ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កម្ពុជា​មិនមាន​បញ្ហា​សន្តិសុខ​ស្បៀង​ទេ​ នៅ​ឆ្នាំ​២០១២

(ថ្ងៃទី 21 ឧសភា 2012, ម៉ោង 10:59:AM) | ដោយ: គ្រីទិច

ក- ក+ | Print

ភ្នំពេញ: ​សម្តេច​តេ​ជោ​ ហ៊ុន សែន ​បាន​មាន​ប្រសា​ស​ន៍​ថា ​ប្រទេស​កម្ពុជា​នឹង​មិនមាន​បញ្ហា​សន្តិសុខ​ស្បៀង​ទេ ខ​ណៈដែល​ប្រទេស​កម្ពុជា​រំពឹងថា ​នឹង​អាចមាន​អង្ករ​សល់​ចំនួន​រហូតដល់​ទៅ​ ២,៧៨ លាន​តោន ​នៅក្នុង​ឆ្នាំ​២០១២​នេះ​។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​អំពី​ស​ន្តិ​សុខ​ស្បៀង​ នៅពេលដែល​សម្តេច​បាន​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​លើក​ទី​បួន​ ស្តីពី​ សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​ ក្រោម​ប្រធានបទ "​អាហារូបត្ថម្ភ​របស់​មា​តា​ និង​កុមារ "​។​

​សម្តេច​បាន​មានប្រសាសន៍ថា ថ្វី​ត្បិត​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាកាសធាតុ​មានការ​ប្រែប្រួល បណ្តាល​ឲ្យ​មាន​ភាពរាំងស្ងួត ​និង​ទឹកជំនន់​ជា​បន្តបន្ទាប់ យ៉ាងណាក៏ដោយ​ ក៏​យើង​នៅតែ​អាច​បង្កើន​ផលិតកម្ម​ដំណាំ​ស្បៀង ជាពិសេស​ដំណាំង​ស្រូវ ​តាមរយៈ​ការអភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ និង​ការកែលម្អ​បច្ចេកវិទ្យា​កសិកម្ម​។

​សម្តេច​មានប្រសាសន៍​ប​ន្ថែ​ម​ទៀតថា "តាមរយៈ​នេះ យើង​អាច​វាយតម្លៃ​បាន​ថា កម្ពុជា​ពិត​អាច​រក្សាបាន​នូវ​សន្តិសុខ​ស្បៀង​របស់ខ្លួន​។ ជាក់ស្តែង​ឆ្នាំ​២០១១​កន្លងទៅ យើង​អាច​ផលិត​ស្រូវ​បាន​ប្រមាណ ៨,៧៧​ លាន​តោន ដូច្នេះ​តុល្យភាព​ស្បៀង​សម្រាប់​ឆ្នាំ​២០១២ គឺ​កម្ពុជា​អាច​នឹងមាន​អតិរេក​ស្រូវ​ប្រមាណ​ ៤,៤៣​ លាន​តោន ដែល​គេ​គិត​អតិរេក​អង្ករ​ ២,៧៨​ លាន​តោន"​។​

​ប្រទេស​កម្ពុជា​កំពុងតែ​ជំរុញ​ការនាំ​អង្ករ​ចេញ​ ឲ្យបាន​មួយ​លាន​តោន ​នៅ​ឆ្នាំ​២០១៥​។​

​ឥឡូវ​កម្ពុជា​ក៏​នឹង​ជំរុញ​ការនាំចេញ​ជាមួយ​ប្រទេស​ថៃ​ ឲ្យបាន​កើនឡើង​ចំនួន ​៣០​ ភាគរយ ​ជា​រៀងរាល់ឆ្នាំ​ផងដែរ​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners