ខេត្តតាកែវដំឡើងថ្លៃអគ្គិសនី ៥ភាគរយ ចំពោះអតិថិជន... | ដំណឹងក្នុងប្រទេស:សេដ្ឋកិច្ច

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ខេត្តតាកែវ​ដំឡើងថ្លៃ​អគ្គិសនី ៥​ភាគរយ ចំពោះ​អតិថិជន​ធុន​មធ្យម​ឡើងទៅ​

(ថ្ងៃទី 20 មីនា 2012, ម៉ោង 03:29:PM) | ដោយ: វឌ្ឍនា

ក- ក+ | Print

​តាកែវ: តំណាង​ប្រជាពលរដ្ឋ​ក្រុង​ដូន​កែវ និង​ទីប្រជុំជន​អង្គតាសោម ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត បានមក​ជួបជុំគ្នា​នៅ​សាលប្រជុំ​មន្ទីរ​គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ជនបទ​ខេត្ត កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១២ ដើម្បី​ស្តាប់​ការផ្សព្វផ្សាយ​របស់​អជ្ញាធរ​អគ្គិសនី​កម្ពុជា ស្តីពី​ការពិគ្រោះ​យោបល់​ជា​សាធារណៈ លើ​ការកែសម្រួល​បញ្ជី​ថ្លៃ​អគ្គិសនី​សម្រាប់​ការចែក​ចាយ របស់​អគ្គិសនី​កម្ពុជា នៅ​ក្រុង​ដូន​កែវ និង​នៅ​ទីប្រជុំជន​អង្គតាសោម ខេត្តតាកែវ ដែលមាន​លោក កង សំអឿន អភិបាលរង​ខេត្ត អញ្ជើញ​ចូលរួម​។

​ក្នុង​សេចក្តីជូនដំណឹង លោក ទី ថា​នី នាយក​ប្រតិបត្តិ​នៃ​អាជ្ញាធរ​អគ្គិសនី បាន​ដកស្រង់​បញ្ជាក់ថា ពេលនេះ​អគ្គិសនី​នាំចូល​ពី​ប្រទេស​វៀតណាម ពី​ប្រទេស​ថៃ អគ្គិសនី​ដែល​ផលិត​ពី​ប្រេងឥន្ធនៈ និង​ផលិត​ពី​ធ្យូងថ្ម នាំចូល មាន​ថ្លៃ​កើនឡើង​លើសពី​ឆ្នាំ​២០១០ ប្រហែល ៣០ ភាគរយ ធ្វើអោយ​ថ្លៃដើម​សរុប នៃ​ប្រភព​អគ្គិសនី​នៅលើ​បណ្តាញ​ជាតិ​បាន​កើនឡើង រហូតដល់​អាជីវកម្ម​អគ្គិសនី​កម្ពុជា​ទប់ទល់​លែងរួច ទោះ​ជាមាន​ប្រភពពី​វា​រី​អគ្គិសនី​ដែល​ថ្លៃ​ថោក​ជាង​ខ្លះ​មកជួយ​ចូលរួម​ក៏ដោយ​។ ដូច្នេះ​ចាំបាច់​ត្រូវតែ​ធ្វើការ​កែសម្រួល​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​ឡើងវិញ ទើប​ការផ្គត់ផ្គង់​អគ្គិសនី​អាចមាន​និរន្តរភាព​។

​សម្រាប់​តំបន់​ចែកចាយ​របស់​អគ្គិសនី​កម្ពុជា នៅ​ក្រុង​ដូន​កែវ និង​ទីប្រជុំជន​អង្គតាសោម ខេត្តតាកែវ ជា​គោលនយោបាយ​ក្នុងការ​កែសម្រួល​អត្រា​ថ្លៃ​លក់​អគ្គិសនី ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​កម្ពុជា​សម្រេច​ថា ផ្តល់​ការអនុគ្រោះ​រក្សា​អាត្រា​ថ្លៃ​លក់​អគ្គិសនី សម្រាប់​ប្រជាពលរដ្ឋ ដែលជា​ធម្មតា គឺជា​អតិថិជន​ធុន​តូច ភ្ជាប់​ចរន្ត​ពី​ខ្សែបណ្តាញ​អគ្គិសនី​សាធារណៈ តង់ស្យុង​ទាប ដែល​ដំឡើង​តាមផ្លូវ​សាធារណៈ ឱ្យនៅ​ដដែល ដោយ​មិន​ធ្វើការ​ផ្លាស់ប្តូរ ទេ​។ ក្រៅពីនោះ សម្រាប់​អតិថិជន​ធុន​មធ្យម ធុន​ធំ និង​តង់ស្យុង​មធ្យម ដែលជា​ធម្មតា គឺ​អតិថិជន​ពាណិជ្ជកម្ម ឧស្សាហកម្ម សម្រេច​បង្កើន​អត្រា​ថ្លៃ​ចំនួន ៥ ភាគរយ​បន្ថែម ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១២​។

​ក្រោយ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១២ ឯកសារ​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​ថ្មី​នេះ នឹងត្រូវ​ចាត់ទុកថា​បាន​ឆ្លងកាត់​ការពិគ្រោះ​យោបល់​រួច ហើយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា អាចធ្វើ​ការពិនិត្យ និង​អនុម័ត​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​ថ្មី​នេះ ទៅតាម​ការកំណត់​រប​ស់​ច្បាប់ ស្តីពី​អគ្គិសនី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ K
ដំណឹងថ្មីៗចុងក្រោយ

Our Partners