តុលាការខេត្តក្រចេះ សម្រេចឃុំខ្លួនបក្ខពួកប៊ុន រដ... | ដំណឹងក្នុងប្រទេស:បទល្មើស និងឧក្រិដ្ឋកម្ម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

តុលាការ​ខេត្តក្រចេះ សម្រេច​ឃុំខ្លួន​បក្ខពួក​ប៊ុន រដ្ឋា ចំនួន ៨ នាក់

(ថ្ងៃទី 19 ឧសភា 2012, ម៉ោង 09:13:PM) | ដោយ: ចិត្រ​បូរី​

ក- ក+ | Print

ក្រចេះ: ​តុលាការ​ខេត្តក្រចេះ​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នៅ​តំបន់​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ដែលជា​បក្ខពួក​របស់​ក្រុម​អនាធិបតេយ្យ ប៊ុន រដ្ឋា នៅ​ថ្ងៃទី​១៩​ខែឧសភា ឆ្នាំ​២០១២​នេះ បានដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​ស៊ើបអង្កេត​នៅពេល​ក្រោយ​។ ពួកគេ​ត្រូវបាន​តុលាការ​ធ្វើការ​ចោទប្រកាន់ ពីបទ​ផ្សេងៗ​គ្នា​។

​ចំណែក​ឈ្មោះ ប៊ុន រដ្ឋា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​សព្វថ្ងៃ ភូមិ​ឈើខ្លឹម ឃុំ​រំចេក ស្រុក​មេមត់ ខេត្តកំពង់ចាម ជា​មេក្រុម​អនាធិបតេយ្យ និង​បក្ខពួក​៤​នាក់​ទៀត កំពុង​រត់គេចខ្លួន ក្រោម​ការតាមប្រមាញ់​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​។​

​ជនជាប់ចោទ​ទាំង​៨​នាក់​នេះ សុទ្ធតែជា​សហការី​ក្នុង​ក្រុម ប៊ុន រដ្ឋា ដែល​បាន​ប្រព្រឹត្តល្មើស​ក្នុងភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ខេត្តក្រចេះ នាពេល​កន្លងមក ហើយ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​កាលពី​ថ្ងៃទី​១៦ និង​១៧ ខែឧសភា ឆ្នាំ​២០១២​។ ពួកគេ​មាន ៖ ១-​ឈ្មោះ​ទូច រៀម អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន ឃុំ​កោះ​ជុំ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់​។ ២-​ឈ្មោះ​កាន់ សុវណ្ណ ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ៣-​ពុំ សុវណ្ណ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ស្លា ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម​។ ៤- ភន ស្រឿ​ន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ៥- ម៉ៅ វាសនា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ៦-​ហង់ ផល ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ដំបង ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ និង​ទី​៧- ឈ្មោះ ហេង ធឿន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ទី​៨​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​។ មនុស្ស​ទាំ​៨​នាក់ ដែល​ចាប់ខ្លួន​សុទ្ធតែជា​កសិករ​ក្រីក្រ ដែល​ធ្វើការ​បំរើឱ្យ ប៊ុន រដ្ឋា​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​ក្រសួងមហាផ្ទៃ​បាន​លើកឡើងថា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១២ កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល បាន​បើក​ប្រតិបត្តិ​ការចូលទៅ​គ្រប់គ្រង​តំបន់​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ដោយ​ជោគជ័យ ដែលមាន​ឈ្មោះ​ប៊ុន រដ្ឋា ជា​មេក្លោង​ដឹកនាំ​ក្រុម​អនាធិបតេយ្យ​បង្កើត​តំបន់អបគមន៍ “​រដ្ឋ​ក្នុង​រដ្ឋ​” ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​មេក្លោង​អនាធិបតេយ្យ​ចំនួន ៥​នាក់​នោះ៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners