បើចង់ជួយជាតិ...
(បទពាក្យ ៧)

១.    បើចង់ជួយជាតិញាតិអើយស្ដាប់        ជួយកែទម្លាប់និយាយស្ដី
        ពាក្យពេចន៍ទន់ភ្លន់មានតម្លៃ              ពេបជ្រាយសំដីនាំហ្មងសៅ។
២.    បើចង់ជួយជាតិជួយសរសេរ              អក្សរសាស្ដ្រខ្មែរឲ្យត្រឹមត្រូវ
        វចនានុក្រមកែតម្រូវ                            មិនច្បាស់មើលទៅត្រូវប្រាកដ។    
៣.   បើចង់ជួយជាតិជួយរក្សា                    សិល្បៈដូនតាតាមប្រវត្តិ
       បានចងក្រងទុកច្រើនមិនខ្សត់            ទម្រង់បែបបទល្បីខ្ទរខ្ទារ។
៤.   បើចង់ជួយជាតិជួយអប់រំ                     ទូន្មានណែនាំកូនស្ងួនភ្ងា
      ខិតខំរៀនសូត្រគ្រប់អង្គា                      ឆ្ងាយអវិជ្ជាស្គាល់ខ្មៅស។
៥.  បើចង់ជួយជាតិគួរយល់ដឹង                 សេពគ្រឿងស្រវឹងកុំបើកបរ
      ឈប់បើកបញ្ច្រាសខ្មាសទេសចរ        ចតយានឲ្យល្អមានវិន័យ។
៦.  បើចង់ជួយជាតិសូមញាតិចាំ               ឈប់ចោលសម្រាមនៅលើដី
      ដាក់វាក្នុងធុងទើបប្រពៃ                       រក្សាតម្លៃទីក្រុងស្អាត។
៧. បើចង់ជួយជាតិជួយដាំឈើ                 នោះជាទង្វើដ៏វៃឆ្លាត
      បរិស្ថានពណ៌ខៀវស្រងាត់                  ជីវិតមនុស្សសត្វមិនអាចខ្វះ។
៨.  បើចង់ជួយជាតិគួរចាំទុក                     ឈប់ពួយរលុក(ពុករលួយ)ធ្វើផ្ដេសផ្ដាស
      តម្លាភាពល្អជួយប្ដូរផ្លាស់                     អាស្រូវរឿងចាស់គួរបោះបង់។
៩.  បើចង់ជួយជាតិតោងក្លាហាន             ចៀសឆ្ងាយគ្រឿងញៀនធ្លាក់អន្លង់
      ល្បែងស្រាស្រីស្រើបនាំខ្លួនផុង          ខំរៀនឈប់លង់នឹងហ្វេសប៊ុក(១)។
១០.បើចង់ជួយជាតិជួយលកលៃ              អាហារចំណីនាំក្ដីទុក្ខ
      បំពុលសាសន៍ឯងគ្មានក្ដីសុខ             ល្មមឈប់សម្រុកដាក់គីមី។
១១.បើចង់ជួយជាតិញាតិប្អូនបង             សច្ចៈទៀងត្រង់ខំសំភី
      ឈប់លួចឆក់ប្លន់បាបជីវី                    រស់លើប្រឹថពីដោយកិត្តិយស។
១២.បើចង់ជួយជាតិឈប់កិបកេង           ស៊ីភ្នែកជញ្ជីងក្លែងរបស់
       ភូតភរបោកប្រាស់នាំខូចឈ្មោះ        ដើម្បីខ្លួនរស់ស៊ូនឿយហត់។
១៣.បើចង់ជួយជាតិមារយាទកែ              ភក្ដីនឹងស្នេហ៍មិនប្រែក្បត់
       ស្មោះមួយនឹងមួយមិនព្រួយព្រាត់     មានអនាគតផុតកម្មពៀរ។
១៤.បើចង់ជួយជាតិគួរមានចិត្ដ                រួមសាមគ្គីពិតស្ទួយគ្រប់គ្រា
    ឈប់តិះដៀលជេរពាក្យនិន្ទា               ចេះយោគយល់គ្នាទើបជាតិថ្កើង។
១៥.បើចង់ជួយជាតិជួយថែដី                   អង្គរល្បាញល្បីជួយតម្កើង
       រក្សាវប្បធម៌ខ្មែររុងរឿង                     ទំពាំងគឺយើងស្នងឫស្សី៕        
        
(១): Facebook            
និពន្ធដោយៈ លោក ឃុល ប៊ុននាដ (០៨ កក្កដា ២០១៤) រក្សាសិទ្ធិគ្រប់បែបយ៉ាង

មាតិកា