“ចំប៉ាបាត់ដំបង”ធ្វើឱ្យគ្រួសារស៊ីនស៊ីសាមុតប្រេះស្រាំប្រាំពីរឆ្នាំ
បទភ្លេង សម្រួលតន្ត្រី និពន្ធទំនុកនិងច្រៀង បរទេស(ហុងកុង) ម៊ែរ ប៊ុន ស៊ីន ស៊ីសាមុត
១- ឱ!បាត់ដំបងបណ្តូលចិត្តអើយ ខ្ញុំសូមលាហើយ លាទាំងអាល័យ
តាំងពីខ្លួនខ្ញុំបានឃ្លាតទៅឆ្ងាយ ខ្វល់ខ្វាយនឹកស្តាយ ពុំមានពេលល្ហែ ។
២- ឱ!បាត់ដំបងកងកម្មវាសនា ដែលខ្ញុំប្រាថ្នា គ្មានពេលទំនេរ
បើសិនជាគូ ខ្ញុំពីបុព្វេ សូមឱ្យមាសស្នេហ៍ នឹកឃើញគ្រាដើម ។
បន្ទរ- កន្លងយូរឆ្នាំចាំទេស្ងួន មានតែរូបអូនដែលជាដង្ហើម
ចំពោះនួនល្អងចិត្តបងសង្ឃឹម សង្ឃឹមញញឹម ថាបានជាគូវាសនា ។
៣- ឱ!បាត់ដំបងខ្ញុំប៉ងយូរហើយ តើថ្ងៃណាឡើយ បានយល់ភក្ត្រា
ចិតជ្រួលច្របល់រាល់ថ្ងៃខ្លោចផ្សារ ចង់បានចំប៉ាបាត់ដំបងអើយ ។
បញ្ចប់-ចង់បានចំប៉ាបាត់ដំបងអើយ...ប្រវត្តិដើម
តួអង្គចំប៉ាបាត់ដំបងនៅក្នុងបទចម្រៀងចំប៉ាបាត់ដំបង ជាកូនស្រីរបស់អ្នកមានពូជអម្បូរខ្ពង់ខ្ពស់មួយ ហើយដោយសារតែចំប៉ាបាត់ដំបងនេះ បានធ្វើឱ្យគ្រួសាររបស់លោកស៊ីន ស៊ីសាមុត បែកបាក់ប្រេះស្រាំអស់រយៈ ពេលប្រាំពីរឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយ ពុំមានឯកសារច្បាស់លាស់ដើម្បីបញ្ជាក់បន្ថែមពីប្រវត្តិនៃបទចម្រៀង មួយបទនេះឡើយ ។
លោកនួន សង្វាត អ្នកស្រាវជ្រាវនិងចងក្រងបទចម្រៀងពីសង្គមចាស់ឡើងវិញនៅសមាគមស៊ីនស៊ីសាមុតបានរំលឹកឱ្យដឹងថាបទព្រែកឯងអស់សង្ឃឹម ជាបទដែលលោកស៊ីន ស៊ីសាមុត ចូលច្រៀងដាក់វិទ្យុដំបូងគេ ។ ដូចគ្នានេះដែរ បទចំប៉ាបាត់ដំបង ក៏ជាបទដែលលោកចេញថាសចម្រៀងដំបូងបង្អស់ក្នុងឆ្នាំ១៩៦២ផងដែរ ដែលរួម មានបទផ្សេងៗ ទៀតចំនួន១២បទ ។ ពិតមែនតែឈ្មោះលោកត្រូវបានមហាជនកាលណោះទទួលស្គាល់ថា ជា សិល្បករចម្រៀង ដែលមានសំឡេងពីរោះរួចស្រេចហើយក៏ដោយ តែពុំទាន់ចេញជាថាស ឬជាកាស្សែតនៅឡើយ ទេ ។ ហើយសម័យនោះទៀត នៅស្រុកខ្មែរក៏ពុំទាន់មានឧបករណ៍អ្វីសម្រាប់ផលិតជាថាសបានភ្លាមៗដោយខ្លួនឯង ដែរ ពោលគឺត្រូវថតដាក់ក្នុងហ្វីលឱ្យរួចរាល់សិន ទើបយកទៅបញ្ចេញដាក់ថាសនៅហុងកុង ឬស្រុកបារាំងជា ក្រោយ ទើបនៅស្រុកខ្មែរមានចេញលក់ ។
លោកបានបញ្ជាក់ផងដែរថា គឺតាមរយៈបទចំប៉ាបាត់ដំបងនេះហើយ ដែលអាចចាត់ទុកថា ជាបទដែល ធ្វើឱ្យ លោកស៊ីន ស៊ីសាមុត ចាប់ល្បីខ្លាំងជាទីបំផុត ព្រោះថាសម័យនោះ ប្រទេសកម្ពុជាពុំទាន់មានវិទ្យុ ម៉ាញេ សម្បូរ បែបដូចកម្ពុជាឥឡូវនេះទេ អ្នកចូលចិត្តចម្រៀងសម័យនោះ បើចង់ចេះបទអ្វីមួយ តោងព្យាយាម ឧស្សាហ៍ខ្លាំងណាស់ ព្រោះត្រូវរង់ចាំពេលមានវិទ្យុផ្សាយ ហើយកត់ចម្លងតាមគ្នា ខ្លះបានតិចក៏ចេះតិចទៅ ឯខ្លះកត់បានច្រើន ក៏ចេះច្រើនតាមហ្នឹងទៅ ហើយបើអ្នកណាគេសំភីក៏ស្វះស្វែងរកផ្គុំគ្នា ដើម្បីផ្សំបានជាមួយបទ ពេញលេញ ដើម្បីច្រៀងតាមបាន ។ បើតាមពាក្យចចាមអារ៉ាមខ្លះគេថា ចំពោះតួអង្គនាងចំប៉ាបាត់ដំបងនេះ គឺជានារីក្នុងត្រកូលអ្នក ខ្ពង់ខ្ពស់ម្នាក់ ដែលជាមូលហេតុនាំឱ្យសុភមង្គលក្រុមគ្រួសារលោកស៊ីន ស៊ីសាមុត បែកបាក់ប្រេះស្រាំអស់រយៈកាល ជិតប្រាំពីរឆ្នាំ តែដោយសារពុំមានឯកសារអ្វីមកបញ្ជាក់ច្បាស់លាស់ ទើបលោក ពុំហ៊ានអះអាងថាវាពិត ឬក៏មិនពិត យ៉ាងណានោះដែរ នេះគ្រាន់តែជម្រាបជូនខ្លះៗក្រែងលោនៅមានអស់លោក មួយចំនួនដែលធ្លាប់ដឹង លោកនឹងធ្វើការកែសម្រួលឡើងវិញ ។