ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឌី សា​វេត ៖ ភាពយន្ត​សម័យមុន មាន​រោងភាពយន្ត​ច្រើន អ្នកគាំទ្រ​ក៏​ច្រើន​ដែរ​

(ថ្ងៃទី 24 ឧសភា 2012, ម៉ោង 07:58:AM) | ដោយ: រស្មី​តារា​

ក- ក+ | Print

ភ្នំពេញ: ក្នុង​វ័យ​៦៨​ឆ្នាំ​នៃ​ជីវិត សិល្បការិនី​ដែល​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ច្រើន ពោរពេញ​ទៅដោយ​ទេពកោសល្យ លោកស្រី ឌី សា​វេត ពេលនេះ​មើលទៅ​វ័យរបស់លោក​ស្រី ហាក់បីដូច​អាយុ​ជាង​៤០​ឆ្នាំ​ប៉ុណ្ណោះ​។ លោកស្រី ឌី សា​វេត បាន​រៀបរាប់ពី​ដំណើរ​ជីវិត​សិល្បៈ ការសម្តែង​ភាពយន្ត ឲ្យ​ដឹងថា អ្នកស្រី​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ តាំងពី​ឆ្នាំ​១៩៦០ បើ​គិត​មកដល់​បច្ចុប្បន្ននេះ គឺមាន​រយៈពេលជាង​៥០​ឆ្នាំ ទៅហើយ​។​

​អ្នកស្រី​បាន​ចូលរួម​ថត​បាន​ប្រមាណ​ជិត​១០០​រឿង ទាំង​ខ្សែភាពយន្ត​ខ្នាត​ធំ​និង​ខ្នាតតូច ហើយ​រឿង​ដំបូង​របស់​អ្នកស្រី​នោះ​គឺ​រឿង “​ក្បូនជីវិត​” ចំណែក​រឿង​ចុងក្រោយ​សម័យ​បច្ចុប្បន្ន​គឺ​រឿង “​ស្នេហ៍​ប្រែ​រូប​”​។ អ្នកស្រី​បន្តថា ក្នុងសម័យ​ប៉ុលពត អ្នកស្រី​​រស់នៅ​ក្រៅប្រទេស ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ អ្នកស្រី​នៅតែ​រស់នៅ​ក្រៅប្រទេស​។ នៅ​ឆ្នាំ​១៩៩៣ អ្នកស្រី​បាន​វិល​មកកាន់​ប្រទេស​វិញ ហើយក៏​ចូលប្រឡូក​ក្នុង​វិស័យ សិល្បៈភាពយន្ត​សាជាថ្មី​ម្តងទៀត រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​អ្នកស្រី ឌី សា​វេត ដោយសារតែ​ស្រឡាញ់​វិស័យ​សិល្បៈ មិនអាច​កាត់ផ្តាច់​បាន នៅ​ឆ្នាំ​១៩៩៧ អ្នកស្រី​ក៏បាន​បើក​បង្ហាត់​យុវជន​-​យុវនារី​សម័យថ្មី​យើងសម្តែង នៅ​ក្លឹប M.S.L ក្រោយមក​ក្លឹប​នេះ​បាន​បិទទ្វារ អ្នកគ្រូ​ក៏​បើក​ក្លឹប​បង្ហាត់​ផ្ទេរ​ចំណេះដឹងផ្នែក​សម្តែង​ឲ្យ​ទៅ​កូនចៅ​ជំនាន់​ក្រោយ បាន​ចាប់យកអាជីព​សម្តែង​ភាពយន្ត និង​វីដេអូ​។​

​អ្នកស្រី​ឌី សា​វេត បន្តថា ចាប់តាំងពី​អ្នកគ្រូ​ធ្វើការ​បណ្តុះបណ្តាលយុវវ័យជំនាន់​ក្រោយ ចាប់តាំងពី​ឆ្នាំ​១៩៩៧ មកដល់ពេលនេះ មាន​ចំនួន​រាប់រយ​នាក់ ហើយ​ពួកគេ​បាន​ចេញទៅ​ចាប់​អាជីព​សម្តែង ដោយ​ខ្លះ​មានកេរ្តិ៍ឈ្មោះ​ល្បី​ទៀតផង​។ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកព័ត៌មាន​យើង​ថ្មីៗ​នេះ អ្នកគ្រូ​បាន​ឆ្លើយនឹង​សំណួរ​ដែល​អ្នកយកព័ត៌មាន​យើង​សួរថា តើ​សិល្បៈ​ភាពយន្ត​ពី​សម័យមុន និង​សិល្បៈ​ភាពយន្ត​សម័យ​បច្ចុប្បន្ននេះ  អ្នកគ្រូ​យល់ឃើញថា​មានការ​រីកចម្រើន​ឬ​ធ្លាក់ចុះ​យ៉ាងម៉េច​ដែរ​?

​ចម្លើយ ៖ “ ចាស...​កាលពី​សម័យមុន​ ថ្វីបើ​សិល្បៈ​ទី​៧ ខ្មែរ​យើង​មានការ​រីកចម្រើន មាន​ប្រិយមិត្ត​ទស្សនិកជនទស្សនា​ច្រើន មាន​រោងភាពយន្ត​ច្រើន ក៏ពិតមែន​ តែ​យើង​នៅ​មិន​ដល់​បរទេស​នោះទេ សូម្បីតែ​ទូរទស្ស​ន៍​ខ្សែកាប ក៏​គ្មាន​ដែរ គឺ​បានត្រឹមតែ​បំពេញ​បំណង​ការចូល​ចិត្តប្រជាជន​ខ្មែរ​តែប៉ុណ្ណោះ​។ តែ​ភាពយន្ត​សម័យ​ទសវត្សរ៍​ឆ្នាំ​៦០ ដល់​១៩៧៥ ឃើញថា​មានការ​ទទួលជោគជ័យ​ច្រើន តែ​សម័យ​បច្ចុប្បន្ននេះ កន្លងមក​គេ​សង្កេតឃើញមាន​ផលិតកម្ម រោងភាពយន្ត​កើត​ច្រើន តែ​បាន​ដួលរលំ និង​បិទទ្វារ​រោងកុន​យ៉ាងច្រើន​បំផុត​”​។​

​អ្នកស្រី​បន្តថា ជាក់ស្តែង​សព្វថ្ងៃ​យើង​ឃើញ​ហើយ​ថា រោងភាពយន្ត​សល់​ពី​សង្គម បាន​ក្លាយជា​ក្លឹប​កម្សាន្ត ឬ​បើកហាង​បាយ ហាង​ផឹកស៊ី​ផ្សេងៗ អស់​ទៅហើយ ដូច្នេះ​បច្ចុប្បន្ន​ភាពយន្ត​ខ្មែរមានតែ​នៅលើ​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ​។ តែ​ក៏​ជា​មោទនភាព ដែរ ដោយសារ​យើង​មាន​ស្ថានីយ៍ទូរទស្សន៍​ច្រើន និង​មាន​ខ្សែកាប ផ្កាយរណប អាច​ឲ្យ​អ្នករស់នៅ​ឯ​បរទេស នៅលើ​ពិភពលោកបាន​ទស្សនា​ឃើញ​។​

​អ្នកស្រី​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សិល្បៈករ​-​សិល្បការិនី សម័យ​អ្នកស្រី នៅរស់​តិចតួច​ណាស់ ប្រហែលជា ៣-៤​នាក់ ប៉ុណ្ណោះ តែ​នាង​ខ្ញុំ​មិនអាច​រៀបរាប់ឈ្មោះ​បានទេ ព្រោះ​អ្នកខ្លះគេ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ខ្លះទៀត​នៅ​ប្រទេស​អាល្លឺម៉ង់ ចំពោះ​នាង​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​យើង​នេះ តែ​ក៏​ឧស្សាហ៍ចេញចូល ទៅ​ក្រៅប្រទេស​ជាច្រើន ដូចជា សិង្ហ​បុរី ចិន និង​បណ្តា​ប្រទេស​អាស៊ី​មួយចំនួនទៀត​។​

​អ្នកស្រី ឌី សា​វេត បន្តថា សព្វថ្ងៃនេះ​អ្នកស្រី​នៅតែមាន​គំនិ​តផ្តោតទៅលើ​សិល្បៈ​ភាពយន្តជាប់​ក្នុង​ចិត្ត​ ហើយ​ព្រមទាំងបាន​កំពុង​បន្ត​ផ្ទេរ​ចំណេះដឹងសិល្បៈ​ឲ្យ​ទៅ​ក្មេងជំនាន់ក្រោយបាន​ហ្វឹក​ហ្វា​ត់​។ អ្នកស្រី​ក៏បាន​កោតសរសើរ យុវជន យុវនារីខ្មែរ​យើងដែល​ចូលចិត្ត​សិល្បៈ និង​ខិតខំ​សិក្សាក្រេប​យកចំណេះដឹង​ផ្នែក​សិល្បៈ​នេះ​។ អ្នកស្រី​បន្តថា ខ្ញុំ​មានបទពិសោធន៍ ចំណេះដឹង​ប៉ុន្មាន ខ្ញុំ​បាន​ផ្ទេរ​ឲ្យ​អ្នកជំនាន់ក្រោយ ទាំងអស់ ដើម្បី​គេ​បន្ត​ថែរក្សា អភិរក្សសិល្បៈ​វប្បធម៌​ខ្មែរឲ្យ​នៅ​គង់វង្ស​។

​អ្នកគ្រូ​បន្តថា ការបណ្តុះបណ្តាល​ពួកគេ​ទោះបី​មានការ​ហត់នឿយ​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់ដែរ ដែល​ពួកគេ​ចេះ​ស្រឡាញ់សិល្បៈ វប្បធម៌​ជាតិ​យើង មួយវិញទៀត បើ​យើង​មានចំណេះ​ ហើយ​មាន​វ័យចាស់ ហើយ​មិន​ផ្ទេរ​ឲ្យ​ក្មេងជំនាន់ក្រោយ​ទេនោះ សិល្បៈ​យើង​នឹង​បាត់បង់​។​

​អ្នកគ្រូ​បញ្ជាក់ថា ការបណ្តុះបណ្តាល​នេះ​គឺ​ធ្វើ​សម្រាប់​ប្រជាជន​ខ្មែរ សម្រាប់​ជាតិ សម្រាប់​សិល្បៈ វប្បធម៌​ខ្មែរ កុំ​ឲ្យ​សង្គម​ចោទថា​យើងរស់​អត់​ប្រយោជន៍​។ ដូច្នេះ​យើងទាំងអស់គ្នា​រស់​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ផង សម្រាប់​ប្រជាជន​យើង​ផង​។ អ្នកស្រី ឌី សា​វេត កន្លងមក ក្រៅពី​ធ្វើជា​គណៈកម្មាធិការនៅ​នាយកដ្ឋាន​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌ អ្នកគ្រូ​ក៏​ធ្លាប់​ធ្វើជា​អ្នកផ្តល់​ពិន្ទុ​ឲ្យ​យុវវ័យ​ចូល​ប្រឡង ហ្វ្រេស​ស៊ី ឬ តារា កញ្ញាឯក ក្នុង​កម្មវិធី​ទូរទស្សន៍​ផ្សេងៗ​ផងដែរ​។ អ្នកគ្រូ ឌី សា​វេត ក្នុង​វិស័យ​សិល្បៈ​ភាពយន្តកន្លះ​សតវត្សរ៍ មកនេះ ធ្លាប់​បានទទួលគ្រឿងឥស្សរិយយស ថ្នាក់​មុន្នី​សារា​ភ័​ណ្ឌ នា​ឆ្នាំ​១៩៦៩ នឹង​ទទួល​មេដាយប្រាក់ពី​ព្រះមហាក្សត្រ​ សម្តេច​សីហមុនី កាលពី​ព្រះអង្គ​នៅ​ជា​ព្រះ​ម្ចាស់ កាលពី​អំឡុង​ឆ្នាំ​១៩៦៧​។​

​អ្នកស្រី​បន្តទៀតថា កន្ល​ងមក​អ្នកស្រី​ធ្លាប់បាន​ចូលរួម​សម្តែងថត​ភាពយន្ត​ថ្វាយ​ព្រះមហា​វីរ​ក្សត្រ ព្រះបាទ​នរោត្តម​សីហនុ​។ ទាក់ទិន​នឹង​ជីវិត​ផ្ទាល់ខ្លួន អ្នកស្រី ឌី សា​វេត បាន​រៀបការ​នៅ​ឆ្នាំ​១៩៦៤ ដោយ​ស្វាមី​ជា​អ្នកសិល្បៈ គាត់​ចេះ​ច្រៀង រាំ សម្តែង​ផងដែរ​។ អ្នកស្រី​មានកូន​ពីរ​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់​។ អ្នកស្រីមាន​ស្រុកកំណើត​នៅ​ទីក្រុង​ភ្នំពេញ​យើង​នេះ នៅ​ផ្សារ​កាប់​គោ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ កូនៗ​របស់​អ្នកស្រី កាលពី​ក្មេង​គេ​មាន​ដុងសិល្បៈ​សម្តែង​ខ្លះ​ដែរៗ តែ​ក្រោយពី​សិក្សា គេ​ចូលធ្វើការ​ការងារ​ក្រៅ​សិល្បៈ​៕​ S
ដំណឹងថ្មីៗចុងក្រោយ

Our Partners