Cen
Bg_head_banner

បច្ចេកទេស

​ជំរុញ​ឲ្យ​ស្វាយ​ចេញ​ផ្លែ តាម​ការចង់បាន​

ដូច​យើង​ទាំងអស់​បានដឹង​រួចមកហើយ​ថា ស្វាយ​មាន​ផ្លែ​តែ​ម្តងគត់​ក្នុង​មួយឆ្នាំ គឺ​វា​ចេញ​ផ្កា​ចាប់ពី​ខែធ្នូ ដល់​ខែកុម្ភៈ រហូតដល់​ខែកុម្ភៈ រហូត​ចេញ​ជា​ផ្លែ​អាច​ឲ្យ​យើង​ប្រមូល​ផល​បាន​ចាប់ពី​ខែ​មិនា រហូតដល់​ខេ​មិថុនា​នោះ ទើប​អស់​ផ្លែ​។​

​ ​ជាច្រើន​ឆ្នាំ​កន្លងមកនេះ គេ​បានធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​ទៅលើ​វិធីសាស្ត្រ​ដែល​ងាយស្រួល​មួយ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ដំណាំ​ស្វាយ​អាច​ចេញ​ផ្លែ​ដោយ​មិន​គិតពី​រដូវ​ការ​របស់​វា ដោយ​លៃ​ធ្វើយ៉ាងណា​រុញ​ដំណាំ​មួយ​នេះ​ឲ្យ​មានមុខ​នៅលើ​ទីផ្សារ​គ្រប់ពេលវេលា​។ មួយវិញទៀត​នោះ គឺ​វា​នឹង​ជួយ​ឲ្យ​កសិករ ដែលជា​ម្ចាស់​ចំការ​ស្វាយ​ទទួលបាន​ប្រាក់កម្រៃ​ពី​ដំណាំ​ស្វាយ​ច្រើន​ជាមុន តែ​អ្វីដែល​សំខាន់​ជាងគេ គឺមាន​ស្វាយ​ដាក់លក់​នៅលើ​ទីផ្សារ​ដូច​ក្រូចឆ្មារ​ដែរ​។​

​ ​ដើម្បី​ធ្វើដូច្នេះបាន​, គេ​បាន​ប្រើ Potassium Nitrate ដើម្បី​ជម្រុញ​ឲ្យ​ស្វាយ​ចេញ​ផ្លែ តែ​មិនមែន​របៀប​បង្ខំ​ដូចដែល​យើង​ធ្លាប់​បានឮ​អ្នកខ្លះ​យកមកប្រើ​នោះឡើយ​។ វា​គ្រាន់តែ​ជាការ​រំញោច​ឲ្យ​ស្វាយ​ចេញ​ផ្លែ​តាមបែប​ធម្មជាតិ តែ​អាច​ចេញ​ផ្លែ​ជា​បន្តបន្ទាប់ មិនមែន​រង់ចាំ​ចូលដល់​រដូវ​កាល​របស់​វា​ទើប​ចេញ​ផ្លែ​នោះឡើយ​។​

​ ​Potassium Nitrate គឺជា​វត្ថុ ដែលមាន​តម្លៃថោក តែ​មិនដឹងថា នៅ​ស្រុក​ខ្មែរ​យើង​អា​ចរក​ទិញ​នៅ​កន្លែង​ណា​បាន​នោះទេ​។​

​ ​លោក Barba ពេលនេះ​អាយុ ៧២​ឆ្នាំ ទៅហើយនោះ គឺជា​អ្នក​ដែល​បានធ្វើ​ការសិក្សា​លើ​ដំណាំ​ស្វាយ និង​ដំណាំ​ផ្សេងទៀត ចាប់តាំងពី​ឆ្នាំ ១៩៧៤ មកម្ល៉េះ តែ​ដោយឡែក​ចំពោះ​ដំណាំ​ស្វាយ​ត្រូវបាន​លោក Barba យកចិត្តទុកដាក់​ស្រាវជ្រាវ​ច្រើនជាងគេ រហូត​បានទទួល​ពាន​រង្វាន់​ជា​មនុស្ស​ឆ្នើម ផ្នែក​កសិកម្ម​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ កាលពី​ឆ្នាំ ២០១១ កន្លងទៅនេះ​។​

​ ​តាមរយៈ​ការលើកឡើង​របស់លោក Barba បាន​ឲ្យ​ដឹងថា បច្ចេកទេស​សាមញ្ញ​មួយ ធ្លាប់​ត្រូវបាន​គេ​យកមកប្រើ​នោះ គឺ​ផ្សែង ដោយ​ដុត​បង្ហុយ​វា​នៅក្បែរ​ដើមឈើ ឬ​នៅ​ពីលើ​ខ្យល់​ឲ្យ​បាន​ច្រើន​កន្លែង​ក្នុង​ចំការ​ស្វាយ អាចជួយ​ជម្រុញ​ឲ្យ​ស្វាយ​ចេញ​ផ្កា​ផ្លែ​បាន​ញឹកញាប់​ដែរ ប៉ុន្តែ​វា​យកជាការ​មិនបាន​ទេ ព្រោះ​ជួនកាល​ក៏បាន​ទទួលផល​ល្អ តែ​ជួនកាល​ក៏​មិនបាន​ទទួលផល​អ្វី​សោះ​ក៏មាន​។​

​ ​ស្វាយ គឺជា​ដំណាំ​មួយ​ប្រភេទ​ដែល​ផ្តល់​ផល​មិន​ទៀងទាត់​ឡើយ បើ​ក្នុងឆ្នាំនេះ​វា​ផ្តល់​ផល​ល្អ ឆ្នាំក្រោយ​វា​អាច​មិន​មែនមាន​ផល​ក៏មាន ដូច្នេះ​ការផ្តល់​ផល​របស់​ស្វាយ គឺជា​រឿង​មួយ​មិនអាច​កំណត់​បានឡើយ​។ ទៅតាម​អ្វីដែល​លោក Barba បាន​ស្រាវជ្រាវ​រកឃើញ វិធី​ដែល​ល្អ​បំផុត និង​ងាយ​បំផុត​នោះ គឺ​ការប្រើ Potassium Nitrate លាយ​ជាមួយ​ទឹក រួច​បាញ់​ទៅ​ដើម​ស្វាយ (​ដោយ​យក Potassium Nitrate ចំនួន​មួយ​គីឡូក្រាម លាយ​ជាមួយ​ទឹក​ចំនួន ១០០​លីត្រ​)

​ ​ការប្រើ​វិធី​នេះ​ធ្វើ​ឲ្យ​ស្វាយ​ចេញ​ត្រួយ​ថ្មី រួច​ចេញ​ផ្កា​រហូត​បានជា​ផ្លែ​ទៅតាម​ការចង់បាន​រប​ស់​យើង​។ ម្ចាស់​ស្វាយ​ចង់​ឲ្យ​ស្វាយ​ចេញ​ផ្លែ​នៅពេលណា ខែ​ណា ត្រូវ​បាញ់​វា​ឲ្យ​បាន​មុនពេល​កំណត់​នោះ​ចំនួន​ពីរ​ទៅ​បី​ខែ ដើម្បី​បានទទួល​ផល​នៅក្នុង​ខែ​ដែល​យើង​ចង់បាន​។ វិធីសាស្ត្រ​ដែល​យកមកប្រើ​នេះ​មិន​បានធ្វើ​ឲ្យ​ស្វាយ​ខូច​ដើម​នោះឡើយ តែ​ការលូតលាស់​របស់​វា​អន់ថយ​ជាង​ស្វាយ​ធម្មតា​ចំនួន ១៥​ភាគរយ​។​

​ ​ស្វាយ​ដែល​បាញ់ Potassium Nitrate អស់​រយៈពេល ៣០​ឆ្នាំ​មកហើយ​នោះ នៅតែ​បន្ត​ចេញ​ផ្លែ​ជាធម្មតា វា​មិនបាន​ងាប់​ដើម ឬ​ខូច​ដើម​ដូច​ការសន្និដ្ឋាន​ខ្លះ​នោះឡើយ​។​

​ ​ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់បាន​ឲ្យ​ស្វាយ​ផ្លែ​ខុសរដូវ ឬ​ចង់​ឲ្យ​វា​ផ្លែ​ពេលណា​ក៏បាន សូម​ប្រើ Potassium Nitrate ចុះ ពិតជា​នឹង​ទទួលបាន​ផល​សម​តាម​បំណង​មិនខានឡើយ​៕ (​ឯកសារ​ក្រសួងកសិកម្ម​របស់​ប្រទេស​ហ្វីលីពីន​)​