នេះឬជីវិត?
បទភ្លេងទំនុកច្រៀង សម្រួលតន្ត្រី ច្រៀងដោយគង្គ ប៊ុនឈឿន កែវ អែម ស៊ីន ស៊ីសាមុត
១- ស៊ូ ដើរចេញទ្រូងពេញដោយទុក្ខ
ជាជាងឱនក្រាបលាក់មុខ
ឱ្យប្តីសោយសុខ លើត្រើយវាសនា
ល្ខោនស្នេហ៍សង្គ្រាម ហូរឈាមដាបលោកឫស្យា
កងចក្រឬផ្កា ចារចងជាអន្ទាក់? ។
២- កូន ក្នុងផ្ទៃ ស្នាដៃឃាតក
ទឹកក្រុត ដុតទ្រូងអ្នកក្រ
យកឈាមលាយស្ករ ស្លរជាច្រវាក់
អណ្តាតផ្ទាប់ប្រាក់ ពាក់ស្រោមស្នេហ៍ឃោរឃៅ ។
R- ឱ ព្រៃភ្នំ អ្នកកុំចំអក
បើជាតិនេះប្រែជាខក ក៏ខកព្រោះក្តីល្ងង់ខ្លៅ
ស៊ូ លុបលាងស្នាមដំបៅ
មិនឱ្យធ្លាក់ជ្រោះជ្រៅ សំណៅអវិចីស្នេហា ។
៣- ទ្រាំ ស៊ូទ្រាំពាំខ្នាះជីវិត
ធ្មេចភ្នែកខ្ពើមភពងងឹត រំលាយអតីតដែលឥតខ្លឹមសារ
បើគេត្រឡប់ គួររាប់ទុកជាតម្រា
ដូចពាក្យលោកថា អារសាច់ជូនខ្លា ទើបនៅស្រុកបាន ។
ប្រវត្តិដើម
បទ“នេះឬជីវិត?” លោកគង្គ ប៊ុនឈឿន និពន្ធនៅចុងឆ្នាំ១៩៧០ ក្រោយពេលរដ្ឋប្រហារ១៨មីនាបាន កន្លងផុតទៅ ។ កាលណោះ មានផលិតកម្មមួយឈ្មោះ គងជ័យភាពយន្ត ដែលដឹកនាំដោយ អ្នកស្រី សំអាន ណុល បានពឹងពាក់ឱ្យលោកសរសេរបទនេះ សម្រាប់ដាក់បញ្ចូលទៅក្នុងខ្សែភាពយន្តរបស់អ្នកស្រីឈ្មោះថា នេះឬជីវិត? ។
តាមពិត បទនេះ តាមសាច់ទំនុកច្រៀង គឺតម្រូវតួស្រីជាអ្នកច្រៀង តែដើម្បីសង្កត់សាច់រឿងឱ្យកាន់តែ ធ្ងន់ថែមទៀត ទើបអ្នកនិពន្ធមិនកំណត់ឱ្យតួច្រៀងផ្ទាល់ទេ គឺយកសំឡេងអ្នកចម្រៀងឯក ស៊ីន ស៊ីសាមុត បណ្តែត ជាហ្វូនវិញ ។
ថ្វីបើបទនេះ មិនបានស្ថិតនៅក្នុងកម្រងកាស្សែតណាមួយ ក្រៅពីចាក់ផ្សាយតាមវិទ្យុ តែវាមានឥទ្ធិពល អាចសណ្តំបេះដូងនារីទូទៅ ដែលមានរឿងកម្សត់កម្រ ព្រាត់ប្រាសនិរាសគូជីវិត តាមរយៈសំឡេងមាសរបស់អ្នក ចម្រៀងឯក ស៊ីន ស៊ីសាមុត ធ្វើឱ្យអ្នកស្តាប់រណ្តំអួលអាក់ជាប់ជានិច្ច ។
បទ“នេះឬជីវិត” មិនបានថតនៅស្ទីឌីយ៉ូអ្នកស្រីវណ្ណច័ន្ទ, ស្ទីឌីយ៉ូរបស់លោកចាប ឆុន ឬស្ទីឌីយ៉ូនៅ ក្រសួងឃោសនាការជាតិនោះទេ ដោយបន្ទាន់ពេក លោកស៊ីន ស៊ីសាមុត ក៏បាននាំលោកគង្គ ប៊ុនឈឿន ទៅថត នៅស្ទីឌីយ៉ូមួយ ដែលប្រគំវង់តន្ត្រីដោយយោធាភិរម្យ ។
ប៉ុន្តែ ដោយសារសភាពការណ៍ភ័ន្តប្រែរបស់ប្រទេសជាតិ បទនេះឃើញ្ញមានចាក់ផ្សាយដោយ កម្រណាស់ មិនដឹងជាកាស្សែតដើមនៅសល់ ឬរលុបរលាយបាត់ទៅណាអស់ហើយ ។
ក្នុងន័យសោកស្តាយនូវបទចម្រៀងដ៏សំខាន់នេះហើយ ទើបនៅឆ្នាំ១៩៨៩ ផលិតកម្មរស្មីមេគង្គភាពយន្ត បានឱ្យលោកគង្គ ប៊ុនឈឿនរៀបចំបទនេះសាជាថ្មី ដើម្បីបញ្ចូលទៅក្នុងខ្សែភាពយន្តមួយរឿងឈ្មោះថា សែនទារុណ ដែលមានរូបលោកគង្គ ប៊ុនឈឿនជាអ្នកដឹកនាំរឿងផ្ទាល់ ប៉ុន្តែផ្លាស់មកឱ្យនាង សុខ សុខុម ច្រៀងវិញ ។ បទនេះ នៅតែទទួលការពេញនិយមពីអ្នកស្តាប់ជាខ្លាំង ហើយនៅតែរក្សាអនុស្សាវរីយ៍តាមទឹកដមសំឡេងមាសរបស់លោក ស៊ីន ស៊ីសាមុតដដែល...។