វិញ្ញាណផ្នូរខ្ញុំ
បទភ្លេងទំនុកច្រៀង សម្រួលតន្ត្រី ច្រៀងដោយគង្គ ប៊ុនឈឿន កែវ អែម សូ សាវឿន INTRO- អនិច្ចាកម្មចាស់ ! ... ឈឺណាស់ មិនទាន់បាត់ស្នាម !!
១- វេនស្នេហ៍ វេនកម្ម ចិញ្ច្រាំដួងចិត្ដ
ដំបៅជីវិត រួតរឹតបែកស្រាំ កម្មនាំមរណា
អណ្ដាតស្វាមី លក់ក្ដីមេតា្ដ
បេះដូងប្ញស្យា ប្រហារភ្លេងការកាត់ត្រើយ ។
២- ផ្គរលន់រងំ អូនយំក្នុងផ្នូរ
អតីតស្រែកថ្ងូរ កូនយំទ្រហោថ្ងូររកឪហើយ
ចិត្ដបងដាច់ណាស់ ម្ចាស់ស្នេហ៍អូនអើយ
កូនយើងធំហើយ ម្ដេចឡើយព្រងើយនឹងគ្នា ។
R- ធូបបីសរសៃ ឆេះអស់
បងគ្មានស្រណោះ សោះកូនកំព្រា
ខ្លងខែកស្រែកទារ កម្មពៀរលោកិយ ។
៣- ឱ ! ស្រុកអូរជ្រៅ រណ្ដៅទឹកភ្នែក
សូមជួយរំលែក ជួយប្រកាសស្រែក ហែកលោកទាំងបី
ធ្វើបុណ្យដាក់បាត្រ ឲ្យស្អាតជាតិថ្មី
ជាតិនេះអប្រិយ កុំឲ្យជួបប្ដីកាមគុណ ។
ប្រវត្ដិដើម
លោក គង្គ ប៊ុនឈឿន បានស្គាល់អ្នកស្រី សូ សាវឿន តាំងពីក្នុងអំឡុងឆ្នាំ១៩៦៥ ពេលដែលអ្នកស្រីទៅច្រៀងក្នុងវង់តន្ដ្រី យោធាភិរម្យដែលមានលោក កែវ អែម ជាប្ដី និងជាអ្នកផ្លុំត្រុំប៉ែតដ៏ល្បីម្នាក់ប្រចាំនៅក្នុងវង់ភ្លេងនោះទៀតផង ។
ពេលនោះ លោកកែវ អែម បានសុំឲ្យលោក គង្គ ប៊ុនឈឿន ជួយតែងបទចម្រៀងខ្លះៗសំរាប់ឲ្យអ្នកស្រី សូ សាវឿន ច្រៀង ព្រោះកាលណោះអ្នកស្រី សូ សាវឿន មិនសូវជាល្បីល្បាញប៉ុន្មានឡើយ ។
បទមុនគេដែលលោក គង្គ ប៊ុនឈឿន បានតែងឲ្យអ្នកស្រី សូ សាវឿន ច្រៀងគឺឈ្មោះថាបទវិញ្ញាណផ្នូរខ្ញុំនេះឯង ហើយជាបទ ដែលមានលក្ខណ:សាច់រឿងប្លែក គឺតួស្រីអភ័ព្វសេ្នហ៍ដែលស្លាប់ទៅហើយ អាចស្រែកច្រៀងពីក្នុងផ្នូរមកប្រាប់សង្សារវិញបាន ។
បទនេះ មិនមែននៅក្នុងកម្រងកាស្សែត ឬសំរាប់បញ្ចូលទៅក្នុងខ្សែភាពយន្ដណាមួយទេ គ្រាន់តែផ្សាយតាមវិទ្យុប៉ុណ្ណោះ ប៉ុន្ដែ ក្រោយដែលចេញផ្សាយទៅ បានធ្វើឲ្យអ្នកស្ដាប់គ្រប់មជ្ឈដ្ឋាន មានការភ្ញាក់ផ្អើលជាខ្លាំង ហើយអ្នកស្រី សូ សាវឿន កាន់តែមានឈ្មោះល្បី ចាប់តាំងពីពេលនោះមកដែរ ។
ក្រោយមក ដោយសារបទនេះល្បីខ្លាំងពេក ទើបមានក្រុមហ៊ុនថតថាសមួយបានមកទាក់ទងសុំទិញថតបញ្ចូលទៅក្នុងថាស និង ក្នុងកាស្សែត ហើយពេលដែលអ្នកស្រី សូ សាវឿន ចេញទៅសម្ដែងច្រៀងនៅទីណា អ្នកស្ដាប់តែងតែសំណូមពរឲ្យច្រៀងបទនេះមិនដែល លស់ខានឡើយ រហូតដល់មានគេទិញរង្វាន់អនុស្សាវរីយ៍ឲ្យអ្នកស្រី សូ សាវឿនជាច្រើនទៀតផង ។
ទំនុកច្រៀងរបស់បទនេះ បញ្ជាក់ឡើងទំនួញអភ័ព្វស្នេហ៍របស់នារីម្នាក់នៅស្រុកអូរជ្រៅ ( កាលណោះនៅក្នុងខេត្ដបាត់ដំបង ) ដែលទោះបីជានាងស្លាប់ទៅហើយក្ដី ក៏អង្វរឲ្យប្ដីនៅរស់ ជួយថែរក្សាចិញ្ចឹមកូនផង ។
MELODIE របស់បទនេះ ខ្លោចផ្សាមែនទែន ដែលអមដោយសម្លេងវីយូឡុងរបស់លោក មាស សាម៉ន ធ្វើឲ្យលោកគង្គ ប៊ុនឈឿន នៅតែគិតដល់អ្នកចំរៀងកំប្លែងរូបនេះជានិច្ច គឺមិនត្រឹមតែចេះច្រៀងប៉ុណ្ណោះទេ គឺថែមទាំងចេះកូតវីយូឡុងដ៏ពីរោះលន្លង់លន្លោចទៀតផង ។