តារាស្រីមួយណា ដែលស័ក្ដិសមជាមួយ អេឡិច ចាន់ត្រា | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

តារា​ស្រី​មួយណា ដែល​ស័ក្ដិសម​ជាមួយ អេ​ឡិច ចាន់​ត្រា​

(ថ្ងៃទី 21 មិថុនា 2012, ម៉ោង 10:45:AM) | ដោយ: ពិទូរ្យ​

ក- ក+ | Print

ភ្នំពេញ: ដើម្បី​ទទួលបាន​ភាព​ទាក់ទាញ​ពី​ទស្សនិកជន តារាចម្រៀង​សាច់​សមុខ​កូនកាត់​ចិន អេ​ឡិច ចាន់​ត្រា បាន​ផ្លាស់ប្តូរ​ដៃគូ​សម្តែង​ជា​ហូរហែ បន្ទាប់ពី​តារា​រូបនេះ បែកធ្លាយ​ព័ត៌មាន​បែកបាក់​ស្នេហ៍​ជាមួយ​តារាចម្រៀង​សិច​ស៊ី ឆៃលី ដា​ឡែ​ន​។

​ការបែកបាក់​នេះ ស្រប​ពេលដែល​តារា​សិច​ស៊ី យ៉េ​យ៉េ បាន​ឈាន​ជើង​ចាក​ចេញពី​ទឹកដី​កំណើត ដើម្បី​ទៅ​កើប​ប្រា​ក់នៅ​ទឹកដី​អាមេរិក គឺ​ពេលនោះ​ហើយ​ដែល អេ​ឡិច ចាន់​ត្រា ផ្លាស់ប្តូរ​ដៃគូ មក​ចាប់ផ្តើម​ជាមួយ​កញ្ញា គីម លីហ្សា​។ ការផ្លាស់ប្តូរ​នេះ​មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ​លេចឮ​នូវ​ពាក្យ​ខ្សឹបខ្សៀវ​ថា អ្នក​ទាំងពីរ​ស្រឡាញ់គ្នា តែ​រាល់​ព័ត៌មាន​ទាំងនោះ ត្រូវបាន​កញ្ញា​សាច់​ស រាង​តូច​ច្រឡឹង លីហ្សា បដិសេធ​ទៅវិញ​។

​ក្រោយ​ពេលដែល​ស្នេហ៍​មិន​សមបំណង ម្តង​ជា​ពីរដង​រួចមក តារា​រាង​ខ្ពស់​សង្ហា​រូបនេះ ក៏បាន​ងាក​មក​ចាប់ផ្តើម​ជាមួយ​តារា​ម៉ូ​ដែល​រាង​ខ្ពស់ស្រឡះ ទឹម រដ្ឋា​។ តើក​ញ្ញា ទឹម រដ្ឋា អាចជា​ដៃគូ​ចុងក្រោយ​របស់ អេ​ឡិច ដែរឬទេ​? ក្នុងចំណោម​តារា​ស្រី​បី​ដួង​ដែល អេ​ឡិច ចាន់​ត្រា ជ្រើសរើស តើ​ពួកគេ​មាន​ចំណុច​ពិសេស និង​ខ្វះខាត​អ្វីខ្លះ​? សូម​ស្តាប់ អេ​ឡិច បកស្រាយ​បន្តិច​ទៅ​មើល​!
 
​កញ្ញា ឆៃលី ដា​ឡែ​ន ៖ ចំពោះ​កញ្ញា ដា​ឡែ​ន ខ្ញុំ​គិតថា នាង​ពូកែ​ទាំង​ក្បាច់​រាំ និង​ច្រៀង មិន​ថា​បទ​ញាក់ ឬ​បទ​មនោសញ្ចេតនា នាង​ដាក់​អារម្មណ៍​បានល្អ ពូកែ​ឆាប់​ចាប់បាន និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​និង​នាង​បើ​សម្តែង​បទ​ញាក់​វិញ ក្បាច់​រាំ​របស់​យើង​ទាំងពីរ​នាក់ សង់​តង់ (​ស៊ីសង្វាក់​) គ្នា​បានល្អ​។

​កញ្ញា គីម លីហ្សា ៖ លីហ្សា វិញ ក៏មាន​ចំណុច​ល្អ​របស់​កញ្ញា​ដែរ ជាពិសេស​ការ​ស្លៀកពាក់​ឲ្យ​សម​តាម​បទ​ចម្រៀង និង​បទ​មនោសញ្ចេតនា ចំណែក​បទ​ញាក់​វិញ លីហ្សា នៅ​មិនទាន់​បានល្អ​ទេ ព្រោះ​រយៈពេល​ដែល​ខ្ញុំ និង​កញ្ញា​ជា​ដៃគូ​នោះ មាន​រយៈពេល​ខ្លី ទើប​ធ្វើ​ឲ្យ​កញ្ញា​មិនសូវ​ចាប់បាន​នូវ​ក្បាច់​រាំ តែ​ទោះជា​យ៉ាងណា ក៏​កញ្ញា​មាន​ចំណុច​ល្អ​ដែរ​។

​កញ្ញា ទឹម រដ្ឋា ៖ ចំណែក​កញ្ញា រដ្ឋា វិញ ដោយសារតែ​គាត់​ជា​តារា​បង្ហាញ​ម៉ូដ ដូចនេះ​គាត់​មិនទាន់​សម្រប​ខ្លួន​ជាមួយ​ឆាក​តន្ត្រី​នៅឡើយ ទីមួយ​គាត់​មិនសូវ​ចាំ​ប៉ា​រូ​ល ដូចជា​ពេល​គាត់​ដើរ​ម៉ូដ គាត់​ផ្តោត​តែ​លើ​ការដើរ​តែប៉ុណ្ណោះ តែ​ចម្រៀង​គាត់​ត្រូវ​ការចូល​តួ និង​លើកដាក់​សំឡេង ដូច្នេះ​គាត់​នៅមាន​ចន្លោះ​ខ្វះខាត​តិចតួច តែ​ការតុបតែង​ខ្លួន និង​ការ​ស្លៀកពាក់​វិញ គឺ Perfect (​ឥតខ្ចោះ​) តែម្តង​។​

​តារា​រូបនេះ​បាន​បញ្ជាក់ថា “​និយាយ​ទៅ​ពួកគាត់​ទាំងបី​មាន​សមត្ថភាព​ទាំងអស់គ្នា គ្រាន់តែ​គាត់​មាន​ចំណុច​ល្អ​ផ្សេងៗ​គ្នា​។ ខ្ញុំ​មិនមែន​ផ្លាស់ប្តូរ​ដៃគូ​ដើម្បី​ភាព​ល្បី​អី​នោះទេ ការពិត​គឺ​គ្រាន់តែ​ចង់បាន​នូវ​អ្វីដែល​ប្លែក ហើយ​ថ្មី ជូន​ទស្សនិកជន​”​។  
 
​តើ​ទស្សនិកជន​មាន​ធ្លាប់ធ្វើ​ការប្រៀបធៀប​ឬទេ ថា​តើ​តារា​ស្រី​បី​ដួង ដែល​បុរស​សង្ហា​រូបនេះ​ជ្រើសរើស​ជា​ដៃគូ​សម្តែង​នោះ មួយណា​ដែល​ស័ក្តិសម​ជាងគេ​?៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners