កម្ពុជាជីកកប់ការឈឺចាប់សម្លឹងអនាគតនៅក្នុងទំនាក់ទ... | ដំណឹងក្នុងប្រទេស:អត្ថាធិប្បាយ និងទស្សនៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កម្ពុជា​ជីក​កប់​ការឈឺចាប់​សម្លឹង​អនាគត​នៅក្នុង​ទំនាក់ទំនង​ជាមួយ​ថៃ​

(ថ្ងៃទី 18 កក្កដា 2012, ម៉ោង 11:41:AM) | ដោយ: គ្រី​ទិច​

ក- ក+ | Print

ភ្នំពេញ: ​កងទ័ព​ចំនួន​៤៨៥​នាក់​បាន​ដក​ចេញពី​តំបន់​គ្មាន​កងទ័ព​ដែល​សម្រេច​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​

​កងទ័ព​កម្ពុជា​ទាំងនោះ​ត្រូវបាន​ដាក់អោយ​ឈរជើង​នៅ​ទីនោះ ក៏​ព្រោះតែ​អ្វីដែល​កម្ពុជា​តែងតែ ហៅថា​ការឈ្លានពាន​ពី​ប្រទេស​ថៃ​។ នៅតាម​ព្រំដែន​ព្រះវិហារ មានការ​ផ្ទុះអាវុធ ជាច្រើន​ដង ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​២០០៨ ក្រោយពី​ប្រាសាទព្រះវិហារ ត្រូវបាន​បញ្ចូល នៅក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក ទោះបីជា​មានការ​ជំទាស់​យ៉ាងខ្លាំង​ពី​ប្រទេស​ថៃ​ក្តី​។

​ការប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​រវាង​កម្ពុជា​និង​ថៃ​ក៏បាន​នាំ​រឿងរ៉ាវ​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ តាមពិតទៅ​ការដក​ទ័ព​នេះ​ត្រូវធ្វើឡើង ដំណាលគ្នា​និង​ដោយមាន​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​។ នេះ​គឺជា​ការសម្រេចចិត្ត​ចិត្ត​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ ប៉ុន្តែ​រហូតមកទល់ ពេលនេះ ការដក​ទ័ព​តាម​រូបភាព​បទបញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅតែ​មិនអាច​ធ្វើទៅបាន​។​

​កម្ពុជា​ដ៏​ស្លូតបូត​ពេលនេះ​បាន​ដកទ័ព​មុន​ទៀត​ដើម្បី​បង្ហាញ​សុ​ឆន្ទៈ ដែលថា​កម្ពុជា​ជានិច្ចកាល​ស្រឡាញ់​សន្តិភាព ហើយ​ចង់បាន ភាព​សុខ​ដុ​ម្យ​ជា មួយ​ប្រទេសជិតខាង​។ វា​ជា​សំណាង​មួយ​របស់​ប្រទេស​ថៃ​ដែលមាន​អ្នកជិតខាង​ដ៏​ស្លូតបូត​ដូចជា​កម្ពុជា​។​

​ជាមួយនឹង​សំណាង​បែបនេះ ប្រទេស​ថៃ​គួរតែ​ឆ្លើយតប​ជាមួយនឹង​កាយវិការ​ប្រក​ដ​ដោយ​វិជ្ជមាន​ដោយ​គោរព​អោយបាន​សាលដីការ​របស់​តុលាការ យុត្តិធម៌ អន្តរជាតិ​។ ទំនាក់ទំនង​ល្អ​មួយ​មិន​ចំណុះ តែ​លើ​កិច្ចប្រឹងប្រែង របស់​ភាគី​ម្ខាង​ឡើយ វា​ចំណុះ​ទៅលើ​ការ ថ្នាក់ថ្នម ដោយ​ភាគី​ទាំងពីរ ពោលគឺ​កម្ពុជា​និង​ថៃ​។​

​កន្លង​កមក​កម្ពុជា​បានទទួល​អារម្មណ៍​ថា ខ្លួន​ត្រូវបាន​ធ្វើបាប​និង​ឈ្លានពាន ដោយ​ប្រទេស​ថៃ ដែល​ធំ​ជាង និង​ខ្លាំង​ជាង ទាំង​ផ្នែក សេដ្ឋកិច្ច​និង យោធា​។ កម្ពុជា​បាន​ចាត់​ទុ​ការផ្ទុះអាវុធ ដែលមាន​ជា​ហូរហែរ​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០០៨ មកជា​លទ្ធផល​នៃ​ការឈ្លានពាន​ដែល​ធ្វើឡើង​ដោយ ប្រទេស​ថៃ​។​

​ពេលវេលា​បានអូសបន្លាយ​ជាង​បួន​ឆ្នាំ ស្ថានការណ៍​នៅ​តំបន់​ព្រះវិហារ​នៅតែ​មិន​គួរអោយ​ទុកចិត្ត ទោះបីជា​វា​មាន​លក្ខ​ណះ​ប្រសើរ​ជាង​មុន​ក្តី​។​

​កម្ពុជា​បាន​សុខចិត្ត​បំភ្លេចចោល​ការឈឺចាប់​គ្រប់យ៉ាង​ដែល​ខ្លួន​ធ្លាប់មាន​ជាមួយ​ថៃ​ហើយ​បានសម្រេច​ដកទ័ព​ចំនួន​៤៨៥​នាក់​ចេញពី​តំបន់​គ្មាន​កងទ័ព​ចំ​ខួប​១​ឆ្នាំ​នៃ​ការចេញ​សាលដីការ​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​អោយ​ភាគី​កម្ពុជា​និង​ថៃ​ធ្វើ​ការដក​កងទ័ព​ចេញពី​តំបន់​គ្មាន​កងទ័ព​ដើម្បី​បញ្ចៀស​ការផ្ទុះអាវុធ​ដ៏​បំផ្លេចបំផ្លាញ​។​

​កម្ពុជា​កំពុងតែ​សម្លឹងមើល​អនាគតកាល​ជាជាង​ការគិតគូរ​ដល់​អតីត​កាល​។ កម្ពុជា​នៅតែ​ប្រាថ្នា​អនាគតកាល​មួយ​នៃ​ទំនាក់ទំនង​ផូរផង់​ជាមួយ ប្រទេស​ថៃ​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners