អាំងប៉ាវនាំជោគលាភដល់ក្មេងៗថ្ងៃបុណ្យចូលឆ្នាំចិន

បើនិយាយពីអាំងប៉ាវមានមនុស្សតិចណាស់ដែលបានយល់ពីពាក្យនេះច្បាស់លាស់។
ពាក្យថាអាំងប៉ាវនោះមកពីពាក្យថា 红(ហុងប៉ាវ)ដែលក្នុងភាសាចិនប្រែថាស្រោមសំបុត្រពណ៌ក្រហម។តាមពាក្យចាស់បុរាណបានតំណាលថាកាលពីសម័យបុរាណកាលរាប់សិបពាន់ឆ្នាំមុនមានបិសាចមួយមានឈ្មោះថាស៊ុយ(祟 )ដោយមានសំបុរខ្មៅលើកលែងតែដៃទាំងពីរមានសំបុរពណ៌សប៉ុណ្ណោះ។រៀងរាល់បុណ្យចូលឆ្នាំចិនបិសាចនេះវាតែងតែដើរមកតាមស្រុកភូមិដែលមានទារកឬកុមារតូចៗដោយមកប៉ះថ្ងាសក្មេងដែលកំពុងដេកលង់លក់។បន្ទាប់ពីនោះមកកុមារតូចៗទាំងនោះនឹងគ្រុនឬឈឺរហូតខ្សោយបញ្ញាស្មារតីតែម្តង។ព្រោះតែមូលហេតុនេះឪពុកម្តាយទើបអង្គុយយាមកូនតូចៗរបស់ខ្លួនដើម្បិកុំឱ្យបិសាចស៊ុយចូលមកយាយីហើយមូលហេតុនេះទើបក្លាយជាទម្លាប់ជនជាតិចិនមិនព្រមដេកពួនដើម្បីរង់ចាំក្នុងថ្ងៃបុណ្យចូលឆ្នាំចិនឬហៅថៅ守岁(ស៊ូវស៊ុយ)ឬហៅថាការទន្ទឹងរង់ចាំបិសាចស៊ុយនោះឯង។

ក្នុងចំណេរកាលតមកដោយសារឪពុកម្តាយមិនចង់ឱ្យកូនតូចដេកនៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំច្រើនពួកគាត់ក៏រកកាក់ពណ៌ក្រហមមកឱ្យកូនៗរបស់ខ្លួនលេង(ពណ៌ក្រហមរបស់ចិនបញ្ជាក់ពីជោគលាភមានកម្លាំងថាមពលនិងពន្លឺភ្លឺថ្លា)។
ប៉ុន្តែយ៉ាងណាក៏មិនអាចធ្វើបានជោគជ័យដោយសារដល់ម៉ោងចូលដំណេកកូនតូចៗតែងចូលដេកតាមធម្មតារបស់ពួកវាអស់ទៅ។ឳពុកម្តាយទាល់បញ្ញាតែយ៉ាងណានៅពេលកូនដេកលង់លក់នោះមានឪពុកម្តាយខ្លះគាត់បានយកកាក់ពណ៌ក្រហមដែលឱ្យទៅកូនតូចពីថ្ងៃដាក់លើខ្នើយក្បែរពួកវា។បន្ទាប់ពីនោះមិនឃើញបិសាចស៊ុយចូលមកតាមពេលវេលាកំណត់ដូចមុនហើយបើផ្ទះខ្លះហ៊ានចូលប៉ុន្តែនៅពេលវាចូលមកប៉ះថ្ងាសកុមារតូចៗនោះត្រូវពន្លឺពណ៌ក្រហមពីកាក់ បញ្ចេញពន្លឺចែងចាំងរហួតធ្វើឱ្យបិសាចស៊ុយរត់គេមិនហ៊ានមកក្បែរបន្តទៀត។ចាប់តាំងតែពីពេលនោះមកឪពុកម្តាយដែលជួបបញ្ហាជោគជ័យនោះបានយកទៅនិយាយតៗគ្នារហូតក្លាយជារឿងជឿជាក់ពីតំបន់មួយទៅកាន់តំបន់មួយរហូតក្លាយជាទម្លាប់ជំនឿគេតែងប្រើកាក់ក្រហមហើយនិងក្រដាសក្រហមខ្ចប់ប្រាក់កាសឱ្យកូនតូចក្នុងថ្ងៃបុណ្យចូលឆ្នាំដើម្បីការពារបិសាចរហូតមកទល់សព្វថ្ងៃ។ចំណែកក្បួនតម្រាខ្លះបានសរសេរថាការឱ្យលុយអាំងប៉ាវដល់កូនតូចៗបំបាត់នូវបិសាចយាយីហើយហាមនូវភាពស៊យយាយីដល់កូនតូចរបស់គេដែលនាំមកនូវជោគសំណាងល្អពេញមួយឆ្នាំនោះ។
កាលវេលាកន្លងផុតច្រើនឆ្នាំតមកអាំងប៉ាវមិនត្រូវបានគេជឿជាក់ពីរឿងបណ្តេញបិសាចស៊ុយទៀតទេប៉ុន្តែវាបានក្លាយជានិមិត្តរូបនៃភាពមានទឹកចិត្តល្អដែលមនុស្សចាស់ប្រគល់ដល់កុមារតូចៗច្រើនជាង។សម្រាប់ការប្រគល់អាំងប៉ាវក៏មិនត្រូវបើកមើលចំពោះមុខអ្នកឱ្យដែរបើពុំនោះវានឹងក្លាយជារឿងគ្មានមារយាទចំពោះអ្នកឱ្យទៅវិញ។
ក្រៅពីបុណ្យចូលឆ្នាំចិនហើយនៅពេលនេះជនជាតិចិននៅនិយមឱ្យស្រោមសំបុត្រក្រហមដាក់ប្រាក់កាសក្នុងថ្ងៃកំណើត ថ្ងៃអាពាហ៍ពិពាហ៍ ថ្ងៃពិធីបុណ្យអ្វីមួយដល់គ្នាទៀតផង៕