រាត្រីសេកុង
ទំនុកបទភ្លេង សម្រួលតន្ត្រី ច្រៀងដោយស៊ីន សាមុត ស៊ីន សាមុត ហួយ មាស១- រាត្រីសេកុងបានប្រុងប្រៀបប្រាណ ចាំប្រុសកល្យាណ ជាគូវាសនា
នៅក្រោមរស្មីចន្ទរះភ្លឺថ្លា តាមឆ្នេរជលសារដែលហូរហែង ។
២- រាត្រីសេកុងព្រួយអាណុងចិត្ត អ្នកហាក់មិនស្និទ្ធស្នេហ៍ចំបែង
ខ្ញុំនៅរង់ចាំចាំតែម្នាក់ឯង ឱរ៉ាចំបែងអូនរែងទន្ទឹង ។
បន្ទរ- ជំនោរត្រជាក់ធ្លាក់មកដល់ហើយ ផ្កាយអើយយាងទៅណាត់បាត់ដំណឹង
ព្រះច័ន្ទក៏យ៉ាងម្តេចបាត់សូន្យឈឹង ឱ្យខ្ញុំរំពឹងរំពឹងម្តេចបាន ។
៣- រាត្រីសេកុងហូរឆ្ងាយម្ល៉េះណា ជលនេត្រសោកាខ្លោចផ្សាក្នុងប្រាណ
ជាតិនេះប្រហែលជាខ្ញុំមិនបាន រូបប្រុសកល្យាណជាគូគាប់ឡើយ ។
បញ្ចប់ៈ រូបប្រុសកល្យាណជាគូគាប់ៗៗៗ
ប្រវត្តិដើម
នេះគឺជាបទទី១ ដែលអាចនិយាយបានថា ជាបទដែលលោកស៊ីន ស៊ីសាមុត បានសរសេរពីខេត្តស្ទឹងត្រែង ហើយក៏ជាបទដំបូងគេរបស់អ្នកស្រី ហួយ មាស ដែលល្បីមុនគេបំផុតនាឆ្នាំ១៩៦៨ ។ គេច្រើនតែនាំគ្នាឆ្ងល់ថា ហេតុ ដូចម្តេចបានជាលោកស៊ីន ស៊ីសាមុត មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង តែគេបាន ឮគាត់ច្រៀងតែបទនៅបាត់ដំបង ច្រើនម្ល៉េះ? ពិតជាគួរឱ្យឆ្ងល់មែន ប៉ុន្តែតាមរយៈនៃការស្រាវជ្រាវ គួបផ្សំនឹងការពណ៌នាពីបណ្តារៀមច្បង ជាពិសេស អស់លោកដែលដឹងរឿងនៅខេត្តស្ទឹងត្រែងមួយចំនួនបានឱ្យដឹងថា គួរឱ្យលោកស៊ីន ស៊ីសាមុត មិនចង់រំលឹកឬភ្លេច រៀបរាប់ពីស្រុកកំណើតមែន ព្រោះម្យ៉ាងលោកឈឺចាប់នឹងពាក្យគេនិន្ទាថា អ្នកស្ទឹងត្រែងជាពួកដែលលក់ដីឱ្យគេ? ម្យ៉ាងកាលពីអាយុប្រាំឆ្នាំ លោកបានមករស់នៅជាមួយឪពុកម្តាយឯខេត្តបាត់ដំបង និងជាងនេះទៀត ដូចមិត្តអ្នកអាន ជ្រាបស្រាប់ កាលពីសម័យនោះ បាត់ដំបងគឺជាទឹកដីមួយដែលស៊ីវិល័យ ទាន់សម័យជាងគេបំផុត ហើយសម្បូរអ្នក ចម្រៀង អ្នកនិពន្ធ អ្នកភ្លេង តារាភាពយន្ត អ្នកប្រដាល់ល្បីៗភាគច្រើនមានប្រភពចេញពីខេត្តបាត់ដំបងនេះឯង ។ ជាក់ស្តែងដូចជាស្ពានអូតាគី សម័យនេះសម្រាប់អ្នកដែលចង់ឃើញ ដោយសារឮតាមបទចម្រៀង ពិតជាគ្រវីក្បាល ហើយលាន់មាត់ថា ចាញ់បោកចម្រៀងលោកស៊ីន ស៊ីសាមុត គ្រប់គ្នាមិនខាន តែបើធ្មេចភ្នែកគិតទៅរកជំនាន់បារាំង វិញនោះ ស្ពានអូរតាគី គឺជាស្ពានទី១ ដែលមាននៅក្នុងប្រទេសកម្ពុជាដំបូងគេ ហើយបទចម្រៀងបាត់ដំបងភាគច្រើន គឺជាទំនុកបទរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន, វ៉ោយ ហូរ និងម៉ា ឡៅពីជាដើម៘ ដូច្នេះវិភាគតាមដំណើររឿងខាង លើ លោកអ្នកនាងពិតជាអាចជ្រាបបានខ្លះថា តើពីព្រោះតែហេតុអ្វី?
សំណួរនេះ មិនទាន់មានការសន្និដ្ឋានថាយ៉ាងណាពិតប្រាកដនៅឡើយទេ ពីព្រោះបើតាមប្រសាសន៍របស់ រៀមច្បងភាគច្រើនសុទ្ធតែអះអាងថា ជីវិតលោកស៊ីន ស៊ីសាមុត ជាជីវិតដែលពោរពេញទៅដោយអាថ៌កំបាំងណាស់ អ្នកល្មមៗមិនងាយគាត់ឱ្យដឹងឡើយ ។