កសិកម្ម និងអភិវឌ្ឍន៍មូលដ្ឋាន
====================================
ការរីកចំរើននៃកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់សេដាកឆ្នាំ ២០០៧
១. សេចក្តីផ្តើម
ក្នុងឆ្នាំ ២០០៧ កន្លងមក កម្មវិធីអភិឌ្ឍន៍មូលដ្ឋាន នៅបន្តបេសកកម្មរបស់ខ្លួនចូលរួមចំណែកកសាងសង្គមជនបទកម្ពុជាមួយ ដែលគ្រួសារកសិករមានជីវភាពធូរធារ មានការសហការគ្នាទៅវិញទៅមក មានសិទ្ធិ និងអំណាចគ្រប់គ្រាន់ក្នុងការសំរេចចិត្តទៅលើជោគវាសនារបស់ខ្លួន ហើយនឹងមានតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់នូវស្បៀងអាហារប្រកបដោយសុខភាពដល់សង្គមកម្ពុជាទាំងមូល ។ កម្មវិធីយើង បានធ្វើការកែលម្អវិធីសាស្ត្រក្នុងការអនុវត្តដើម្បីប្រសិទ្ធិភាពការងារ ក៏ដូចជានិរន្តរភាពនៃធនធានថវិកាសម្រាប់ដំណើរការកម្មវិធី ។
ដោយផ្អែកលើមូលដ្ឋានការងារដែលមានស្រាប់កម្មវិធីបានផ្លាស់ប្តូរ "ការអភិវឌ្ឍន៍ឈរលើគោលការណ៍ជំនួយមកជាការអភិវឌ្ឍន៍ឈរលើគោលការណ៍ជំនួយ" គឺធ្វើយ៉ាងណាបណ្តុះកសិករឲ្យមានគំនិតជាអ្នកជំនាញ និងជំរុញឲ្យកសិករឈានជើងចូលប្រឡូកឲ្យបានខ្លាំងនៅក្នុងទីផ្សារ ។ ចំពោះតំបន់គោលដៅការងារ យើងបានពង្រីកទៅកាន់ខេត្តថ្មីចំនួន ២ ទៀតគឺ ខេត្តស្ទឹងត្រែង និងបន្ទាយមានជ័យ ។ ជាសរុប សេដាកធ្វើការនៅខេត្តចំនួន ១៧ ស្រុកចំនួន ៧៤ ឃុំចំនួន ៣០៦ និងភូមិចំនួន ១.៨៤៥ ។
ក្រៅពីប្រធានបទបច្ចេកទេសកសិកម្ម កម្មវិធីបានយកចិត្តទុកដាក់ខ្លាំងលើការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាមួយតំណាងក្រុមគណៈកម្មាធិការសមាគមនិងកម្រងនៅតាមមូលដ្ឋាន ជុំវិញប្រធានបទជំនាញសហគមន៍ ។
២. លទ្ធផលសំខាន់ៗមួយចំនួនស្តីពីការងារអភិវឌ្ឍន៍នៅមូលដ្ឋាន
២.១. ការរៀបចំក្រុមផលិត
ក្រុមផលិតស្រូវសរីរាង្គ : កម្មវិធីបានពង្រឹង និងពង្រីកក្រុមផលិតស្រូវសរីរាង្គឲ្យបានទូលំទូលាយនៅតំបន់ គោលដៅរបស់សេដាក ។ ឆ្នាំ ២០០៧ ចំនួនក្រុមផលិតបានកើនឡើងដល់៤៤២ ក្រុម មានសមាជិកសរុបចំនួន ៣៦៦១ គ្រួសារ នៅក្នុងខេត្តគោលដៅចំនួន ៨ ។ ដើម្បីងាយស្រួលក្នុងការសហការគ្នាលក់ ផលិតផលឲ្យហាងកសិផលធម្មជាតិ (NAP) ក្រុមផលិតស្រូវសរីរាង្គបានចូលរួមគ្នាចងក្រងជាសហគមន៍ផលិតស្រូវសរីរាង្គចំនួន ៣៩ សហគមន៍ ។ នៅចុងឆ្នាំ ២០០៧ នេះ កាផ្គត់ផ្គង់ស្រូវសរីរាង្គសរុបបានឡើងដល់ ១២០០ តោន ដែលបរិមាណនេះមានការកើនឡើងជិតបីដងធៀបនឹងឆ្នាំ ២០០៦ ដែលមានតែប្រមាណជា ៤៨០ តោនប៉ុណ្ណោះ ។
ក្រុមចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ : កម្មវិធីបានចាប់ផ្តើមធ្វើការលើក្រុមចិញ្ចឹមមាន់នៅតាមខេត្តមួយចំនួនដូចជា កំពង់ធំ កំពង់ឆ្នាំង ស្វាយរៀង ព្រៃវែង តាកែវ និងកំពង់ចាម ។ គោលបំណងនៃអន្តរាគមន៍នេះគឺពង្រឹង សមត្ថភាពកសិករលើបច្ចេកទេសចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ បង្កើនចំណូលតាមរយៈបង្កើនចំនួនមាន់ចិញ្ចឹម និងតម្លៃបន្ថែមទៅលើទីផ្សារ ។ ជាលទ្ធផលឆ្នាំ ២០០៧ នេះ កម្មវិធីបានចងក្រងក្រុមចិញ្ចឹមមាន់នៅតាមភូមិបានចំនួន ១៩២ ក្រុម (១ក្រុម/ភូមិ) មានសមាជិកសរុប ១.០៥៧ គ្រួសារ ។ កន្លងមក ក្រុមចិញ្ចឹមមាន់បានរួមគ្នាលក់មាន់បានប្រមាណជាង ៣៦៥០ គ.ក្រ ។ តាមរយៈការលក់រួមគ្នា ពួកគាត់អាចទទួលបានតម្លៃខ្ពស់ជាងទីផ្សារពី ៥០០ ទៅ ១០០០ រៀល ក្នុងមួយគីឡូក្រាម ។
ក្រុមផលិតបន្លែសរីរាង្គ : ថ្មីៗនេះ កម្មវិធីក៏បានចាប់ផ្តើម ធ្វើការលើក្រុមផលិតបន្លែសរីរាង្គផងដែរ ។ ដើម្បីផ្សារភ្ជាប់ក្រុមនេះទៅទីផ្សារ ជាបឋមកម្មវិធីបានជម្រុញឲ្យក្រុមនេះ ផលិតបន្លែលក់មកឲ្យហាងកសិផលធម្មជាតិ ។ បច្ចុប្បន្នមានក្រុមផលិតបន្លែសរីរាង្គចំនួន ៨ ក្រុម និងមានសមាជិកសរុបចំនួន ៣២ នាក់ នៅខេត្តកំពង់ឆ្នាំង ពោធិសាត់ កណ្តាល និងព្រៃវែង ។ កម្មវិធីអភិវឌ្ឍន៍មូលដ្ឋាននឹងបន្តធ្វើការសម្របសម្រួលបង្កើតក្រុមផលិតបន្លែសរីរាង្គបន្ថែមទៀតឲ្យបាន ៥០ ក្រុម ដែលមានសមាជិកប្រមាណជា ២០០ នាក់ នៅបណ្តាខេត្តតាកែវ កំពង់ឆ្នាំង ព្រៃវែង កំពង់ធំ និងកំពង់ស្ពឺ ពោធិសាត់ និងកណ្តាលនៅឆ្នាំ ២០០៨ ។
២.២. ការរៀបចំទីផ្សារសហគមន៍
កម្មវិធីបានផ្តល់ជាគំនិតដល់សហគម កម្រង ឬបណ្តាញសហគមកសិករ រៀបចំនូវទីផ្សារសហគមន៍នៅតាមភូមិដែលទីផ្សារនេះមានលក់ផលិតផលកសិកម្មដែលផលិតដោយសមាជិក និងគ្រឿងបរិភោគ/ឧបភោគដែលជាតម្រូវការរបស់សមាជិក ។ នៅឆ្នាំ ២០០៧ មានភូមិចំនួន ៦០ បានបង្កើតឲ្យមានតូបដែលយើងហៅថា ទីផ្សារសហគមន៍ នៅបណ្តាខេត្តចំនួន ៧ រួមមាន កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ព្រៃវែង តាកែវ កំពង់ស្ពឺ និងកំពត ។ សមាជិកសរុបមានចំនួន ៩០០ គ្រួសារ បានចូលរួមជាទុនសរុបចំនួន ៧០ លានរៀល សំរាប់វិនិយោគលើការរៀបចំជាតូបលក់ទំនិញ និងសំរាប់ដើមទុនបង្វិលលើការទិញនិងលក់ទំនិញ ។
