អន​អើយ​ស្រី​អន​
                     ទំនុ​កម្រៀង​    ​    ​     សម្រួល​តន្ត្រី​    ​            ​ច្រៀង​ដោយ​
                      ​លី ប៊ុន​យី​ម​    ​        ​ស៊ីន ស៊ី​សាមុត​    ​       ​ស៊ីន ស៊ី​សាមុត

១-​    ​បង​សូម​ផ្តាំ​ថា​អន​អើយ​ស្រី​អន​    ​សូម​បើក​វាំងនន ឱ្យ​បង​ឃើញ​ភក្ត្រ​
​    ​ដឹងចិត្ត​បង​ទេ ថា​បង​លួច​ស្ម័គ្រ​    ​កន្សែង​ស្រី​ប៉ាក់ បង​សូម​ថ្នាក់​ថ្នម​    ​។​
-​    ​កន្សែងស​អើយ​កន្សែងស​សូត្រ​    ​ជ្រលក់​ព្រហូត រំយោលផ្កា​ខ្ទុម​
​    ​អូន​ហូ​តដៃ​ឯង ល្អ​ហើយ​សែន​សម​    ​អូន​ស្រី​ក្រមុំ ផ្ញើ​មក​ឱ្យ​បង​    ​។​
​បន្ទ​រៈ​    ​កន្សែង កន្សែងស​អើយ​កន្សែង​សូត្រ​ស្រី កន្សែង​និស្ស័យ កន្សែង​ចំណង​
​    ​អប់​ក្លិន​ចំ​ប៉ា បុប្ផា​ម្លិះ​ផង​    ​លើក​ថើប​ម្តងៗ បង​ចង់តែ​យំ​អើយ​    ​។​
​    ​    ​                                         ​-​ភ្លេង​-
៣-​    ​ឱ​!​កន្សែង​សូត្រ កន្សែង​សូត្រ​អើយ​    ​មាន​តែ​អ្នក​ហើយ ជា​គូ​ឧត្តម​
​    ​ឯ​ខ្លួន​ម្ចាស់​ឯង គេ​ពួន​សម្ងំ​    ​ទុកឱ្យ​...​ខ្ញុំ​យំ យំ​លុះ​ម​រណា​    ​។​
៤-​    ​ខ្ញុំ​សុំ​ប្រាប់​ស្រី​ទោះបី​ខ្ញុំ​ស្លាប់​    ​ក៏​មិន​ហ៊ាន​ប្រាប់ ថា​ខ្ញុំ​ស្នេហា​
​    ​ព្រោះ​គុណ​ស្រី​អន ស្មើ​នឹង​បុព្វ​តា​    ​តើ​ឡើយ​នរណា ហា​ទៅនឹង​រួច​    ​។​
​បន្ទ​រៈ​    ​ចម្រៀង ចម្រៀង​ច្រៀង​សូម​    ​អន​អើយ​ស្រី​អន សូម​បើក​វាំងនន​ផាត់​ស្បៃ​បង្អួច​
​    ឱ្យ​បង​សូមទោស ដែល​បង​ហ៊ាន​លួច ចងចិត្ត​កំហូច ថើប​កន្សែង​ស្រី​អើយ​...​។​

                                        ប្រវត្តិ​ដើម
​    ​បទ​“​អន​អើយ​ស្រី​អន​” ជា​បទ​ប្រពៃណី យក​លំនាំ​តាម​បទ​កន្សែង​ក្រហម ។ បទ​នេះ ដកស្រង់​ចេញពី​ខ្សែភាពយន្ត​រឿង​អន​អើយ​ស្រី​អន ប៉ុន្តែ​ចំណងជើង​ពិតប្រាកដ​មិន​ដឹង​ថា​អ្វី​ទេ ព្រោះ​អ្នកខ្លះ ដាក់​ថា​អន​អើយ​ស្រី​អន តាម​ចំណងជើង​រឿង និង​អ្នកខ្លះ​ទៀត​ដាក់ថា កន្សែង​សូត្រ ទៅ​តាម​អត្ថន័យ​ក្នុង បទ​ចម្រៀង ។​
​    ​លោក​នួន សង្វាត អ្នក​ស្រាវជ្រាវ​និង​ចងក្រង​ឡើងវិញ​នូវ​បទ​ចម្រៀង​របស់លោក​ស៊ីន ស៊ី​សាមុត​នៅ​សមាគម​ស៊ីន​ស៊ី​សាមុត​បាន​បញ្ជាក់​ឱ្យដឹងថា តាម​ការបញ្ជាក់​របស់​លោក លី ប៊ុន​យី​ម ជា ផលិតករ​និង​ជា​ម្ចាស់​ប ផ្ទាល់​បាន​ប្រាប់ថា ការពិត​បទ​អន​អើយ​ស្រី​អន និង​បទ​ឆ្លើយឆ្លង​មាន​ចំណងជើង​ថា ពន្លក​ស្នេហ៍​ជ័យ​អន គឺ​តែ​មួយ​ទេ តែ​បើ​ខាង​ថត​ថាស​គេ​ដាក់​ចំណងជើង​ថា អន​អើយ​ស្រី​អន​ឬ​កន្សែង​សូត្រ ក៏​មិន​ខុស​អ្វី​ដែរ ។ បទ​ពន្លក​ស្នេហ៍​ជ័យ​អន បញ្ជាក់​ពី​ពន្លក​ស្នេហ៍​ដែល​លូតលាស់​ក្នុង​បេះដូង​កំលោះ​ជ័យ (​សម្តែង​ដោយ​គង់ សំអឿន​) ទៅ​លើ​នាង​ក្រមុំ​ឈ្មោះ​ស្រី​អន ដ៏​ស្អាត​ផូរផង់​(​សម្តែង​ដោយ​វីរៈ​តារា​)​ក្នុង​ខ្សែ ភាពយន្ត​ខ្មែរ​រឿង​អន​អើយ​ស្រី​អន ។ រឿង​អន​អើយ​ស្រី​អន​នេះ​ល្បីល្បាញ​ខ្លាំង​ណាស់នា​សម័យ​សង្គម រាស្ត្រនិយម ព្រោះ​ដាក់​បញ្ចាំង​ពីរ​រោង​ព្រម​គ្នា​មួយ​ថ្ងៃ​ប្រាំ​លើក​រយៈពេល​ប្រាំមួយ​-​ប្រាំពីរ​ខែ​ហើយ នៅ​មិន ទាន់​ស្បើយ​មនុស្ស​ចូល​ទស្សនា​ទៀត ។
​    ​លោក​លី ប៊ុន​យី​ម បាន​អួតថា អន​អើយ​ស្រី​អន​ល្អ​ទាំង​ព្រម​តែម្តង ទី​-​សាច់​រឿង​និយាយ ពី​ស្នេហា​ស្រុក​ស្រែចម្ការ ដែល​ខ្មែរ​និយម​បំផុត​កាល​សម័យ​នោះ ទី​-​តួអង្គ​នីមួយៗ​សម្តែង​ទៅ សម​ទាំង ចាស់​ទាំង​ក្មេង​ត្រូវចិត្ត​ទាំងអស់គ្នា ទី​៣-​ចម្រៀង​បួន​បទ​ដែល​លោក​បាន​ដាក់បញ្ចូល​ទៅ​នោះ​សុទ្ធតែ​ពីរោះ ខ្លាំងណាស់ ព្រោះ​ពេល​បញ្ចាំង ឱ្យតែ​ដល់​ត្រង់​ឈុត​ចម្រៀង​អ្នកទស្សនា​ស្ងាត់​មាត់​ច្រៀប​ផ្ទៀង​ស្តាប់​ហាក់ មិន​ហ៊ាន​ដកដង្ហើម ។ ឈុត​រឿង​ត្រង់​បទ​ពន្លក​ស្នេហ៍​ជ័យ​អន ជា​ឈុត​ស្នេហា​ដែល​ខ្មែរ​និយម​ហៅថា ឱ្យ របស់​ស្រណោះ​ដៃ​នោះ​មិន​ខុស​ទេ ។ កំលោះ​ជ័យ ក្រោយពី​បាន​ទទួល​កន្សែង​ពី​ស្រី​អន ដែល​ផ្ញើ​មក​ឱ្យ​ខ្លួន តាមរយៈ​ប្អូនប្រុស​ហើយ ក៏​នឹក​កួចចិត្ត​ប្រាថ្នា លង់​ស្នេហ៍​ទៅលើ​អន ឥត​អ្វី​ប្រៀប​ស្មើ​បាន ។ ពេល​រាត្រី​នឹក ស្រី​ដេក​មិន​លក់ បក់​មិន​ល្ហើយ ប្រាសខ្នង​ដល់​ខ្នើយ​ឃើញតែ​ភក្ត្រ​នួន​ថ្លៃ ពេល​ថ្ងៃ​ប្រាណ​កញ្ជ្រោល​អាល័យ ចង់​តែ​ឃើញ​ដំបូល​ផ្ទះ​ទើប​អស់ចិត្ត ម្ល៉ោះហើយ ថ្ងៃ​ណា​ក៏​នាយ​ជ័យ​ឱប​ថែថើប​កន្សែង​ផាហ៊ុម​នាង​អន លួច សម្លឹង​ផ្ទះ​នាង​មិន​ដែល​ខាន ។ ថ្ងៃមួយ ទំហំ​ស្នេហ៍​រីក​ធំ​ដល់​កម្រិត​ហើយ​ទ្រាំ​លាក់​បៀម​សេចក្តី​ស្នេហ៍​តទៅ ទៀត​លែង​បាន​ហើយ កំលោះ​ជ័យ​ក៏​បង្ហើរ​សំនៀង​តាមរយៈ​ទឹកដម​នៃ​អធិរាជ​សំឡេង​មាស​ស៊ីន ស៊ី​សាមុត នូវ​បទ​អន​អើយ​ស្រី​អន ឬ​បទ​កន្សែង​សូត្រ ឬ​បទ​ពន្លក​ស្នេហ៍​ជ័យ​អន ។​

តន្ត្រី ចម្រៀង