ខាត់ សុឃីម ត្រៀមចូលរោងការអំឡុងខែធ្នូនេះ មានគម្រ... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ខាត់ សុ​ឃីម ត្រៀម​ចូល​រោងការ​អំឡុង​ខែធ្នូ​នេះ មាន​គម្រោង​បង្កើតកូន​តែ​ម្នាក់​ទេ​

(ថ្ងៃទី 1 សីហា 2012, ម៉ោង 03:11:PM) | ដោយ: លីន​ណា​

ក- ក+ | Print

ភ្នំពេញ: ​អ្នកនាង ខាត់ សុខ​ឃីម អ្នកចម្រៀង​ចង់​បូរាណ បូរាណ និង​ចង់​សម័យ សម័យ ដែលមាន​ភាព​ក្រមិចក្រមើម​នោះ បានកំណត់​ថ្ងៃ​ចូល​រោងការ​នៅ​ចុងឆ្នាំ​២០១២​នេះ ដែលជា​ការរៀបចំ​ចាប់​ដៃគូ​អនាគត ១០០​ឆ្នាំ ជាមួយនឹង​គូ​ដណ្តឹង​របស់​អ្នកនាង គឺ​លោក អ៊ិន សូ​ផា​ណូ ដែល​ត្រូវបាន​ចាស់ទុំ​ទាំងសងខាង​ភ្ជាប់ពាក្យ​ភ្ជាប់​សម្តី​ជាមួយ​អ្នកនាង ទុក​មក​ជាង​មួយឆ្នាំ​ហើយ​នោះ​។​

​ទាក់ទង​នឹង​ការរៀប​មង្គលការ នៅ​ខែធ្នូ ចុងឆ្នាំ​២០១២​នេះ អ្នកនាង ខាត់ សុ​ឃីម បាន​និយាយ​ទាំង​ទឹកមុខ​ក្រហម បែប​អៀនប្រៀន​ថា ការរៀប​អាពាហ៍ពិពាហ៍​របស់​នាង ជាមួយ​លោក អ៊ិន សូ​ផា​ណូ នឹង​ប្រព្រឹត្ត​នៅ​គេហដ្ឋាន​របស់​អ្នកនាង​ផ្ទាល់ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បុរី​ជ័យជំនះ (​ហៅ​បុរី​សាន់​វ៉ា​) ភូមិ​ដំណាក់​ធំ​ទី​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ គឺ​មិន​ទៅ​រៀប​មង្គលការ​នៅ​ហាង​ទេ ពីព្រោះ​ធនធាន​មានកំណត់​។​

​សម្រាប់​ពិធីមង្គលការ​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០១២​នោះដែរ ត្រូវបាន​សាមីខ្លួន​អ្នកនាង ខាត់ សុ​ឃីម បញ្ជាក់ថា អ្នកនាង​នឹង​អញ្ជើញ​ភ្ញៀវ​ក​ត្តិ​យស​ចូលរួម​ចំនួន ៥០០ នាក់ តែ​ត្រៀម​ដល់​ទៅ ៦៨ តុ​ឯណោះ ដែល​ភ្ញៀវ​ភាគច្រើន​ជា​ក្រុម​តារា និង​មន្ត្រី​ដែលមាន​មុខមាត់​ជាច្រើន​នាក់​ទៀត ព្រមទាំង​បងប្អូន​ញាតិមិត្ត​ជិត​ឆ្ងាយ​ផងដែរ​។​

​សម្រាប់​ចំណងអាពាហ៍ពិពាហ៍​វិញ​នោះ អ្នកនាង ខាត់ សុ​ឃីម មានបំណង​ប្រសូត្រ​បុត្រ​តែ​ម្នាក់ទៀត​ទេ ទោះជា​បុត្រ​នោះ​ស្រី ឬ​ប្រុស​ក៏ដោយ នាង និង​ប្តី​របស់​នាង​ទទួលយក​ទាំងអស់​។ ខាត់ សុ​ឃីម ក៏បាន​ឲ្យ​ដឹង​ដែរ​ថា អ្នកនាង និង​ប្តី បានជ្រើសរើស​ឈ្មោះ​សម្រាប់​ដាក់​ឲ្យ​កូនស្រី ឬ​កូនប្រុស របស់​អ្នកនាង​ជាមួយ​លោក អ៊ិន សូ​ផា​ណូ រួចហើយ​ដែរ​៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners