រហាត់ទឹកមានប្រយោជន៍អ្វីខ្លះ?
រហាត់ទឹកត្រូវបានគេសាងឡើងដើម្បីដួសទឹកបង្ហូរដាក់តាមទ ចាក់ចូលទៅក្នុងស្រែ ឬពាង, ធុង និងកន្លែងស្តុក ដែលគេមានស្រាប់ ។ នោះគឺជាប្រភេទរហាត់ទឹកដែលយើងធ្លាប់បានឃើញច្រើន ជាពិសេសគឺនៅក្នុងខេត្តសៀមរាបតែម្តង ។ នៅតាមខេត្តផ្សេងទៀតក៏មានការធ្វើរហាត់ទឹកនេះប្រើដែរ ឯវិធីសាស្ត្រនៃការធ្វើទៀតសោតសឹងមិនដូចគ្នាឡើយ ពីព្រោះវាមិនមែនជាឧបករណ៍ដែលត្រូវបានគេធ្វើសម្រាប់លក់ជាសាធារណៈ តែជាឧបករណ៍ដែលអ្នកធ្វើបង្កើតឡើងសម្រាប់ជាប្រយោជន៍របស់ខ្លួនឯងប៉ុណ្ណោះ ។
ជាទូទៅយើងសង្កេតឃើញប្រភេទរហាត់ដែលមានសន្ទៈជាកាំៗ ពន្លិចក្នុងទឹកជម្រៅណាមួយនៅអមជាមួយកាំទាំងនោះគឺ បំពង់ ឬឡត ដែលត្រូវបានគេដាក់សម្រាប់ឲ្យវាដួសយកទឹក, នៅរាល់ពេលណាដែលទឹកហូរមកប៉ះសន្ទៈ ឬស្លាបកាំរបស់វា រហាត់វានឹងវិលបំពង់ដែលត្រូវបានរៀបអមជាមួយនោះក៏ចាប់ផ្តើមដួសទឹកយកព្រមពេលជាមួយគ្នាដែរ នៅពេលដែលបំពង់នេះវិលមកដល់ត្រង់ចំណុចសំយុងចុះវានឹងចាក់ទឹកដែលដួសបាននោះចូលក្នុងទមួយ ទឹកនឹងហូរតាមទនោះ សម្រាប់យកមកប្រើការតាមសេចក្តីត្រូវការដែលគេចង់បាននេះគឺជាប្រភេទរហាត់ទឹកបែបសាមញ្ញបំផុត ហើយមានច្រើន មានទំហំតូច ឬធំទៅតាមការដែលគេបានធ្វើវា ។
ប៉ុន្តែរហាត់ទឹកអាចត្រូវបានគេកែប្រែឲ្យវាអាចធ្វើកិច្ចការច្រើនយ៉ាងផ្សេងទៀតបានដោយរួមមាន:
* ឲ្យវាផលិតអគ្គិសនី
* ឲ្យវាបូមទឹក
* និងត្រូវបានគេប្រើជាជំនួសម៉ាស៊ីន
+ ការប្រើរហាត់ទឹកឲ្យបូមជាជំនួសឲ្យការដួសទឹក
បើសិនគេបំពាក់ប៉ូលីធំមួយ ហើយបំពាក់ម៉ាស៊ីនស្នប់ផលិតនៅប្រទេសចិន ដែលមានបំពាក់ប៉ូលីតូចជាងគេបង្វិលស្នប់បូមទឹកនេះឲ្យអាចបូមទឹកឡើងទៅទីខ្ពស់ជាង និងបានចំងាយឆ្ងាយជាង ។
តែបើគេយកប្រអប់លេខរបស់គោយន្តមកបំពាក់ជាមួយដោយដាក់ភ្លៅចាប់កង់ភ្ជាប់មកជាមួយដុំភ្លៅរបស់រហាត់ ហើយបំពាក់ខ្សែពានទៅឌីណាម៉ូ មួយកម្លាំង 3KW ដាក់លេខរបស់ប្រអប់លេខនេះទៅឲ្យលេខ (៣.៤.៥.៦) គេនឹងបានអគ្គិសនីប្រើ ។
យើងអាចប្រើប៉ូលី (Polley) សម្រាប់ដំឡើងជុំរបស់វាទៅច្រើនជុំរហូតវាអាចអូសឌីណាម៉ូធំជាង 3KW, បើយើងមានកម្លាំងទឹកហូរខ្លាំង ។
ការកែវាពីដួសទឹកម្តងបន្តិចមកជាបូម ឬបង្កើនជុំវាឲ្យអូសឌីណាម៉ូ អាចឲ្យយើងប្រើរហាត់ទឹកបានច្រើនប្រយោជន៍ជាង យើងអាចឲ្យវាអូសឌីណាម៉ូ យកភ្លើងលក់ចែកឲ្យអ្នកជិតខាង ឬឲ្យវាបូមទឹកសម្រាប់កែច្នៃឲ្យស្អាតរួចលក់ឲ្យគេតាមការចង់បាន ។
សំរាប់វិធីច្នៃប្រឌិត ឬបង្កើតវាធ្វើជាប្រយោជន៍សូមស្វែងរកពាក្យ 'Water Wheel' នោះយើងនឹងបានឃើញរូបភាពនៃការប្រើប្រាស់រហាត់ទឹកច្រើនផ្សេងទៀតជាមិនខានឡើយ ៕