រំដួលដងស្ទឹងសង្កែ
បទភ្លេងទំនុកច្រៀង សម្រួលតន្ត្រី ច្រៀងដោយ
គង្គ ប៊ុនឈឿន ម៊ែរ ប៊ុន ស៊ីន ស៊ីសាមុត
១- មហាសង្ក្រាន ច្រានឆ្នាំមួយទៅ
ទ្រូងសែនហ្មងសៅ នឹកព្រួយក្រែងពៅ ឆាប់ភ្លេចរឿងដើម
រឿងបាត់ដំបង ចងទងដង្ហើម កាលជួបស្រីឆ្នើម
រដូវសន្សើម ផ្ការីកស្គុះស្គាយ ។
២- អូនដើររើសគ្រុំ ក្នុងស្ទឹងសង្កែ
ភក្ត្រដូចដួងខែ ថ្ពាល់ខួចមានស្នេហ៍ នេត្រាពណ្ណរាយ
ហត្ថាខ្ចីល្ហក់ សក់ខ្មៅរំសាយ ល្អគន់មិនណាយ
ក្លិនខ្លួនឆោមឆាយ រាយសំណាញ់ស្នេហ៍ ។
R- វិចិត្រករអឺយ កុំបាច់គូរអី
នៅក្នុងលោកិយ ស្រីល្អគ្មានទេ
មានតែរំដួល ដងស្ទឹងសង្កែ
ដែលខ្ញុំលួចស្នេហ៍ ទោះរយឆ្នាំខែ ក៏នៅចាំចង ។
៣- ឥឡូវរដូវផ្ការីកវិលវិញ ទ្រូងសែនទោម្នេញ
ព្យុះកម្មបក់ដេញ បាត់ផ្កាមួយទង
ត្រីក្រឹមអូនស្លាប់ នៅក្នុងដបបង
លិខិតនួនល្អង បងទុកទ្រាប់ខ្នង ដេកស្លាប់ក្នុងផ្នូរ
។
ប្រវិត្តដើម
អ្នកដែលធ្លាប់ស្គាល់លោក គង្គ ប៊ុនឈឿន ភាគច្រើនគេតែងនិយាយថា
លោកចូលចិត្ត តែងបទចម្រៀង ដែលពណ៌នាទេសភាពនៅស្ទឹងសង្កែ
និងរឿងរ៉ាវជីវិតនៅខេត្តបាត់ដំបង ។ មែន ការនិយាយបែបនេះឥតខុសទេ
ព្រោះលោកមានដើមកំណើតនៅខេត្តបាត់ដំបង លោកចេះតែមាន
មនោសញ្ចេតនានឹករលឹកទៅដល់ទឹកដីកំណើតជានិច្ច
ទោះបីជាលោកឃ្លាតឆ្ងាយមកយូរឆ្នាំហើយ ក៏ដោយ ។
ដូច្នេះ ការដែលលោក គង្គ ប៊ុនឈឿន
និយាយពីរឿងស្នេហានៅខេត្តបាត់ដំបងគឺមួយ
ផ្នែកជាការរំលឹកនូវអនុស្សារវីយ៍នៃជីវិតស្នេហាបឋមវ័យរបស់លោក
និងមួយផ្នែកទៀត គឺរំលឹក ដល់ទឹកដីកំណើតតែប៉ុណ្ណោះ ។
ទន្ទឹមនោះ លោក គង្គ ប៊ុនឈឿន តែងតែគិតថា
បើលោកស្គាល់ខេត្តបាត់ដំបងច្បាស់ ជាងគេ និងមានអនុស្សាវរីយ៍ច្រើនជាងគេ
តើឲ្យលោកសរសេរពីខេត្ត ឬប្រទេសណា ដែលលោក មិនសូវ
និងមិនដែលស្គាល់ម្តេចនឹងកើតទៅ ?
បទ "រំដួលដងស្ទឹងសង្កែ" នេះ គឺជាសក្ខីភាពនៃការរំលឹកឡើងវិញ
កាលលោក គង្គ- ប៊ុនឈឿន នៅពីក្មេង ។ ពីឆ្នាំ១៩៤៥ មកដល់ឆ្នាំ១៩៥៣
លោករស់នៅលើទូកក្នុងដងស្ទឹងសង្កែ ស្ថិតនៅទល់មុខរោងភាពយន្តអេដែន
(បច្ចុប្បន្នរោងកុននេះគ្មានទេ) ។ ពេលដែលលោក គង្គ- ប៊ុនឈឿន
ជិះទុកតាមដងស្ទឹង ឬដើរលើស្ពានទៅរៀននៅវត្តពោធិវាល
លោកតែងតែចាប់អារម្មណ៍ នឹងទេសភាពក្នុងស្ទឹងសង្កែ ពេលរដូវទឹកជំនន់
ក៏ដូចជាពេលទឹកសម្រក ។
កាលណោះលោក គង្គ ប៊ុនឈឿន តែងយល់ថា ពិភពលោកដ៏ល្អប្រណីត
ប្រហែលមាន តែក្នុងបាតស្ទឹងសង្កែតែមួយប៉ុណ្ណោះ ។ មើលចុះ
ស្នាមទឹកហូររិញៗ កាត់វាលខ្សាច់ដ៏ស្រស់ប្រផូរ
លោកបាននាំមិត្តភក្តិយកក្រមាអូសត្រី
និងនាំគ្នាយកក្អមដាក់កប់ក្នុងខ្សាច់ ហើយចោះប្រហោង
ដើម្បីច្រោះយកទឹកស្អាតត្រជាក់ ។ មិនតែប៉ុណ្ណោះ
លោកឧស្សាហ៍ចាប់យកត្រីក្រឹមមកប្រជល់គ្នា លេងនៅទីនោះ ។
លោក គង្គ ប៊ុនឈឿន មិនអាចភ្លេចបានទេ
នូវសម្រស់របស់យុវនារីម្នាក់ ដែលបានចុះ មុជទឹក
និងដើររើសគ្រុំនៅបាតស្ទឹងនាពេលថ្ងៃលិច ។ ឥឡូវនេះ
ទោះបីផ្សែងជីវិតបានបក់ផាត់រំលាយ អតីតកាលទាំងនេះទៅហើយក្តី
ក៏អំណាចនៃក្តីរលឹកបានធ្វើឲ្យទឹកខ្មៅលោកស្រក់ហូរស្រែកហៅ
ភក្ត្រាដ៏ស្រស់ប្រិមប្រិយនោះឲ្យមានជីវិតរស់ឡើងវិញដែរ ។
សូមបញ្ជាក់ថា បទ"រំដួលដងស្ទឹងសង្កែ" នេះ លោក គង្គ ប៊ុនឈឿន
តែងនៅឆ្នាំ១៩៧៤ ហើយថតឲ្យផលិតកម្មពស់មាស ។
ពេលចាក់ផ្សាយជាលើកដំបូង លោក ញឹក ឌិម ដែលជា
វិចិត្រករឯកខ្មែរជំនាន់នោះ មានប្រតិកម្មជាខ្លាំង
រករឿងខឹងសម្បារនឹងលោក ស៊ីន ស៊ីសាមុត ដោយ ចោទថា លោកស៊ីន ស៊ីសាមុត
ច្រៀងដៀមដាមឲ្យគាត់ត្រង់ឃ្លាថា "វិចិត្រករអើយ កុំបាច់សួរអី នៅ
ក្នុងលោកិយស្រីល្អគ្មានទេ" ។
ក្រោយមកទើបលោក ញឹក ឌិម អន់ខឹងវិញ
ព្រោះដឹងថាបទនេះជាបទរបស់លោក គង្គ- ប៊ុនឈឿន
ដែលលោកគ្មានបំណងរិះគន់ឲ្យលោកទេ
ក្រៅពីសរសេរដើម្បីរំលឹកដល់អនុស្សាវរីយ៍ពី
អតីតកាលរបស់លោកតែប៉ុណ្ណោះ
ហើយនោះគឺរំដួលដងស្ទឹងសង្កែនៅក្នុងក្តីស្រមៃរបស់លោក ៕