ក្នុងឆ្នាំ ២០០៧ មានចលនារួមគ្នាក្នុងការលក់ផលិតផលកសិកម្មរបស់កសិករចំនួន ៥៦៨ ដង ក្នុងនោះមានគ្រួសារសរុបចំនួន ១៣០១ គ្រួសារបានចូលរួម ។ ចំណែកឯការទិញផលិតផលរួមគ្នាមាន ៨៦ ដង ដែលមានគ្រួសារសរុបចំនួន ៦២៧ គ្រួសារបានចូលរួម ។ ផលិតផលដែលកសិករធ្វើការរួមគ្នាលក់ ឬ ទិញទំនិញទាំងនេះមាន ស្រូវ ជ្រូក ស្វាយចន្ទី មាន់ និងគ្រឿងឧបភោគ ។
២.៣. ចលនាក្រុមសន្សំប្រាក់ដើម្បីភាពអាស្រ័យលើខ្លួនឯង
នៅបំណាច់ឆ្នាំ ២០០៧ កម្មវិធីបានសម្របសម្រួលបង្កើតក្រុមសន្សំប្រាក់ចំនួន ២.៦១១ ក្រុម មានសមាជិតសរុបប្រមាណ ៣៩.២៨៩ នាក់ ដែលក្នុងនោះស្ត្រីប្រមាណជា ៦១ % ។ ក្រុមសន្សំប្រាក់ទាំងនេះស្ថិតនៅក្នុងភូមិចំនួន ១.៤៤៤ ឃុំចំនួន ២៥៥ ស្រុកចំនួន ៥៩ និងខេត្តចំនួន ១១ ។ ទុនសរុបរហូតមកដល់ពេលនេះ មានចំនួន ២.៨១៩ លានរៀល ។ ដោយសារមានការកែលម្អនូវគោលការណ៍សន្សំប្រាក់ការណ៍នេះបានជម្រុញឲ្យសមាជិករបស់ក្រុម ឬសហគមសន្សំប្រាក់ជាច្រើនបង្កើនការសន្សំប្រាក់ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនឲ្យបានទូលំទូលាយនៅក្នុងភូមិ ។ ជាឧទាហណ៍ សមាគមមួយចំនួនបានចលនាប្រាក់សន្សំរហូតដល់មានទុនលើសពី ៣០ លានរៀល ។
២.៤. ការទទួលយក និងការអនុវត្តគំនិតថ្មីនៅមូលដ្ឋាន
នៅបំណាច់ឆ្នាំ ២០០៧ នេះ ចំនួនគ្រួសារដែលអនុវត្តបច្ចេកទេសថ្មីគឺមាន ៧១.៤៥៩ គ្រួសារ ក្នុងនោះគ្រួសារអនុវត្តប្រព័ន្ធប្រពលវប្បកម្មស្រូវមានជិត ៥ ម៉ឺនគ្រួសារ ។
| ការអនុវត្តបច្ចេកទេស ឬគំនិតថ្មីនៅឆ្នាំ ២០០៧ | ||
| ល.រ | បច្ចេកទេស ឬគំនិតថ្មី | ចំនួនដែលអនុវត្តបាន |
| ១ | ប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិ (ប.វ.ស) | ៤៩.៩២៨ គ្រួសារ |
| ២ | សួនដំណាំ | ១៩.៨១៧ គ្រួសារ |
| ៣ | កសិដ្ឋានពហុប្រយោជន៍ | ៨៩៦ គ្រួសារ |
| ៤ | ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ | ១១.២៨៨ គ្រួសារ |
| ៥ | ចិញ្ចឹមត្រីក្នុងស្រះ | ៦.៦២៩ គ្រួសារ |
| ៦ | ទាក់ទាញត្រីធម្មជាតិ | ៩.១៨០ គ្រួសារ |
| ៧ | ចិញ្ចឹមត្រីក្នុងស្រែ | ៣៦៤ គ្រួសារ |
| ៨ | ចិញ្ចឹមកង្កែប | ២៣៩ គ្រួសារ |
| ៩ | ចិញ្ចឹមអន្ទង់ | ៣៣ គ្រួសារ |
| ១០ | កែលំអការចិញ្ចឹមជ្រូក | ១០.៧០២ គ្រួសារ |
| ១១ | កំប៉ុស្តគោក/សន្សំជីធម្មជាតិ | ៤៨.៩៣៧ គ្រួសារ |
| ១២ | កំប៉ុស្តទឹក | ៧៨៥ គ្រួសារ |
| ១៣ | ថ្នាំពុលផ្សំពីរុក្ខជាតិ | ៩៨០ គ្រួសារ |
| ១៤ | ចង្ក្រានសាមគ្គី | ១.១២៨ គ្រួសារ |
| ១៥ | ចង្ក្រានបាភ្នំ | ២.៦០៩ គ្រួសារ |
| ១៦ | ឈើហូបផ្លែ | ៦៣.១៦១ ដើម |
| ១៧ | ឈើពហុប្រយោជន៍ | ៣៧៩.៧០២ ដើម |
២.៥. ការរៀបចំបណ្តាញនៅតាមមូលដ្ឋាន
សេដាកបានគាំទ្រឲ្យមានការរៀបចំជាបណ្តាញផ្សេងៗជាច្រើន ដើម្បីភ្ជាប់ទំនាក់ទំនងពីក្រុមមួយទៀតនៅមូលដ្ឋាន ម្យ៉ាងទៀតវាជាដៃគូដ៏សំខាន់របស់សេដាកនៅក្នុងការងារអភិវឌ្ឍន៍មូលដ្ឋាន ។ បណ្តាញនីមួយៗមានតួនាទីជួយគាំទ្រដល់ក្រុមដែលជាសមាជិករបស់ខ្លួន នៅមូលដ្ឋាន និងទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ ។ បណ្តាញដែលធំជាងគេ និងត្រូវបានបង្កើតឡើងមុនគេគឺ បណ្តាញកសិករនិងធម្មជាតិ ។ បណ្តាញដែលបង្កើតឡើងជាបន្តបន្ទាប់មាន សហព័ន្ធសហគមន៍ក្រុមផលិតស្រូវសរីរាង្គថ្នាក់ជាតិ សហព័ន្ធក្រុមស្ត្រីថ្នាក់ជាតិ និងសហព័ន្ធក្រុមយុវជនថ្នាក់ជាតិ ។
បណ្តាញកសិករ និងធម្មជាតិៈ មានសមាគមជាសមាជិកចំនួន ១១៤០ សមាគម ស្ថិតក្នុងភូមិចំនួន ១០៤៨ នៅខេត្តចំនួន ១១ និងមាន សមាជិកសរុបចំនួន ២៩.៤៩៣ នាក់ ក្នុងនោះ ៥៧% ជាស្ត្រី ។ នៅកំរិតមូលដ្ឋាន សមាគមភូមិបានចងក្រងគ្នាជាកម្រងថ្នាក់មូលដ្ឋាន ឬហៅថាកម្រងថ្នាក់ឃុំដើម្បីបង្កើនការសហការគ្នា ។ ចុងឆ្នាំ ២០០៧ នេះមានកម្រងចំនួន ១២៦ ត្រូវបានបង្កើតឡើង ដែលមាន ៩២៧ សមាគម ជាសមាជិក ។
សហព័ន្ធសហគមន៍ក្រុមផលិតស្រូវសរីរាង្គថា្នក់ជាតិៈ មានក្រុមផលិតដែលជាសមាជិកចំនួន ៣៧៣ ក្រុម ដូចដែលបានបង្ហាញនៅក្នុងចំណុច ២.១ ។
សហព័ន្ធក្រុមស្ត្រីថ្នាក់ជាតិៈ មានក្រុមស្ត្រីចំនួន ៤៤៧ ក្រុមជាសមាជិក ។ ស្ត្រីដែលចូលរួមមានចំនួន ៦.០១០ នាក់ មកពីខេត្តចំនួន ១០ នៅប្រទេសកម្ពុជា ។
សហព័ន្ធក្រុមយុវជនថ្នាក់ជាតិៈ មានក្រុមយុវជននៅមូលដ្ឋានជាសមាជិកចំនួន ៣២០ ក្រុម ។ យុវជនដែលចូលរួមជាសមាជិកមានចំនួន ៤.៥៦០ នាក់ មកពីខេត្តចំនួន ១០ ។
ក្រៅពីបណ្តាញសំខាន់ៗខាងលើ កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់សេដាកបានសម្របសម្រួលបង្កើតឡើងនូវសមាគមអ្នកផ្សព្វផ្សាយថ្នាក់ស្រុកចំនួន ៣ នៅខេត្តកំពតដែលមានសមាជិកចំនួន ១៨០ នាក់ ។
៣. សនិដ្ឋាន
ជារួម កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់សេដាកបាននឹងកំពុងប្រឈមជាមួយការប្រឹងប្រែងថ្មីៗបន្ថែមទៀត ដើម្បីជួយផ្សារភ្ជាប់កសិករកម្ពុជាទៅនឹងទីផ្សារ ដែលក្រៅពីការងារផលិត កសិករត្រូវចេះពីរបៀបរកទីផ្សារឲ្យផលិតផលរបស់ខ្លួនឲ្យមានតម្លៃសមរម្យផងដែរ តាមរយៈការសហការគ្នាទាំងនៅមូលដ្ឋាន និងទាំងនៅកំរិតជាតិ ។
ស្ថានភាពយុវជនជនបទនៅតំបន់គោលដៅសេដាក
១. សេចក្តីផ្តើម
កន្លងមក សេដាកធ្វើការងារយ៉ាងច្រើននៅក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជា ។ ដើម្បីជួយឲ្យយុវជន និងយុវនារីជនបទអាចត្រៀមខ្លួនបានល្អសម្រាប់
អនាគតរបស់ពួកគេ ក្នុងការចាប់អាជីពដើម្បីចិញ្ចឹមជីវិត សេដាកបានជួយគាំទ្រពួកគេតាមរយៈបណ្តុះបណ្តាលក្រៅផ្លូវការបន្ថែម លើជំនាញបច្ចេកទេសកសិកម្ម និងជំនាញបំនិនជីវិត ចាប់តាំងពីឆ្នាំ ២០០៤ មក តាមរយៈការសហការជាមួយសមាគមកសិករតាមភូមិ ។
កម្មវិធីបានចាប់ផ្តើមដំបូង នៅខេត្តព្រៃវែងកំពង់ចាម និងខេត្តស្វាយរៀង ក្រោយមកយើងបានពង្រីកដល់ការគាំទ្រនេះដល់ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងកណ្តាល ។
នៅឆ្នាំ ២០០៤ កម្មវិធីយើងគាំទ្របាន ៣៥ ក្រុម មានសមាជិក ៤៨៣ នាក់ ។ កម្មវីធីបានពង្រីកការគាំទ្រនេះ ជាបន្តបន្ទាប់រហូតដល់បំណាច់ឆ្នាំ ២០០៧ នេះ ចំនួនក្រុមយុវជន/យុវនារីជនបទមាន ៣២០ ក្រុម សមាជិក ៤.៥៦០ នាក់ ។ ក្នុងចំណោមនោះមាន ២.៨២០ នាក់ (ស្រី ៥០%) បានចូលរួមវគ្គបណ្តុះបណ្តាលជាក្រុមដែលធ្វើឡើងដោយសេដាកនៅឆ្នាំ ២០០៧ ។
ទន្ទឹមនឹងជួយបណ្តុះបណ្តាលក្មេងៗ ដែលស្ថិតនៅក្នុងវ័យសិក្សា សេដាកក៏បានផ្តួចផ្តើមក្នុងការជួយបណ្តុះបណ្តាលយុវជន/យុវនារីឈប់រៀន (អាយុចន្លោះ ១៩-២៥ ឆ្នាំ) លើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទផងដែរ ។ រហូតដល់ឆ្នាំ ២០០៧ មានសិស្សអភិវឌ្ឍន៍ចំនួន ៨០ នាក់ (ស្ត្រី ៣០%) បានចូលរួមរៀនសូត្រ ។ សេដាកមានគោលបំណងពង្រីកការគាំទ្របន្ថែមទៀតដល់យុវជនជនបទ ដើម្បីចូលរួមចំណែកឲ្យបានកាន់តែច្រើន និងខ្លាំងក្លាថែមទៀតក្នុងការដោះស្រាយបញ្ហាអត់ការងារធ្វើ និងអភិវឌ្ឍន៍ធនធានមនុស្សនៅមូលដ្ឋាន ។
ដូច្នេះហើយ ដើម្បីឲ្យអន្តរាគមសេដាកកាន់តែមានប្រសិទ្ធភាព និងទាន់សភាពការណ៍ សេដាកបានធ្វើការអង្កេតជាលក្ខណៈរហ័សមួយដើម្បីពិនិត្យមើលស្ថានភាពបច្ចុប្បន្នរបស់យុវជន/យុវនារីនៅជនបទ នៅតាមតំបន់គោលដៅអភិវឌ្ឍន៍របស់សេដាក ។ គោលបំណងនៃការសិក្សាគឺ :
- ស្វែងយល់ពីស្ថានភាពនៃការអប់រំរបស់យុវជនជនបទ ដើម្បីរកបញ្ហា និងតំរូវការរបស់ពួកគេ
- សិក្សាពីលទ្ធភាពក្នុងការជំរុញវិស័យកសិកម្មដើម្បីជួយដល់យុវជនជនបទដែលបានឈប់រៀន
ស្ថានភាពកំរិតអប់រំរបស់យុវជន/យុវនារីជនបទ
២. វិធីសាស្ត្រសិក្សា
សិក្សានៅភូមិចំនួន ២២ នៅខេត្តកំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង កំពង់ស្ពឺ និងព្រៃវែង ។ យើងជួបជាមួយប្រធានភូមិដើម្បីស្រង់ស្ថិតិយុវជន និងយុវនារីដែលមានអាយុចន្លោះពី ១៥ ទៅ ២០ ឆ្នាំ ។ ពិភាក្សាជាក្រុមជាមួយយុវជន/យុវនារីចំនួន ២២ ក្រុម (ក្រុម/ភូមិ) ។
សម្ភាសន៍ជាមួយឪពុកម្តាយចំនួន ២០៩ គ្រួសារ និងសម្ភាសន៍ជាមួយយុវជន/យុវនារីដែលបានឈប់រៀនចំនួន ១២៤ នាក់ ។
៣. លទ្ធផលនៃការសិក្សា
នៅក្នុងភូមិសិក្សាទាំង ២២ មានយុវជន និង យុវនារីស្ថិតនៅក្នុងវ័យនេះចំនួន ១.៦៤៤ នាក់ ដែលក្នុងនោះ ៤៩% ជាស្រី ។ គិតជាមធ្យម គឺ ៧៥ នាក់ក្នុងមួយភូមិ ។
ស្ថានភាពកំរិតអប់រំ
ចំពោះកំរិតអប់រំវិញ ពួកគេភាគច្រើនបានរៀន ត្រឹមបឋមសិក្សា និងបន្ទាប់មកត្រឹមមធ្យមសិក្សា ។ ចំណែកឯអ្នកមិនបានសិក្សាមាន ៤.២% ។
ក្នុងចំណោមយុវជន/យុវនារីទាំងអស់មានតែ ៣៩% ប៉ណ្ណោះដែលកំពុងសិក្សា ហើយភាគច្រើនជាយុវជន ។ ចំណែកឯអ្នកឈប់រៀនមានចំនួនច្រើន ហើយភាគច្រើនជាស្រីទៀត ។
បច្ចុប្បន្នភាពនៃការសិក្សារបស់យុវជន/យុវនារីជនបទ
មានមូលហេតុជាច្រើន ដែលធ្វើឲ្យពួកគេសម្រេចចិត្តឈប់រៀន ឬឪពុកម្តាយរបស់គេសម្រេចចិត្តលែងឲ្យរៀន ។
សម្រេចឈប់ដោយខ្លួនឯង (៦៤%) : មានអ្នកខ្លះខ្ជិលរៀនតែម្តង អ្នកខ្លះទៀតមិនចេះក៏លែងចង់ និងមួយចំនួនទៀតមិត្តភ័ក្ត្រនាំគេចសាលា យូរទៅណាយចិត្តលែងចង់ចូលសាលា ។ ម្យ៉ាងទៀត ពេលឃើញគេឈប់ក៏ឈប់តាមដែរ ព្រោះមានអ្នកខ្លះពេលឈប់រៀនអាចរកប្រាក់បាន ។ ទាំងនេះវាក៏អាចបណ្តាលមកពី កង្វះការលើកទឹកចិត្ត និងការអប់រំបន្ថែមនៅក្នុងគ្រួសារ ហើយផ្អែកទាំងស្រុងទៅលើគ្រូបង្រៀន ។
ឪពុកម្តាយសម្រេចចិត្តលែងឲ្យរៀន (៣៦%) : គ្រួសារខ្លះក្រីក្រពេកមិនមានលទ្ធភាពឲ្យកូនរៀនបន្ត និងខ្លះទៀតខ្វះកំលាំងសមាជិកសកម្មជួយក្នុងគ្រួសារ ។ គ្រួសារមួយចំនួនមើលឃើញកូនអ្នកដទៃទៀតដែលរៀនសូត្របានខ្ពស់តែរកការងារមិនបានធ្វើ ទើបមិនចង់ឲ្យកូនរៀននាំខាតពេលវេលា និងថវិកា ។ គ្រួសារខ្លះទៀតនៅប្រកាន់គំនិតចាស់គំរិលថា "កូនស្រីរៀនមិនបានការអ្វី" ។
ស្ថានភាពបច្ចុប្បន្ននៃអ្នកដែលឈប់រៀន
ចំពោះយុវជន/យុវនារី ដែលឈប់រៀនទាំងអស់នេះមាន :
- ៤៣.៨% កំពុងរស់នៅក្នុងភូមិជាមួយគ្រួសារ
- ២៣.៥% ធ្វើចំណាកស្រុកមិនអចិន្ត្រៃយ៍ គឺទៅតាមពេលមានការងារធ្វើឬអត់ ឬ ទៅតាមរដូវកាល ។ ការងារទាំងនោះមានដូចជា កម្មករសំណង់នៅទីក្រុង/ទីប្រជុំជន ស៊ីឈ្នួលច្រូតស្រូវ បេះផ្លែសណ្តែក ស៊ីឈ្នួលរែកដី ធ្វើកម្មកររោងម៉ាស៊ីនកិនស្រូវ ។ល។
- ២៩.២% ធ្វើចំណាកស្រុកអចិន្ត្រៃយ៍ដែលក្នុងចំណោមនេះ ៧១% ជាស្រី ។ ភាគច្រើនគឺទៅធ្វើការជាកម្មកររោងចក្រកាត់ដេរ និងមួយចំនួនតូចទៅបម្រើតាមផ្ទះគេ ធ្វើការបំរើនៅតាមភោជនីយដ្ឋាន កម្មករសំណង កម្មករឡឥដ្ឋ កម្មករនៅតំបន់ជាយដែនថៃ ធ្វើជាសន្តិសុខនៅតាមសណ្ឋាគារ ក្រុមហ៊ុន និងយាមផ្ទះឲ្យគេ ។
- ៣.៥% កំពុងបួសរៀននៅវត្ត ។
អាជីពដែលជាបំណងនាពេលអនាគត
តាមរយៈការសម្ភាសន៍ជាមួយ ឪពុកម្តាយចំនួន ២០៩ គ្រួសារ ឃើញថា ៧២.២% ចង់ឲ្យកូនរស់នៅក្នុងភូមិ ១៥.៣% ចង់ឲ្យកូនចំណាកស្រុកដើម្បីប្រកបមុខរបរផ្សេងក្រៅពីធ្វើកសិកម្ម និង ១២% ថាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់កូន ។
តាមការសម្ភាសន៍ជាមួយយុវជន/យុវនារីផ្ទាល់ចំនួន ១២៤ នាក់ មាន ៧៩.៨% ចង់រស់នៅក្នុងភូមិ និង ២០.២% ចង់ចំណាកស្រុក ។
| ប្រភេទអាជីពដែលចង់ធ្វើទៅថ្ងៃអនាគត | |||
| ល.រ |
មុខរបរទៅអនាគត |
តាមគំនិតរបស់ឪពុកម្តាយ (%) | តាមគំនិតរបស់យុវជន/យុវនារីផ្ទាល់ (%) |
| ១ | ជាកសិករនៅក្នុងភូមិ | ៤៨.៨ % | ៥៤.៤៨ % |
| ២ | ធ្វើការលក់ដូរនៅក្នុងភូមិ | ៣.៨ % | ៨.៩ % |
| ៣ | ធ្វើជាមន្ត្រីរាជការ | ១.៤ % | ០.៨ % |
| ៤ | ធ្វើជាកសិករផង និងរកស៊ីផង | ១៤.៤ % | ១៤.៥ % |
| ៥ | ធ្វើការដោយប្រើជំនាញ | ១១.០ % | ៦.៥ % |
| ៦ | ធ្វើការដោយលក់កំលាំងពលកកម្ម | ៩.៦ % | ១០.៥ % |
| ៧ | មិនច្បាស់ថាត្រូវធ្វើអ្វី | ១១.០ % | ៤.០ % |
| សរុប | ១១០ % | ១១០ % | |
បញ្ហាប្រឈមមុខនៅពេលបច្ចុប្បន្ន និងទៅអនាគត
តាមរយៈការសិក្សាយើងសង្កេតឃើញថា អាត្រានៃការបោះបង់ចោលការសិក្សារមានកំរិតខ្ពស់ ដោយភាគច្រើនរៀនបានត្រឹមកំរិតបឋមសិក្សា ។ ដូច្នេះពួកគេសព្វថ្ងៃកំពុងតែប្រឈមមុខទៅនឹងបញ្ហាមួយចំនួន នៅក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគតៈ
១. ការប្រកបរបរចញ្ចឹមជីវិតប្រើដោយកំលាំងពលកម្ម (ជាពិសេសជាកម្មករកាត់ដេរ និងកម្មករសំណង់) ក្នុងចំណោមអ្នកធ្វើចំណាកស្រុក អ្នកមានអាយុមិនទាន់ គ្រប់ ១៨ មានរហូតដល់ ៥០% (១៥-១៧ ឆ្នាំ) ដែលវាផ្ទុយនឹងច្បាប់ការងារបានចែងថា អ្នកដែលអាយុមិនគ្រប់ ១៨ ឆ្នាំ មិនអាចមានសិទ្ធចូលទៅបំរើការងារបានទេ ។ ដូច្នេះតើទៅថ្ងៃអនាគត ការប្រឈមមុខទៅនឹងបញ្ហាសុខភាពនឹងទៅជាយ៉ាងណា ?
២. ភាពគ្មានជំនាញ ឬបច្ចេកទេសច្បាស់លាស់ចំណេះដឹងមូលដ្ឋានតិចតួចពេក អាចប៉ះពាល់ដល់ស្ថានភាពជីវភាពនៅពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត គួបផ្សំនឹងមិនសូវបានទទួលសេវាអប់រំពីសង្គមផងនោះ វានឹងងាយកើតមានអំពើហិង្សានៅពេលដែលពួកគេមានគ្រួសារ ។ ម្យ៉ាងទៀត វាអាចងាយទទួលរងការបោកប្រាស់ និងកេងប្រវ័ញ្ចពីអ្នកដទៃ (ពិសេសក្មេងស្រី) ។
៣. ការទាញផលចំណេញពីគម្រោងអភិវឌ្ឍន៍ នៅពេលដែលមានស្ថាប័នផ្សេងៗចូលធ្វើការអភិវឌ្ឍន៍នៅក្នុងភូមិឃុំរបស់ពួកគេ ការចាប់យកឱកាសអាចមានកំរិតខ្សោយ ដោយសារចំណេះដឹងទូទៅរបស់ពួកគេទាបពេក ។
៤. ចំណាកស្រុកគ្នានសុវត្តិភាព បើយើងពិនិត្យលើព័ត៌មានដែលកសិករបានផ្តល់ឲ្យ កូនស្រីដែលចំណាកស្រុកទៅទីក្រុងភ្នំពេញ ភាគច្រើនមកធ្វើការនៅរោងចក្រកាត់ដេរ ឬបំរើតាមផ្ទះគេ ។ ប៉ុន្តែបើយើងសង្កេតឃើញមើលនៅទីក្រុង មាននារីជាច្រើនមកធ្វើការជាអ្នកបំរើស្រាបៀរ ម៉ាស្សា ខារ៉ាអូខេ ។ ហេតុអ្វីបានជាមិនមានលើកឡើងពីជំពូកការងារនេះ នៅពេលដែលពួកគេផ្តល់ព័ត៌មាន (ពួកគេមិនដឹង ? ពួកគេមិនហ៊ានប្រាប់យើងដោយសារខ្មាស់អៀនយើង ?) ។ អ្វីដែលជាបញ្ហាមួយគួរឲ្យព្រួយបារម្មណ៍គឺការចំណាកស្រុកគ្មានសុវត្ថិភាព ដោយពួកគេមិនបានទទួលព័ត៌មានបានច្បាស់លាស់ ។
៤. សន្និដ្ឋាន
នៅជនបទ មានយុវជន/យុវនារីភាគច្រើនដែលមិនមានលទ្ធភាពរៀនបន្ត ហើយក្នុងចំណោមនោះភាគច្រើនចង់រស់នៅប្រកបរបររកស៊ីនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ដូច្នេះជាតម្រូវការជាក់ស្តែង ទាមទារឲ្យមានការគាំទ្រពួកគេជាក់លាក់ ដើម្បីចាប់យកអាជីពបានច្បាស់លាស់នៅជនបទ ។ ការងារក្នុងវិស័យកសិកម្ម ឃើញថា ជាបំណងរបស់យុវជន/យុវនារីជនបទ ក៏ដូចជាឪពុកម្តាយភាគច្រើន ។
ស្ថានភាពថ្នាំពុលកសិកម្មនៅកម្ពុជា ២០០៧
សេចក្តីផ្តើម
ចាបតាំងពីចុងឆ្នាំ ១៩៩៩ មក អង្គការសេដាកបានធ្វើការតាមដាន និងសិក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហាថ្នាំពុលកសិកម្មនៅកម្ពុជា តាមរយៈការគាំទ្រថវិកាពីអង្គការអុកស្វាមអាមេរិក អុកស្វាមអង់គ្លេស និងអង្គការ/ស្ថប័នមួយចំនួនទៀត ។ នៅក្នុងទស្សនាវដ្តីលេខនេះ យើងសូមលើកយកលទ្ធផលនៃការតាមដាន បញ្ហាថ្នាំពុលនៅកម្ពុជានៅឆ្នាំ ២០០៧ នេះ មកបង្ហាញដោយផ្តោតលើការងារគ្រប់គ្រងថ្នាំពុលកសិកម្ម ទីផ្សារថ្នាំពុលកសិកម្ម ការប្រើប្រាស់ថ្នាំពុលកសិកម្ម ភាពគ្រោះថ្នាក់ដោយសារថ្នាំពុលកសិកម្ម និងចំណេះដឹងកសិករលើបញ្ហាថ្នាំពុលកសិកម្ម ។
វិធីសាស្ត្រសិក្សា
