ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កុមារ ៧៣​នាក់ រស់នៅក្នុង​ពន្ធនាគារ​ជាមួយ​ឪពុកម្ដាយ ត្រូវ​បានផ្ដល់​អាហារូបត្ថម្ភ​

(ថ្ងៃទី 31 ឧសភា 2012, ម៉ោង 01:06:PM) | ដោយ: លីនណា

ក- ក+ | Print

ភ្នំពេញ: ​មន្ត្រី​អង្គការសិទ្ធិមនុស្ស​លីកាដូ បានបង្ហាញ​តួលេខ​កុមារ ដែល​រស់នៅក្នុង​ពន្ធនាគារ​ជាមួយ​ម្ដាយ និង​ឪពុក នៅក្នុង​ពន្ធនាគារ ១៤ ខេត្ត​ក្រុង មាន​ចំនួន​សរុប ៧៣ នាក់​។ ក្នុងនោះ ដើម្បី​សាទរ​ទិវា​កុមារ​អន្តរជាតិ ថ្ងៃ​១​មិថុនា អង្គការ​លីកាដូ បាន​បង្កើត​កម្មវិធី​ជាមួយ​អង្គការ​ដៃគូ ដើម្បី​ផ្ដល់​អាហារូបត្ថម្ភ​ដល់​កុមារ ដែល​រស់នៅ​ពន្ធនាគារ​ជាមួយ​ឪពុកម្ដាយ​។​

​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈី​វ​កេក ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​មានប្រសាសន៍​បញ្ជាក់ថា តាម​ការអង្កេត​របស់​អង្គការ បាន​រកឃើញ​កុមារ​ចំនួន ៧៣​នាក់ កំពុង​រស់នៅ​ពន្ធនាគារ​ជាមួយ​ម្ដាយ និង​ឪពុក ដែល​កំពុង​ជាប់ពន្ធនាគារ​ចំនួន ១៤ ខេត្ត​ក្រុង​។ ពន្ធនាគារ ដែលមាន​កុមារ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​មាន ពន្ធនាគារ​តាខ្មៅ (​ខេត្តកណ្ដាល​), ម​២(​ព្រៃ​ស​), កំពង់ចាម​, កំពង់ឆ្នាំង​, កំពង់សោម​, ពោធិសាត់​, កោះកុង​, ស្វាយរៀង​, កំពត​, បន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ស្ពឺ​, សៀមរាប និង​កំពង់ធំ​។

​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈី​វ​កេក បាន​បញ្ជាក់ថា “​កុមារ​ដែល​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ខេត្តបន្ទាយមានជ័យ​ច្រើនជាងគេ មាន​រហូតដល់ ៣០​នាក់​, បាត់ដំបង​មាន ១៧​នាក់​, សៀមរាប ១០​នាក់​, កំពង់សោម ៤​នាក់​, ម​២ (​ព្រៃ​ស​) ៨​នាក់ និង​តាខ្មៅ ១​នាក់​។ ចំពោះ​ក្មេង ដែល​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ក្នុង​ពន្ធនាគារ អនុញ្ញាត​ឲ្យ​នៅ​ជាមួយ​តែ ៣​ឆ្នាំ​ទេ លើសពី ៣​ឆ្នាំ អនុវត្ត​ឲ្យ​ទៅ​រស់នៅ​ខាងក្រៅ​ពន្ធនាគារ​ជាមួយ​សាច់ញាតិ​។ ពេលនោះ​កុមារ មានឱកាស​ទៅ​រៀនសូត្រ​បាន​”​។​

​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈី​វ​កេក បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្តទៀតថា អង្គការ​លីកាដូ បាន​ចាប់​ដៃគូ​ជាមួយ​អង្គការ​អន្តរជាតិ​មួយ ចុះ​អង្កេត​កុមារ​ដែល​រស់នៅ​ជាមួយ​ឪពុកម្ដាយ​នៅក្នុង​ពន្ធនាគារ ចំនួន ១៨​ពន្ធនាគារ​ខេត្ត​ក្រុង ក្នុងចំណោម​ពន្ធនាគារ ទូទាំងប្រទេស​។ ពន្ធនាគារ ១៨​ខេត្ត​ក្រុង ដែល​អង្គការ​លីកាដូ និង​អង្គការ​ដៃគូ ចុះជួយ​កុមារ​នោះ គឺ​ផ្ដល់​អាហារូបត្ថម្ភ​ដល់​ក្រុម​កុមារ​ទាំងនោះ រួមមាន​ទឹកដោះគោ និង​អាហារ​បំប៉ន​ផ្សេងៗ ដល់​ពួកគេ ដែល​សកម្មភាព​នេះ​មាន​យូរ​មកហើយ​។​

​ការផ្តល់​អាហារូបត្ថម្ភ​ដល់​កុមារ នៅក្នុង​ពន្ធនាគារ​នេះ ស្រប​ពេលដែល​ពិភពលោក នឹង​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ថ្ងៃ​១​មិថុនា​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners