ដល់ពេលពួកអ្នកនយោបាយមូលដ្ឋានបម្រើរាស្ត្រម្តង | ដំណឹងក្នុងប្រទេស:អត្ថាធិប្បាយ និងទស្សនៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ដល់ពេលពួកអ្នកនយោបាយ​មូលដ្ឋាន​បម្រើ​រាស្ត្រ​ម្តង​

(ថ្ងៃទី 16 មិថុនា 2012, ម៉ោង 04:10:PM) | ដោយ: វឿន សាវុធ​

ក- ក+ | Print

ភ្នំពេញ: ​នៅក្នុង​យុទ្ធ​ការ នៃ​ការបោះឆ្នោត​គ្រប់​គណបក្ស​ទាំងអស់​បាន​និយាយ​សន្យាថា នៅពេល​ខ្លួន​ជាប់ឆ្នោត​នឹងធ្វើ​នេះ​ឬ​ធ្វើ​នោះ​។ និយាយ​រួមការ​សន្យា​ដូច​ភ្នំ​បាន​កើតមានឡើង​នៅមុន​ថ្ងៃ​បោះឆ្នោត កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១២​។​

​មាន​ប្រជាជន​ជាច្រើន​លាន​នាក់​សុខចិត្ត​ចំណាយ​កម្លាំងកាយ​កម្លាំង​ចិត្ត ឬ​ពេលវេលា និង​ថវិកា​របស់ខ្លួន ដើម្បី​ទៅ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៅក្នុង​អាណត្តិ​ថ្មី​នេះ​។ មាន​អ្នក​ខ្លះទៀត​ធ្វើដំណើរ​រាប់រយ​គីឡូម៉ែត្រ ដើម្បី​ទៅ​គូស​សន្លឹកឆ្នោត​តែមួយ​សន្លឹក​ប៉ុណ្ណោះ​។ ទាំងនេះ ដោយ​ពួកគេ​យល់ឃើញថា ការបោះឆ្នោត​មាន​សារៈសំខាន់​ណាស់ សម្រាប់​ពួកគេ និង​ជា​ទង្វើ​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បានឡើយ សម្រាប់​ការផ្លាស់ប្តូរ​ថ្នាក់មូលដ្ឋាន​ជាពិសេស​នោះ គឺ​ក្នុង​ក្របខ័ណ្ឌ​ឃុំ​សង្កាត់​នេះ​តែម្តង​។​

​ប្រជាពលរដ្ឋ​ទូទៅ​បានឮ​ពេញ​ត្រចៀក​សងខាង​របស់ខ្លួន នៅពេល​ដែលថា គណបក្ស​នានា​បាន​សន្យា​ធ្វើ​នេះ ឬ​ធ្វើ​នោះ ទៅតាម​អ្វីដែល​ប្រជាពលរដ្ឋ​ស្នើរ​សុំ​។ គណបក្ស​ខ្លះ​បាន​និយាយថា បោះឆ្នោត​ទម្លាក់​មេឃុំ​សង្កាត់​ណា ដែលមាន​អំពើពុករលួយ​ស៊ីសំណូកសូកប៉ាន់ និង​បាន​កិបកេង​ប្រវ័ញ្ច​ប្រជាជន​។ គណបក្ស​ខ្លះទៀត​បាន​សន្យាថា នឹងធ្វើ​សំនុំបែបបទ​ឯកសារ​ផ្សេងៗ ឬ​លិខិតស្នាម​ជូន​ពួកគេ​ដោយ​មិន​យកលុយ​។ នៅមាន​គណបក្ស​ខ្លះទៀត​បាន​សន្យា​ពេញៗ​មាត់​ថា នឹង​កសាង​អភិវឌ្ឍន៍​ឃុំ​សង្កាត់​របស់ខ្លួន​ឲ្យ​មានការ​រីកចម្រើន​ជាង​មុន និង​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ពេញទី​។​

​ការសន្យា​ជាច្រើន​បានធ្វើ​ឡើង​នៅមុន​ពេលធ្វើ​យុទ្ធ​ការបោះឆ្នោត ដើម្បី​ឲ្យ​ប្រជាជនមាន​ជំនឿ​ទុកចិត្ត​មកលើ​គណបក្ស​របស់ខ្លួន​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​បាន​ចប់សព្វគ្រប់​រួចរាល់​ហើយ និង​បានដឹង​លទ្ធផល​ក្រៅផ្លូវការ​ពី​គណបក្ស​ដែល​នឹងត្រូវ​ជាប់​ឈ្មោះ​ធ្វើជា​តំណាង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទៅទៀត​។ ប្រជាពលរដ្ឋ​កំពុងទ​ន្ទឹ​ង​រង់ចាំ​មើលថា តើ​ការសន្យា​របស់​គណបក្ស​នយោបាយ​នោះ តើ​ពួកគេ​ធ្វើឯកសារ​អស់​លុយ​ទៀត​ឬទេ​? តើ​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​បង្ក​ការលំបាក​ក្នុងការ​រត់ការ​ឯកសា​រ​ទៀត​ដែរឬទេ​? តើ​ពួកគេ​នឹងធ្វើ​អ្វីខ្លះ​ក្នុង រយៈពេល ៥​ឆ្នាំ​ខាងមុខ​ទៀត​នេះ​? តើ​គេ​លែង​ពុករលួយ និង​ស៊ីសំណូក​ដែរឬទេ​? តើ​គេ​ពិតជា​អភិវឌ្ឍន៍​ឃុំ​សង្កាត់​មែន ឬ​យ៉ាងណា​?
            
​ឥឡូវ​ដល់ពេល​ពួកគេ​ត្រូវតែ​បំរើ​ផលប្រយោជន៍​ជូន​ប្រជាជន​ជាធំ ពោលគឺ​មិនមែន​គិតតែ​ពី​ផលចំនេញ​របស់​គណបក្ស​របស់ខ្លួន​នោះឡើយ​។ ម្ចាស់ឆ្នោត​ត្រូវ​នាំគ្នា​ចាំ​ឃ្លាំមើល​រាល់​ទង្វើ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដើម្បី​ធានាថា ពួកគេ​ពិតជា​មិន​ហ៊ាន​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​នោះទេ​។​

​ចំណែកឯ​ក្រុមប្រឹក្សាឃុំ​សង្កាត់ ខ្លួនឯង​វិញ​ពួកគេ​ត្រូវ​ដឹង​ពី​កាតព្វកិច្ច​ដែល​នឹងត្រូវ​ធ្វើ​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខនេះ​។ មានន័យថា ក្នុង​រយៈពេល ៥​ឆ្នាំ​ទៀត តើ​ឃុំ​សង្កាត់​មួយ​នេះ ឬមួយ​នោះ ត្រូវ​អភិវឌ្ឍន៍​យ៉ាងដូចម្តេច​? តើ​អ្វីខ្លះ​ជាការ​ប្រឈម​របស់​ឃុំ​សង្កាត់​? តើ​អ្វីខ្លះ ដែល​ត្រូវ​អភិវឌ្ឍ​មុនគេ​? អ្វីខ្លះ​ដែល​ត្រូវ​អភិវឌ្ឍន៍​ក្រោយ​គេ​? ជាមួយនឹង​ការរក​អោយឃើញ​ការ​ប្រឈម​នានា និង​មាន​គម្រោង​ច្បាស់លាស់​គេ​សង្ឃឹមថា ឃុំ​សង្កាត់​ទាំងនោះ​នឹង​ទទួលបាន​ការអភិវឌ្ឍ​ប្រសើរ​ជាង​មុន​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ​ទៀត​។ ប៉ុន្តែ​ប្រសិនបើ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាប់ឆ្នោត​ហើយ​គ្រាន់តែ មក​អង្គុយ​នៅក្នុង​ការិយាល័យ​មិន មាន​គំរោង​អភិវឌ្ឍន៍​អ្វី​ទាំងអស់នោះ​ពេលនោះ អ្វីៗ​ពិតជា​មិនអាច​ផ្លាស់ប្តូរ​បាន ឡើយ​ឬ​អាច​នឹង​លំបាកលំបិន​ជាង​មុន​ក៏​សឹង​ថា​បាន​។​

​នេះ​ជា​ពេលវេលា​ដែល​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែល​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ចុងខែ​នេះ ត្រៀមខ្លួន​បម្រើប្រជាជន​វិញ​ម្តង​ហើយ​។ ចំណែក​ប្រជាជន​ចូរ​កុំ​គិតថា ខ្លួន​មាន​តួនាទី​ត្រឹម​ទម្លាក់​សន្លឹកឆ្នោត​ចូល​ហិប​។ ឥឡូវ​ត្រូវ​ឃ្លាំ​មើលថា​តើ​អ្នក​ដែល​ខ្លួន​បោះឆ្នោត​ឲ្យ​នោះ​ជា​មនុស្ស​ចោលម្សៀត ឬក៏​មនុស្ស​ហ៊ាន​ថា ហ៊ាន​ធ្វើ​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners