ហោរាសាស្រ្តប្រចាំថ្ងៃ តាមបែប សុរិយគតិ

ឧសភរាសី (២០ មេសា - ២០ ឧសភា -- និមិត្តសញ្ញា គោជល់ -- ធាតុដី)

ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១២
សុខភាព : ពុំល្អទាល់តែសោះ មានបញ្ហាច្រើនណាស់ គួរពិគ្រោះជាមួយគ្រូពេទ្យ ។ ស្នេហា និងទំនាក់ទំនង : យ៉ាប់យ៉ឺនសម្បើមណាស់ ប្តីប្រពន្ធមានរឿងរកាំរកូសនឹងគ្នាច្រើន ចំណែកអ្នកនៅលីវវិញនៅតែបន្តភាពឯការរបស់ខ្លួនដដែល ។ អារម្មណ៍ : ពុំស្រស់ស្រាយនោះទេ ខ្វល់ខ្វាយច្រើន ។ ការងារ : ដំណើរការទៅមុខរលូនប្រសើរណាស់ គ្មានបញ្ហារាំងស្ទះនោះទេ ។ លុយកាក់ : ពុំកាក់កបនោះទេ ចំពោះអ្នករកស៊ីវិញថ្ងៃនេះខ្សត់ចំណូលសម្បើមណាស់ ។ លេខសំណាងប្រចាំថ្ងៃ : 38, 26, 33, 18, 45, 4 ៕
* ចរិតលក្ខណៈរបស់អ្នកកើតក្នុងឧសភរាសី ៖
- និមិត្តសញ្ញា : គោជល់
- ធាតុ : ដី
- ក្រុម : មនុស្សចូលចិត្តប្រើអារម្មណ៍
- ពណ៌ពេញនិយម : ផ្កាឈូក
- ភពដែលមានឥទ្ធិពល : ភពព្រះសុក្រ
- ត្បូងមានសំណាង : ត្បូងមរកត
- ពួកអ្នកកើតក្នុងឧសភរាសីឆុងនឹងវិច្ឆិករាសី។
- ក្នុងក្បួនហោរាអឺរ៉ុប
ពួកអ្នកកើតក្នុងឧសភរាសីគឺស្មើនឹងឆ្នាំម្សាញ់ក្នុងក្បួនហោរាចិន។
* បុគ្គលិកលក្ខណៈរបស់មនុស្សកើតក្នុងឧសភរាសី ៖
អ្នកកើតក្នុងឧសភរាសី គឺជាមនុស្សខ្លាំងក្លា និងគួរឲ្យពឹងពាក់បាន។
បុគ្គលកើតខែនេះតែងរួសរាន់ក្នុងការកើបយកផលប្រយោជន៍ពីការខិតខំប្រឹងប្រែងធ្វើការរបស់ខ្លួន
ហើយបុគ្គលនេះស្រឡាញ់តែអ្វីៗដែលស្រស់ស្អាត និងល្អឯកប៉ុណ្ណោះ
ពោលគឺជាមនុស្សសម្ភារៈនិយម។
បុគ្គលកើតខែនេះជួនកាលត្រូវបានគេចាត់ទុកថាជាមនុស្សក្បាលរឹង និងចចេស
ប៉ុន្តែមនុស្សនេះតែងតែបញ្ចប់រាល់កិច្ចទាំងឡាយរហូតចប់ចុងចប់ដើម
មិនដែលទុកឲ្យនៅសេសសល់នោះទេ។ ពួកគេគឺជាមនុស្សដែលពូកែច្នៃប្រឌិតខ្ពស់
និងចូលចិត្តបង្កើតអ្វីៗដែលថ្មីដោយដៃខ្លួនឯង។
- ចំណុចខ្លាំង : អាចពឹងពាក់បាន, ពូកែអត់ធ្មត់, ពូកែខាងតន្ត្រី
និងចូលចិត្តអនុវត្តន៍ជាក់ស្តែង ជាជាងផ្អែកលើទ្រឹស្តី
- ចំណុចខ្សោយ : ចចេសរឹងរូស, មិនងាយនឹងស្រុះស្រួលជាមួយនរណានោះទេ, និង
វាយឫក
- លក្ខណៈដែលមានពីធម្មជាតិ : រឹងប៉ឹង, មានឆ្អឹងធំ,
និងមានទំនោរចង់បានឡើងទម្ងន់
- ចំណង់ចំណូលចិត្ត : ថែសួន, ចម្អិនអាហារ, ធ្វើការងារដោយដៃ,
ស្តាប់តន្ត្រីមនោសញ្ចេតនា, សម្លៀកបំពាក់ថ្លៃៗ
- ភាពមិនមែនជាចំណង់ចំណូលចិត្ត : ការផ្លាស់ប្តូរលឿនៗដូចផ្លេកបន្ទោរ,
ភាពស្មុគស្មាញ, ភាពអសន្តិសុខ
- បរិយាកាសដែលល្អបំផុតសម្រាប់បុគ្គលនេះ :
ផ្ទះប្រណីតដែលនៅជាប់នឹងធម្មជាតិ។ ចូលចិត្តអាហារឆ្ងាញ់ៗ ចំណែករឿងសម្ផស្ស
និងភាពស្រណុកសុខស្រួលគឺជារឿងដែលមិនអាចខ្វះបាននោះឡើយ។
* ជីវិតស្នេហា ៖
អ្នកត្រូវតែត្រៀមខ្លួនចំណាយពេលវេលាឲ្យបានយូរបន្តិចនៅពេលដែលអ្នកគិតចង់មានស្នេហាជាមួយបុគ្គលកើតក្នុងឧសភរាសី។
បុគ្គលកើតក្នុងឧសភរាសីមិនងាយនឹងត្រូវបានពង្វក់ឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ងាយៗនោះឡើយ
បុគ្គលនេះតែងតែចាត់ទុកទំនាក់ទំនងមិត្តភាពជារឿងសំខាន់បំផុត។
ដូច្នេះប្រសិនបើអ្នកជាមិត្តភក្តិជិតស្និទ្ធបំផុត
ហើយចង់សុំស្នេហ៍ពីបុគ្គលនេះ
អ្នកមិនត្រូវប្រញាប់សារភាពត្រង់ចំពោះបុគ្គលនេះពេកនោះទេ
ព្រោះបុគ្គលនេះមិនចូលចិត្តស្នេហ៍បែបឆក់កណ្ដៀតនោះឡើយ
និងម្យ៉ាងទៀតបុគ្គលនេះខ្លាចបំផុតគឺការបែកបាក់ទំនាក់ទំនងមិត្តភាព។
លើសពីនេះទៀតបុគ្គលកើតក្នុងឧសភរាសីតែងតែចង់បានគូស្នេហ៍ដែលមានវណ្ណៈ
និងឋានៈស្មើគ្នា បើខ្ពស់ជាង ឬ ទាបជាង បុគ្គលនេះមិនខ្ចីអើពើនោះឡើយ ។
* មិត្តភក្តិ និង គ្រួសារ ៖
បុគ្គលកើតក្នុងឧសភរាសីគឺជាមនុស្សគួរឲ្យចង់រាប់អានជាមិត្តបំផុត
ព្រោះមនុស្សនេះឲ្យតម្លៃខ្លាំងទៅលើទំនាក់ទំនងមិត្តភាព ហើយលើសពីនេះទៀត
មនុស្សនេះតែងទទួលយកនូវការទូន្មានពីមិត្តភក្តិរបស់ខ្លួនជានិច្ច។
បុគ្គលកើតក្នុងឧសភរាសីគឺជាមិត្តដ៏ស្មោះត្រង់ គួរចង់រាប់អាន
ហើយនៅពេលមិត្តភក្តិមានទុក្ខលំបាក
បុគ្គលនេះតែងចេញមមកជួយមិត្តភក្តិគ្រប់ពេលវេលា។
ក្រៅពីចេះជួយយកអាសាមិត្តភក្តិ បុគ្គលនេះក៏ជាមនុស្សដែលស្រឡាញ់
និងចេះទុកដាក់គ្រួសារបានល្អមួយរូបដែរ។
បុគ្គលនេះមានចរិតពីធម្មជាតិមកគឺចូលចិត្ត
និងអាណិតស្រឡាញ់កូនៗជាងប្រពន្ធឬស្វាមីរបស់ខ្លួនទៅទៀត។
បុគ្គលកើតក្នុងឧសភរាសីតែងតែនាំមកនូវក្តីសប្បាយរីករាយ
ជាជាងនាំមកនូវរឿងមិនសប្បាយចិត្តចូលមកក្នុងគ្រួសារ ៕
* ការងារ និង លុយកាក់ ៖
បុគ្គលកើតក្នុងឧសភរាសីគឺជាមនុស្សស្រឡាញ់លុយខ្លាំងណាស់
ពោលគឺគេពុះពារធ្វើគ្រប់ការងារទាំងឡាយដោយមិនខ្វល់ថាជាប្រភេទការងារអ្វីនោះឡើយ
ឲ្យតែរកលុយបានច្រើន។ ការងារដែលស័ក្តិសមនឹងបុគ្គលកើតក្នុងឧសភរាសី
មានដូចជាៈ កសិករ, អ្នកធនាគារ, គ្រូពេទ្យ, គ្រូបង្រៀន និង អ្នកសំណង់។
និយាយរឿងលុយកាក់
បុគ្គលកើតក្នុងឧសភរាសីគឺជាមនុស្សពូកែចាត់ចែងរឿងលុយកាក់សម្បើមណាស់
ប៉ុន្តែមិនមែនមានន័យថាបុគ្គលនេះមិនចេះចាយធំនោះដែរ។ ទោះជាយ៉ាងណា
ការចាយធំទាំងនោះធ្វើឡើងក្នុងបំណងតែមួយគត់គឺដើម្បីផ្គាប់ចិត្តគ្រួសារ និង
មនុស្សជាទីស្រឡាញ់របស់ខ្លួនប៉ុណ្ណោះ។