ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

តុលាការ​ខ្មែរក្រហម ផ្សព្វផ្សាយ​នូវ​កម្រង​ពាក្យ​សុំ​អភ័យទោស​របស់ ឌុ​ច​

(ថ្ងៃទី 11 វិច្ឆិកា 2012, ម៉ោង 12:09:PM) | ដោយ: លី សិលា

ក- ក+ | Print

ភ្នំពេញ: ​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា តុលាការ​ខ្មែរ​ក្រហម បាន​ចងក្រង និង​ផ្សព្វផ្សាយ​នូវ​កម្រង​ពាក្យសុំ​អភ័យទោស​របស់​អតីត​មេ​គុក​ទួលស្លែង លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច​។ កម្រង​ពាក្យសុំ​អភ័យទោស​ទាំងនោះ ត្រូវ​បង្ហោះ​ក្នុង​គេហទំព័រ​របស់​សាលាក្តី​ខ្មែរក្រហម ព្រមទាំង​ថតចម្លង​ជា DVD សម្រាប់​ផ្តល់ឲ្យ​អង្គការក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ វិទ្យាល័យ បណ្ណាល័យ និង​ស្ថាប័ន​សាធារណៈ​។

​សេចក្តីប្រកាស ក្នុង​គេហទំព័រ​របស់​តុលាការ​ខ្មែរក្រហម បង្ហាញថា នៅក្នុង​សាលដីកា​ស្ថាពរ​សំណុំរឿង ០០១ ប្រឆាំងនឹង កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​រក្សា​សេចក្តី​សម្រេច​​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដែល​បញ្ជា​ឲ្យ​ចងក្រង​និង​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់ អ​.​វ​.​ត​.​ក នូវ​ពាក្យសុំ​អភ័យទោស​និង​ការទទួលស្គាល់​កំហុសរ​បស់ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច នៅក្នុង​អំឡុង​សវនាការ ក្នុងនោះ​រួម​ទាំង​សវនាការ​លើ​បណ្តឹង​សាទុក្ខ​នៅ​ចំពោះមុខ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ផងដែរ​។

​សេចក្តីប្រកាស ក៏​បាន​បន្ថែមថា ការ​ចងក្រង និង​ផ្សព្វផ្សាយ​ខ្សែ​វីដេអូ​នៃ​ពាក្យ​សុំ​អភ័យទោស​របស់ ឌុ​ច គឺជា​ការផ្តល់​សំណង​ផ្លូវចិត្ត​ដល់​ដើម​បណ្តឹងរដ្ឋប្បវេណី​នៅ​ក្នុង​សំណុំរឿង ០០១​។​

​សាធារណជន​អាច​មើល​ខ្សែ​វីដេអូ​នៃ​ពាក្យ​សុំ​អភ័យទោស​និង​ការទទួលស្គាល់​កំហុសរ​បស់ ឌុ​ច នៅលើ​គេហទំព័រ​របស់ អ​.​វ​.​ត​.​ក http://www.eccc.gov.kh/video/apology​។​

​ចំណែក អង្គការក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ វិទ្យាល័យ បណ្ណាល័យ និង​ស្ថាប័ន​សាធារណ ក៏​អាច​ស្នើ​សុំ​ច្បាប់​ថតចម្លង​ជា DVD នៃ​ខ្សែ​វីដេអូ​នេះ ដោយ​ទាក់ទង​មក​ផ្នែក​កិច្ចការ​សាធារណៈ​នៃ អ​.​វ​.​ត​.​ក តាមរយៈ​សារ​អេឡិកត្រូនិក pas@eccc.gov.kh ឬ​ទូរស័ព្ទ​ដោយផ្ទាល់​មក​លោក ចិន ហែម​វិចិត្រ ជំនួយការ​កម្មវិធី​ផ្សព្វផ្សាយ តាម​ទូរស័ព្ទ​លេខ 023 861 565​។

​ជា​ការកត់សម្គាល់ កម្រង​ពាក្យសុំ​អភ័យទោស​របស់ កាំ​ង ហ្កេ​ក​អ៊ា​វ នៅក្នុង​សវនាការ​របស់​តុលាការ​ខ្មែរក្រហម ត្រូវបាន​គេ​កាត់​ជា​ខ្លី​ប​វីដេអូ​និង​ខ្សែអាត់​សំឡេង ដែល​លោក បាន​ថ្លែង​ឡើង​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០០៩, ថ្ងៃទី​៧​មេសា ឆ្នាំ​២០០៩, ថ្ងៃទី​៩ មិថុនា ឆ្នាំ​២០០៩, ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០០៩, ថ្ងៃទី​១​កក្កដា ឆ្នាំ​២០០៩, ថ្ងៃទី​២​កក្កដា ឆ្នាំ​២០០៩, ថ្ងៃទី​៨​កក្កដា ឆ្នាំ​២០០៩, ថ្ងៃទី​៩​កក្កដា ឆ្នាំ​២០០៩, ថ្ងៃទី​១៣​កក្កដា ឆ្នាំ​២០០៩, ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០០៩, ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០០៩, ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០០៩, ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០០៩, ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០០៩, ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០០៩, ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០០៩, ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩, ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០០៩, ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៩ និង​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១១​។​

​រូបភាព​វីដេអូ ដែល​បាន​បង្ហោះ​តាម​គេហទំព័រ​របស់​សាលាក្តី​ខ្មែរក្រហម​ទាំងនោះ  មាន​រត់​អក្សរ​អង់គ្លេស នៅ​ខាងក្រោម​ផងដែរ​។​

​កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ អង្គជំនុំជម្រះ​តុលាការ​កំពូល នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​ប្រកាស​សាលក្រម​ស្ថាពរ បិទផ្លូវ​តវ៉ា ដោយ​សម្រេច​ផ្តន្ទាទោស លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ដាក់​ពន្ធនាគារ​អស់​មួយជីវិត ជា​ទោស​អតិបរមា ដែល​មានចែង​ក្នុង​ច្បាប់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners