អនុស្សាវរីយ៍ខ្នងភ្នំសំពៅ
បទភ្លេងទំនុកច្រៀង សម្រួលតន្ត្រី ច្រៀងដោយ គង្គ ប៊ុនឈឿន ហាស់ សាឡន រស់ សេរីសុទ្ធា
១- បោចផ្កាម្រះព្រៅ បាចនៅក្នុងខ្យល់
ស្រាត់ទៅដល់ ខ្នងភ្នំក្រពើ
ភ្នំរំសាយសក់ ហាក់គ្មានអើពើ
យើងឈរពីលើ គន់មើលល្អាងអណ្តូងប្រេង ។
២- ចូលល្អាងតែងខ្លួន ពួនចាក់គម្ពីរ
អារុណនារី វត្តដូនជីក្មេង
ល្អាងល្ខោន គក់ទ្រូង រូងដាក់គ្រឿងភ្លេង
យើងបាយហើយគេង ស្តាប់ភ្លេងក្នុងល្អាងផ្កាស្លា ។
R- អូនចាំទាំងអស់ អនុស្សាវរីយ៍
កាលយើងទាំងពីរ ក្រេបរសស្នេហា
ឥឡូវបាត់សូន្យ ឃើញតែថ្មដា
ឯល្អាងផ្កាស្លា ក្លាយជាមរណៈ ។
៣- ពន្លកម្រះព្រៅ ដុះឡើងវិញហើយ
បាត់តែត្រាណត្រើយ ទ្រូងអូនអួលអាក់
ផ្នូរមួយយើងសាង ទុកស្លាប់ពីរនាក់
នៅតែប្រឡាក់ ស្នាមឆ្លាក់ឈ្មោះអូននិងបង ។
ប្រវត្តិដើម
ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅភាគទក្សិណប្រមាណប្រាំបីគីឡូម៉ែត្រពីខេត្តបាត់ដំបង ។ ទីនេះភាគច្រើនអ្នកកវីនិពន្ធ តែងជ្រើសយកធ្វើជាប្រធានបទ ធ្វើជានិមិត្តរូបនៃសាច់រឿង ជាប្រលោមលោកក្តី ជាកម្រងអនុស្សាវរីយ៍ស្នេហាក្នុងបទចម្រៀងជាហូរហែមិនសូវខាន ញ៉ាំងឱ្យស្នាដៃទាំងនោះមានរសជាតិ មាន ព្រលឹង មានជីវិតយូរអង្វែងក្រៃលែង មិនតែប៉ុណ្ណោះមានរឿងខ្លះ សឹងក្លាយជារឿងបែបប្រវត្តិសាស្ត្រទៀតផង។
នៅលើភ្នំសំពៅ មានទីតាំងជាច្រើនដែលធ្វើឱ្យភ្ញៀវទេសចរឡើងទៅដល់ហើយខកខានមិនទៅទស្សនា មិនបាននោះ មានដូចជាល្អាងផ្កាស្លា អណ្តូងប្រេង ល្អាងខ្យល់ ល្អាងគក់ទ្រូង ល្អាងល្ខោន...៘ ហើយគេអាច ក្រឡេកមើលទៅជុំវិញបរិវេណឃើញមានភ្នំជាច្រើនទៀត ដូចជាភ្នំរំសាយសក់ ភ្នំក្រពើជាដើម ។ ចំណែកឯតួភ្នំទាំង មូលទៀតសោត បើមើលពីចម្ងាយមានសណ្ឋានដូចជាសំពៅពណ៌បៃតងខ្ចី សណ្តូកខ្លួនកាត់ពីក្រោមផ្ទៃមេឃ ។ ព្រោះតែសម្រស់ធម្មជាតិមានលក្ខណៈពិសេសបែបនេះហើយ ទើបបានជាស្នាដៃមួយក្នុងចំណោមទឹកស្លាបប៉ាកា ជាច្រើនរបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន លោកបានតាក់តែងបទមួយដែលបានរៀបរាប់សម្បត្តិធម្មជាតិ ជាច្រើននៅទីនេះ ដោយបង្វែរពីការបង្ហាញទេសភាពឱ្យទៅជារឿងអនុស្សាវរីយ៍ស្នេហាគួរឱ្យស្រងេះស្រងោច ហើយពីរោះលន្លង់លន្លោចក្រៃលែង ។
លោកគង្គ ប៊ុនឈឿន បាននិពន្ធនិងថតបទអនុស្សាវរីយ៍ខ្នងភ្នំសំពៅនៅក្នុងអំឡុងឆ្នាំ១៩៧៣ ដើម្បីឧទ្ទិស ដល់ភូមិឋានភ្នំសំពៅ ដែលជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់មួយសម្រាប់ប្រជាជននៅក្នុងខេត្តបាត់ដំបង ។
លោកបានរៀបរាប់ឱ្យដឹងថា កាលពីក្មេង លោកតែងតែទៅលេងភ្នំសំពៅ នូវរាល់ពេលបុណ្យភ្ជុំបិណ្ឌ ឬ បុណ្យចូលឆ្នាំខ្មែរ ហើយបានកត់ត្រាទុកនូវអនុស្សាវរីយ៍ជាច្រើន ក្នុងជីវិតស្នេហាបឋមវ័យ ។
ដោយពិតនោះ ភាពប្រជាប្រិយល្បីល្បាញរបស់ភ្នំសំពៅ ដោយសារភ្នំនេះមានប្រវត្តិអតីតកាលនិងភូមិ សាស្ត្រទាក់ទងក្នុងរឿងព្រេងនិទានខ្មែរ ដែលគេដឹងឮជាទូទៅ គឺរឿងនាងរំសាយសក់និងចៅកុល ។
ភ្នំជាច្រើន ដែលនៅរាយជាប់ៗគ្នា ដូចជាភ្នំក្រពើ ភ្នំសំពៅ ភ្នំនាងរំសាយសក់ ភ្នំទ្រុងមាន់ទ្រុងទា ភ្នំតាង៉ែន តាគត់ តាគ្រៃ រួមទាំងភ្នំបន្ទាយនាង ដែលនៅខាងស្រុកមង្គលបុរី សុទ្ធតែមានជាប់ទាក់ទងនៅក្នុងុរឿងព្រេងនេះ ទាំងអស់ ។
ដោយឡែក នៅលើខ្នងភ្នំសំពៅ មានល្អាងជាច្រើន ដែលប្រៀបដូចជាផ្នែកផ្សេងៗនៃសំពៅរបស់ចៅរាជ កុល ដែលនាំយកគ្រឿងបណ្ណាការ បើកកាត់សមុទ្រ ទៅរៀបការជាមួយនាងរំសាយសក់ នៅនគរតក្កសិលា ។ អ្នក ស្រុកតែងតែនិយាយពីភាពអាថ៌កំបាំង និងអស្ចារ្យផ្សេងៗរបស់ល្អាងល្ខោន ល្អាងគក់ទ្រូង ល្អាងតែងខ្លួន៘ រហូតដល់អាស្រមអ្នកបង់បត់ អ្នកធុតង្គ និងដូនជីក្មេងៗ ដែលទៅស្វែងរកសច្ចធម៌ និងសេចក្តីស្ងប់នៅលើខ្នងភ្នំ នេះ ។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺនៅលើខ្នងភ្នំសំពៅ សម្បូរទៅដោយដើមម្រះព្រៅដុះពាសពេញ ចោលក្លិនប្រហើរក្រអូបឈ្ងុយ ដូចជាក្លិនរបស់សម្លខ្មែរមួយមុខ ដែលមានរសជាតិជាប្រពៃណី ។
ទិដ្ឋភាពនិងរឿងរ៉ាវទាំងអស់នេះ បានក្លាយទៅជារឿងកម្សត់ព្រាត់ស្នេហ៍ដែលបកស្រាយដោយនាង រស់ សេរីសុទ្ធា ទៅវិញ ហើយបានទទួលការនិយមជាខ្លាំងពីអ្នកស្តាប់ទូទាំងប្រទេស ។
សព្វថ្ងៃ អ្នកដែលមានរឿងរំជួលចិត្តនៅលើខ្នងភ្នំសំពៅ បានទុកបទនេះជានិមិត្តរូប ហើយបានកំណត់យក ក្លិនផ្កាម្រះព្រៅ ជាក្លិនមួយដែលមិនអាចរលាយសាបសូន្យបាន ។
ដោយសារបទនេះ ផ្តើមឃ្លាថា “បោចផ្កាម្រះព្រៅ” ទើបគេនិយមហៅឈ្មោះបទថា“បាចផ្កាម្រះព្រៅ”ទៅ តាមនោះ តែតាមពិតចំណងជើងដើមពិតប្រាកដគឺបទ“អនុស្សាវរីយ៍ខ្នងភ្នំសំពៅ”នោះវិញទេ ។