វង់ភ្លេងមហោរីខ្មែរសុរិន្ទ
នៅក្នុងខេត្តស៊ីសាកេត របស់ប្រទេសថៃ ដែលជាខេត្តបងប្អូនខ្មែរសុរិន្ទរស់នៅ មានការប្រគំភ្លេងមហោរី នៅក្នុងឱកាសបុណ្យទានផ្សេងៗ ។ ការប្រគំភ្លេងមហោរីនោះ មានលក្ខណៈប្រពៃណីខ្មែរយ៉ាងពិតប្រាកដ ។
យោងតាមការសិក្សាស្រាវជ្រាវរបស់លោកបណ្ឌិត មីសែល ត្រាណេ នៅលើអតីតទឹកដីខ្មែរ ដែលសព្វថ្ងៃ ជារបស់ថៃឃើញថា វង់ភ្លេងមហោរីដែលប្រគំដោយឧបករណ៍ប្រភេទខ្សែនិងប្រភេទពិណ វាជាប្រពៃណីរបស់អ្នក ស្រុកខ្មែរសុរិន្ទសុទ្ធសាធ ដែលមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ។ លោកបណ្ឌិតមានភស្តុតាងជាច្រើន ដែលបង្ហាញថា វង់ភ្លេងមហោរីត្រូវបានពេញនិយមក្នុងតំបន់តាំងពីសតវត្សរ៍ទី១៥-១៦នៃគ្រិស្តសករាជមកម្ល៉េះ ម្យ៉ាងវិញទៀតត្រូវបានផ្សារភ្ជាប់ទៅនឹងខឿនវប្បធម៌ខ្មែរនាសម័យមហានគរទៀតផង ។
សុរិន្ទសព្វថ្ងៃ មានការពេញនិយមវង់ភ្លេងមហោរីដូចគ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ គ្រាន់តែសុរិន្ទ មានកម្រិតតិចជាងប៉ុណ្ណោះ ហើយខេត្តស៊ីសាកេត និងបុរីរម្យក៏ដូចគ្នាដែរ ។ នៅក្នុងពិធឹមង្គលផ្សេងៗ ដូចជារៀបអាពាហ៍ពិពាហ៍(សែនកូន) ពិធីឡើងផ្ទះថ្មី បុណ្យបំបួសនាគជាដើម បងប្អូនខ្មែរសុរិន្ទបច្ចុប្បន្នប្រើភ្លេងមហោរីនេះឯង ។ វត្តមានរបស់វង់ភ្លេងនេះ ជាភស្តុតាងបញ្ជាក់ថា ខ្មែរសុរិន្ទជាពូជសាសន៍មានអារ្យធម៌ដ៏ខ្ពង់ខ្ពស់ ហើយវប្បធម៌នេះបានប្រសូតចេញ្ញពីវប្បធម៌នាសម័យ មហានគរដ៏ពិតៗ ។
លោកបណ្ឌិត មីសែល ត្រាណេ បានបញ្ជាក់ឱ្យដឹងថា ឧបករណ៍ដែលខ្មែរសុរិន្ទ បុរីរម្យ និងស៊ីសាកេតប្រើ ក្នុងវង់ភ្លេងមហោរីមានទ្រ ស្គរភ្លោះ ឈិង ស្រឡៃ រនាត គង...៘ វង់ភ្លេងមហោរីមានបទចម្រៀងពីរប្រភេទ គឺបទចម្រៀងច្រៀង និងបទចម្រៀងបន្លឺឬបន្ទរ ។ ប្រភេទរបស់ចម្រៀងមានបទ តែគ្មានក្បាច់រាំទេ ដូចជាបទកន្ទប (កន្ទបម៉ែមួយ) បទខ្មែរផ្លុំស្លឹកឈើ៘ រីឯបទចម្រៀងដែលមានក្បាច់រាំមានជាអាទិ៍ដូចជាបទអុំទូក បទម្លប់ដូង បទចម្រៀងសង្សារ ៘ បទចម្រៀងទាំងនោះត្រូវបានច្រៀងជាភាសាខ្មែរ ហើយវាបានឆ្លុះបញ្ចាំងឱ្យឃើញ្ញនូវ ជីវិតរបស់អ្នកស្រុក ដូចជាសម្ព័ន្ធមេត្រីភាពក្នុងសង្គមដែលចេះរួបរួមសាមគ្គីគ្នាវិញ្ញ ជាធ្លុងមួយនៅពេលមានបុណ្យ ទាន ហើយវាក៏ជាការ បញ្ជាក់នូវអត្តសញ្ញាណរបស់ជាតិសាសន៍មួយដែលធ្លាប់មាននៅក្នុងអតីតកាលដ៏យូរលង់ ណាស់មកហើយនៅក្នុងភូមិភាគនេះ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះថា ការប្រគំភ្លេងមហោរីត្រូវប្រារឰពិធីសំពះគ្រូជាមុនសិន ហើយក្រោយពី នោះមកទើបជាការចាប់ផ្តើមប្រគំតន្ត្រី ។ ចំណែកឯសំណែនថ្វាយគ្រូវិញមានជាអាទិ៍ ស្រា ក្បាលជ្រូក មាន់ស្ងោរ ផ្កាភ្ញី ទៀន ធូប ស្លាម្លូ សំពត់និងប្រាក់ វត្ថុបំណង គឺការសូមឱ្យមានពរជ័យសិរីមង្គលពីដូន តាសម្រាប់ទាំងអ្នកភ្លេង និងអ្នកមើល ។