ម្លប់ដូងទី១០
បទភ្លេងទំនុកច្រៀង សម្រួលតន្ត្រី ច្រៀងដោយ គង្គ ប៊ុនឈឿន ហាស់ សាឡន ស៊ីន ស៊ីសាមុត
១- មើលស្ទឹងសង្កែ មើលខ្សែទឹកហូរ រគាំងវត្តពោធិ
លាយនឹងជំនោរ ថ្ងួចថ្ងូរផ្តាំពេលសាយណ្ណ
រៃយំទ្រហ៊ឹង លាស្ទឹងកវីនិពន្ធ
សុរិយាទោរទន់ ពួនក្រោយផ្ទះស្រី ។
២- ដើមដូងទីដប់ ម្លប់គ្របមាត់ស្ទឹង បងឈររំពឹង
ឈរចាំព្រលឹង ស្ងាត់ឈឹងកណ្តាលរាត្រី
អូនភ្លេចសន្យា ដែលបានវាចាពីថ្ងៃ
ថាម៉ោងប្រាំបី ស្រីមកជួបបង ។
R- ឥឡូវស្ងាត់សូន្យ ដូនក្បូនរសាត់
ទឹកកួចសំណាត់ ហូរលឿនកន្លង
បុណ្យផ្កាវត្តពោធិ នៅមិនទាន់ឆ្លង
មិនគួរនួនល្អង បែរខ្នងសូន្យសោះ ។
៣- ភ្លេងការគ្រឹមៗ ពីទួលតាឯក ក្លាយជាខ្លងខែក
នារីពស់វែក បិទភ្នែករៀបការនឹងប្រុស
បងឈរមាត់ស្ទឹង ប្រឹងយំរងំក្នុងពោះ
លាស្រីស្រោមងោះ ឈ្មោះក្នុងជាខ្លា ។
ប្រវត្តិដើម
បទ“ម្លប់ដូងទី១០” បានចាប់កំណើតឡីងនៅក្នុងកំណត់ហេតុនិពន្ធរបស់លោកគង្គ ប៊ុនឈឿន អំពីប្រវត្តិស្នេហ៍ឈឺចាប់របស់លោកជាមួយនារីក្រមុំជាកូនស្រីអ្នកជិតខាងរបស់លោកម្នាក់តាំងពីឆ្នាំ១៩៦៩ម្ល៉េះ ។ ប៉ុន្តែ កំណត់ហេតុនិពន្ធនេះ លោកបានត្រឹមតែតាក់តែងទុកចោលនៅក្នុងសៀវភៅប៉ុណ្ណោះ លោកមិនទាន់បានបញ្ចោញឱ្យ អ្នកចម្រៀងណាម្នាក់បកស្រាយនៅឡើយ ។ រហូតដល់ឆ្នាំ១៩៧២ ទើបលោករៀបចំបទនេះឡើងវិញ ដើម្បីថត ផ្សាយ ។
ខេត្តបាត់ដំបង ជាទឹកដីកំណើតរបស់លោកគង្គ ប៊ុនឈឿន ដែលបានចិញ្ចឹមរូបលោកតាំងពីតូច ដល់ធំ ក្នុងបរិយាកាសមួយដ៏ស្រងេះស្រងោចពន់ប្រមាណ ។ ឯស្ទឹងសង្កែ ក៏ជាស្ទឹងទឹកខ្មៅសម្រាប់ជីវិតកវីនិពន្ធ របស់លោក ដែលលោកជ្រលក់សរសេរមិនចេះរីងស្ងួតដែរ មិនតែប៉ុណ្ណោះ វាជាកន្លែងមួយបណ្តុះអនុស្សាវរីយ៍រាប់មិន អស់ នៅក្នុងឆាកជីវិតស្នេហាបឋមវ័យរបស់លោកទៀតផង ។
ក្នុងចំណោមដើមដូងទាំងជួរនៅត្រើយខាងលិចស្ទឹងសង្កែ មានដើមដូងមួយស្ថិតនៅចំពីមុខកំពង់ វត្តវាល និងមានកៅអីថ្មមួយ ដែលលោកគង្គ ប៊ុនុឈឿនធ្លាប់ទៅអង្គុយបណ្តែតអារម្មណ៍នៅរាល់ពេលទឹកជន់ និង ទឹកស្រក ។
កាលណោះ នៅចំពេលដែលដំណើរជីវិតរបស់លោកគង្គ ប៊ុនឈឿន បានធ្លាក់ចុះដុនដាបមែន ទែន ។ ម្តាយរបស់លោកបានឈឺស្លាប់នៅក្រោមផ្ទះរបស់គេ លោកបានលះបង់ការសិក្សា ហើយគ្មានការងារធ្វើ ទេ ។ កូនស្រីអ្នកជិតខាងរបស់លោកម្នាក់ ដែលលោកបានលួចស្រឡាញ់ ហើយដែលនាងធ្លាប់បានសច្ចាស្បថស្បែ ថាស្មោះស្ម័គ្រ ស្រឡាញតែលោកដែរនោះ បានប្រែចិត្តបោះបង់លោកចោលដោយគ្មានអាល័យ ។ លោក គង្គ ប៊ុនឈឿន បាននិយាយថា“ពេលមួយខ្ញុំបានណាត់ជួបនាងនៅមាត់ស្ទឹងសង្កែ ក្រោមម្លប់ដើមដូងទី១០ តែនាង មិនមក ទោះជាខ្ញុំបានណាត់សន្យាកាលពីថ្ងៃហើយក៏ដោយ” ។
ទឹកជន់ ទឹកហូរកាចស្ទឹង បោះពួយនាំពពុះសំណាត់រសាត់ទៅកាន់បឹងទន្លេសាប ដោយគ្មានវិល ត្រឡប់ ពាំនាំទាំងស្នេហាអស់សង្ឃឹមរបស់លោកគង្គ ប៊ុនឈឿន ទៅជាមួយផង ធ្វើឱ្យបេះដូងលោកមានរបួស ...។ រហូតមកដល់ឆ្នាំ១៩៧២ ទើបលោកគង្គ ប៊ុនឈឿន រៀបចំបទចម្រៀងដែលលោកបានតាក់តែងទុកចោល នៅក្នុងសៀវភៅឡើង ដើម្បីថតផ្សាយ ដោយដាក់ចំណងជើងថា“ម្លប់ដូងទី១០” ហើយលោកស៊ីន ស៊ីសាមុតជាអ្នក ច្រៀង ។
បទ“ម្លប់ដូងទី១០”នេះ លោកស៊ីន ស៊ីសាមុតច្រៀងផង ខ្សឹកខ្សួលអួលដើមកផង ហាក់ដូចជា លោកជួយរួមចំណែកកាន់ទុក្ខអតីតស្នេហារបស់លោកគង្គ ប៊ុនឈឿន ដែលមានកំណើតឡើងនៅមាត់ស្ទឹងសង្កែ ហើយត្រូវរលាយទៅវិញនៅមាត់ស្ទឹងសង្កែនោះដែរ ។
បទនេះ ស្ថិតនៅក្នុងកម្រងចម្រៀង“កំលោះហុងដា កញ្ញាប៉េសេ” ដែលមានប្រជាប្រិយភាពចំពោះ អ្នកស្នេហាតន្ត្រី រហូតមកដល់ពេលបច្ចុប្បន្ននេះ ឥតមានស្រកស្រុតឡើយ ។