា​កុហក​ស៊ី​ប្រាប់ថា "​ដ្បិត​ខ្ញុំ​កើត​ឃ្លង់ គេ​ឲ្យមក​តម​ក្នុងកា​រុងនេះ​យូរថ្ងៃ​ហើយ មិនដឹង​ជា​ជា​ហើយ​ឬ​នៅទេ អាណិត​ស្រាយ​ខ្ញុំ​បន្តិច​" ។ មនុស្ស​ឃ្លង់​ក៏​ស្រាយ​មាត់​ការុង​ឲ្យ​អាកុ​ហក​ស៊ី​ចេញមក ។ អា​កុហក​ស៊ី ចេញ​អំពី​ការុង​បោស​ខ្លួន​មើល​ហើយ​ប្រាប់ថា "​ជា​ឃ្លង់​ហើយ​" ។ អា​គម្លង់​ឮ​អា​កុហក​ស៊ីថា តមឃ្ល​ង់​ក្នុង​ការុង​ដូច្នោះ​ក៏​និយាយថា "​ឲ្យ​គ្នា​តម​ឃ្លង់ផង​" ។ អា​កុហក​ស៊ី​ឮ​ដូច្នោះ​អ​រណាស់​គិតថា "​អញ​អស់​ស្លាប់​ហើយ បាន​អា​គម្លង់​ស្លា​ប់​ជួ​ស​" ។ អា​កុហក​ស៊ី ប្រាប់​អា​គម្លង់​ថា "​បើ​ឯង​ចង់​ជា​ឃ្លង់​ឆាប់ ត្រូវ​កាន់​ត្រណម​ឲ្យ​ជាប់ កុំ​និយាយស្តី​នឹង​អ្នកណា​ឲ្យ​សោះ បើ​នរណា​មក​សួរ​ក្តី​មក​ជេរ​វាយ​ដូច​ម្តេចៗ​ក្តី ត្រូវ​កុំ​និយាយស្តី ខំ​កាន់​ត្រណម​ឲ្យ​ខ្ជាប់​ទើបបានជា​ឆាប់​" ។ អា​គម្លង់​ឮ​អា​កុហក​ស៊ី​ថា​ដូច្នោះ​ក៏​ទទួល​ចាំ ហើយ​ចូល​ទៅ​ក្នុង​ការុង ។ អា​កុហក​ស៊ី​ចង​មាត់​ការុង​ជាប់ ហើយ​រត់​បាត់​ទៅ មា​នោះ​រក​តម្រាឲ្យ​អាកុ​ហក​ស៊ី​ពុំ​ឃើញ ដឹងថា អា​កុហក​ស៊ី​បញ្ឆោត​ខ្លួន​ខឹង​ណាស់ ក៏​គិតក្នុងចិត្ត​ថា "​បើ​អញ​ទៅដល់​អញ​នឹង​ទម្លាក់​វា​ទៅ​ក្នុង​ទឹ​កឲ្យស្លាប់​ទៅ​" ហើយ​ខំ​ដើរ​ទៅដល់​ហើយ​ក៏​ស្ទុះ​ចូលទៅ ដាល់​វាយ ឯ​គម្លង់​ដោយ​ស្មានថា អា​កុហក​ស៊ី ។ អា​គម្លង់​ខំអត់​ព្រោះ​ចង់​ជា​ឃ្លង់ លុះ​វាយ​ធា​ក់អស់ចិត្ត​ហើយ ក៏​លើក​ការុង​បោះ​ទៅក្នុង​ទឹ​កឲ្យស្លាប់​ទៅ ។​

​ ​អា​កុហក​ស៊ី​រត់​រួច​អំពី​នោះ​ទៅៗ​ជួប​នឹង​មនុស្ស​កុហក​ម្នាក់ ចេះ​កុហក​ដូចគ្នា កំពុងតែ​មុជទឹក អា​កុហក​ស៊ី នោះ​ឃើញ​អា​កុហក​ស៊ី​ដើរទៅ​ពី​ចំងាយ ក៏​វា​ធ្វើ​ជា​មុជទឹក យូរ​បន្តិច​ងើបឡើង ហើយ​លើក​កាស​ឡើង​ថា អញ​មុជទឹក​ទៅ​ខាង​ក្រោម​មាន​គេ​លេងបៀរ អញ​លេង​ឈ្នះ​បាន​កាស​ប្រាក់​ច្រើន ប៉ុន្តែ​យក​មិន​រួច បាន​តែ​មួយ​ត្រណោត​មក ។ អា​កុហក​ស៊ី​ឮ​ដូច្នោះ ក៏​ជឿ​គិត​ស្មានថា​មែន ហើយក៏​ផ្លាស់សំពត់​លោត​ទៅ​ក្នុង​ទឹក ខំ​មុជ​ទៅ​ទង្គិច​ក្បាល​នឹង​គល់ឈើ​បែក​ឈាម ដឹងខ្លួន​ថា​គេ​ជា​មនុស្ស​កុហក ក៏​នឹក​ក្នុង​ចិត្ត​ឃើញ​ឧបាយ​កុហក​វិញ ហើយ​ងើបឡើង​និយាយ​ទៅ​អា​ដែល​បញ្ឆោត​នោះ​ថា "​អ្នក​អើយ​! ខ្ញុំ​មុជទឹក​ទៅ​តាម​ពាក្យ​អ្នកឯង​អម្បាញ់ម៉ិញ បាន​ឃើញ​គេ​លេងបៀរ​ប៉ា​ធួ​កំតាត់​ច្រើនណាស់ ហើយ​ខ្ញុំ​លេង​ឈ្នះ​គេ បាន​ប្រាក់កាស​ច្រើន ខ្ញុំ​ទារ​ពី​គេៗ​ថា ឲ្យ​យក​ពី​ឯង​នោះ ខ្ញុំ​មិន​ព្រម​ខ្ញុំ​ចេះ​តែ​ទារ គេ​ខឹង​នឹង​ខ្ញុំ គេ​វាយ​ខ្ញុំ​បែកក្បាល ហើយ​គេ​ថា ឲ្យ​ខ្ញុំ​មក​យក​ពី​អ្នកឯង បើ​អ្នកឯង​មិន​ជឿ​មើល​ក្បាល​ខ្ញុំ​ដែល​បែក​នេះ​ចុះ​" ។ អា​កុហក​ស៊ី​នោះ​ដឹងថា អា​កុហក​ស៊ី​មាន​ប្រាជ្ញា​ចេះ​កុហក​មិន​ចាញ់​ខ្លួន ក៏​ស្រាយ​កាស​ចែកគ្នា​ពាក់កណ្តាល ហើយ​សុំ​គ្នា​ជា​បងប្អូន​ដើរ​រកស៊ី​កុហក​គេ​តាំង​អំពី​នោះ​តទៅ ៕