ក្បួន​តម្រា

មាតិកា

​អាវយឺត​សំណព្វចិត្ត​ដឹង​ពី​និស្ស័យ​មនុស្ស​

   ​    ​លើក​នេះ​យើង​មក​ទស្សន៍ទាយ​ពី​លក្ខណៈ​អាវយឺត​ដៃខ្លី ដែល​បច្ចុប្បន្ន​នេះ​សុភាព​ស្ត្រី ជាពិសេស​ក្រុម​យុវវ័យ កំពុងតែ​ពេញនិយម​ពាក់​ជាមួយ​ខោ​កូរ៉េ ឬ​ខោ​ខូវប៊យ​នោះ​វាបង្ហាញឱ្យឃើញ​ពី​ឧបនិស្ស័យ​របស់​អ្នក​បាន​ពាក់​វា​ដូច​ ខាងក្រោម​នេះ​ :



​    ​អាវយឺត​មាន​រូប​តុ​ក្កតា
​    ​ជា​មនុស្ស​មាន​អារម្មណ៍ល្អ​មិនសូវ​ស្គាល់​ពាក្យ​ថាពិបាកចិត្ត ព្រោះ​តែ​មនុស្ស​នេះ​ចូល ចិត្ត​សម្លឹងមើល​ពិភពលោក​ក្នុងផ្លូវ​ល្អ​រហូត​ដល់​ពេល​ខ្លះ​មើលឃើញ​ល្អ​ ជ្រុល​ពេក​នាំ​ឱ្យ​ទៅជា​មានទុក្ខ​មក​ដាក់​កាយ​ទៀតផង ។ ដូច្នេះ​គួរ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​បន្តិច​ក្នុង​រឿង​នេះ ។​
​    ​អាវយឺត​មាន​ផ្កា
​    ​អាច​បញ្ជាក់បាន​ថា ជា​មនុស្ស​ចូល​ចិត្ត​រឿង​សម្ផស្ស ស្រស់​ស្អាត​សំបូរ​គំនិត​ផ្តួចផ្តើម​ល្អៗ​និង​មាន​ការជឿជាក់​លើខ្លួនឯង ។ ប្រសិនបើ​មាន​នរណា​ម្នាក់​ប្រគល់​ការងារ​ឱ្យធ្វើ មនុស្ស​នេះ​នឹង​ចំណាយ​អស់​កម្លាំងកាយ​ព្យាយាម​ធ្វើ​អស់ពីសមត្ថភាព ដើម្បី​ឱ្យ​ការ ងារប្រកប​ដោយ​លទ្ធផល​ល្អ​បំផុត ។​
​    ​អាវយឺត​ហួស​សម័យ​
​    ​ប្រសិន​បើ​មើល​ឱ្យ​កាន់តែ​ជ្រៅ​បន្តិច​គេ​នឹង​ឃើញថា មនុស្ស​នេះ​មាន​ចរិត​ដូចជា​កូន ក្មេង ដែល​យើង​អាច​ពោល​បានថា គេ​ចូលចិត្ត​អួតអាង​ធ្វើ​បែប​ណា​ឱ្យ​លេចធ្លោ​ជាង​គេ​មានការជឿជាក់​លើ​ ខ្លួនឯង​ហ៊ាន​គិត​ហ៊ាន​ធ្វើ ក៏ប៉ុន្តែ​មិន​ចូលចិត្ត​ស្ថិតនៅក្រោម​គំនាប​ណាមួយ​នោះ​ទេ ។​
​    ​អាវយឺត​មាន​រូប​លោ​ហ្គោ​ផ្សេងៗ
​    ​ជា​មនុស្ស​ចូល​ចិត្ត​សប្បាយរីករាយ ដូច្នេះ​អ្នក​នៅ​ជុំវិញមនុស្ស​នេះ​នឹង​មាន​តែ​ស្នាម ញញឹម​មិន​សោកសៅ ។ ក៏​ប៉ុន្តែ​នៅមាន​ចំណុច​មិន​ល្អ​ផង​ដែរ ព្រោះ​មនុស្ស​នេះ​មាន​ចិត្ត​ក្តៅ​ដូចភ្លើង ពោល​គឺ​រឿង​តូច​អាច​ក្លាយទៅជា​ធំ​បាន​ងាយ​បំផុត ។​
​    ​អាវយឺត​មាន​តួ​អក្សរ
​    ​ប្រសិន​បើ​មើល​ពី​សម្បក​ក្រៅ​គេ​ឃើញថា មនុស្ស​នេះ​មាន​ចរិត​សុភាពរាបសា ។ ក៏​ប៉ុន្តែ​ប្រសិនបើ​សម្រាប់​អ្នក​បានស្គាល់​មនុស្ស​នេះ​ច្បាស់​វិញ​នាះ​គេ​ នឹង​ដឹង​ថា គេ​ជា​មនុស្សចូលចិត្ត​លេងសើច​ច្រើន ពូកែ​វោហារ​រីករាយ​ស្រស់ស្រាយ និង​មិន​ចូលចិត្ត​កេង​យក​ប្រៀប​លើ​នរណាម្នាក់​នោះទេ ។ ផ្ទុយទៅវិញ​មនុស្ស​នេះ​បែរជា​ងាយ​រង​នឹង​ការ យក​ប្រៀប​ពី​អ្នកដទៃ ​ដោយសារ​មនុស្ស​នេះ​មាន​ចិត្ត​ទន់ជ្រាយ​ឆាប់​ជឿ និងអាណិត​អ្នកដទៃ​នោះឯង ។​



​    ​អាវយឺត​មាន​ក្បូរក្បាច់​
​    ​ជា​មនុស្ស​មាន​ចំណូលចិត្ត​ទៅលើ​ការងារ​ប្រភេទ ប្រើ​គំនិត​ផ្តួចផ្តើម​ច្នៃប្រឌិត​ដែល​មាន​សណ្ឋាន​មិន​ចម្លង​តាម​អ្នកដទៃ ។ ជា​មនុស្ស​ដែល​ប្រកាន់ខ្ជាប់​នូវ​គំនិតល្អៗ​មាន​ទឹកចិត្ត ចេះ​ជួយ​សង្គ្រោះ​អ្នក​ដទៃ​ដែល​បាត់បង់​ឱកាស​ជាង​ខ្លួន ។ ជាមនុស្ស​មាន​ភាព ស្មោះត្រង់​គ្មាន​ល្បិចកល​ពិសពុល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ​ទេ ។ ទន្ទឹម​នឹង​ចំណុច​ល្អៗ​នេះ​ក៏​នៅ មាន​ចំណុច​អាក្រក់​ខ្លះ​ដែរ ព្រោះ​ពេល​ខ្លះ​គេ​មាន​អារម្មណ៍ឆេវ ឆាវ​ដោយ​មិន​ស្តាប់​ហេតុផល ហើយក៏​មិន​ចូល​ចិត្តការនិន្ទា​ឈ្នានីស ព្រម​ទាំង​មនុស្ស​ចូលចិត្ត​ដើរ​ខ្សែលើ​ទៀតផង​។​
​    ​អាវយឺត​មាន​រូប​ព្រឺព្រួច​ស្រើបស្រាល
​    ​ជា​មនុស្ស​ដែល​ធ្វើ​អ្វីៗ​ទៅ​តាម​ទំនើងចិត្ត​នឹកឃើញ​ដោយ​មិន​ចាប់​ អារម្មណ៍​និង​មិន​ខ្លាចរអែង​នរណា​ម្នាក់​ឡើយ​។ យក​ល្អ​អ្នក​ដែល​មាន​ចរិត​បែប​នេះ​គួរ​ចេះ​ប្រុងប្រយ័ត្ន​ខ្លួន​ឱ្យមែនទែន​ ពេល​ទៅ​ណា​មក​ណា ។ កត្កា​សំខាន់​បំផុ​តតោងរៀន​រក្សា​អារម្មណ៍​ឱ្យ​ប្រជាក់​ដើម្បី​សុវត្ថិភាព​ របស់​ខ្លួនឯង ។​
​    ​អាវយឺត​មាន​តួលេខ
​    ​អាច​បញ្ជាក់បាន​ថា លោក​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​រឿងប្រកួតប្រជែង​ ដើម្បី​ដណ្តើម​យក​របស់​ដែល​ខ្លួន​ត្រូវការ​ឱ្យបាន​។ ការពិត​ការផ្តោត​គោលដៅ​ទុក​នោះ​វា​ជា​រឿង​ល្អ​ទៅហើយ តែ​ពេល​ខ្លះ​គួរតែ​ចេះ​ត្រៀម​ចិត្ត​សម្រាប់​ចាញ់​ផងដែរ ព្រោះ​គ្មាន​នរណា​ម្នាក់​នៅលើ​លោក​នេះ​មិន​ជួប​រឿង​បរាជ័យនោះឡើយ ៕