មុខមាត់របស់មនុស្សយើងម្នាក់ៗសុទ្ធតែខុសប្លែកពីគ្នានិងបើតាមក្បួនហុងស៊ុយចិនហើយលក្ខណៈទម្រង់មុខមាត់ទាំងនេះក៏អាចបញ្ជាក់ពីជោគវាសនានិងលក្ខណៈនិស្ស័យរបស់មនុស្សម្នាក់ៗបានគ្រប់គ្នាទាំងអស់។
នេះជាក្បួនមើលពីលក្ខណៈជោគវាសនាល្អរបស់ផ្ទៃមុខស្ត្រីដែលយើងអាចសង្កេតពីចំណុចសំខាន់ៗមួយចំនួនដូចជា៖
១)ស្ត្រីដែលមានផ្ទៃមុខធាត់ ថ្ងាសធំទូលាយ ថ្ពាល់ទាំងសងខាងសាច់ពេញ គ្រាប់ភ្នែកធំភ្លឺថ្លា ចិញ្ចើមវែងដល់ចុងភ្នែក បបូរមាត់មានចង្អូរស្អាតល្អ ធ្មេញតូចដុះមានរបៀបសភ្លឺថ្លា បញ្ជាក់ថាជាមនុស្សមានវាសនាល្អ ជាអ្នកមានបុណ្យនិងជាលក្ខណៈមនុស្សមានទ្រព្យ។ក្រៅពីនេះនៅ មានមនុស្សស្រឡាញ់រាប់អាននិងតែងជោគជ័យក្នុងជីវិត។
២)ស្ត្រីដែលមានផ្ទៃមុខធាត់ ស្បែកភ្លឺថ្លា សាច់ឈាមភ្លឺថ្លា ចិញ្ចឹមខ្មៅក្រិបនិងកោងវែងដូចឥន្ធធនូ កែវភ្នែកស្រស់់ស្អាត ច្រមុះស្រួច បបូរមាត់ស្រស់ស្អាត ធ្មេញដុះតំរៀបគ្នាល្អនិងភ្លឺថ្លាបញ្ជាក់ថាជាមនុស្សមានអំណាច មានវាសនាខ្ពស់ហើយពិសេសបើជាស្ត្រីច្រើនជាភរិយាអ្នកមានបុណ្យសក្តិឬមានអំណាច។ការរស់នៅសុខដុមនិងពោរពេញទៅដោយទ្រព្យសម្បត្តិឥតសូវខ្វះ។
៣)ស្ត្រីដែលមានផ្ទៃមុខដូចស៊ុត ថ្ងាសមូលស្រស់ស្អាត ចិញ្ចើមរៀវតូច កែវភ្នែកភ្លឺថ្លា ថ្ពាល់មូលស្រស់ស្អាត ច្រើនតែជាមនុស្សពូកែក្នុងការចរចាទំនាក់ទំនង ទន់ភ្លន់ គួរជាទីរាក់ទាក់និងជាមនុស្សគួរទាក់ទាញរបស់មនុស្សភេទផ្ទុយគ្នាឬមនុស្សទាំងឡាយ។ក្រៅពីនេះនៅជាមនុស្សមានការជួយជ្រោមជ្រែងពីបណ្តាមិត្តភក្តិនិងមានមនុស្សស្រឡាញ់រាប់អានច្រើន។
៤)ស្ត្រីដែលមានផ្ទៃមុខដូចស៊ុត ប៉ុន្តែថ្ពាល់មិនមានសាច់ពេញបរិបូរណ៍ ចិញ្ចឹមខ្លីមិនពេញរូបរាង ចង្កាមិនស្អាត ឬមានលក្ខណៈវែងខ្លីពេក កែវភ្នែកមិនភ្លឺថ្លា បបូរមាត់និងធ្មេញមិនស៊ីគ្នាបញ្ជាក់ថាជាមនុស្សដែលមានចរិកមារយាទដែលមិនគួរទុកចិត្ត ច្រើនតែកុហកបោកប្រាស់ ចូលចិត្តតែបង្កឱ្យកើតបញ្ហាបាត់បង់កេរ្តិ៍ឈ្មោះ រករឿងដាក់ខ្លួន និងមនុស្សនៅជុំវិញខ្លួនមិនពេញចិត្តនៅក្បែរសោះឡើយ។
៥)ស្ត្រីដែលមានផ្ទៃមុខជ្រុង ថ្ងាសខ្ពស់ ថ្ពាល់ទាំងសងខាងភ្លឺថ្លា ចិញ្ចឹមខ្មៅកោង គ្រាប់ភ្នែកមូលធំ បបូរមាត់ស្រស់ស្អាត ធ្មេញធំដុះតំរៀបជិតល្អ បញ្ជាក់ថាជាមនុស្សដែលមានអំណាច វាសនាខ្ពស់ ជាមនុស្សដែលគួរខ្លាចកោតក្រែងពីអ្នកដទៃ ពូកែរកស៊ីជួញដូរ និងជាមនុស្សមានភាពជាម្ចាស់ការលើខ្លួនឯង។
៦)ស្រី្តដែលមានផ្ទៃមុខវែងស្តួច ចីញ្ចើមតូចខ្លី ភ្នែកតូចភ្លឺថ្លា ច្រមុះវែងរាវចុង បបូរមាត់ស្រស់លេចធ្លោបញ្ជាក់ថាជាមនុស្សពូកែង៉ក់ង គិតតែពីអារម្មណ៍ខ្លួនឯងនិងចូលចិត្តឱ្យអ្នកដទៃលួងលោមយកចិត្ដដល់ខ្លួន។
៧)ស្ត្រីដែលមានផ្ទៃមុខមូល ថ្ងាសរលោងស្រិលល្អ ចិញ្ចើមធំវែងដល់ចុងភ្នែក ថ្ពាល់ជាចង្កោម ច្រមុះស្រួចស្រស់ស្អាត បញ្ជាក់ថាជាមនសុ្សឆ្លាត មានបញ្ញាវាងវៃ មិនចូលចិត្តនៅក្រោមអំណាចរបស់អ្នកដទៃ មានចិត្តស្មោះស្ម័គ្រនិងជាអ្នកដឹកនាំ។
៨)ស្ត្រីដែលមានមុខធំ ច្រមុះបាក់ ចិញ្ចើមស្តើង ថ្ងាសរលើបរលោង ភ្នែកធំ មាត់ធំ បញ្ជាក់ថាជាមនុស្សចិត្តចង្អៀត កំណាញ់អាចម៍ក្តាប់ មានពុតត្បុតនិងល្បិចកលច្រើន។
៩)ស្ត្រីដែលមានផ្ទៃមុខស្រដៀងនឹងសត្វជ្រូក គឺស្ត្រីដែលមានមុខធាត់ ថ្ងាសភ្លឺថ្លា ចិញ្ចើមស្តើង មាត់ផ្នែកខាងលើវែងបន្តិច បញ្ជាក់ជាមនុស្សពូកែនិយាយ ចូលចិត្តបរិភោគចំណីអាហារ តែងតែធ្វើអ្វីតាមចិត្តខ្លួនឯង និយាយឥតទប់សម្តី និយាយតាមចិត្តខ្លួនឯងនឹកឃើញ ឆាប់មានអារម្មណ៍ឆេវឆាវ ពូកែអួត ចូលចិត្តអួតខ្លួនឯងគំរាមអ្នកដទៃ ប៉ុន្តែយ៉ាងណាបើមុខមាត់មានលក្ខណៈល្អខុសពីលក្ខណៈទាំងនេះវិញ ច្រើនជាមនុស្សមានអំណាចនិងទ្រព្យសម្បត្តិវិញ។
១០)ស្ត្រីដែលមានផ្ទៃមុខសំប៉ែតខ្លី ថ្ងាសតូចរលោង ចិញ្ចើមស្តើង ច្រមុះតូចសមផ្ទៃមុខ សាច់ថ្ពាល់ស្ងួត បបូរមាត់ស្តើង បញ្ជាក់ជាមនុស្សឆ្លាត ចិត្តត្រជាក់មានហេតុផល ពូកែនិយាយប៉ុន្តែមិនសូវមានសារប្រយោជន៍ មានចិត្តមហិច្ឆតា តែមិនសូវទទួលជោគជ័យតាមអ្វីដែលខ្លួនធ្វើ
នោះប៉ុន្មានទេ។
១១)ស្ត្រីដែលមានថ្ងាសចង្អៀតតែអណ្តែតខ្ពស់ ចិញ្ចើមក្រាសខ្លីជាងកន្ទុយភ្នែក ច្រមុះ បបូរមាត់ស្តើង ថ្ពាល់វែង កែវភ្នែករាវស្តួច បញ្ជាក់ថាជាមនុស្សចាយវាយខ្ជះខ្ជាយដើម្បីបង្អួតអ្នកដទៃ ឆ្មើងឆ្មៃ ចូលចិត្តមើលងាយអ្នកដទៃ និយាយស្តីច្រលើសបើស ចិត្តចង្អៀត កំណាញ់អាចម៍ក្តាប់ មើលឃើញតែចូល ឯចេញវិញក្តៅក្រហាយ(ប្រាក់កាសឬទ្រព្យធន)និងចូលចិត្តអួតខ្លួន៕