ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បង្កើត​ឡើង​ដើម្បី​អ្វី?

(ថ្ងៃទី 28 ឧសភា 2012, ម៉ោង 03:01:PM) | ដោយ: គ្រីទិច

ក- ក+ | Print

ភ្នំពេញ:
កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ (ADMM)​ លើក​ទី​៦​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​ខាង​មុខ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ​។​
​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ចាប់តាំងពី​ឆ្នាំ​២០០៦​ នៅ​ក្នុង​ប្រទេស​មួយ​ដូច​ជា​ ប្រទេស​ម៉ា​ឡេ​ស៊ី​ សឹ​ង្ហ​បូ​រី​ ថៃ​ វៀតណាម​ ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​កម្ពុជា​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៩​ខែឧសភា​ ឆ្នាំ​២០១២​នោះ​តទៅ​ នៅ​វិមាន​សន្តិភាព​ ក្នុង​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ប្រចាំឆ្នាំ​ ជួ​យស​ម្រូ​ល​ដល់​បណ្តា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ ធ្វើការ​ពិភាក្សា​និង​និង​ផ្លាស់​ប្តូរ​ទស្សនៈ​ទៅ​លើ​បញ្ហា​សន្តិសុខ​ និង​ការពារ​ជាតិ​ថ្មី​ ហើយ​និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​តំបន់​។​ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​អាស៊ាន​មាន​គោលបំណង​លើកកម្ពស់​នូវ​ភាព​ជឿជាក់​ និង​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ តាម​រយៈ​ការ​យោគយល់​គ្នា​ដ៏​ទូលំទូលាយ​នៅ​ក្នុង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ និង​ការពារ​ជាតិ​ ក៏​ដូច​ជា​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​តម្លាភាព​ និង​ភាព​បើកចំហរ​។​
​ដើម្បី​ដឹកនាំ​កិច្ច​សហប្រតិបត្តិការ​ADMM​កម្មវិធី​ការងារ​៣​ឆ្នាំ​របស់​ADMM(២០០៨-២០១០)​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​២​ នៅ​ប្រទេស​សឹ​ង្ហ​បូ​រី​ នា​ឆ្នាំ​២០០៧​។​ កម្មវិធី​ការងារ​(២០០៨-២០១០)​បាន​រួម​បញ្ចូល​សកម្មភាព​ និង​ការ​វាយតម្លៃ​ក្នុង​វិស័យ​ចំនួន​៥​ គឺ​១-​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ និង​ការពារ​ជាតិ​ក្នុង​តំបន់​។​
២-​ការ​បង្កើត​ និង​ការ​ចែករំលែក​បទដ្ឋាន​។​៣-​ការ​បង្ការ​ជម្លោះ​។​៤-​ការ​ដោះស្រាយ​ជម្លោះ​។​៥-​ការ​កសាង​សន្តិភាព​នៅ​ក្នុង​ពេល​មាន​ជម្លោះ​។​
​ដោយ​បាន​បំពេញ​ដំណាក់កាល​ទី​១​ ក្នុង​ឆ្នាំ​២០១០​ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​អាស៊ាន​លើក​ទី​៥​ បាន​អនុម័ត​កម្មវិធី​ការងារ​៣​ឆ្នាំ​លើក​ទី​២​ របស់​ADMM(២០១១-២០១៣)​ដោយ​ផ្តោត​លើ​កា​វាយតម្លៃ​ និង​សកម្មភាព​ក្នុង​វិស័យ​ចំនួន​៤​ដូច​ជា​:​ ១-​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ និង​សន្តិសុខ​ក្នុង​តំបន់​។​ ២-​ការ​ធ្វើ​ឲ្យ​ប្រសើរ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ដែល​មាន​ស្រាប់​ និង​ការ​អភិវឌ្ឍន៍​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​ និង​ការពារ​ជាតិ​ដែល​អាច​មាន​។​ ៣-​ ការ​លើកកម្ពស់​ចំណងមិត្តភាព​ជាមួយ​ដៃគូ​សន្ទនា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។​៤-​ការ​បង្កើត​ និង​ការ​ចែករំលែក​បទដ្ឋាន​។​
​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​អាស៊ាន​បាន​រីក​ចំរើន​យ៉ាង​ជាប់លា់ប់​ចាប់តាំងពី​ការ​បង្កើត​ខ្លួន​ឡើង​ក្នុង​ឆ្នាំ​២០០៦​។​ កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​បញ្ហា​ជំនួប​មនុស្សធម៌​ និង​សង្គ្រោះ​មហន្តរាយ​ត្រូវ​បាន​រីក​ចំរើន​គួរ​ក​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ការពារ​ជាតិ​អាស៊ាន​។​បណ្តា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ បាន​អនុម័ត​ឯកសារ​ទស្សនទាន​ដើម្បី​ធ្វើ​ឲ្យ​រីក​ចំរើន​កិច្ច​សហប្រតិបត្តិការ​ADMM​ក្នុង​វិស័យ​នេះ​ ក្នុង​នោះ​រួម​មាន​ឯកសារ​ទស្សនទាន​ ស្តី​ពី​ការ​ប្រើប្រាស់​សមត្ថភាព​ និង​សម្ភារៈ​យោធា​ អាស៊ាន​នៅ​ក្នុង​ជំនួប​មនុស្សធម៌​ និង​សង្គ្រោះ​មហន្តរាយ​(HADR)​និង​ឯកសារ​ទស្សនទាន​ស្តី​ពី​កិច្ច​ប្រតិបត្តិការ​ស្ថាប័ន​ការពារ​ជាតិ​ និង​អង្គការ​សង្គម​ស៊ី​វិល​ទៅ​លើ​សន្តិសុខ​មិនមែន​ប្រពៃណី​។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ក៏​បាន​រៀបចំ​ផង​ដែរ​ នូវ​លំ​ហាត់​លើ​តុ​ក​អាស៊ាន​ ស្តី​ពី​ជំនួយ​មនុស្សធម៌​ និង​សង្គ្រោះ​មហន្តរាយ​(AHX)​ដែល​បាន​សហការ​រៀបចំ​ដោយ​ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​សឹ​ង្ហ​បូ​រី​ និង​លំ​ហាត់​លើ​តុ​ ក្នុង​ជំនួយ​មនុស្សធម៌​និង​សង្គ្រោះ​មហន្តរាយ​ ក្រោម​ក្របខ័ណ្ឌ​នៃ​សិក្ខាសាលា​កិច្ច​សហប្រតិបត្តិការ​ស្ថាប័ន​ ការពារ​ជាតិ​អាស៊ាន​ និង​អង្គការ​សង្គម​ស៊ី​វិល​ ស្តី​ពី​សន្តិសុខ​មិនមែន​ប្រពៃណី​លើក​ទី​៣​ រៀបចំ​ដោយ​ប្រទេស​ថៃ​ឡង់​ដ៏​នា​ឆ្នាំ​២០១២​។​

​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ និង​សន្តិសុខ​ក្នុង​តំបន់​ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​៥​ បាន​អនុម័ត​ឯកសារ​ទស្សនទាន​ ស្តី​ពី​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម​យោធា​អាស៊ាន​(ADIC)​និង​ឯកសារ​ទស្សនទាន​ ស្តី​ពី​ការ​បង្កើត​បណ្តាល​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​អាស៊ាន​។​
​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បន្ត​ផ្លាស់​ប្តូរ​ទស្សនៈ​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ ផ្នែក​សន្តិសុខ​មិនមែន​ប្រពៃណី​ និង​ពិភាក្សា​អំពី​ភាព​ចាំបាច់​ដើម្បី​ពង្រឹង​ និង​អនុវត្ត​ជំ​ហា​ជាក់ស្តែង​បន្ថែម​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ការ​ការពារ​ជាតិ​ ដើម្បី​ចូលរួម​ចំណែក​បន្ថែម​ទៀត​ នៅ​ក្នុង​សន្តិភាព​ និង​ស្ថេ​រ​ភាព​ក្នុង​តំបន់​។​ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បាន​ពិពណ៌នា​ម្តងទៀត​ ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ដើម្បី​បង្កើន​នូវ​រាល់​សកម្មភាព​នៅ​គ្រប់​កំរិត​ហើយ​កសាង​នូវ​មូលដ្ឋាន​ដ៏​រឹង​មាំ​ដើម្បី​គាំទ្រ​បង្កើត​សហគមន៍​អាស៊ាន​ ដូច​បាន​លើក​ឡើង​ក្នុង​ផែនការ​សហគមន៍​សន្តិសុខ​-​នយោបាយ​អាស៊ាន​។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​កន្លង​មក​រួម​មាន​:

-​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​១​ ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ក្នុង​ឆ្នាំ​២០០៦
-​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​២​ ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​សឹ​ង្ហ​បូ​រី​ ក្នុង​ឆ្នាំ​២០០៧
-​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​៣​ ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ថៃ​ ក្នុង​ឆ្នាំ​២០០៩
-​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​៤​ ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​វៀតណាម​ ក្នុង​ឆ្នាំ​២០១០
-​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​៥​ ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ក្នុង​ឆ្នាំ​២០១១
-​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​៦​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ​២០១២​។​

ដំណឹងថ្មីៗចុងក្រោយ

Our Partners