ឧបករណ៍តន្ត្រីគែន គឺជារបស់ខ្មែរ

សិល្បករខ្មែរកំពុងផ្លុំគែន
ដោយសារបច្ចុប្បន្នឧបករណ៍តន្ត្រីគែនបានឃ្លាតចាកឆ្ងាយពីជីវិតរបស់ប្រជារាស្ត្រខ្មែរ បានធ្វើឲ្យខ្មែរមួយចំនួនមានមតិយល់ច្រឡំថា " ឧបករណ៍គែនមិនមែនជាមរតកដូនតាខ្មែរទេ គឺជារបស់ឡាវ " ព្រោះបងប្អូនខ្មែរទាំងនោះសំអាងថា សព្វថ្ងៃនេះឧបករណ៍តន្ត្រីគែនជាទីពេញនិយមរបស់បងប្អូនឡាវ ។
តើឧបករណ៍តន្ត្រីគែនជារបស់ខ្មែរឬជារបស់ឡាវ ?" តាមអ្នកស្រាវជ្រាវវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា : ឧបករណ៍តន្ត្រីគែនមិនមែនពេញនិយមតែនៅប្រទេសឡាវនោះទេ សូម្បីតែនៅប្រទេសខ្មែរយើងក៏ជាទីពេញនិយមខ្លាំងក្លាណាស់ដែរ ពិសេសក្នុងស្រទាប់បងប្អូនខ្មែរលើនៅខេត្តស្ទឹងត្រែងដែលមានព្រំប្រទល់ជាប់នឹងប្រទេសឡាវ ។ ចំណែកប្រជារាស្ត្រខ្មែរនៅខេត្តបាត់ដំបង សៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ មិនត្រឹមតែពេញនិយមប៉ុណ្ណោះទេ គឺថែមទាំងបានរក្សាការប្រើឧបករណ៍តន្ត្រីគែនបន្តពីដូនតាជារហូតមកដល់សព្វថ្ងៃទៀតផង ។
ឧបករណ៍គែននេះមានកំណើតតាំងពីសម័យបុរេប្រវត្តិម្ល៉េះ លើទឹកដីកម្ពុជា ។ ភស្តុតាងជាក់ស្ដែងបង្ហាញតាមរយៈរូបបុព្វបុរសខ្មែរផ្លុំគែន ដែលបានឆ្លាក់លើស្គរមហាធឹកដែលមានអាយុ ៥០០-៣០០ ឆ្នាំមុនគ្រិស្តសករាជ ។
ប្រវត្តិសាស្ត្របានចែងថា នៅលើទឹកដីនៃជ្រោយឥណ្ឌូចិននេះ កាលដើមឡើយមានតែប្រទេសហ្វណននិងចម្ប៉ាទេ ។ វប្បធម៌អរិយធម៌បុរាណ មានកំណើតមុនប្រទេសទើបកើតថ្មីៗទាំងឡាយ ហើយបន្សល់ទុកដល់សព្វថ្ងៃ លើទឹកដីសៀម ឡាវ យួនខាងត្បូង ។ ចំពោះអ្នកស្រាវជ្រាវផ្សេងទៀតដូចជាលោក ហ្សង់ ហ្សាក់មីលតូ (Jean - Jaeques Milteau តន្ត្រីករជនជាតិបារាំង) បានសួរថា " អស់លោកស្គាល់ប្រភពឧបករណ៍តន្ត្រីអាមូនីកាទេ ? " លោកបានពណ៌នាថា ការផុសចេញនូវឧបករណ៍តន្ត្រីនេះ គឺនៅលើទឹកដីនៃជ្រោយឥណ្ឌូចិន កាលពី ៣០០ ឆ្នាំមុនគ្រិស្តសករាជ ជាពិសេសនៅប្រទេសកម្ពុជាដែលចេញប្រភពពីឧបករណ៍ឈ្មោះថា " គែន " ។ ព្រះសង្ឃបារាំងមួយអង្គព្រះនាម អាមីញ៉ូ បាននាំយកកត្តកម្មនេះចូលទៅទ្វីបអឺរ៉ុប ឆ្នាំ ១៧៧៦" ។
អ្នកស្រាវជ្រាវឲ្យដឹងទៀតថា : ឧបករណ៍មានពីរបែប គឺគែនធំមានប្រវែងមួយម៉ែត្រ ឯគែនតូចមានប្រវែងពី ៥០ សង់ទីម៉ែត្រ ទៅ ៦០ សង់ទីម៉ែត្រ ហើយមានរបៀបធ្វើដូចគ្នា ។ តួឬបំពង់សម្រាប់ផ្លុំនោះ ធ្វើពីឈើខ្លឹមដែលគេក្រឡឹងជារាងមូលទ្រវែង ដោយចោះរន្ធតាមបណ្ដោយសម្រាប់ផ្លុំ ។ គេបានចោះប្រហោងពីលើចុះមកដល់ក្រោមទៀត សម្រាប់ស៊កបំពង់ឫស្សីដែលតម្រៀបគ្នាជាពីរជួរដោយក្នុងមួយជួរៗមាន ៧ ទៅ ៨ ដើម ។ ឫស្សីដែលគេយកមកស៊កនេះមានប្រវែងពុំស្មើគ្នាទេ គឺមានវែងខ្លីរៀងចុះមកជាបន្តបន្ទាប់ ។ បំពង់ទាំងអស់នោះគេបានចោះរន្ធសម្រាប់ដាក់អណ្ដាតធ្វើពីស្ពាន់ដែលគេបានដំឲ្យស្ដើង ហើយទើបកាត់បិទទៅនឹងរន្ធ ។ គេលេងឧបករណ៍តន្ត្រីនេះដោយផ្លុំ ហើយប្រើម្រាមដៃទាំងពីរខាងបិទបើករន្ធចុះឡើង ដោយឲ្យមានសូរ ។ ឫស្សីដែលបានស៊កហើយនោះ ប្រខាំជាប់បានដោយសារការបិទជុំវិញនឹងជ័រម្រោម ។
បច្ចុប្បន្នប្រជារាស្ត្រខ្មែរនៅភូមិភាគខាងជើងយកឧបករណ៍គែនសម្រាប់ លេងកំដរក្នុងវង់តន្ត្រីប្រឺនដែលមាននាទីលេងកំដររបាំឬការច្រៀង ឆ្លងឆ្លើយគ្នាចំនួនមួយគូៗ (ស្រីនិងប្រុស) ឬជាក្រុមៗ ។ ចំពោះការកំដរពិធីផ្សេងៗទៀតនោះ ប្រជារាស្ត្រខ្មែរនៅខេត្តស្ទឹងត្រែងនិយមយកមកផ្លុំកំដរណាស់ ។ គេបានផ្លុំកំដររបាំ ឬគេផ្លុំខ្លួនឯងផង ហើយរាំផងក៏មានដែរ ។
សរុបមក ផ្អែកតាមប្រវត្តិសាស្ត្រខ្មែរដែលបានបញ្ជាក់ច្បាស់អំពីប្រភពកំណើត នៃឧបករណ៍គែននិងការប្រើប្រាស់ឧបករណ៍នេះជាទំនៀមទម្លាប់ប្រពៃណីពី របស់ប្រជារាស្ត្រខ្មែរតាំងពីយូលង់មកហើយនោះ ឃើញថា " ឧបករណ៍តន្ត្រីគែនគឺជារបស់ខ្មែរ មិនមែនជារបស់ឡាវដូចការអះអាងរបស់ប្រជារាស្ត្រខ្មែរមួយចំនួន ដែលយល់ច្រឡំនោះឡើយ " ៕
តន្ត្រី ចម្រៀង