កម្មករធ្វើផ្លូវក្រុមហ៊ុនចិន ស្លាប់ ៣នាក់ របួសម្... | ដំណឹងក្នុងប្រទេស:បទល្មើស និងឧក្រិដ្ឋកម្ម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កម្មករ​ធ្វើ​ផ្លូវ​ក្រុមហ៊ុន​ចិន ស្លាប់ ៣​នាក់ របួស​ម្នាក់ ដោយសារ​ផ្ទាំង​ថ្មបាក់​សង្កត់នៅ​ភ្នំព្រឹក​

(ថ្ងៃទី 3 សីហា 2012, ម៉ោង 09:27:AM) | ដោយ: មង្គល​

ក- ក+ | Print

ខេត្តបាត់ដំបង: កម្មករ​ក្រុមហ៊ុន​សៀង​ហៃ ធ្វើ​ផ្លូវ​លេខ​៥៩ ត្រូវ​ផ្ទាំង​ថ្មបាក់​ធ្លាក់​សង្កត់ពីលើ បណ្តាល​ឲ្យ​ស្លាប់ ៣​នាក់ របួស​ម្នាក់  ខណៈពេល​កម្មករ និង​មេការ​បច្ចេកទេស​ម្នាក់ កំពុង​ស្វាន​ថ្មដាក់​រំសេវបំផ្ទុះយក​ថ្ម កាលពី​វេលា​ម៉ោង ៣ និង ៤៥នាទី ​រសៀលថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១២ នៅ​ខាងត្បូង​ភ្នំព្រឹក ស្ថិតនៅ​ភូមិ​ព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​លោក សារ៉េត វិ​សេដ្ឋ អធិការរ​ង​នគរបាល​ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង ៤​នាក់ ទី​១-ឈ្មោះ លាវ ឈៀង អាយុ ៣១​ឆ្នាំ មេការបច្ចេកទេស ជនជាតិ​ចិន​, ទី​២-ឈ្មោះ ស៊ុន ភក្តី ហៅម៉ាប់ អាយុ ២៥​ឆ្នាំ​, ទី​៣-ឈ្មោះ ហុំ ហុន អាយុ ២៧​ឆ្នាំ​។ ជនជាតិខ្មែរ ២​នាក់​នេះមាន​ទីលំនៅភូមិ​ក្បាល​ថ្ម ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

​អ្នក​ទាំង​ ៣​នាក់​នេះ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ចំណែកកម្មករ​ខ្មែរម្នាក់ទៀត រងរបួស​ស្រាល ឈ្មោះ ស៊ុន វិសាល ហៅតុលា អាយុ ២៣​ឆ្នាំ នៅ​ភូមិ​ក្បាល​ថ្ម ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​លោក​អធិការរ​ងបាន​បន្តថា នៅវេលា​រសៀលថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១២​នោះ កម្មករ និង​មេការ​បច្ចេកទេសទាំង ៤​នាក់ បាន​ចូលទៅ​ការដ្ឋាន​បាញ់​ថ្ម​ នៅ​ខាងត្បូង​ភ្នំព្រឹក ដើម្បី​ស្វាន​រន្ធដាក់​រំសេវបំផ្ទុះយក​ថ្ម មក​កិន​តូចៗទៅ​ក្រាល​ធ្វើ​ផ្លូវថ្នល់លេខ​៥៩​។ នៅពេល​កំពុង​ស្វាន​ថ្ម ស្រាប់តែ​ផ្ទាំង​ថ្ម​មួយ​ផ្ទាំងទម្ងន់​រាប់​តោន បាន​បាក់​ធ្លាក់មក​សង្កត់ អ្នក​ទាំង ៤​នាក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗនៅ​ពីក្រោម​ផ្ទាំង​ថ្ម ប៉ុន្តែ​មាន​ម្នាក់​រួចផុតជីវិត គ្រាន់តែ​របួសស្រាល​។​

​លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ចិនធ្វើ​ផ្លូវ​លេខ​៥៩ បានធ្វើ​ការដ្ឋាន​កិន​ថ្មនៅ​ខាងត្បូង​ភ្នំព្រឹក (​ពី​ស្រុក​ភ្នំព្រឹក ទៅ​សំពៅ​លូន​) ក្រុមហ៊ុន​នេះបាន​បំផ្ទុះយក​ថ្ម​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ​។ កន្លែង​បំផ្ទុះថ្មមាន​រូង រន្ធ​យ៉ាង​ធំ ពេល​កម្មករ​ចូលទៅ​ស្វានរន្ធ​ដាក់​រំសេវបំផ្ទុះ​យក​ថ្ម​ទៀត ទំនងជា​ថ្មរង្គើចង់​បាក់ មេការមិនដឹង ទើប​បាក់​ធ្លាក់​មក​សង្កត់​ស្លាប់​បែបនេះ​។​

​ចំណែក​អ្នករងរបួស ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ឯកជន ក្នុងស្រុក​ភ្នំព្រឹក​ភ្លាមៗ​ដែរ​។ សាកសព​ទាំង ៣នាក់ រួមមានជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ប្រគល់ជូន​អ្នកទទួលខុសត្រូវក្រុមហ៊ុន​សៀង​ហៃ ឈ្មោះ លី ហៃ​តាវ ដើម្បី​រក​ក្រុមគ្រួសារ មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ S
ដំណឹងថ្មីៗចុងក្រោយ

Our Partners