USB 3.0
សំរាប់អ្នកប្រើប្រាស់កុំព្យូទ័រ នៅពេលគេនិយាយដល់ពាក្យ USB គេនឹងដឹងភ្លាមថាវាគឺជា Port, ជាខ្សែ, ជាឧបករណ៍អ្វីដែលអាចតភ្ជាប់គ្នាដោយប្រើ Port USB ។ បច្ចុប្បន្ននេះឧបករណ៍កុំព្យូទ័រមួយចំនួនធំស្ទើរតែទាំងអស់ត្រូវបានគេច្នៃឲ្យតភ្ជាប់គ្នាតាមរយៈ USB Cable ។ ជាង ១៣ ឆ្នាំមកហើយដែល Port USB ត្រូវបានគេប្រើប្រាស់សំរាប់តភ្ជាប់ឧបករណ៍នានា និងបានក្លាយទៅជា Standard មួយរួចទៅហើយ ។
តាំងតែពីពេលដែលវាត្រូវបានគេដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ ១៩៩៥ មក វាត្រូវបានគេសាទរថាជាវិធីមួយថ្មីទៀត សំរាប់ជំនួសឲ្យវិធីតភ្ជាប់តាមបែបផ្សេងៗនាពេលកន្លងមក ដែលមានការលំបាក និងមានវិធីសាស្ត្រខុសៗគ្នា ។
USB 1.1 អាចឲ្យគេបញ្ចូល data (ទិន្នន័យ) បានចំនួន 12Mbps (១២ មេហ្គាបៃត៍ក្នុង១វិនាទី) រហូតមកដល់ Version ថ្មីទៀតគឺ 2.0 វាអាចបញ្ចូល data បានចំនួន 480Mbps (៤៨០ មេហ្គាបៃត៍ក្នុង១វិនាទី) ។
ពេលវេលាបានកន្លងផុតទៅ, ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ USB បានបន្តទៅមុខ រហូតមកដល់ពេលនេះគឺ ៨ ឆ្នាំហើយដែល USB 2.0 បានដាក់ឲ្យដំណើរការ ។ ឥឡូវនេះអាចថាជាពេលវេលាមួយថ្មីដែលត្រូវជំនួស USB 2.0 ជាមួយនិង USB 3.0 ដែលមានលក្ខណៈទំនើបជាង និងល្អជាង Version ចាស់ 2.0 ។ USB 3.0 ត្រូវបានគេផលិតរួចទៅហើយ មិនតែប៉ុណ្ណោះនាពេលឆាប់ៗខាងមុខនេះ គេនឹងដាក់ឲ្យវាដំណើរការ ឯក្រុមហ៊ុនមួយចំនួននឹងចាប់ផ្តើមដាក់បញ្ចូល USB 3.0 ទៅក្នុង System របស់ខ្លួន ឯកុំព្យូទ័រ Mainboard ថ្មីៗក៏នឹងមានភ្ជាប់ USB 3.0 រួចជាស្រេចជាមិនខាន ។ USB បានត្រូវគេចាត់ទុកវាគឺជាវិធិមួយដ៏ល្អបំផុតក្នុងការបញ្ជូនទិន្នន័យពីឧបករណ៍មួយទៅឧបករណ៍មួយទៀត ក្នុងល្បឿនមួយដ៏លឿន ដោយសារល្បឿនដ៏លឿននេះបានធ្វើឲ្យវាក្លាយទៅជា Port (ទីសំរាប់តភ្ជាប់) មួយសកម្មជាងគេ និងត្រូវបានគេប្រើញឹកញាប់ជាងគេ ។
សំរាប់ USB 3.0 ល្បឿនរបស់វាកាន់តែលឿនជាងមុនគឺ 4.8 Gbps 10ដង លឿនជាង USB 2.0 ។
សូមកុំបារម្ភអី USB 3.0 នៅតែអាចឲ្យយើងប្រើវាបានជាមួយ Versiion ចាស់ៗដែលបានចេញពីពេលមុនៗមក ។
ក្នុងល្បឿន 4.8 Gbps របស់ USB 3.0 ថ្មីនេះ វាបានបើកទំព័រមួយថ្មី សំរាប់ការបញ្ជូន data របស់ Video និង Audio សំរាប់ការប្រើប្រាស់ផ្នែកទូរទស្សន៍ និងវិទ្យុ ដែលតែងតែទាមទារល្បឿនមួយលឿនក្នុងការបញ្ជូន data ពីឧបករណ៍មួយទៅឧបករណ៍មួយទៀត ។
ជាមួយបច្ចេកវិទ្យាថ្មី USB 3.0 អាចក្លាយទៅជាយានមួយជួយឲ្យការប្រើប្រាស់កុំព្យូទ័រ ជាមួយផ្នែក Video និង Audio កាន់តែមានភាពងាយស្រួលជាងមុន និងមានប្រសិទ្ធិភាពកាន់តែល្អជាងមុន ។
USB 3.0 មានខ្សែធំជាងមុននិងក្បាលសំរាប់ដោតធំជាងមុនបន្តិច ប៉ុន្តែនៅតែអាចប្រើជាមួយ Port ចាស់បានជាធម្មតា ។
សូម្បីក្បាលដោតសំរាប់ Mini USB ក៏ត្រូវបានកែប្រែថ្មីបន្តិចដែរ ដើម្បីតម្រូវតាមបច្ចេកទេសថ្មី ៕
ផ្សព្វផ្សាយពាណិជ្ជកម្មលើ គេហទំព័រ
សូមទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង
០២៣ ៦៩១ ៩៤០១