ខ្ចៅចល័តត្រូវប៉ូលិសធ្វើបាប | ដំណឹងក្នុងប្រទេស:សេដ្ឋកិច្ច

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ខ្ចៅ​ចល័ត​ត្រូវ​ប៉ូលិស​ធ្វើបាប​

(ថ្ងៃទី 28 កក្កដា 2012, ម៉ោង 04:11:PM) | ដោយ: វឿន សាវុធ​

ក- ក+ | Print

ភ្នំពេញ: ​ដូចជា​អ្នកក្រីក្រ​ជាច្រើន​ទៀត​ដែរ​នៅតាម​បណ្តា​ខេត្ត​នានា ចាន់ណា បានធ្វើ​ដំណើរ​មក​ស្វែងរក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ដោយ​សង្ឃឹមថា នឹងមាន​ជីវ​វ​ភាពប្រសើរ​ជាង​នៅ​តំបន់​ជនបទ​។ ជាមួយនឹង​ដើម​ទន់​តិចតួច ចាន់ណា បាន​ចាប់យក​មុខរបរ​មួយ​ប្រហែលជា​វា​មាន​ទំនាក់ទំនង​ជាមួយនឹង​ជីវិត​របស់​នាង​នៅ​ជនបទ​។ នោះ​គឺ​ការ​អូស​រទេះ​លក់​ខ្ចៅ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​

​ចាន់ ណា ដែលមាន​អាយុ​ទើបតែ ១៦​ឆ្នាំ បាន​អូស​រទេះ​លក់​ខ្ចៅ​ពី​ផ្សារ​សូរិយា សំដៅ​ទៅមុខ​វាំង និង​គោលដៅ​ចុងក្រោយ​នៅមុខ​ណាហ្គា ហើយ​លក់​ខ្ចៅ​នេះ​ជា​រៀងរាល់ថ្ងៃ​។ នាង​លក់​ខ្ចៅ​បាន​ពី ៨ ទៅ ១០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ រីឯ​ខ្ចៅ​ពី ១​ទៅ ២​តៅ​។​

​ចាន់ណា បាន​ប្រាប់​ឲ្យ​ដឹងថា “​ខ្ញុំ​មាន​លក់​ខ្ចៅ​ពីរ​ប្រភេទ គឺ​ខ្ចៅ​ទន្លេ និង​ខ្ចៅ​បឹង​។ ខ្ញុំ​ទិញ​ចៅ​នេះ​មក​គិត​ជា​តៅ​មានតម្លៃ​ពី​៣ ទៅ ៤​ម៉ឺន​រៀល ហើយ​ខ្ញុំ​លក់​ចេញ​វិញ​នៅពេល​វា​ឆ្អិន​គិត​កំប៉ុង ក្នុង​មួយ​កំប៉ុង​ខ្ចៅ ២០០០​រៀល​”​។​

​នាង​បាន​ប្រាប់​ពី​របៀប​ស្ងោរ​ខ្ចៅ​នេះ ឲ្យ​ដឹងថា “​យើង​ត្រូវ​ខ្ចៅ​នោះ​ទៅ​ត្រាំ​ទឹក​ឲ្យ​បាន​មួយ​យប់​ទល់​ភ្លឺ​សិន​ទើប​យក​វា​ទៅ​ស្ងោ​។ ឯកា​រសោ្ង​វា គឺ​ត្រូវ​ដាំទឹក​ឲ្យ​ពុះ​សិន រូ​ច​ដាក់​គល់​ស្លឹកគ្រៃ ម្តេ​ង ស្លឹកគ្រៃ និង​ស្លឹក​ក្រូច​។ បន្ទាប់មក​ទើប​ផ្តើម​បង់អំបិល ស្ករ និង​ប៊ី​ឆេង​ជាការ​ស្រេច​។ ចំពោះ​រយៈពេល​ស្ងោ គឺ​អាស្រ័យ​ទៅតាម​ខ្ចៅ​តិច រឺ​ច្រើន​។ បើ​ច្រើន គឺ​៣០​នាទី បើ​តិច​វិញ​គិត​តាម​ហ្នឹង​ដែរ​”​។​

​ចាន់ណា បាន​បន្តទៀតថា “​ទឹកជ្រលក់​ខ្ចៅ​នេះ វា​មាន​ពីរ​ប្រភេទ គឺ​ទឹកត្រី​កោះកុង និង​អំបិលម្រិច​ក្រូចឆ្មារ​។ បើ​និយាយ​ពី​ការលក់​ខ្ចៅ​នេះដែរ ខ្ញុំ​លក់​ភាគច្រើន​បាន ២​តៅ​។ នៅមាន​ពេលខ្លះ​ក៏​សល់​ទៀតផង ដោយសារ​មេឃ​ភ្លៀង​”​។​

​បន្ថែម​ទៅលើ​អាកាសធាតុ​ដែល​រារាំង​ដល់​របរ​របស់ ចាន់ណា នោះ អាជ្ញាធរ​ពេលខ្លះ ក៏បាន​ធ្វើបាប​មុខរបរ​ចល័ត​របស់​នា​ង​ផងដែរ ដែល​ត្រូវ​ឲ្យ​នាង​ត្រូវតែមាន​ភ្នែក​រវាសរវៃ ដើម្បី​គេចចេញ​ពី​ការចាប់​ពិន័យ​។​

​នាង​បាន​និយាយថា “​ដោយសារ​ស្ថានភាព​គ្រួសារ​មានការ​លំបាក​ខ្លាំងពេក ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មក​ប្រកបរ​បរជា​អ្នកលក់​ខ្ចៅ​ដូច្នេះ​។ ប៉ុន្តែ ការលក់​នេះ ត្រូវបាន​ប៉ូលិស​ដេញ និង​ចាប់​ទៀតផង​”​។​

​នាង​បាន​បញ្ជាក់ថា “​ខ្ញុំ​ត្រូវបាន​ប៉ូលិស​ចាប់បាន​ចំនួន​ពីរដង​មកហើយ​។ ចាប់បាន​លើក​ទី​១ ត្រូវ​បង់លុយ​ពី ១៥ ទៅ ២០​ដុល្លារ ឯលើ​ក​ទី​២ គឺ​អស់ ១០​ម៉ឺន​។ ខ្ញុំ​ឆ្ងល់​ណាស់​ហេតុអ្វី​បានជា​គេ​មក​ដេញ​ខ្ញុំ​? ខ្ញុំ​គ្រាន់តែ​ជា​អ្នកលក់​ខ្ចៅ​ប៉ុណ្ណឹង​សោះ​!”៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners