ផ្តល់ព័ត៍មានរហ័សនិងអាចជឿទុកចិត្តបាន ជាមួយ Cambodia Express News - ចំណេះដឹងទូទៅ
Cen
Bg_head_banner

ចិញ្ចឹមសត្វ

​វិធី​ប្រើប្រាស់​ចំណី​ជំនួស​ចំណី​រោងចក្រ​សម្រាប់​ចិញ្ចឹម​មាន់ ទា ជ្រូក​

សម្រាប់​អ្នក​ចិញ្ចឹមសត្វ​ដូចជា មាន់ ទា ជ្រូក ជាដើម តែងតែ​ជួបប្រទះ​នូវ​បញ្ហា​លំបាក ក្នុង​ការផ្តល់​ចំណី​ឲ្យបាន​គ្រប់គ្រាន់​ដល់​សត្វ​ដែល​គេ​កំពុង​ចិញ្ចឹម ។ ជា​ពិសេស​អ្នក​ចិញ្ចឹម​មាន់ ទា ជ្រូក សព្វថ្ងៃ​ស្ទើរតែ​មិន​អាច​រក​ចំណេញ​បាន​ពី​ការចិញ្ចឹម​សត្វ​ទាំងនោះ​ឡើយ ពីព្រោះ​តម្លៃ​វត្ថុធាតុដើម​សម្រាប់​ផ្សំ​ចំណី​មាន​តម្លៃ​ថ្លៃ ចំណី​ដែល​បាន​ផលិត​ពី​រោងចក្រ​មាន​តម្លៃ​ខ្ពស់​ទាំង​នេះ គឺជា​ការលំបាក​មួយ​សម្រាប់​អ្នក​ប្រកបរ​បរចិញ្ចឹមស​ត្វ ។​

​​ការបោះបង់​ចោល​របរ​ចិញ្ចឹម​ជ្រុក មាន់ ទា នេះ មិនមែន​ត្រឹម​តែ​ដោយសារ​កត្តា​ចំណី​តែមួយ​មុខ​នោះ​ប៉ុណ្ណោះ​ទេ តែ​ក៏​វា​អាច​បណ្តាលមកពី​ការនាំ​ចូល​សត្វ​ទាំងនោះ​ពី​ប្រទេស​ជិតខាង​ផងដែរ ជាពិសេស​គឺ ការ​លួច​នាំ​ចូល​, ការ​ពុំ​សូវ​មាន​បទពិសោធន៍​ក្នុង​ការចិញ្ចឹម​, កត្តា​ជម្ងឺ​, គ្មាន​ប្រាក់​សម្រាប់​ទិញ​ចំណី​ផ្តល់​ឲ្យ​វា​ឲ្យបាន​គ្រប់គ្រាន់ និង​កត្តា​តម្លៃ​ក្នុង​ទីផ្សារ​មិន​អំណោយផល​ល្អ មិន​អាច​រក​ចំណេញ​បាន​តាម​ការចង់បាន ។​

​​បញ្ហា​បែប​ខាងលើ​នេះ​មិនមែន​មាន​តែ​នៅក្នុង​ប្រទេស​យើង​ប៉ុណ្ណោះ​ទេ ប្រទេស​ខ្លះ​ទៀត​ក៏​ជួប​បញ្ហា​ដូចគ្នានេះដែរ ចំណែក​ដំណោះស្រាយ​វិញ គឺ​ដំបូង​យើង​ត្រូវ​រក​វិធី​ដែល​អាច​ផ្គត់ផ្គង់​ចំណី​ឲ្យបាន​ល្អ​ប្រសើរ​សិន គឺ​លៃ​យ៉ាងណាឲ្យ​ការចំណាយ​ទៅលើ​ចំណី​នោះ​អស់​តិច តែ​ត្រូវ​មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​នឹង​ចំណី​ផលិត​ច្រក​បាវ​លក់​ចេញ​ពី​រោងចក្រ​ដែរ ។​

​​យើងខ្ញុំ​សូម​ណែនាំ​ពី​ការប្រើប្រាស់​ចំណី​ប្រភេទ​ខ្លះ​ដែល​យើង​អាច​រកបាន និង​ផលិត​បាន​ដោយ​ខ្លួនឯង​មក​បង្ហាញ ចំណី​ទាំងនោះ​ត្រូវ​បាន​ឆ្លងកាត់​ការសាកល្បង និង​ទទួលបាន​លទ្ធផល​យ៉ាង​ល្អ ហើយ​ងាយ​រកបាន​នៅក្នុង​ប្រទេស​យើង​ទៀតផង ។​

​​* ឃ្លោក ជា​ដំណាំ​ងាយ​ដាំ ត្រូវបាន​គេ​ប្រើ​សម្រាប់​ឲ្យ​មាន់ ទា​ស៊ី ដោយ​កាប់​វា​ជា​ដុំ​តូចៗ ស្ងោរ​វាឲ្យ​ឆ្អិន ពេល​ស្ងោរដាក់​ខ្លាញ់​បន្តិច​ផង ទុក​ឲ្យ​ត្រជាក់ ដួស​ដាក់​លើរាន​មួយ​ឲ្យ​មាន់​វា​ស៊ី យើង​ក៏​អាច​ឲ្យ​ទាស៊ី​បាន​ដូចគ្នា (​ននោង​ក៏​អាច​ប្រើ​ការ​បាន​) ។​

​​* ល្ពៅ គេ​ត្រូវកា​ត់វា​ជា​ដុំ​តូចៗ ស្ងោរ​វា​ទុក​ឲ្យ​ត្រជាក់​ដាក់​ឲ្យ​មេមាន់ ឬ​កូន​មាន់​ស៊ី​ក៏បាន (​ទា និង​ជ្រូក ក៏​អាច​ឲ្យ​ស៊ី​បានដែរ​) ។ ល្ពៅ​មាន​ចំនួន​ប្រូតេអ៊ីន​ច្រើន​ដូច​គ្នា​និង​ពោត ឬ​ដំឡូងឈើ​ដែរ វា​ថែមទាំង​មាន​ជាតិ​ប្រេង​ក្នុងនោះ​រួចជាស្រេច​ផង ។​

​​* ត្រាវ នៅ​ប្រទេស​គុយបា ត្រាវ​ត្រូវបាន​គេ​ប្រើ​សម្រាប់​ធ្វើជា​ចំណី​ឲ្យ​មាន់ ដោយ​គេ​កាត់​ត្រាវ​ជា​ដុំ​តូចៗ ហាល​ឲ្យ​ស្ងួត រួច​កិន​ឲ្យ​ម៉ដ្ឋ ត្រូវបាន​ប្រើ​ជំនួស​ពោត និង​អង្ករ ឬ​កន្ទក់ ។ យើង​អាច​លាយ​ម្សៅ​ត្រាវ​នេះ​ចំនួន 15% ក្នុង​ចំណី​មាន់​ដែល​មាន​អាយុ​ពី ១​ថ្ងៃ ដល់​១​ខែ ។ ត្រាវ​ត្រូវបាន​ប្រើ​សម្រាប់​លាយ​បន្ថែម​ជាមួយ​វត្ថុធាតុដើម​ផ្សេងៗ​ទៀត ដោយ​រួមមាន​ប្រូតេអ៊ីន វីតាមីន និង​សារធាតុ​រ៉ែ​ចាំបាច់​ខ្លះទៀត ។​

​​អ្នកឯកទេស​ខាង​ផ្នែក​ចិញ្ចឹម​មាន់​ម្នាក់​នៅ​ប្រទេស​គុយបា​បាន​ឲ្យ​ដំបូន្មាន​ថា ដើម្បី​ឲ្យ​ការ​ចិញ្ចឹម​មាន់​ទទួល​បាន​ជោគជ័យ គេ​ត្រូវ​ផ្តល់​ចំណី​ឲ្យ​កូនមាន់​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ការលូតលាស់​របស់​វា​បាន​ប្រសើរ ម្យ៉ាងទៀត​វា​អាច​ជួយ​ធ្វើឲ្យ​មាន់ឆាប់​ធំ​ជាង​ធម្មតា ។​

​​អ្នកឯកទេស​ខាង​ចិញ្ចឹម​ជ្រូក​នៅ​ប្រទេស​ហ្វីលីពីន​បាន​រំឭកថា មាន​មនុស្ស​ច្រើនណាស់​មាន​ការយល់ច្រឡំ​ថា ដើម្បី​ចិញ្ចឹម​ជ្រូក​ឲ្យ​ធំធាត់​ល្អ គេ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ចំណី​ផលិត​ពី​រោងចក្រ តែ​ការយល់​បែបនេះ​គឺ​ខុស​ស្រឡះ ពីព្រោះ​នៅ​តំបន់​ខ្លះ​ក្នុង​ប្រទេស​ហ្វីលីពីន គេ​មិន​អាច​រក​ទិញ​ចំណី​ជ្រូក​ផលិត​ពី​រោងចក្រ​បាន​ឡើយ ហេតុ​នេះ​អ្នក​ទាំងនោះ​បាន​ប្រើប្រាស់​រុក្ខជាតិ ដំណាំ​ផ្សេងៗ ធ្វើ​ជា​ចំណី​ឲ្យ​ជ្រូក ហើយ​ទទួលបាន​ប្រសិទ្ធភាព​ដូច​គ្នា ។ ចំណី​ចំបង​របស់​ពួកគេ គឺ​ដំឡូងឈើ ស្លឹក​ដំឡូង​ត្រូវបាន​គេ​កាត់​មក​ហាលថ្ងៃ​ឲ្យ​ស្រពា​ប់សិន​មុន​ដាក់​ឲ្យ​ជ្រូក​ស៊ី ឬ​ដាក់​ត្រាំ​ទឹក​មាន​លាយ​ស្ករ​កាក​អំពៅ​ចំនួន ៣​ម៉ោង មុន​ឲ្យ​ជ្រូក​ស៊ី ចំពោះ​មើមដំឡូង​វិញ គេ​កាត់​ដំឡូង​ជា​កង់ៗ​ដាក់​ត្រាំ​ទឹក​ស្ករ​ទុក​ផ្តល់​ឲ្យ​ជ្រូក​ស៊ី​បន្ទាប់​ពី​ត្រាំ​វា​បាន​ចំនួន​យ៉ាងតិច ១​សប្តាហ៍ (​ត្រាំ​ឲ្យ​លិច​) ឬ​យូរ​ជាង​នេះ ។​

​​ឯ​វិធី​មួយទៀត​នោះ គឺ​គេ​កាត់​យក​ស្លឹក​ដំឡូង​ត្រួយ​ខ្ចីៗ រួម​ទាំង​មើមដំឡូង​ដាក់​ស្ងោរ​វា​ជាមួយគ្នា ដាក់​អំបិល​បន្តិច ទុក​ឲ្យ​ត្រជាក់ទើ​ប​លាយ​ជាមួយ​កាក​ស្ករអំពៅ​ឲ្យ​ជ្រូក​ស៊ី អាច​ជំនួស​ចំណី​រោងចក្រ​បាន​ទាំងស្រុង (​អ្នកខ្លះ​ថែម​ម្សៅ​ត្រី​ចូល និង Premixed) ។​

​​នៅ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម គេ​ប្រើ​ស្លឹក​ទង និង​មើម​ដំឡូងជ្វា​សម្រាប់​ការចិញ្ចឹម​ជ្រូក ដោយ​ដាំ​វា​បណ្តាក់​គ្នា ។​

​​រូបមន្ត​ជំនួស​ចំណី​រោងចក្រ​ដែល​មាន​ប្រសិទ្ធភាព និង​ចំណាយ​តិច :

​​កន្ទក់​-​មើ​ម ដំឡូង + ស្លឹក + ម្សៅ​ត្រី + អំបិល + ព្រី​ម៉ិច + ស្ករ​កាក​អំពៅ​

(​កន្ទក់​-​មើ​ម ដំឡូង និង​ស្លឹក ចំនួន 85% , ម្សៅ​ត្រី ចំនួន 10% , អំបិល ចំនួន 1% , ព្រី​ម៉ិច ចំនួន 2% , ស្ករ​កាក​អំពៅ ចំនួន 2%) ៕