កាលយុគសម័យបុរាណមនុស្សតែងមានជំនឿថាបើសិនកាលណាកូនកំលោះក្រមុំរៀបចំអាពាហ៍ពិពាហ៍មិនបានធ្វើទៅតាមថ្ងៃខែល្អទេពេលក្លាយជាគូប្តីប្រពន្ធក៏តែងកើតមានការរកាំរកូស និងអ្នកខ្លះអាចឈានរហូតដល់ការបែកបាក់ឬលែងលះគ្នាទៀតផង។
តើជំនឿទាំងអស់នេះមានដូចម្តេចខ្លះ? ជំនឿទី១ ជនជាតិមួយចំនួននៅក្នុងប្រទេសអាស៊ីមានជំនឿថាហាមរៀបការនៅថ្ងៃពុធព្រោះបើតាមក្បួនហោរាសាស្ត្រនោះគេជឿថាជាថ្ងៃដួងផ្កាយនៃការប្រែប្រួលដោយសារមានការគោចរខុសប្រក្រតីជាប់ជាប្រចាំគឺម្តងគោចរលឿនម្តងគោចរយឺតហើយជួនកាលគោចរថយក្រោយ។ព្រោះតែមូលហេតុទាំងនេះទើបគេមានជំនឿថាផ្កាយព្រះពុធរកអ្វីដែលពិតប្រាកដឬភាពគង់វង្សមិនបានទើបគេមិននិយមរៀបចំទុកដាក់កូនចៅឲ្យរៀបការចំថ្ងៃនេះឡើយ។ក្រៅពីនេះបើតាមជំនឿនោះគេជឿផងថាការរៀបការចំថ្ងៃនេះអាចនាំឲ្យគ្រួសារមានការរកាំរកូសនិងពិសេសងាយមានការលែងលះគ្នាទៀតផង។
ជំនឿទី២ ការរៀបអាពាហ័ពិពាហ៍ចំថ្ងៃអង្គារនិងថ្ងៃសៅរ៍ក៏គេមានជំនឿថាមិនល្អដែរព្រោះចាត់ទុកថាជាថ្ងៃរឹងថ្ងៃខ្លាំង ហើយសមរម្យក្នុងការរៀបចំធ្វើបុណ្យលើករាសីឬធ្វើពិធីខាងសាសនាអ្វីមួយទៅវិញទេ។
ជំនឿទី៣គេមានជំនឿថាហាមរៀបអាពាហ៍ពិពាហ៍ថ្ងៃព្រហស្បតិ៍ព្រោះជាថ្ងៃគ្រូហើយចាត់ទុកថាបើរៀបអាពាហ៍ពិពាហ៍ក្នុងថ្ងៃនេះភាគីបុរសតែងចាញ់ស្ត្រីជានិច្ច។ជាមួយគ្នានៅមានក្បួនតម្រារបស់ពលរដ្ឋលោកខាងលិចបានឲ្យដឹងទៀតថាការរៀបការក្នុងថ្ងៃនេះអាចនាំឲ្យមានការផិតក្បត់ព្រោះបើតាមជំនឿមានតំណាលថាកាលដើមឡើយនោះគេចូលចិត្តរៀបចំទុកដាក់កូនចៅឲ្យរៀបការនៅថ្ងៃព្រហស្បត៍នេះណាស់ព្រោះតំណាងជាព្រះច័ន្ទតែតមកព្រះច័ន្ទនេះបានទៅសាហាយស្មន់ជាមួយព្រះអង្គារទើបគេមានជំនឿឈប់ទុកដាក់កូនចៅឲ្យរៀបអាពាហ៍ពិពាហ៍ចំថ្ងៃនេះតែម្តង។
ជំនឿទី៤ គេមានជំនឿថាហាមរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ក្នុងថ្ងៃសីលព្រោះថាជាថ្ងៃដែលព្រះសង្ឃត្រូវរៀបចំពិធីក្នុងវត្តជាមួយឧបាសកឧបាសិកាតាំងតែពីព្រឹករហូរដល់ល្ងាចទើបមិនគួរនិមន្តព្រះសង្ឃមកចូលរួមពិធីផ្សេងៗឡើយ។ពិសេសការរៀបអាពាហ៍ពិពាហ៍ជារឿងរបស់កិលេសតណ្ហានិងការរួមភេទដែលជាការមិនល្អទេ។
ជំនឿទី៥ គេមានជំនឿថាការរៀបអាពាហ៍ពិពាហ៍ចំថ្ងៃកើតឧប្បត្តិហេតុធំៗរបស់ពិភពលោកក្នុងមួយឆ្នាំៗនោះពុំល្អទេនាំឲ្យគូប្តីប្រពន្ធតែងតែរកាំរកូសនិងវិនាសព្រាត់ប្រាសគ្នាច្រើន។
ជំនឿទី៦ មនុស្សរបស់ជនជាតិរ៉ូមាំងមានជំនឿថាមិនគួររៀបការក្នុងខែឧសភាទេព្រោះជាអំឡុងខែពួកក្រៅសាសនាដែលគ្មានសីលធម៌រៀបចំឆ្លងពិធីផ្សេងៗហេតុនេះគេទើបមិនយកខែនេះសម្រាប់រៀបចំពិធីមង្គលអាពាហ៍ពិពាហ៍ដល់កូនចៅគេទេ។
ជំនឿទី៧ មនុស្សបុរាណដំបូងបំផុតមានជំនឿថាមិនគួររៀបការកូនចៅក្នុងខែ១២ព្រោះថាជាអំឡុងពេលដែលសត្វរកគូជាពិសេសសត្វឆ្កែដោយញីឈ្មោលហើយខែនេះថែមទាំងជាខែមានទឹកជំនន់ផងធ្វើឲ្យជួបផលលំបាកក្នុងការធ្វើដំណើរនិងគូប្តីប្រពន្ធតែងកើតមានការរកាំរកូស គ្នាច្រើនតែយ៉ាងណាជំនឿនេះក្រោយៗមកត្រូវបានគេលែងជឿទៀតហើយ ពិសេសគេចូលចិត្តរៀបចំពិធីមង្គលអាពាហ៍ពិពាហ៍កូនចៅក្នុងខែនេះទៀតផង៕