ការសិក្សានេះធ្វើឡើងចាប់ពីខែមិថុនា ឆ្នាំ ២០០៦ ដល់ខែធ្នូ ឆ្នាំ ២០០៧ នៅតំបន់ជុំវិញបឹងទន្លេសាប ទន្លេបាសាក់ ទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម ។ ក្នុងនោះមានខេត្តចំនួន ៩ រួមមាន កណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង និងក្រចេះ ។ យើងមានការតាមដានជាក់លាក់នៅភូមិចំនួន ២៤ ដែលជាតំបន់គោលដៅសេដាក និង ៥ ភូមិ មិនមែនជាតំបន់គោលដៅរបស់សេដាកនៅតាមបណ្តាខេត្តខាងលើ ។ ក្នុងភូមិនីមួយៗ យើងជ្រើសរើសសំណាកកសិករ ១០ គ្រួសារ មកសិក្សា និងកសិករសហការ ២ នាក់ ជាអ្នកជួយតាមដាន និងកត់ត្រាទិន្នន័យដែលពាក់ព័ន្ធថ្នាំពុលកសិកម្មរបស់គ្រួសារសំណាក នៅក្នុងភូមិរបស់ខ្លួន ដោយមានការជួយគាំទ្រវិធីសាស្ត្រ ពីអ្នកដឹកនាំការស្រាវជ្រាវ ។ សំណាកកសិករសរុបគឺ ២៩០ គ្រួសារ ។ ក្រៅពីនេះ យើងបានធ្វើការសិក្សានៅតាមផ្សារចំនួន ៩ នៅតាមបណ្តាខេត្តខាងលើ និងផ្សារមួយក្នុងក្រុងភ្នំពេញ (ផ្សារច្បារអំពៅ) ។
លទ្ធផលនៃការសិក្សា
១. បទដ្ឋានច្បាប់ស្តីពីការគ្រប់គ្រងថ្នាំពុលកសិកម្ម
ចាប់តាំងពីឆ្នាំ ១៩៩៨ មក កម្ពុជាមានបទដ្ឋានច្បាប់ ក្នុងការគ្រប់គ្រងថ្នាំពុលកសិកម្មមួយចំនួនដែលមាននាយកដ្ឋាននីតិកម្មកសិកម្មជាស្ថាប័នទទួលខុសត្រូវ ។
បទដ្ឋានច្បាប់ទាំងនោះមានដូចជា
- អនុក្រឹត្យលេខ ៦៩ ស្តីពី បមាណីយ និងការគ្រប់គ្រងសំភារៈកសិកម្ម ចេញនៅថ្ងៃទី ២៨ តុលា ១៩៩៨ ។
- សារាចរណែនាំលេខ ៣៤៥ ស្តីពីការអនុវត្តអនុក្រឹត្យលេខ ៦៩ ចេញនៅថ្ងៃទី ២១ មករា ២០០២ ។
- ប្រកាសលេខ ៥៩៨ ស្តីពី បញ្ជីថ្នាំពុលកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចេញនៅថ្ងៃទី ១២ ធ្នូ ២០០៣ ។
- សារាចរណែនាំលេខ ០៣ សរ ស្តីអំពីវិធានការណ៍ពង្រឹងប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យការធ្វើអាជីវកម្មសម្ភារៈកសិកម្ម ចេញនៅថ្ងៃទី ២៧ កក្កដា ២០០៧ ។
ការអនុវត្តបទដ្ឋានច្បាប់ស្តីអំពីការគ្រប់គ្រងថ្នាំពុលកសិកម្មដែលមានហើយ នៅតែមិនទាន់មានប្រសិទ្ធភាព ។ ជាក់ស្តែងថ្នាំពុលកសិកម្មជាច្រើនដែលខុសច្បាប់នៅតែមានលក់នៅតាមផ្សារ និងប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យកសិកម្មកម្ពុជា ។
ឆ្នាំ ២០០៦ សភាជាតិនៃកម្ពុជាបានអនុម័តច្បាប់ឲ្យកម្ពុជាចូលជាសមាជិកអនុសញ្ញាស្តុកខូមស្តីអំពី សារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ ហើយគណៈរដ្ឋមន្ត្រីបានអនុម័តគាំទ្រលើផែនការជាតិសម្រាប់អនុវត្តអនុសញ្ញានេះ ដោយមានក្រសួងបរិស្ថានជាស្ថាប័នអនុវត្ត ។
២. ទីផ្សារថ្នាំពុលកសិកម្ម
តាមស្ថិតិលិខិតអនុសញ្ញាតធ្វើអាជីវកម្ម បញ្ជីការ និងនាំចូលសម្ភារៈកសិកម្មរបស់នាយកដ្ឋាននីតិកម្មកសិកម្មនៅឆ្នាំ ២០០៦ មានការនាំចូលថ្នាំពុលកសិកម្មចំនួន ៥៤២ តោន ។ បើតាមមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ ២០០៧ មានក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីការបន្តការនាំចូល និងចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជា ។
នៅដើមឆ្នាំ ២០០៧ កម្ពុជាបានទទួលអំណោយថ្នាំពុលកសិកម្មចំនួនប្រមាណជា ៥០ តោន ដែលថ្នាំទាំងនោះមិនមានស្លាកសញ្ញាភាសាខ្មែរ ។ ក្នុងនោះមានថ្នាំ ២ ប្រភេទគឺ Buprofezin និង Fenobucarb មានឈ្មោះពាណិជ្ជកម្មថា Buty lowp និង Bascide 50EC សម្រាប់កំចាត់មមាចត្នោតលើដំណាំស្រូវ ។
តាមការសង្កេត ពាណិជ្ជកម្មថ្នាំពុលកសិកម្មនៅកម្ពុជាកំពុងតែកើនឡើង ដោយមានក្រុមហ៊ុនផលិត និងចែកចាយជាច្រើនកំពុងចរាចរទំនិញថ្នាំពុលកសិកម្មនៅកម្ពុជា ដែលបង្ហាញឲ្យឃើញជាក់ស្តែងតាមរយៈពិនិត្យលើប្រភេទ និងស្លាកសញ្ញានៅលើដបថ្នាំពុលកសិកម្មដែលមានដាក់លក់នៅផ្សារ និងប្រើប្រាស់នៅកម្ពុជា ។
ថ្នាំពុលកសិកម្មដែលកសិករប្រើមានស្លាកសញ្ញាជាភាសាបរទេស
តាមការអង្កេត យើងឃើញមានថ្នាំពុលចំនួន ១៣២ មុខ (១១ មុខ មានធាតុសកម្ម ២-៣ ប្រភេទ) និងត្រូវជា ៥៣១ ឈ្មោះពាណិជ្ឋកម្ម ។ តាមតួលេខខាងលើបង្ហាញថារយៈពេល ៥ ឆ្នាំចុងក្រោយនេះ ប្រភេទថ្នាំពុលកសិកម្មមានការកើនឡើងប្រមាណ ៩% បើគិតតាមឈ្មោះទូទៅឬប្រមាណ ២៣% បើគិតតាមឈ្មោះពាណិជ្ជកម្ម ។
ថ្នាំពុលកសិកម្មចំនួន ២២ មុខ បើរាប់តាមឈ្មោះទូទៅឬ ១៥១ មុខ បើរាប់តាមឈ្មោះពាណិជ្ជកម្មស្ថិតនៅក្នុងបញ្ជីថ្នាំពុលកសិកម្មដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ និងក្នុងបញ្ជីថ្នាំពុលអនុញ្ញាតឲ្យប្រើប្រាស់ជាបណ្ណោះអាសន្នដោយមានលក្ខខ័ណ្ឌ ។ ជាមួយគ្នានេះ មានថ្នាំពុល ១៩ មុខ បើរាប់តាមឈ្មោះទូទៅ ឬ ៣០ មុខបើរាប់តាមឈ្មោះពាណិជ្ជកម្ម មិនមាននៅក្នុងប្រកាសលេខ ៥៩៨ ប្រក.កសក ដែលជាប្រកាសស្តីអំពីបញ្ជីថ្នាំកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ចំពោះស្លាកសញ្ញាលើដបថ្នាំកសិកម្ម យើងសង្កេតឃើញ ៩៥% នៃស្លាកសញ្ញាថ្នាំពុលកសិកម្មនៅតែជាភាសាបរទេសរួមមាន ភាសាវៀតណាម (៥២%) ភាសាថៃ (៣៧%) ភាសាអង់គ្លេស (៥%) និងភាសាចិន (១%) ។ ចំណែកថ្នាំពុលកសិកម្មដែលមានស្លាកសញ្ញាភាសាខ្មែរភាគ ច្រើនជាថ្នាំពុលកសិកម្មដែលស្ថិតនៅក្នុងបញ្ជីថ្នាំពុលដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ ឬក្នុងបញ្ជីថ្នាំពុលអនុញ្ញាតឲ្យប្រើប្រាស់ជាបណ្តោះអាសន្នដោយមានលក្ខខ័ណ្ឌ ។
៣. ទំហំនៃការប្រើប្រាស់ថ្នាំពុលកសិកម្ម
នៅតែមានបន្តការប្រើថ្នាំពុលកសិកម្មយ៉ាងខ្លាំងលើការដាំដំណាំសម្រាប់ផ្គត់ផ្គង់ទីផ្សារដូចជា បន្លែ ស្រូវប្រាំង ថ្នាំជក់ និងសណ្តែក ។ ការធ្វើស្រែប្រាំងមានទំហំកើនឡើងនៅពេលគេដឹងថា វាពឹងផ្អែកលើការប្រើគីមីកសិកម្មដូចជា ជីគីមី និងថ្នាំពុលកសិកម្ម ។ កសិករភាគច្រើនហាក់ដូចជានៅតែមានគំនិតចង់ប្រើថ្នាំពុល ដើម្បីបំបាត់ជាបន្ទាន់នូវបញ្ហាកត្តាចង្រៃ ជាមួយនឹងការគិតគូរដ៏តិចតួចពីបញ្ហាផលិតវិបាកនាអនាគតនៃសុខភាព និងបរិស្ថាន ។
លទ្ធផលនៃការអង្កេត ៩៨% នៃផ្ទៃដីដាំបន្លែ និងថ្នាំជក់ ៩៥% នៃផ្ទៃដីស្រែប្រាំង និងដាំសណ្តែកបាយ និង ៤០% នៃផ្ទៃដីស្រែវស្សាត្រូវបានកសិករប្រើប្រាស់ថ្នាំពុលកសិកម្មដើម្បីកំចាត់កត្តាចង្រៃ ។ ក្នុង ១ ហិចតា ជាមធ្យមកសិករប្រើថ្នាំពុលកសិកម្មអស់ ៤០ លីត្រ លើដំណាំបន្លែ ២០ លីត្រ លើដំណាំសណ្តែក ១.៥ លីត្រ លើដំណាំបន្លែ ២០ លីត្រ លើដំណាំស្រូវប្រាំង និង ០.៨ លីត្រ លើដំណាំស្រូវវស្សា ។
តម្លៃថ្នាំពុលមានការកើនឡើង ក្នុងចន្លោះពី ២.៥ ទៅ ២០ ដុល្លារ/លីត្រ បើគិតជា មធ្យម ១០ ដុល្លារ/លីត្រ ។ តាមការប៉ាន់ស្មាន បរិមាណថ្នាំពុលដែលប្រើប្រាស់នៅកម្ពុជាលើដំណាំនៅក្នុងឆ្នាំ ២០០៦-២០០៧ អស់ប្រមាណ ៣.៥៧០ តោន និងចំណាយអស់ទឹកប្រាក់ប្រមាណ ៣៧ លានដុល្លារអាមេរិក ។ ប្រសិនបើប្រៀបធៀបនឹងឆ្នាំ ២០០១/២០០២ ការប្រើប្រាស់ថ្នាំពុលនៅកម្ពុជាមានកំណើនប្រមាណ ១១.៦% ។
៤. ចំណេះដឹងកសិករពីការប្រើប្រាស់ថ្នាំពុលកសិកម្ម
កសិករដាំបន្លែ ៥៣% និយាយថា គាត់ចេះដឹងពីរបៀបលាយថ្នាំពុលសម្រាប់ប្រើពីកសិករជិតខាង ៤៤% ចេះពីអ្នកលក់ថ្នាំពុល និង ៣% ចេះការដកពិសេធន៍ដោយខ្លួនឯង ។ លទ្ធផលនេះបញ្ជាក់ថាអ្នកលក់ថ្នាំពុលនៅតែបានណែនាំយ៉ាងសកម្មដល់កសិករលាយថ្នាំពុលច្រើនមុខបញ្ចូលគ្នា ឬលាយផ្សំថ្នាំពុលច្រើនមុខឲ្យកសិករតែម្តងនៅក្នុងជំនួញរបស់ពួកគាត់ ។ នេះជាប្រការ គួរឲ្យព្រួយបារម្ភណាស់ព្រោះមានអ្នកលក់តែ ២.៥% ដែលនិយាយថា ពួកគាត់បានរៀនពីការប្រើប្រាស់ថ្នាំពុលកសិកម្ម ។
ទោះបីមានការផ្សាយដោយផ្ទាល់ពីបញ្ហាថ្នាំពុលតាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាសាលា វេទិកា យុទ្ធនាការ និងតាមប្រព័ន្ធផ្សព្វផ្សាយចាប់តាំងពីចុងឆ្នាំ ១៩៩៩ មកក្តី ក៏នៅមានកសិករ ៣៧% និយាយថា ពួកគាត់ពុំធ្លាប់ទទួល ឬបានដឹងព័ត៌មានអំពីផលអាក្រក់របស់ថ្នាំពុលចំពោះសុខភាព និងបរិស្ថានទេ ។ ពួកគាត់តែងតែជួបការពុលភ្លាមៗដូចជា ឈឺក្បាល វិលមុខ នៅកំឡុងពេល ឬបន្ទាប់ពីបាញ់ថ្នាំពុលរួច ។
៥. ការពុលថ្នាំពុលកសិកម្ម
នៅក្រៅតំបន់សហប្រតិបត្តិការរបស់សេដាក ក្នុងចំណោមកសិករដែលប្រើថ្នាំពុលកសិកម្ម មានកសិករ ៤៩% ធ្លាប់ពុលថ្នាំពុលកសិកម្ម ហើយព្យាបាលនៅក្នុងភូមិដោយការចាក់ថ្នាំពេទ្យ ឬព្យួរសេរ៉ូម ។
ដោយឡែកនៅក្នុងតំបន់ ដែលធ្លាប់ទទួលបានការផ្សព្វផ្សាយពីសេដាក ក្នុងចំណោមកសិករដែលប្រើថ្នាំពុលកសិកម្ម មាន ២៤% បានពុលថ្នាំពុលកសិកម្មក្នុងកំរិតស្រាល និង ២% មានរោគសញ្ញានៃការពុលរ៉ាំរ៉ៃដោយសារពួកគាត់ធ្លាប់ប្រើប្រាស់ថ្នាំពុលកសិកម្មយូរមកហើយ ។ ទន្ទឹមនេះ មានករណីគួរឲ្យសោកស្តាយបំផុតនោះគឺមាន ៣ នាក់ បានសម្លាប់ខ្លួនដោយសារការផឹកថ្នាំពុល ។ ទោះជាយ៉ាងនេះក៏ដោយ ការពុលថ្នាំពុលកសិកម្មមានការថយចុះបើប្រៀបធៀបនឹងការសិក្សាឆ្នាំ ២០០២ ដែលមានកសិកររហូតដល់ជាង ៩០% ធ្លាប់បានពុលថ្នាំពុលកសិកម្ម ។
លើសពីនេះទៀត ការប្រើប្រាស់ថ្នាំពុលត្រូវបានកសិករកត់សំគាល់ថា មានគ្រោះថ្នាក់ដល់សត្វពាហនៈ ។ នៅក្នុងតំបន់សិក្សានៅឆ្នាំនេះ មានគោចំនួន ៥១ ក្បាល ស្លាប់ ដែលកសិករសង្ស័យថា បានស្លាប់ដោយសារការប្រើថ្នាំពុលកសិកម្ម ។ ទោះបីយ៉ាងណា នៅកម្ពុជាមិនមានទិន្នន័យផ្លូវការពីចំនួនអ្នកសម្លាប់ខ្លួន អ្នករងគ្រោះ និងចំនួនសត្វពាហនៈស្លាប់ដោយសារថ្នាំពុលកសិកម្មនៅឡើយទេ ។
សន្និដ្ឋាន
កម្ពុជាបានបង្កើតបទដ្ឋានច្បាប់មួយចំនួនពាក់ព័ន្ធ នឹងថ្នាំពុលកសិកម្ម ដោយឡែកការអនុវត្តច្បាប់ឃើញថានៅមានការខ្វះខាតច្រើន ដោយថ្នាំពុលកសិកម្មដែលស្ថិតក្នុងបញ្ជីហាមឃាត់នៅតែចរាចរយ៉ាងទូលាយនៅលើទីផ្សារ និងស្លាកសញ្ញាភាគច្រើនលើសលប់នៅតែជាភាសាបរទេស ។
ពាណិជ្ជកម្ម និងការប្រើប្រាស់ថ្នាំពុលកសិកម្មមានការកើនឡើងទាំងបរិមាណ និងប្រភេទ ជាពិសេសចំពោះដំណាំបន្លែ និងស្រូវប្រាំង ទោះបីជាមានការខិតខំប្រឹងប្រែងពីក្រសួងពាក់ព័ន្ធ ក៏ដូនជាអង្គការសង្គមស៊ីវិល ដែលប៉ុនប៉ងកាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្មនៅកម្ពុជាក៏ដោយ ។ ទោះជាយ៉ាងណាក៏ដោយ អត្រាអ្នកពុលថ្នាំកសិកម្មក្នុងចំណោមអ្នកប្រើប្រាស់នៅតំបន់ទទួលការផ្សព្វផ្សាយមានការថយចុះ ។ ដូចនេះស្ថាប័នមានសមត្ថកិច្ចគួរពិនិត្យឡើងវិញពីការអនុវត្តន៍ច្បាប់ និងបទដ្ឋានដែលមានស្រាប់ និងបង្កើនយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់របស់ថ្នាំពុលកសិកម្មបន្ថែមទៀត ។
ការបណ្តុះបណ្តាលបច្ចេកទេសធ្វើចង្ក្រានសាមគ្គីដល់សហគមន៍

ចង្ក្រានកែលម្អ ប្រភេទចង្ក្រានសាមគ្គី ជាបច្ចេកទេសថ្មីមួយដែលសេដាកកំពុងតែជំរុញតាមរយៈបណ្តាញវីណេតខាម ដល់កសិករនៅតាមមូលដ្ឋាន ជាពិសេសក្រុមស្ត្រី ។ ថ្មីៗនេះ បណ្តាញវីណេតខាមបានសហការជាមួយគម្រោងមួយរបស់អង្គការសេដាក ដែលមានឈ្មោះថា ប្រព័ន្ធចិញ្ចឹមជីវិតរបស់កសិករក្រីក្រប្រកបដោយនិរន្តរភាព (SLF) ដើម្បីចុះផ្សព្វផ្សាយ និងបណ្តុះបណ្តាលពីបច្ចេកទេសធ្វើចង្ក្រានសាមគ្គីដល់សហគមន៍ ។
គោលបំណងនៃការផ្សព្វផ្សាយគឺ
- បង្កើនការយល់ដឹង និងការប្រើប្រាស់ឲ្យបានទូលំទូលាយនូវចង្ក្រានដែលប្រើអុសអស់តិច
- បណ្តុះឲ្យមានជាងធ្វើចង្ក្រាននៅតាមសហគមន៍ ។
ជាលទ្ធផល ចាប់ពីខែមេសា រហូតមកដល់ខែវិច្ឆិកា ឆ្នាំ ២០០៧ កម្មវិធីយើងបានចុះផ្សព្វផ្សាយ និងបណ្តុះបណ្តាលនៅតាមមូលដ្ឋានបានចំនួន ១១ លើក ដែលក្នុងនោះមានកសិករចូលរួមសរុប ២៤១ នាក់ (ស្ត្រី ៤៨%) មកពីភូមិចំនួន ៦៩ នៅស្រុកចំនួន ៤ នៃខេត្តកំពង់ធំ កំពង់ស្ពឺ និងកំពង់ឆ្នាំង ។
កសិករដែលបានទទួលការបណ្តុះបណ្តាលភាគច្រើនបានធ្វើចង្ក្រានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងមួយចំនួនបានធ្វើលក់ឲ្យអ្នកផ្សេងទៀតនៅក្នុងតំបន់ និងក្រៅតំបន់គោលដៅនៃគម្រោង ។ ចំណូលពីការលក់ចង្ក្រានអាចបានពី ១០០០០៛ ទៅ ១៥០០០៛ ក្នុងមួយចង្ក្រាន ។
ចង្ក្រានប្រភេទនេះ គ្រួសារជនបទអាចផលិតបានដោយខ្លួនឯងព្រោះវាអាចធ្វើពីដីដំបូក ឬដីឥដ្ឋដែលមាននៅជុំវិញផ្ទះ ។ អត្ថប្រយោជន៍ការប្រើប្រាស់ចង្ក្រានសាមគ្គីនេះមានដូចខាងក្រោមៈ
- កាត់បន្ថយបន្ទុកចំណាយរបស់កសិករក្នុងការទិញចង្ក្រានយកមកប្រើប្រាស់
- លើកកំពស់សុខភាពស្ត្រីតាមរយៈការប្រើប្រាស់ចង្ក្រានពុំសូវមានផ្សែង និងចង្ក្រានមានកំពងផ្សែង
- បង្កើនបរិយាកាសផ្ទះបាយស្អាតជាងមុនតាមរយៈការប្រើប្រាស់ចង្ក្រានកែលំអ
- ជួយសំរួលបន្ទុកការងារស្ត្រីដែលជាអ្នកដាំស្ល និងចំណេញពេលវេលា (ដុតអុសមួយកន្លែងអាចប្រើឆ្នាំងបានពីរក្នុងពេលតែមួយ)
- កាត់បន្ថយបន្ទុកចំណាយលើការទិញអុស ឬដើររកអុសដោយសារចង្ក្រាននេះមានលក្ខណៈសន្សំសំចៃអុស
- សុវត្ថិភាពនៅពេលដាំស្ល ពុំបណ្តាលឲ្យឆាបឆេះជញ្ជាំង ឬផ្ទះ ។
តើមានអ្វីកើតឡើងចំពោះបរិស្ថានបច្ចុប្បន្ននេះ ?
នៅក្នុងទស្សនាវដ្តីអភិវឌ្ឍន៍មូលដ្ឋានលេខមុខ យើងបានលើកយកមកបង្ហាញម្តងរួចមកហើយនូវការប្រែប្រួលអាកាសធាតុពិភពលោក មូលហេតុនៃការប្រែប្រួល និងផលប៉ះពាល់របស់វាចំពោះពិភពលោក និងជាពិសេសនៅតំបន់អាស៊ី ។ នៅក្នុងទស្សនាវដ្តីលេខនេះ យើងខ្ញុំសូមលើកយកលទ្ធផលនៃការសិក្សាមួយចំនួន ដែលបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះព្រះជាណាចក្រកម្ពុជា និងប្រទេសវៀតណាម ។
ការព្រមានពីផលប៉ះពាល់បរិស្ថាននៅកម្ពុជា
ដោយលោក ហ៊ីម ខទៀត
ក្រុមអន្តររដ្ឋាភិបាលស្តីអំពី ការផ្លាស់ប្តូរអាកាសធាតុរបស់អង្គការសហប្រជាជាតិទើបនឹងចេញផ្សាយរបាយការណ៍មួយនាពេលថ្មីៗនេះឲ្យដឹងថា អាកាសធាតុដែលផ្លាស់ប្តូរនៅប្រទេសកម្ពុជានឹងបណ្តាលឲ្យបរិមាណទិន្នផលរបស់ដំណាំដាំដុះធ្លាក់ចុះ ខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង និងមានទឹកជំនន់ជន់លិចនៅរដូវវស្សា ។ របាយការណ៍ក៏បានឲ្យដឹងទៀតថា ការចេះតែកើនឡើងនៃកម្តៅរបស់ពិភពលោក នឹងធ្វើឲ្យមានការផ្លាស់ប្តូរអាកាសធាតុខុសប្លែកពីធម្មតា ហើយការណ៍នេះនឹងធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានចំពោះប្រព័ន្ធផលិតចំណីអាហារនាអនាគត ហើយក៏នឹងមានឥទ្ធិពលត្រង់ទៅលើសន្តិសុខស្បៀង និងកម្រិតភាពក្រីក្រក្នុងប្រទេសកម្ពុជា ។
វិធានការណ៍ដែលចាំបាច់សម្រាប់ទប់ទល់នឹងវិបត្តិធម្មជាតិនេះគឺត្រូវចេះចាត់ចែងការប្រើប្រាស់ទឹកឲ្យសមស្រប ចាត់ចែងការចិញ្ចឹមសត្វឲ្យបានត្រឹមត្រូវ និងរៀបចំឲ្យមានកសិកម្មចម្រុះឲ្យកាន់តែសំបូរបែបឡើង ។
ទឹកនៅទន្លេក្រហមវៀតណាមស្រកចុះដល់កំរិតទាបបំផុតមិនធ្លាប់ជួបក្នុងកំឡុងពេល ១០០ ឆ្នាំកន្លងមក
ដោយអ្នកស្រី សួន ស៊ីនី
នៅថ្ងៃទី ៤ មករា ២០០៨ វិទ្យុសំលេងវៀតណាមបានចេញផ្សាយសេចក្តីរាយការណ៍ថា ទន្លេហុង (ក្រហម) ជាទន្លេដ៏សំខាន់មួយរបស់វៀតណាម ជាទន្លេដែលទ្រទ្រង់តំបន់ទំនាបភាគខាងជើង កំពុងតែទទួលរងនូវការរហួតហែងដ៏អាក្រក់បំផុតមិនធ្លាប់ជួប ១០០ ឆ្នាំកន្លងមក ។ កំពស់ទឹកបានធ្លាក់មកត្រឹម ១.១២ ម៉ែត្រ នៅថ្ងៃទី ៣ ខែមករា បើប្រៀបធៀបទៅនឹងពេលវេលាដូចគ្នានៅឆ្នាំមុនគឺ ២.៥៣ ម៉ែត្រ ។
មជ្ឈមណ្ឌលឧតុនិយមមជ្ឈឹមបានឲ្យដឹងថា ការថយចុះនៃទឹកភ្លៀងទាបជាងកំរិតមធ្យម និងការថយចុះនៃបរិមាណទឹកហូរពីតំបន់ខាងលើធ្វើឲ្យទឹកទន្លេក្រហមថយចុះ ។ មជ្ឈមណ្ឌលនេះបានទស្សន៍ទាយថា កំរិតទឹកទន្លេ នឹងធ្លាក់មកត្រឹម ១ ម៉ែត្រនៅចុងខែកុម្ភៈ ។
ទន្ទឹមពេលនេះ អាងស្តុកទឹកនៅតំបន់ភាគខាងជើងភាគច្រើនមានទឹកត្រឹម ៣០ ទៅ ៥៥% ប៉ុណ្ណោះ ។ ជាលទ្ធផលធ្វើឲ្យមានបញ្ហាកង្វះទឹកយ៉ាងធ្ងន់ធ្ងរសម្រាប់ធ្វើកសិកម្ម ។
