រលកក្រោមខ្សាច់ : ថតបណ្ដើរចាក់ផ្សាយបណ្ដើរ
ភ្នំពេញ
ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០០៨
ស៊ុក សុភា និងដាញ់ ម៉ូនីកា សម្ដែងឈុតមួយក្នុងរឿង "រលកក្រោមខ្សាច់"
ខ្សែភាពយន្តភាគរឿង "រលកក្រោមខ្សាច់" ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ផលិតឡើងដោយផលិតកម្មហាយស្តារភាពយន្ត ។ ម្ចាស់ផលិតកម្មបានអះអាងថា រឿងនេះថតបណ្ដើរចាក់ផ្សាយបណ្ដើរ ។
"រលកក្រោមខ្សាច់" និពន្ធ និងដឹកនាំថតដោយលោក ចេវ វីរៈ ដែលជាចាងហ្វាងផលិតកម្មហាយស្ដារ (High Star) ភាពយន្ត ។ ខ្សែភាពយន្តនេះជាប្រភេទរឿងសម័យ ដែលពិពណ៌នាពីសេចក្ដីស្នេហាយល់ច្រឡំរបស់បងប្អូនបង្កើតពីរនាក់ ដែលពុំបានស្គាល់គ្នាតាំងពីតូចមក ។ ខ្លឹមសារនៃរឿងនេះ អ្នកនិពន្ធចង់បង្ហាញអំពីអាថ៌កំបាំងទាំងឡាយ ដែលនៅជុំវិញខ្លួនរបស់មនុស្សយើង មានដូចជារឿងស្នេហា,ការងារ,ជាដើម។ល។ ឈុតឆាកនៅក្នុងខ្សែភាពយន្តនេះ លាយឡំទៅដោយភាពកម្សត់សោកសៅ, ភ័យរន្ធត់ និងមនោសញ្ចេតនាស្នេហ៍ ។
លោក ចេវ វីរៈ ចាងហ្វាងផលិតកម្មហាយស្ដារបានបញ្ជាក់ឲ្យដឹងថា រឿង "រលកក្រោមខ្សាច់" មានទាំងអស់ចំនួន៣៣ភាគដែលផលិតឡើងដោយកិច្ចសហការរវាងផលិតកម្មលោក និងស្ថានីយទូរទស្សន៍អប្សរា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនព្រីសស្តុន ។ "រលកក្រោមខ្សាច់" និពន្ធបណ្ដើរ ថតបណ្ដើរ និងចាក់ផ្សាយបណ្ដើរ ។ ដំណើរការថតរឿងនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី ៦ កក្កដា ២០០៨ ដែលមកដល់ពេលនេះសម្រេចបានចំនួន ២៥ ភាគហើយ ហើយកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ នៅរៀងរាល់ថ្ងៃអង្គារ-ពុធ ពីម៉ោង៧ និង៣០នាទី ដល់ម៉ោង៨ និង៣០នាទីយប់ ។
លោក ចេវ វីរៈ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីចាក់ផ្សាយរឿង "រលកក្រោមខ្សាច់" បានមួយរយៈ ក្រុមការងាររបស់លោកបានចុះទៅធ្វើការស្ទាបស្ទង់ពីការនិយមទស្សនារឿងនេះនៅក្នុងជួរប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ជនបទ ទីប្រជុំជន និងនៅរាជធានីភ្នំពេញ ។ ជាលទ្ធផលឃើញថា រឿង "រលកក្រោមខ្សាច់" មានការនិយមទស្សនាច្រើននៅក្នុងជួរប្រជាពលរដ្ឋខ្មែរពីជនបទរហូតដល់ក្រុង ។ ការដែលប្រជាពលរដ្ឋខ្មែរចូលចិត្តទស្សនារឿង "រលកក្រោមខ្សាច់" ដោយសារតែតួសម្ដែងនៅក្នុងរឿងនេះ ភាគច្រើនជាតួចាស់មានឈ្មោះបោះសំឡេង មានដូចជា ដាញ់ ម៉ូនីកា និងស៊ុក សុភា ជាដើម ដែលសុទ្ធតែមានបទពិសោធន៍ខ្ពស់ក្នុងការសម្ដែងចេញពីក្នុងចិត្តពិតៗ ត្រូវនឹងឈុតឆាកនៃសាច់រឿង,ខ្លឹមសារនៃសាច់រឿងស៊ីចង្វាក់គ្នាល្អតាំងពីដើមរៀងមក និងដោយសាររឿងនេះ មានបញ្ចូលនូវបទចម្រៀងល្បីពីសង្គមចាស់មួយបទមានចំណងជើងថា "តើបងខុសអ្វីបានស្រីសុំលែង" ដែលទាញអារម្មណ៍ទស្សនិកជនឲ្យលន្លង់លន្លោចទៅតាមអត្ថន័យនៃបទចម្រៀងនេះ ។
គួរបញ្ជាក់ថា នៅចំថ្ងៃប្រារព្ធពិធីបុណ្យអុំទូកពីថ្ងៃទី ១១-១៣វិច្ឆិកាខាងមុខនេះ រឿង "រលកក្រោមខ្សាច់" មិនមានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ដូចសព្វដងទេ ដោយសារស្ថានីយទូរទស្សន៍ អប្សរាជាប់វរល់ក្នុងការផ្សាយបន្តផ្ទាល់ការប្រគុំតន្ត្រីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ៕