ក្បួន​តម្រា

មាតិកា

ច្នៃ​រៀបចំ​បរិវេណ​ផ្ទះ​ដែល​ទំនេរ​ជា​កន្លែង​កម្សាន្ត​ដើម្បី​សិរី​មង្គល​




ផ្ទះសម្បែង​ជាទី​ជម្រក​ដ៏​សែន​មនោ​រម្យ​ដូចនេះ​ក្រៅពី​ស្នាក់អាស្រ័យ​រស់នៅ​ហើយ​យើង​ក៏ត្រូវ​រក​កន្លែង​ទំនេរ​នៅ​ជ្រុង​ណាមួយ​សម្រាប់​រៀបចំ​ឱ្យ​ក្លាយជា​កន្លែង​កម្សាន្ត​លំហែកាយ​របស់​ក្រុមគ្រួសារ​។​ដូច្នេះ​ឃើញថា​មិន​ត្រូវឱ្យ​បរិវេណ​ណាមួយ​ក្លាយជា​កន្លែង​ទំនេរ​ឬ​ដាក់​របស់របរ​ឥតប្រយោជន៍​នោះឡើយ​។​របស់​ដែល​យើង​ប្រើ​ត្រឹមតែ​តុ​កៅអី​ឬ​អង្រឹង​...​ជាការ​គ្រប់គ្រាន់​។​
  ការបង្កើត​កន្លែង​កម្សាន្ត​ទាំងនេះ​មិន​ត្រឹម​ស្រស់ស្អាត​ដល់​គេហដ្ឋាន​ទេ​តែ​នៅ​នាំ​ជោគ​សិរី​ដល់​សមាជិក​ក្នុង​គ្រួសារ​ផង​។​ត្រូវ​ចងចាំ​ថា​ទីកន្លែង​ដែល​រៀបចំ​ត្រូវ​ប្រែក្លាយជា​ទីកន្លែង​សម្រាប់​ដេក​កម្សាន្ត ស្តាប់​ចម្រៀង​អាន​សៀវភៅ​គយគន់​ទេសភាព​ឬ​ស្រស់ស្រូប​អាហារ​ជាដើម​។
   សម្រាប់​វិធី​កែច្នៃ​ទាំងនេះ​អ្នក​អាចធ្វើ​ការស្វែងយល់​ដូចជា​៖
**​ច្នៃ​កន្លែង​ទំនេរ​ឱ្យ​ក្លាយជា​កន្លែង​កម្សាន្ត​ 


ជាដំបូង​ឱ្យ​អ្នក​ក្រឡេក​រកមើល​ថា​នៅ​បរិវេណ​ផ្ទះ​មាន​កន្លែង​ណា​ទំនេរ​ហើយ​អាចដាក់​អ្វី​បាន​ខ្លះ​សម្រាប់​ទុក​អង្គុយ​កម្សាន្ត​ឬ​ដេក​លំហែកាយ​។​ទីកន្លែង​ទាំងនោះ​មានដូចជា​មុខផ្ទះ របៀង​ផ្ទះ សំយាបផ្ទះ ក្បែរ​ជណ្តើរ នៅ​ផ្នែក​ខាងក្រោយ​ផ្ទះ​ក្បែរ​បង្អួច​ឬ​សូម្បី​កៀន​ផ្ទះ​។​ត្រូវ​រិះរក​មធ្យោបាយ​កែច្នៃ​ទីកន្លែង​ទាំងនេះ​សម្រាប់​កម្សាន្ត​ឯកជន​ខ្លួន​វិញ​។​
  ក្នុងការ​រៀបចំ​អ្នក​អាច​ត្រូវដាក់​បន្ថែម​ដើម​ផ្កា​ឬ​បើ​ក្នុងផ្ទះ​អាចដាក់​ដើម​ផ្កាជ័រ​ក៏​ប្រសើរ​ដែរ​។​ប៉ុន្តែ​បើ​នៅ​សំយាបផ្ទះ​ឱ្យ​ដាក់​ដើម​ផ្កា ដើម​រុក្ខជាតិ​ស្រស់​ឱ្យមាន​របៀបរៀបរយ​ល្អ​។​ត្រូវ​ទុក​កន្លែង​សម្រាប់​ចូល​កម្សាន្ត​ល្មម​ស្រួលខ្លួន​។ ចំ​ណែ​កន្លែង​ប្រសព្វ​គ្នា​រវាង​បន្ទប់ដេក​ក៏​តែងតែមាន​កន្លែង​ទំនេរ​ដែរ ចុះ​ហេតុអ្វី​អ្នក​មិន​លៃលក​ដាក់​សា​ឡុង​មួយ​នៅ​ទីនោះ​គ្រាន់​ទុក​ទម្រេត​ខ្នង​សម្រាប់​អាន​សៀវភៅ​ឬ​ដេក​សម្រាក​ម្តងម្កាល​គ្រាន់​ប្លែក​អារម្មណ៍​។​
  សម្រាប់​កន្លែង​ដែល​យើង​រាល់គ្នា​តែង​ទុកចោល​មិនសូវ​នឹកនា​ដល់​នោះ​គឺ​ទី​ទំនេរ​នៅ​ជុំវិញ​ផ្ទះ​។​នៅទីនេះ​ក្រៅពី​ដាក់​ផើង​ដើម​រុក្ខជាតិ​លម្អ​ឬ​ដាំ​ដើមឈើ​ដើម្បី​បាន​ម្លប់​អ្នក​ក៏​ចាំបាច់​ត្រូវ​រៀបចំ​សម្ភា​រះ​ដែល​ប្រើប្រាស់​ឱ្យមាន​របៀបរៀបរយ​ល្អ​ដែរ​។​
​ក្នុងនេះ​អ្នក​ត្រូវ​រក​តុ​កៅអី​សម្រាប់​អង្គុយលេង​ដាក់ចូល​ជំនួស​វិញ​ដើម្បី ពេលខ្លះ​បាន​សម្រាក​លំហែកាយ​យ៉ាង​សប្បាយ​អារម្មណ៍​ជាមួយ​ក្រុមគ្រួសារ​។​ទីកន្លែង​ក្បែរ​បង្អួច​វិញ​បើ​អ្នក​យល់ឃើញថា​មិនអាច​ដាក់​អ្វី​បាន​ដោយ​ចង់ឱ្យ​ពន្លឺព្រះអាទិត្យ​ឬ​ខ្យល់​អាកាស​ចេញចូល​បានល្អ​ប៉ុន្តែ​យើង​ក៏​អាច​ប្រើ​កូន​តុ​ឬ​កូន​កៅអី​ប្រភេទ​តូចៗ​សម្រាប់​ប្រើ​ទីកន្លែង​ឱ្យ​កូនតូចៗ​ស្រស់ស្រូប​អាហារ​ឬ​អាន​សៀវភៅ​រឹតតែ​ប្រសើរ​។​
  អ្នក​ត្រូវ​ចងចាំ​ថា​កន្លែង​ណា​ទំនេរ​ហើយ​បើ​មើលឃើញថា​អាច​កែច្នៃ​សម្រាប់​ជួយ​លើក​សោ​ភ័​ណ្ឌ​ភាព​ផ្ទះសម្បែង​គប្បី​ចាត់ចែង​ភ្លាម​។​
**​របស់របរ​ដែល​ត្រូវ​ប្រើ​រៀបចំ​
  របស់​ទាំងអស់​ប្រើ​សម្រាប់​ទីកន្លែង​កម្សាន្ត​តូចៗ​ទាំងនោះ​ត្រូវឱ្យ​សមសួន​។​កៅអី​ត្រូវតែ​មាននៅ​កន្លែង​ទាំងនេះហើយ​បើ​ចង់​ទម្រេត​ខ្លួន​ត្រូវ​ប្រើ​សា​ឡុង​វែង ។​ក្រៅពីនេះ​អ្នក​ក៏ត្រូវ​ការ​តុ​តូច​មួយ​ផងដែរ​សម្រាប់​ដាក់​ភេ​ស​ជ្ជះ​ចាន​កែវ​ក្នុង​​ការប្រើ​ស្រស់ស្រូប​អាហារ​ហើយ​កុំ​ភ្លេច​រក​ថូផ្កា​តូច​ដោយ​ដោត​ផ្កា​ទុក​លើ​តុ​នោះ​ផង​រឹតតែ​ប្រសើរ​។​ធ្វើបាន​បែបនេះ​ពិតជា​ប្រសើរ​ណាស់​ព្រោះ​រៀងរាល់​ពេលដែល​ហត់នឿយ​អ្នក​អាច​ប្រើប្រាស់​កន្លែង​ទាំងនេះ​បាន​តាមចិត្ត​ត្រូវការ​។​
  ក្នុងករណី​ទីតាំង​ចង្អៀត  ការដាក់​កៅអី​មួយ​សម្រាប់​អង្គុយលេង​ក៏​ជាការ​គ្រប់គ្រាន់​ដែរ​។​សម្រាប់​នៅខាងមុខ​ផ្ទះ​ឬ​ខាងក្រោយ​ផ្ទះ​ដែលមាន​ម្លប់ឈើ​ល្អ​បំផុត​នោះ​គួរ​ដាក់​តុ​ធំ​មួយ​ព្រមជាមួយ​កៅអី​បួន​ប្រាំ​គ្រាន់​សម្រាប់​លំហែកាយ​ឬ​ជួបជុំ​គ្រួសារ​ម្តងម្កាល​ក្នុង​ការប្រើ​ស្រស់ស្រូប​អាហារ​រួមគ្នា​។​
  បើ​ផ្ទះ​របស់​អ្នក​គ្មាន​សួន​នោះ​ការប្រើប្រាស់​ត្រង់​ម្តុំ​បង្អួច​គឺជា​កន្លែង​សំខាន់បំផុត​។​ចូរ​ព្យួរ​ផើងផ្កា​ឬ​ដាក់​ថូផ្កា​(​ស្រស់​ឬ​ជ័រ​)​ឱ្យបាន​ច្រើន​ល្មម​នៅ​ផ្នែក​ខាងក្រៅ​ដើម្បី​ទប់ស្កាត់​កម្តៅ​ព្រះអាទិត្យ​ចែងចាំង​ចូល​តាម​បង្អួច​និង​ការដាក់​តុ​នៅក្បែរនោះ​អ្នកនឹង​មាន​ទីកន្លែង​សម្រាក​កម្សាន្ត​ផ្ទាល់ខ្លួន​បាន​យ៉ាង​ស្រួលខ្លួន​។​បើ​ករណី​គ្មាន​កៅអី​ឬ​តុ​ទេ​អ្នក​អាច​ប្រើ​គ្រែ​តូច​ស្អាត​ល្មម​សមសួន​ក៏​អាច​ប្រើ​ជា​កន្លែង​ទាំង​ដេក​សម្រាក​ឬ​អង្គុយ​កម្សាន្ត​បាន​ភ្លាម​។​ត្រូវ​ចងចាំ​ថា​ភាព​ស្អាតបាត​ភាព​សុខ​ស្រួល​មាន​សណ្តាប់ធ្នាប់​គឺជា​រឿង​មួយ​ដែល​អ្នក​មិនអាច​មើលរំលង​បាន​សោះឡើយ​។​
   បើ​ចង់ឱ្យមាន​ភាព​រ៉ូ​ម៉ា​ទិច​ជាង​នេះ​គួរ​ព្យួរ​រូបគំនូរ តាំង​រូបចម្លាក់​ដុំថ្ម​លម្អ​ឬ​បរិភោគ​អាហារ​ពេលយប់​ក្រោម​ពន្លឺ​ទៀន​ក៏​កាន់តែ​ជំរុញឱ្យមាន​អារម្មណ៍​ស្រស់ស្រាយ​ថែមទៀត​ដោយ​មិនបាច់​ចេញទៅ​ណា​ឆ្ងាយ​ពីព្រោះ​ក្នុងផ្ទះ​របស់​យើង​ក៏មាន​ទីកន្លែង​កម្សាន្ត​ច្រើន​កន្លែង​ស្រាប់​ទៅហើយ​។​
 ** ខ្យល់អាកាស​ចេញចូល​ល្អ​
  ព្រោះថា​ជាទី​កន្លែង​កម្សាន្ត​ផ្ទាល់ខ្លួន​ដូចនេះ​បើជា​កន្លែង​សំខាន់​អ្នក​ត្រូវតែ​ជ្រើសរើស​កន្លែង​ដែលមាន​ខ្យល់​អាការ​ចេញចូល​បានល្អ​។​តោង​តែ​ដឹងថា​ទីកន្លែង​ដែលមាន​កម្តៅ​ព្រះអាទិត្យ​តិច​ហើយ​មាន​ខ្យល់អាកាស​ខ្លាំង​នោះ​ផ្តល់​ផល​ល្អ​បំផុត​ព្រោះ​ថា​អាចជួយ​ឱ្យ​យើង​ត្រូវការ​សម្រាក​កម្សាន្ត​បាន​គ្រប់ពេល​ទាំងអស់​។​
   ក្នុងករណី​បើ​អ្នក​ប្រើ​តុ​កៅអី​នៅ​ផ្នែក​ខាងក្រៅ​ផ្ទះ​ចាំបាច់​ត្រូវ​ជ្រើស​រើសយក​ប្រភេទ​ដែល​អាច​ធន់​នឹង​កម្តៅថ្ងៃ​ភ្លៀងខ្យល់​ដោយ​មិន​ប្រេះ​ហើរ​ពណ៌​ឬ​កោង​វៀច ។​
​សំខាន់​ជាង​នេះ​បើ​វា​នៅ​ខាងក្រៅ​ផ្ទះ​ចាំបាច់​ត្រូវតែ​ជាទី​កន្លែង​ដែល​មិន​អ៊ូអរ​ឬ​មនុស្ស​ដើរ​ឆ្លងកាត់​ច្រើន​ចៀសវាង​ត្រូវ​សម្លេង​រំខាន​ឬ​មនុស្ស​សម្លឹងមើល​ដែលនាំឱ្យ​ខូច​ផ្លូវ​អារម្មណ៍​។​ចេះ​ច្នៃ​បាន​បែបនេះ​ជីវិត​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​របស់​អ្នក​ពិតជា​អស្ចារ្យ​ណាស់​៕