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺ ទឹកភ្លៀងនៅតំបន់ភាគខាងជើង និងតំបន់កណ្តាលនៃភាគខាងជើងត្រូវបានព្យាករណ៍ថា នឹងទាបជាងកំរិតមធ្យមនៅដើមឆ្នាំ ២០០៨ ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានតម្រូវឲ្យបណ្តាខេត្តនៅតំបន់ភាគខាងជើង និងតំបន់កណ្តាលនៃភាគខាងជើង ចាត់វិធានការណ៍ទប់ទល់នឹងភាពរាំងស្ងួតរួមមានណែនាំកសិករឲ្យផ្លាស់ប្តូរទៅដាំដំណាំណាដែលធន់ទ្រាំទៅនឹងភាពរាំងស្ងួត ។
(ប្រែសម្រួលទាំងស្រុងពីវិទ្យុសំលេងវៀតណាម)
http://www.vovnews.vn/?page=126&nid=57128
ព័ត៌មានអំពីធនធានឯកសារ
កន្លងមក សេដាកបានធ្វើការចងក្រង និងបោះពុម្ពផ្សាយនូវសៀវភៅឯកសារស្តីអំពី ការចិញ្ចឹមត្រីលក្ខណៈគ្រួសារនៅឆ្នាំ ២០០៤ ចំនួន ២០០០ ច្បាប់ និងនៅឆ្នាំ ២០០៦ ចំនួន ១០០០ ច្បាប់ ។
ឈរលើមូលដ្ឋាននៃការចុះសិក្សា និងបទពិសោធន៍ចិញ្ចឹមត្រីជាមួយកសិករកន្លងមកនៅខេត្តតាកែវ កំពង់ចាម កំពង់ឆ្នាំង និងស្វាយរៀង ។ អង្គការសេដាក បានកែលំអសៀវភៅ "បច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះជាលក្ខណៈគ្រួសារ" ក្នុងគោលបំណងជួយបំភ្លឺបន្ថែមនូវបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះជាលក្ខណៈគ្រួសារ ដល់កសិករដែលមិនទាន់ទទួលបច្ចេកទេសបានទូលំទូលាយ ។ សៀវភៅចែកចេញជា ១១ ផ្នែក ធំៗ:
១. ហេតុអ្វីបានជាយើងចាំបាច់ចិញ្ចឹម ?
២. ចរិតរស់នៅនៃប្រភេទត្រីចិញ្ចឹមមួយចំនួន
៣. ការរៀបចំកន្លែងត្រីចិញ្ចឹម
៤. ប្រភពទឹក
៥. របៀបកៀរចាប់ វេចខ្ចប់ ដឹកជញ្ជូន និងលែងកូនត្រី
៦. ប្រភេទចំណីត្រី
៧. ការគ្រប់គ្រង និងថែទាំត្រី
៨. វិធីការពារ និងព្យាបាលជំងឺត្រី
៩. ការប្រមូលផលត្រី
១០. បទពិសោធន៍សំខាន់ៗរបស់កសិករក្នុងការចិញ្ចឹមត្រី
១១. ការសរុបនូវចំណុចសំខាន់ៗ និងសំណូមពរ ។
ខ្លឹមសារក្នុងសៀវភៅនេះនឹងជួយណែនាំបង្ហាញប្រាប់ពីមូលដ្ឋានគ្រឹះសំខាន់ និងជួយបំភ្លឺផ្លូវដល់អ្នកដែលជួបនូវបញ្ហាក្នុងការចិញ្ចឹមត្រី ហើយអាចជួយកែនូវចំណុចខ្វះខាតណាមួយដើម្បីឲ្យទិន្នផលត្រីបានខ្ពស់ជាងមុន ។ សៀវភៅនេះត្រូវបានរៀបរៀងដោយលោក រាជ សុភាព ។
ដូច្នេះបើលោក-លោកស្រី មានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកអង្គការ សេដាក តាមអាសយដ្ឋានដែលមាននៅលើក្របទស្សនាវដ្ដី ៕
ព័ត៌មានអំពីមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា
(Centre d'Etude et de Developpement Agricole Cambodgien)
មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ឬអង្គការ "សេដាក" ជាអង្គការខ្មែរមិនមែនរដ្ឋាភិបាល ឯករាជ្យមិនស្វែងរកកំរៃផលប្រយោជន៍ និងមិនពាក់ព័ន្ធគណបក្សនយោបាយ ធ្វើការលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ហើយត្រូវបានបង្កើតឡើងនៅក្នុងខែសីហា ឆ្នាំ ១៩៩៧ ដែលពេលនោះមានការជួយគាំទ្រពីអង្គការបារាំងមានឈ្មោះថា "ហ្គ្រេត" ។ សេដាកធ្វើការដើម្បីអភិវឌ្ឍន៍សង្គមកម្ពុជាមួយដែលគ្រួសារកសិករមានជីវភាពធូរធារ មានការសហការគ្នាទៅវិញទៅមក មានសិទ្ធិ និងអំណាចគ្រប់គ្រាន់ក្នុងការសំរេចចិត្តទៅលើជោគវាសនារបស់ខ្លួន ហើយនឹងមានតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់នូវស្បៀងអាហារប្រកបដោយសុខភាពដល់សង្គមកម្ពុជាទាំងមូល ។
រហូតមកបំណាច់ឆ្នាំ ២០០៨ នេះ សេដាកបានធ្វើសកម្មភាពនៅក្នុងភូមិចំនួន ១៨៤៥ នៅខេត្តចំនួន ១៧ នៃព្រះរាជណាចក្រកម្ពុជា ។ មានកសិករចំនួនប្រមាណ ៧០.០០០ គ្រួសារ បានចូលរួមសហការ ឬបានទទួលផលប្រយោជន៍ពីកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់យើង ។ រហូតមកដល់ពេលនេះមានសមាគមកសិករថ្នាក់ភូមិចំនួន ១.១៤០ ត្រូវបានបង្កើតឡើង និងមានការសម្របសម្រួលដើម្បីបង្កើនសមត្ថភាពរបស់ពួកគាត់ថែមទៀតផងដែរ ។ សេដាកក៏បានចែករំលែកនូវបទពិសោធន៍បានពីការអនុវត្តន៍គម្រោងរបស់ខ្លួនជាមួយនឹងអ្នកអភីវឌ្ឍន៍ផ្សេងទៀតតាមរយៈ ការបណ្តុះបណ្តាល សិក្ខាសាលាទស្សនកិច្ចសិក្សា និងឯកសារផ្សេងៗដែលសេដាកបានបោះពុម្ភផ្សាយ ។
- គណៈកម្មការនិពន្ធ : បណ្ឌិត យ៉ង សាំងកុមារ អ្នកស្រី ពាន សុខា លោក គាម មករាឌី លោក ឃឹម សុផាណ្ណា លោក ប្រាក់ សេរីវឌ្ឍន៍ លោក សម វិទូ លោក ឡាង សេងហ៊ង និង អ្នកស្រី សួន ស៊ីនី
- ព័ត៌មានផ្សេងៗ និងការបែងចែកផ្សព្វផ្សាយ សូមទំនាក់ទំនងអ្នកស្រី ពាន សុខា
- សេដាក ផ្ទះលេខ ១១៩ ផ្លូវលេខ ២៥៧ សង្កាត់ទឹកល្អក់ ១ ខ័ណ្ឌទួលគោក
ប្រអប់សំបុត្រលេខ ១១១៨ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (០២៣) ៨៨០ ៩១៦
ទូរសារៈ (០២៣) ៨៨៥ ១៤៦
E.mail: cedac@online.com.kh
Website: www.cedac.org.kh
- រៀបចំ និងបោះពុម្ភផ្សាយដោយមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC)
បោះពុម្ពផ្សាយចំនួន ១០០០ ច្បាប់ នៅរោងពុម្ពឥន្ទ្រីយ៍មាស ៕
(ឯកសារនេះដកស្រង់ចេញពី ទស្សនាវដ្តីប្រចាំត្រីមាសនៃCEDAC "កសិកម្ម និង អភិវឌ្ឍន៏មូលដ្ឋាន" ខែ តុលា-ធ្នូ ឆ្នាំ ២០០៧ លេខ ៧)