កូនស្រីអ្នកនេសាទ
បទភ្លេងទំនុកច្រៀង សម្រួលតន្ត្រី ច្រៀងដោយ
គង្គ ប៊ុនឈឿន ម៊ែរ ប៊ុន រស់ សេរីសុទ្ធា
១- ឱ!ភូមិបាក់ព្រា នាពេលសុរិយារៀបលិច
រលកព្រិចៗ រំលេចពណ៌ព្រំសុវណ្ណ
ជំនោររសាត់ បក់ផាត់នាពេលសាយ័ណ្ណ
ឯនាយផ្គរលាន់ លាន់ឮសែនឆ្ងាយស្រណោះ ។
២- ភូមិអ្នកនេសាទ បណ្ដែតលើផ្ទៃជលសារ
ជំនោរសីហា កត់ត្រារឿងដើមទាំងអស់
កាលបងនិងអូន សាងក្បូនស្នេហ៍យ៉ាងស្មោះ
ឥឡូវបងបោះ បង់ចោលរូបអូនឯកា ។
R- ហេតុតែរូបអូន ជាកូនស្រីអ្នកនេសាទ
ជាផ្កាមិនស្អាត ប្រឡាក់ជាប់កិ្លនមច្ឆា
បងក្រេបផ្កាហើយ បោះផា្កចោលក្នុងជលសារ
នេះគឺវាសនា បុប្ផានៅភូមិបាក់ព្រា ។
៣- បាក់ព្រាព្រែកត្រប់ បង្កប់រឿងស្នេហ៍អ្នកក្រ
ដូចព្រាហ្មកេសរ ត្រូវប្ដីយកទៅប្រហារ
ចាំតាំងពីប្រាំង រហូតដល់ខែវស្សា
មិនដឹងថ្ងៃណា ទើបប្រុសជីវ៉ាវិលវិញ ៕
ប្រវិត្តដើម
ភូមិបាក់ព្រា គឺជាភូមិមួយនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ជាភូមិចុង កាត់មាត់ញក ស្ថិតនៅលើផ្លូវទឹកទៅកាន់ពាមទន្លេសាប ប្រកបដោយទេសភាពស្រងេះស្រងោចខ្លោច ផ្សារពន់ប្រមាណ ។
កាលពីសម័យសង្គមរាស្ត្រនិយម មានទូកដរខ្លះបានដឹកអ្នកដំណើរតាំងពីភូមិព្រែកហ្លួង រហូតទៅដល់ភូមិបាក់ព្រានេះទៀតផង ដល់ក្រោយមកទើបមានទូកបំពាក់ម៉ាស៊ីន ឬកាណូតចុះឡើង រហូតដល់ព្រែកទាល់ទន្លេសាប ។
កាលនៅរៀនពីក្មេង លោក គង្គ ប៊ុនឈឿន បានទៅលេងភ្លេងក្នុងពិធីបុណ្យផ្កានៅភូមិ បាក់ព្រា ហើយលោកបានជាប់ចិត្តនឹងបុប្ផាមួយទង ដែលជាកូនស្រីអ្នកនេសាទ នៅតំបន់នោះ ទើប លោកចាប់ផ្ដើមកត់ត្រាទុកក្នុងបេះដូងនូវបទចម្រៀងមួយ ដើម្បីឧទ្ទិសដល់បេះដូងស្រគត់ស្រគំនៃ ក្រមុំស្រុកទន្លេ ដែលរស់នៅឃ្លាតឆ្ងាយពីអរិយធម៌នៃអ្នកដីគោក ។
កាលណោះ Melodie របស់បទ "កូនស្រីអ្នកនេសាទ" លោកគង្គ ប៊ុនឈឿន គ្រាន់តែបាន កត់ត្រាទុកក្នុងសៀវភៅកំណត់ហេតុរបស់លោកប៉ុណ្ណោះ ។ លុះមកដល់ឆ្នាំ១៩៧៤ ទើបលោក រៀបចំតាក់តែងទំនុកច្រៀងឡើងវិញ ហើយបានថតផ្សាយនៅពេលនោះ ។ បទនេះ បានធ្វើឲ្យភ្ញាក់ ផ្អើលដល់បងប្អូនប្រជាជនដែលរស់នៅតាមតំបន់នោះជាខ្លាំង មិនតែប៉ុណ្ណោះវាក៏ក្លាយទៅជានិមិត្តរូប នៃខ្សែជីវិតពិតៗរបស់កុលាបដងស្ទឹងបាក់ព្រា ដែលលោកបានពណ៌នានៅក្នុងរឿងប្រលោមលោក មួយទៀតឈ្មោះកូនស្រីអ្នកនេសាទ ។
អ្នកស្រី រស់ សេរីសុទ្ធា ដែលអ្នកផងតែងតែប្រសិទ្ធនាមថា "ព្រលឹងស្ទឹងខៀវ"បាននិយាយ ប្រាប់លោក គង្គ ប៊ុនឈឿន នៅពេលថតបទនេះចប់ថា អ្នកស្រីច្រៀងបទនេះដោយចិត្តរំភើបញាប់ញ័រ ពន់ពេកណាស់ ដោយសារអតីតកាលរបស់អ្នកស្រីធ្លាប់រស់នៅតំបន់នោះ និងធ្លាប់មានបេះដូងប្រេះឆា ដូចជាបុប្ផាបាក់ព្រានោះដែរ ។
នេះជាបទមួយ ដែលលោកគង្គ ប៊ុនឈឿន បានពណ៌នាប្លែកពីគ្នា គឺបរិយាយពីស្នេហា ព្រាត់ប្រាស់នៅលើភូមិស្ថានមួយដែលមើលទៅឃើញលំហទឹកល្ហាចល្ហឹម... ប្រៀបបីដូចជាទន្លេទឹក ភ្នែករបស់នារី ដែលមានបេះដូងបរិសុទ្ធចំពោះសង្សារ តែគ្មានអ្នកណាមើលឃើញនូវសេចក្ដី ស្មោះត្រង់របស់នាង...។
បទនេះ អ្នកដែលមិនដឹងចេះតែនាំគ្នាហៅថា "វាសនាភូមិបាក់ព្រា" ការពិតគឺជាបទ "កូនស្រីអ្នកនេសាទ" វិញទេ ! ៕