ស្ពានឈើអភ័ព្វ
បទភ្លេងទំនុកច្រៀង សម្រួលតន្ត្រី ច្រៀងដោយ
គង្គ ប៊ុនឈឿន ហាស់ សាឡន ស៊ីន ស៊ីសាមុត
១- ភូមិវត្តកំផែងខ្ញុំសូមថ្លែងទុក្ខ ស្នេហ៍ខានជួបមុខ
រាយជាទំនុកគុកកម្មស្នេហ៍ខ្ញុំ
ស្ពានកម្សត់ក្បត់ស្នេហ៍ឧត្តម
ក្បត់រាត្រី ច័ន្ទ្រាទឹកឃ្មុំ តោយំសុំក្តីមេត្តា ។
២- ឱវាលបែកចាន បែកចិត្តទៅហើយ ស្នេហ៍គ្មានកោះត្រើយ
ស្ទឹងសង្កែអើយ ម្តេចឡើយឫស្យា
គួចស្នេហ៍ខ្ញុំ ឱ្យលង់មរណា
គួចទាំងចិត្តឱ្យស្វិតដូចផ្កាយ ខ្លោចផ្សាឱរ៉ាមួរហ្មង ។
R- គ្រាប់ខ្សាច់បាតបឹង រៀមប្រឹងរក្សា
ទុករោយធ្វើជាផ្កាស្លា រៀបការអូនហើយនឹងបង
ស្ពានកម្សត់ធ្វើឱ្យអូនឆ្លង
តែកម្មកាចកំណាចកន្លង នួនល្អងឆ្លងស្ពានថ្មវិញ ។
៣- បងឈឺក្អួតឈាមដូចអ៊ុក សារ៉េន ឈឺហួសព្រំដែន
ស្រីចិត្តម៉ឺនសែននឹកសែនទោម្នេញ
បេះដូងមួយគេអាចដូរទិញ
ដូចទឹកស្ទឹងហូរមិនវិលវិញ ទោម្នេញព្រោះស្រីចិត្តស្រល់ ។
ប្រវត្តិដើម
មេឡូឌីរបស់បទស្ពានឈើអភ័ព្វ លោកគង្គ ប៊ុនឈឿន បានតែងតាំងពីឆ្នាំ១៩៥៤ ពេលដែលលោករៀននៅ វិទ្យាល័យព្រះមុនីវង្ស តែបានដាក់ទំនុកច្រៀងផ្សេងឈ្មោះថា “ខ្សែទឹកកួច” ។ លោកតែងបទនេះឡើង សម្រាប់ប្រគំលេងមួយដង មួយកាល ព្រោះលោកក៏ជាសមាជិកនៃវង់តន្ត្រីនៅក្នុងវិទ្យាល័យនោះដែរ ។ កាលពីនៅក្មេង លោកចេះកូតវីយូឡុង ចេះលេងហ្គីតាខ្លះៗ ចេះច្រៀងល្មមស្តាប់បាន និងចេះដេញម៉ង់ដូលីនយ៉ាងស្ទាត់ ។
លុះដល់រវាងឆ្នាំ១៩៧៣ ទើបលោកគង្គ ប៊ុនឈឿន សើរើរៀបចំមេឡូឌីនេះឡើង ដោយដាក់ទំនុកច្រៀងថ្មីឈ្មោះថា “ស្ពានឈើអភ័ព្វ” ។ មូលហេតុដែលនាំឱ្យលោកសម្រេចដាក់ចំណងជើងបទនេះថាដូច្នេះ គឺលោករំលឹកដល់ខ្សែជីវិតរបស់លោក កាលពេលមួយដែលត្រូវរសាត់អណ្តែតគ្មានគោលដៅនោះ ។
លោកគង្គ ប៊ុនឈឿន បាននិយាយថា បន្ទាប់ពីឪពុកម្តាយស្លាប់ចោលអស់ និងមានបេះដូងប្រេះឆាដោយជីវិត ស្នេហាបឋមវ័យនោះ លោកក៏សម្រេចចិត្តចង់ចូលបួសជាសាមណេរ ដើម្បីបង្វែរជីវិតពីលោកិយដ៏អភ័ព្វ ទៅជ្រកកោនក្រោមម្លប់ព្រះធម៌ វិញ ជាមធ្យោបាយអាចឱ្យលោកបានខំរក្សាធម៌អារ្យ និងកសាងមគ្គផលសម្រាប់ជាតិមុខ កុំឱ្យអភ័ព្វរងទុក្ខវេទនាដូចជាតិនេះពេក ។
កាលណោះ សម្តេចព្រះមេគណ អ៊ីវ ទួត ព្រះចៅអធិការវត្តពោធិវាល ព្រមទាំងអាចារ្យ ដូនជីប្រចាំអារាមនោះ បាន ស្មោះស្ម័គ្រព្រមព្រៀងជួយបំបួសលោក ដោយបានប្រគល់សៀវភៅធម៌ឱ្យលោករៀនសូត្រត្រៀមជាស្រេច សម្រាប់ដល់ថ្ងៃកំណត់ ។ ប៉ុន្តែនៅប្រមាណជាមួយអាទិត្យទៀតដល់ថ្ងៃបំបួស ពេលដែលទឹកស្ទឹង សង្កែកំពុងឡើងជន់ជោរខ្លាំង លោកក៏អង្គុយនៅមាត់កំពង់ទឹក វត្តពោធិវាល ដោយអារម្មណ៍អណ្តែតអណ្តូង ។ ជាធម្មតា ជាច្រើនថ្ងៃហើយ ដែលលោកបានកាន់សៀវភៅធម៌ ទៅអង្គុយទន្ទេញនៅ ទីនោះ ប៉ុន្តែយប់នេះ ក្រោយពីត្រិះរិះពិចារណាវែងឆ្ងាយទៅតាមទិដ្ឋភាពខ្សែទឹកហូរ លោកក៏ផ្លាស់ប្តូរគំនិត មិនចង់បួសវិញ ។
លោកគង្គ ប៊ុនឈឿន បានបញ្ជាក់ថា មិនចង់បួស មិនមែនមានន័យថា លោកស្អប់ភេទជាបព្វជិតនោះឡើយ ប៉ុន្តែ លោកនៅមានសមានចិត្តតស៊ូក្នុងឆាកជីវិតទៅមុខទៀត កុំឱ្យមនសិការស្តីបន្ទោសថារត់ចូលទៅបួស ព្រោះតែដោះស្រាយបញ្ហាអស់ សង្ឃឹមនោះ ។ ថ្ងៃណាមួយបើមានឱកាស លោកនឹងបួសឡើងវិញ ។
ក្រោយពីសម្រេចចិត្តម៉ត់ចត់ហើយ លោកគង្គ ប៊ុនឈឿន ក៏ផ្ញើទុកសៀវភៅធម៌នៅមាត់កំពង់ទឹកនោះ ហើយក៏ឈប់ នៅម្តុំវត្តពោធិវាល ដោយផ្លាស់ទៅនៅឯវត្តភូមិកំផែងជិតផ្សារលើវិញ ។ នៅពេលនោះ មានលោកគ្រូបង្រៀនម្នាក់មិនទាន់ដល់ពេលចូល និវត្តន៍ តែចាប់ផ្តើមពិការភ្នែក បង្រៀនសិស្សមិនបាន ក៏បានទាក់ទងលោក ឱ្យទៅធ្វើជាគ្រូបង្រៀនជំនួសគាត់នៅសាលាបឋមសិក្សា ខេត្ត ។
ធ្វើការបណ្តោះអាសន្ននៅទីនោះបានមួយឆ្នាំ ជាចៃដន្យលោកគង្គ ប៊ុនឈឿន ក៏បានជួបសង្សារចាស់របស់លោក ដែលកាលពីមុននាងនៅម្តុំវត្តពោធិវាល តែត្រូវដូរផ្ទះផ្លាស់មកនៅម្តុំវត្តកំផែងនោះដែរ ។
ទោះបីរឿងរ៉ាវស្នេហារបស់លោកគង្គ ប៊ុនឈឿន ត្រូវប៉ិចពន្លកឡើងវិញក៏ដោយ ក៏ពន្លកស្នេហានេះ មិនអាចទប់ទល់ នឹងព្យុះសង្ឃរាកំណាចបានឡើយ ។ អ្វីៗបានធ្វើឱ្យចិត្តនាងប្រែប្រួលអស់... ស្ទឹងសង្កែហាក់ដូចជាមិនយោគយល់ដល់លោកបន្តិចសោះ ... ស្ពានឈើមួយ ដែលលោកធ្វើទុក្ខសម្រាប់ឱ្យនាងឆ្លង នាងបែរជាស្អប់ខ្ពើម ហើយទៅឆ្លងស្ពានថ្មវិញ ។
នេះជាគោលដៅ ដែលនាំឱ្យលោកគង្គ ប៊ុនឈឿន សម្រេចចិត្តនិពន្ធបទស្ពានឈើអភ័ព្វឡើង ប៉ុន្តែមានអ្នកខ្លះដែល មិនបានដឹងចំណងជើងពិតប្រាកដនៃបទនេះ ក៏នាំគ្នាហៅថាជាបទ“ភូមិវត្តកំផែង”ទៅវិញ ដោយឃើញ បទនេះចាប់ផ្តើមឃ្លាឡើងថាភូមិ វត្តកំផែង...។
មានអ្នកខ្លះឆ្ងល់ ហើយសួរទៅលោកគង្គ ប៊ុនឈឿនថា តើឃ្លាដែលនិយាយថា“បងឈឺក្អួតឈាមដូចអ៊ុក សារ៉េន” នោះ តើអ៊ុក សារ៉េននោះជាអ្នកណា? លោកគង្គ ប៊ុនឈឿនថា អ៊ុក សារ៉េន ជាតួអង្គក្នុងរឿងព្រេងបុរាណខ្មែរមួយគឺរឿងអផៃមុនី ស៊ីសុវណ្ណ ។ អ៊ុក សារ៉េន ឈឺចិត្តក្អួតឈាម ដោយធ្វើសង្គ្រាមស្នេហាចាញ់ព្រះអផៃមុនី ។