“ស្ពានកំពង់ហ្លួង”
បទភ្លេងទំនុកច្រៀង សម្រួលតន្ត្រី ច្រៀងដោយ គង្គ ប៊ុនឈឿន កែវ អែម សូ សាវឿន
១- សុរិយាលាព្រៃ រៃយំបោកប្រាណ
ក្លិនក្លែបរុះរោយលើស្ពាន ជាឋានវិមានស្នេហ៍ខ្ញុំ
ពាមនឹកដួងចិត្ត ប្រឌិតរឿងសោកសណ្តំ
ភូមិសង្វរព្រៃជ្រៅធំ ទួញយំសុំក្តីមេត្តា ។
២- រាត្រី ដែលយើងជួបគ្នាដំបូង
លើស្ពាននៅកំពង់ហ្លួង ផ្កាយព្រោងព្រាតលើមេឃា
ពេលដែលយើងបែក ស្ពានស្រែកអង្វរសួរថា
តើម្ចាស់ខ្ញុំទៅឋានណា ប្រាថ្នាសូមជួបជាថ្មី ។
R- ឱ!កំពង់ហ្លួង ជួងមាសដាក់កម្ម
កន្សែងចិញ្ចៀនស្រែកផ្តាំ ចារចាំចិត្តចងនឹងថ្លៃ
បើបងរៀបការ ប្រាថ្នាគូថ្មី
បងអើយកុំភ្លេចហៅស្រី ចងដៃប្រុសថ្លៃកុំខាន ។
៣- គូពុំបានព្រៀង ច្រៀងតែកម្មផល
លេបឆ្អែតទុក្ខសោកកង្វល់ ដែលផ្តល់ឱ្យយើងចែកឋាន
កាត់សាច់មួយដុំ ប្រាថ្នាសុំឱ្យសុខសាន្ត
បើជាតិនេះប្រែខកខាន ជាតិក្រោយសូមបានជួបអើយ ។
ប្រវត្តិដើម
បទ“ស្ពានកំពង់ហ្លួង”ពិពណ៌នាពីការចាប់កំណើតនិងការរលាយទៅវិញនូវស្នេហា របស់តារាចម្រៀងសូ សាវឿន និងតន្ត្រីករ កែវ អែម ។ ស្នេហារបស់គូសង្សារមួយគូនេះ
ចាប់កំណើតនៅលើស្ពានកំពងហ្លួង ហើយរលាយទៅវិញក៏នៅលើស្ពានកំពង់ហ្លួង ដែរ ។
បទនេះ លោកលោកគង្គ ប៊ុនឈឿន និពន្ធនិងថតនៅឆ្នាំ១៩៦៥ ជាមួយគ្នានឹងបទវិញាណផ្នូរខ្ញុំ ប៉ុន្តែខ្លឹមសាររបស់ទំនុកច្រៀង លោកគង្គ ប៊ុនឈឿនបានសរសេរយោលទៅតាមសំណូមពររបស់អ្នកស្រី សូ សាវឿន ព្រោះអ្នកស្រីចង់ឱ្យលោកសរសេរពីភូមិ កំណើតរបស់អ្នកស្រី គឺភូមិកំពង់ហ្លួង ។
លោកគង្គ ប៊ុនឈឿន បានបញ្ជាក់ថា អ្វីៗទាំងអស់ ដែលជាជីវិតស្នេហាបឋមវ័យរបស់អ្នកស្រី សូ សាវឿន បានត្រូវប្រមូលផ្តុំមកបកស្រាយនៅក្នុងបទចម្រៀងនេះ ពិសេសគឺទីតាំងដ៏សំខាន់ ដែលធ្វើឱ្យស្នេហារបស់អ្នកស្រីចាប់កំណើតឡើង និងរលាយទៅវិញ នៅលើស្ពានកំពង់ហ្លួងនេះឯង ។
បទ“ស្ពានកំពង់ហ្លួង”ប្រគំដោយវង់តន្ត្រី យោធាភិរម្យ ថតនៅស្ទីឌីយ៉ូវិទ្យុជាតិ ប៉ុន្តែក្រោយពីចាក់ផ្សាយទៅ មានប្រជាប្រិយភាពល្បីល្បាញដ៏ខ្លាំងក្លា ទើបក្រុមហ៊ុនថតថាស បានទិញយកទៅថតបញ្ចូលក្នុងថាស និងដាក់ក្នុងការស្សែត ។
លោកគង្គ ប៊ុនឈឿន បានបញ្ជាក់ឱ្យដឹងបន្ថែមថា សព្វថ្ងៃ មិនត្រឹមតែអ្នកស្រី សូ- សាវឿន យកទៅច្រៀងនៅប្រទេសបារាំងប៉ុណ្ណោះទេ សូម្បីតែក្នុងស្រុកខ្មែរ ក៏គេនិយមយកបទនេះទៅច្រៀងស្ទើរគ្រប់ទិសទីដែរ ខ្លះក៏ច្រៀងតាមទំនុកដើមទាំងស្រុង ខ្លះក៏យកទៅកែប្រែទំនុកច្រៀងថ្មីវិញ ។ ប៉ុន្តែគួរឱ្យស្តាយណាស់ ក្រុមហ៊ុនថតការ៉ាអូខេ បានយកបទនេះទៅថត ដោយសរសេរខុសទំនុកច្រៀងច្រើនអន្លើ ប្រហែលជាស្តាប់ អ្នកចម្រៀងដើមមិនច្បាស់ក៏មិនដឹង ៘
អាស្រ័យហេតុនេះ លោកគង្គ ប៊ុនឈឿនបានបញ្ជាក់ថា ចាប់ពីពេលនេះទៅ សូមអស់លោកអ្នកនាងកញ្ញាដែលច្រៀង កុំឱ្យមានការភ័ន្តច្រឡំប៉ារ៉ូលតទៅទៀត ហើយលោកសូមឧទ្ទិសបទនេះដល់វិញ្ញាក្ខន្ធលោក កែវ អែម ដែលគាត់បានខ្នះខ្នែងជួយជ្រោមជ្រែងធ្វើ
Arrangement បទ និងរៀបចំប្រគំរហូតទាល់តែបាន សម្រេចចេញជា រូបរាង ទុកជាកេរ្តិ៍មរតករហូតមកដល់បច្ចុប្បន្ននេះ ។
“ស្ពានកំពង់ហ្លួង គឺជាស្ពានស្នេហារវាងលោក កែវ អែម និងនាង សូ សាវឿន
ដែលស្ថិតនៅជាអមតៈ ក្នុងបេះដូងប្រជាជនខ្មែរគ្រប់ពេលជំនាន់...”-លោកប៊ុនឈឿនបញ្ជាក់បន្ថែម ។